មេដឹកនាំគណបក្សប្រឆាំងមីយ៉ាន់ម៉ាលោកស្រីអោងសានស៊ូជីបានធ្វើទស្សនកិច្ចលើកដំបូងទៅប្រទេសចិននាសប្តាហ៍នេះ ហើយបាននឹងជួបជាមួយមេដឹកនាំបក្សកុម្មុយនីស្ត រួមមានលោកប្រធានាធិបតីស៊ីជីនពីង។ ប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងយ៉ាងតឹងរឹងរបស់រដ្ឋចិនបានចេញផ្សាយ អំពីទស្សនកិច្ចនេះតិចតួចក្រៅពីកាលបរិច្ឆេទ ប៉ុន្តែការណ៍នេះមិនបានបញ្ឈប់គេហទំព័រផ្សេងទៀតពីការរាយការណ៍អំពីការធ្វើដំណើររបស់លោកស្រី ហើយបានជំរុញឱ្យមានការពិភាក្សានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
ទោះបីជាមិនមានរបាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបញ្ជាក់អំពីការអញ្ជើញមកដល់មកដល់របស់លោកស្រី អោង សានស៊ូជី ក៍ដោយ ការធ្វើទស្សនកិច្ចនេះបានបង្កឲ្យមានការចាប់អារម្មណ៍និងការរំពឹងទុកលើសពីគោលបំណងគណបក្សកុម្មុយនីស្តចង់បាន ដែលចង់ឲ្យធ្វើដំណើរទស្សនកិច្ចមានលក្ខណៈមិនស្ងាត់ស្ងៀត។
គេហទំព័រព័ត៌មានមួយបានបង្ហោះរូបថតជាច្រើនអំពីមេដឹកនាំប្រឆាំងមីយ៉ាន់ម៉ានិងថែមទាំងបានបង្កើតទំព័រពិសេស តាមបណ្ដាញអ៊ីនធើណិតសម្រាប់មេដឹកនាំលទ្ធិប្រជាធិបតេយ្យល្បីនិងជាជ័យលាភីរង្វាន់ណូបែលដ៍ល្បីល្បាញនេះ។
រូបថតទាំងនោះបង្ហាញអំពីប៉ុន្មានឆ្នាំរបស់លោកស្រីដែលត្រូវបានស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះ។ យោបល់ជាសាធារណៈលើប្រព័ន្ធផ្សព្វផ្សាយ ត្រូវបានអនុញ្ញាតឲ្យអ្នកមើលបញ្ចេញលើរឿងមួយចំនួនប៉ុន្តែក្រោយមកត្រូវបានយកចេញវិញ។
អ្នកអានមួយចំនួនបានលើកសរសើរលោកស្រី អោង សានស៊ូជីជាស្ត្រីសក្ដិសមគួរឲ្យគោរព។ អ្នកប្រើមួយនៅលើគេហទំព័រព័ត៌មាននេះ ឈ្មោះវ៉ាងយីបានសួរថា៖ «នៅពេលណាដែលយើងមាននរណាម្នាក់ដូចនឹងលោកស្រី? "
អ្នកខ្លះទៀតបានវាយប្រហារដោយសេចក្តីអធិប្បាយមិនសមរម្យអំពីវ័យចាស់ជរារបស់លោកស្រី។ អ្នកផ្សេងទៀតបានបានវាយប្រហារសំដៅទៅលើការជាប់ពាក់ព័ន្ធរបស់ឪពុកលោកស្រីជាមួយប្រទេសជប៉ុនកាលពីអតីតកាល។
បើយោងតាមសារព័ត៌មាន China Digital Times រដ្ឋាភិបាលបានបញ្ជាឱ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់មិនបញ្ចេញសេចក្តីរាយការណ៍ណាមួយអំពីដំណើរទស្សនកិច្ចនេះក៍ប៉ុន្តែ។ បណ្ដាញអ៊ីនធឺណិតមួយចំនួនមិនអើពើនឹងការបញ្ជានោះ។
