វាមិនមែនជារឿងអាថ៌កំបាំងទេដែលមេដឹកនាំកុម្មុយនិស្តចិនទាំងឡាយមិនចូលចិត្តឲ្យមានការសាកសួរអំពីបញ្ហាសិទ្ធិមនុស្សនៅប្រទេសពួកគេ ប៉ុន្តែផ្អែកតាមការឆ្លើយតបរបស់រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅកាន់សំណួរអ្នកសារព័ត៌មានដែលធ្វើឡើងនៅប្រទេសកាណាដា កាលពីថ្ងៃទី១ខែមិថុនានេះ បញ្ហាសិទ្ធិមនុស្ស គឺជាប្រធានបទដែលមិនគួរត្រូវបានលើកឡើងទេ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅពេលបញ្ចប់ការធ្វើទស្សនកិច្ចជាន់ខ្ពស់នៅប្រទេសកាណាដា ដែលប្រទេសទាំងពីរបានចាត់ទុកថាជាទស្សនកិច្ចបង្ហាញពីការចាប់ផ្តើមនៃយុគសម័យមាសនៃទំនាក់ទំនងរបស់រដ្ឋទាំងពីរ លោក Wang បានប្រើសម្តីរិះគន់ទៅកាន់អ្នកសារព័ត៌មានម្នាក់ ដោយបានស្តីបន្ទោសនាងចំពោះការចោទសំណួរអំពីកំណត់ត្រាសិទ្ធិមនុស្សនៃប្រទេសរបស់លោក។
ក្រអឺតក្រទម និងមិនអាចទទួលយកបាន
ជាការឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាន លោក Wang បានសួរទៅអ្នកសារព័ត៌មានវិញថា តើពួកគេធ្លាប់បានទៅប្រទេសចិនដែរឬទេ? ហើយលោកបានអះអាងថា ការកត់សម្គាល់របស់អ្នកសារព័ត៌មានរូបនោះ មានលក្ខណៈពោរពេញទៅដោយ «ភាពក្រអឺតក្រទម» និង «ការរើសអើង» ហើយ «មិនអាចទទួលយកបាន»។
លោក Wang បាននិយាយថា៖ «ខ្ញុំសុំស្នើអ្នកសារព័ត៌មានទាំងឡាយ សូមកុំសួរសំណួរណាក្នុងឥរិយាបថមិនមានទំនួលខុសត្រូវដូច្នេះ» ។ «យើងស្វាគមន៍រាល់សំណូមពរក្នុងបំណងល្អទាំងអស់ ប៉ុន្តែយើងក៏ច្រានចោលការចោទប្រកាន់ទាំងឡាយដែលគ្មានមូលដ្ឋានឬគ្មានហេតុផលច្បាស់លាស់»។
លោក Wang បានបន្តដោយលើកហេតុផលដែលរដ្ឋាភិបាលផ្តាច់ការរបស់លោកលើកឡើងជារឿយៗ នៅពេលដែលមានការចោទសួរអំពីបញ្ហានេះ។ លោកបានចង្អុលបង្ហាញថា ប្រជាជនចិនរាប់រយលាននាក់ត្រូវបានរំដោះចេញពីភាពក្រីក្រ ហើយរដ្ឋធម្មនុញ្ញចិនធានានូវការការពារនិងការលើកកម្ពស់សិទ្ធិមនុស្ស។
លោក Wang បានបន្តថា៖ «ខ្ញុំសុំប្រាប់អ្នកទាំងអស់គ្នាថា តើនរណាដែលយល់ច្បាស់ពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសចិន។ វាមិនមែនជារូបអ្នកទាំងអស់គ្នានោះទេ គឺប្រជាជនចិន។ អ្នកទាំងអស់គ្នាគ្មានសិទ្ធិនិយាយអំពីបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសចិនទេ។ គឺមានតែពលរដ្ឋចិនខ្លួនឯងទេដែលមានសិទ្ធិនិយាយអំពីបញ្ហាសិទ្ធិមនុស្សក្នុងប្រទសចិន»។
ការពិនិត្យលើភាពពិតជាក់ស្តែង
តើប្រជាជនចិនដឹងនិងចង់និយាយអ្វីខ្លះអំពីស្ថានភាពសិទ្ធិមនុស្សរបស់ពួកគេ?