ដំណើរទស្សនកិច្ចនេះបានធ្វើឡើងនៅក្នុងពេលវេលាមួយដ៏សំខាន់សម្រាប់ការទំនាក់ទំនងរវាងប្រទេសមីយ៉ាន់ម៉ានិងប្រទេសចិន។ ការប្រយុទ្ធគ្នារវាងពួកឧទ្ទាមជនជាតិភាគតិចនិងយោធាមីយ៉ាន់ម៉ាបានបន្តអស់ពេលជាច្រើនខែ ហើយជួនកាលបានរាលដាលឆ្លងព្រំដែនចូលទៅក្នុងប្រទេសចិន។ គ្រាប់បែកខ្លះបានធ្លាក់ចូលក្នុងទឹកដីចិន! បណ្ដាលឲ្យស្លាប់កសិករចិនប្រាំនាក់។
ប្រទេសមីយ៉ាន់ម៉ានឹងរៀបចំការបោះឆ្នោតទូទៅមួយនាពេលឆាប់នេះ ដែលមនុស្សមួយចំនួនជឿថាអាចបង្កើនអំណាចនិងឥទ្ធិពលសម្រាប់លោកស្រី អោង សានស៊ូជីនិងគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី។ លោកស៊ុនយុនដែលជាអ្នកវិភាគប្រទេសចិនរបស់មជ្ឈមណ្ឌល Stimson ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោនបាននិយាយថា ការបោះឆ្នោតនាពេលខាងមុខនេះគឺជាហេតុផលដ៏សំខាន់សម្រាប់ដំណើរទស្សនកិច្ចនេះ។
លោកស៊ុនបានបន្ថែមទៀតថាប្រសិនបើបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យធ្វើទទួលបានលទ្ធផលល្អ វាអាចធ្វើឱ្យលោកស្រីអ៊ុងសានស៊ូជីក្លាយជាមេដឹកនាំនយោបាយដ៏មានឥទ្ធិពលនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
«ហើយប្រទេសចិនមានផលប្រយោជន៍ជាតិដ៏សំខាន់នៅក្នុងប្រទេសនេះ។ ដូច្នេះវាជាកំហុសមួយសម្រាប់ប្រទេសចិន បើចិនមិនព្យាយាមផ្តួចផ្តើមទំនាក់ទំនងនេះឬបង្កើតការទាក់ទងជាមួយលោកស្រីអ៊ុងសានស៊ូជីនៅពេលវេលាពិសេសនេះ»។
លោកស៊ុនបាននិយាយថាដំណើរទស្សនកិច្ចនេះអាចជួយក្នុងការឆ្លើយសំណួរទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ានិងក្រៅប្រទេសអំពីសមត្ថភាពរបស់លោកស្រីអ៊ុងសានស៊ូជីក្នុងការដឹកនាំប្រទេសនេះ។ វាក៏អាចជួយបង្កើនបទពិសោធន៍របស់លោកស្រីទាក់ទងនឹងគោលនយោបាយបរទេសរបស់លោកស្រី។
«លោកស្រីធ្លាប់ធ្វើទស្សនកិច្ចក្នុងប្រទេសលោកខាងលិចជាច្រើន រួមទាំងសហរដ្ឋអាមេរិក, អង់គ្លេស, ប្រទេសជប៉ុននិង កូរ៉េខាងត្បូង។ ដូច្នេះលោកស្រីបានបំពេញទស្សនកិច្ច ក្នុងបណ្តាប្រទេសសំខាន់នៅលើពិភពលោកស្ទើរតែទាំងអស់និងប្រទេសចិនមិនស្ថិតក្នុងចំណោមប្រទេសទាំងនេះទេ»។