មានរឿងច្រើនណាស់ដែលពួកគេដឹង និងចង់និយាយចេញមក ប៉ុន្តែអ្នកដែលហ៊ាននិយាយជាធម្មតានឹងក្លាយជាគោលដៅតាមដានតាមរយៈប្រព័ន្ធឧបករណ៍សន្តិសុខតាមដានដែលពង្រាយយ៉ាងទូលំទូលាយក្នុងប្រទេសចិន។
ចាប់តាំងពីប្រធានាធិបតី Xi Jinping ឡើងកាន់អំណាចជាងបីឆ្នាំមុនមកនេះ ក្រុមអ្នកការពារសិទ្ធិមនុស្សចិននិងជាក្រុមតស៊ូមតិ បានកត់ត្រាចំនួនអ្នកការពារសិទ្ធិមនុស្សជាង ២ ពាន់នាក់ដែលត្រូវបានឃុំខ្លួន ដែលការណ៍នេះបង្ហាញពីតួលេខកើនឡើងយ៉ាងខ្លាំងធៀបនឹងពេលមុនៗ។ នេះបើយោងតាមសំដីរបស់អ្នកស្រាវជ្រាវម្នាក់គឺ អ្នកស្រី Frances Eve។
អ្នកស្រី Frances Eve និយាយថា៖ «ជនជាតិចិនទាំង២ពាន់នាក់ដែលចង់និយាយអំពីបញ្ហាសិទ្ធិមនុស្ស គឺជាក្រុមមនុស្សតែមួយគត់ដែលត្រូវបានអនុញ្ញាតឲ្យនិយាយអំពីរឿងនេះ ដូចទៅនឹងការថ្លែងរបស់រដ្ឋមន្ត្រីការបរទេសនោះមែន ប៉ុន្តែពួកគេទាំងនោះតាមពិតត្រូវបានគេហាមប្រាមមិនឲ្យប្រើប្រាស់សិទ្ធិនោះទេ»។
អ្នកស្រី Eve កត់សម្គាល់ឃើញថា មនុស្សដែលត្រូវជាប់ឃុំឃាំងរូមមាន មេធាវីកាពារសិទ្ធិមនុស្ស សមាជិកនៃក្រុមមួយឈ្មោះថា «ចលនាពលរដ្ឋថ្មី» ដែលបានអំពាវនាវឲ្យរដ្ឋាភិបាលមានតម្លាភាព និងនីតិរដ្ឋ និងប្រជាជនចិនដែលបង្ហាញការគាំទ្រលើចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្រុងហុងកុង និងមនុស្សផ្សេងៗទៀត។
អ្នកស្រីនិយាយថា៖ «ការចាប់ឃុំខ្លួនទាំងអស់នោះ មិនមែនជាករណីជម្លោះទាស់ទែង ឬករណីការប្រកួតផ្តួលរំលំអំណាចនៃគណបក្សកុម្មុយនិស្តនោះទេ»។ អ្នកស្រីបន្ថែមថា ក្នុងករណីនីមួយៗ ពួកគេត្រូវបានចាប់ឃុំខ្លួន និងហាមប្រាមមិនឲ្យប្រើប្រាស់សិទ្ធិក្នុងការនិយាយស្តីអំពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសរបស់ពួកគេ បើទោះជាសិទ្ធិទាំងនេះត្រូវធានា និងចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញក៏ដោយ។
អ្នកស្រី Eve និយាយថា៖ «ការធ្វើដូច្នេះ វាកាន់តែបង្ហាញឲ្យឃើញថា ស្ថានភាពសិទ្ធិមនុស្សអាក្រក់កម្រិតណា»។
ការកៀបសង្កត់កាន់តែរីករាលដាល
ការកៀបសង្កត់មិនកំណត់ថាកើតមានតែនៅក្នុងទឹកដីចិនដីគោកទេ។ ក្រុមអ្នករិះគន់ក្នុងប្រទេសចិនក៏ដូចជារដ្ឋាភិបាលបស្ចិមប្រទេសបានលើកឡើងពីការព្រួយបារម្ភអំពីការឃុំខ្លួនអ្នកលក់សៀវភៅជាច្រើននាក់ថ្មីៗនេះក្នុងក្រុងហុងកុងដោយរដ្ឋាភិបាលក្រុងប៉េកាំង ហើយបញ្ហានេះក៏ត្រូវបានអ្នកសារព័ត៌មានលើកឡើងនៅក្នុងសំណួររបស់នាងដែរ។ ក្រុមអ្នករិះគន់ក្នុងប្រទេសចិន និងរដ្ឋាភិបាលបស្ចិមប្រទេសក៏បានលើកឡើងពីការព្រួយបារម្ភលើការចាប់សកម្មជននានាក្នុងប្រទេសថៃនិងប្រទេសមីយ៉ាន់ម៉ាផងដែរ។
រដ្ឋាភិបាលរារាំងសកម្មជនមិនឲ្យមានការធ្វើដំណើរទៅបរទេសដើម្បីនិយាយអំពីសិទ្ធិមនុស្សក្នុងប្រទេសចិន។