សាស្រ្តាចារ្យសាកលវិទ្យាល័យហ្វូតានលោកRen Xiao បាននិយាយថា ចិនត្រូវពង្រឹងទំនាក់ទំនងជាមួយទាំងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ាព្រោះនោះគឺជាអ្វីដែលអាចផ្លាស់ប្តូរបានយ៉ាងងាយស្រួលនៅពេលដែលការពាក់ព័ន្ធជាមួយបោះឆ្នោត។ ក៏ប៉ុន្តែលោកបានបន្ថែមថានេះមិនមែនមានន័យថាទំនាក់ទំនងជាមួយនឹងគណបក្សកាន់អំណាចត្រូវបានធ្លាក់ចុះទេ។
លោកថ្លែងថា៖ «ការយល់គ្នារវាងភាគីទាំងពីរនេះ (ប្រទេសចិននិងគណបក្សប្រឆាំងនៃប្រទេសមីយ៉ាន់ម៉ា) មានការខ្វះខាតហើយដែលរួមមានទាំងការយល់ដឹងរបស់ National League for Democracy អំពីចិន។ " លោកបានបន្ថែមទៀតថា "ហេតុដូច្នេះហើយបានជាការលើកស្ទួយឱ្យមានការប្រាស្រ័យទាក់ទងនិងការយល់ដឹង មានសារៈសំខាន់សម្រាប់ភាគីទាំងពីរ»។
ដំណើរទស្សនកិច្ចនេះទំនងនឹងមិនដោះស្រាយការខ្វែងគំនិតគ្នាដ៏ជ្រាលជ្រៅរបស់ភាគីទាំងពីរនិងប្រវត្តិសាស្រ្តដែលមានបញ្ហានោះបានយ៉ាងឆាប់រហ័សទេ។ កន្លងមកប្រទេសចិនគឺជាអ្នកគាំទ្រដ៏សំខាន់នៃរបបយោធារបស់ប្រទេសមីយ៉ាន់ម៉ាដែល បក្សកំពុងកាន់អំណាចដែលជំទាស់នឹងលោកស្រីអោងសានស៊ូជី ចាប់លោកស្រីឃុំខ្លួនក្នុងផ្ទះ និងរាំងខ្ទប់ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះអស់ពេលជាយូរមកហើយ។
គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេអំពីរបៀប ដែលលោកស្រីអាចមានក្នុងការដោះស្រាយបញ្ហាជ្រាលជ្រៅជាមួយនឹងមេដឹកនាំរបស់ប្រទេសចិននោះ។
សកម្មជនសិទ្ធិមនុស្សនៅក្នុងនិងក្រៅប្រទេសចិនបានផ្តោតនៅលើដំណើរទស្សនកិច្ចជាឱកាសមួយ ដើម្បីអំពាវនាវជាថ្មីម្តងទៀតឲ្យមានការដោះលែងលោក Liu Xiaobo ដែលជាជ័យលាភីរង្វាន់ណូបែលរបស់ប្រទេសចិនដែលបានបច្ចុប្បន្នកំពុងជាប់ពន្ធនាគារ 11 ឆ្នាំចំពោះការធ្វើវិទ្ធង្សនាមួយ។
លោក Liu បានត្រូវបានកាត់ទោសនៅក្នុងឆ្នាំ 2009 ក្នុងបទលើកកម្ពស់ការដាក់ញត្តិដែលបានអំពាវនាវឱ្យមានការបញ្ចប់ការគ្រប់គ្រងឯកបក្សមួយ។
នៅពេលដែលអ្នកកាសែតសួរកាលពីថ្ងៃពុធថាតើរដ្ឋាភិបាលទីក្រុងប៉េកាំងអាចនឹងឆ្លើយតបយ៉ាងដូចម្តេចប្រសិនបើលោកស្រី អោង សានស៊ូជី ធ្វើអធិប្បាយណាមួយ អំពីលោក Liuមិត្តជ័យលាភីរង្វាន់ដូចគ្នារបស់លោកស្រីក្នុងអំឡុងពេលដំណើរទស្សនកិច្ចនោះ ក្រសួងការបរទេសចិនបាននិយាយថាគ្មានហេតុផលក្នុងការផ្លាស់ប្តូរការវិនិច្ឆ័យក្នុងករណីរបស់លោក Liu បានទេ៕
ប្រែសម្រួលដោយ ឥស្សរា យស