អ្នកស្រី Cao Shunli ជាសកម្មជនជនជាតិចិនដែលបានព្យាយាមចូលរួមក្នុងការកិច្ចប្រជុំស្តីអំពីការពិនិត្យលើបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសចិននៅអង្គការសហប្រជាជាតិ។ អ្នកស្រីត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរទៅកាន់ទីក្រុងហ្សឺណែវ ហើយត្រូវបានឃុំខ្លួននិងហាមប្រាមមិនឲ្យទទួលបានការថែទាំសុខភាព។ អ្នកស្រីក៏បានស្លាប់នៅក្នុងខែមីនា ក្នុងឆ្នាំ២០១៤។
អ្នកស្រី Eve និយាយថា៖ «រដ្ឋាភិបាលមានគោលការណ៍រួមមួយដើម្បីរារាំងពលរដ្ឋចិនមិនឲ្យបញ្ចេញមតិលើស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសចិន តាមរយៈការព្យាយាមគ្រប់គ្រងការអធិប្បាយលើបញ្ហានេះ»។
ការបំភិតបំភ័យ និងការរឹតត្បិត
នៅដើមខែមិថុនានេះ គឺជាខួបលើកទី២៧ នៃការបង្រ្កាបដោយបង្ហូរឈាមលើហ្វូងបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីលាន Tiananmen ក្នុងប្រទេសចិន។ គ្មានអ្នកណាដឹងថាតើមានមនុស្សប៉ុន្មាននាក់បានស្លាប់នៅយប់ថ្ងៃទី៣និងទី៤ ខែមិថុនា ឆ្នាំ១៩៨៩ នោះទេ ប៉ុន្តែតួលេខដែលក្រុមការពារសិទ្ធិមនុស្សបានប៉ាន់ស្មាន និងតាមការអះអាងរបស់សាក្សី បានកំណត់ចំនួននោះថា បើសិនជាមិនដល់រាប់ពាន់នាក់នោះ ក៏មានរាប់រយនាក់ដែរ។
ចាប់តាំងពីពេលនោះមក ឪពុកម្តាយរបស់ជនដែលបានស្លាប់ទាំងនោះដែលគេស្គាល់ថាជា«មាតា Tiananmen» បានទទូចស្នើសុំរឿងចំនួន៣ រួមមាន ការពិត ការទទួលខុសត្រូវ និងសំណង។
ក៏ប៉ុន្តែ រដ្ឋាភិបាលបានច្រានចោលម្តងហើយម្តងទៀត ហើយបានព្រងើយកន្តើយចំពោះការស្នើសុំនោះ។
កាលពីថ្ងៃទី១ ខែមិថុនា កន្លងទៅនេះ ក្រុមនេះបានចេញសេចក្តីថ្លែងការណ៍មួយនិយាយអំពីបទពិសោធន៍ពួកគេជួបប្រទះខណៈដែលពួកគេបានស្វះស្វែងរកសំណងដោយពណ៌នាថា រយៈកាល២៧ឆ្នាំនេះគឺ«ជាស្ថានភាពគួរឲ្យភ័យខ្លាច និងពោរពេញទៅដោយការរឹតត្បិត»។
សេចក្តីថ្លែងការណ៍នោះបានសរសេរថា៖ «អស់រយៈពេល២៧ឆ្នាំហើយ មានតែក្រុមប៉ូលិសទេដែលជាអ្នកជួបដោះស្រាយជាមួយពួកយើង។ អស់រយៈពេល២៧ឆ្នាំមកនេះ ក្រុមប៉ូលិសក៏បានក្លាយជាភ្ញៀវមកលេងផ្ទះយើងជាញឹកញាប់ដែរ»។
«យើងដែលជាគ្រួសាររបស់ជនរងគ្រោះ ត្រូវបានគេលបលួចស្តាប់ការណ៍សម្ងាត់ និងឃ្លាំមើលដោយពួកប៉ូលិស យើងត្រូវបានគេតាមដាននិងត្រូវបានគេឃុំឃាំង ហើយកុំព្យូទ័ររបស់យើងត្រូវបានគេឆែកមើល និងរឹបអូសយក»។
សមាជិកនៃក្រុមនេះបានកត់សម្គាល់ថា ការលួចឃ្លាំមើលនិងការត្រួតពិនិត្យដិតដល់មានសភាពកាន់តែខ្លាំងឡើងក្នុងអំឡុងកាលបរិច្ឆេទនៃព្រឹត្តិការណ៍សំខាន់ៗ ជាពិសេសនៅថ្ងៃខួបនៃការបង្ក្រាបនោះ។
ក្នុងសេចក្តីថ្លែងការនោះដែរ ក្រុមនេះបានបន្ថែមថា ការទៅសាកសួរសុខទុក្ខលោកស្រី Ding Zilinមានវ័យ៧៩ឆ្នាំ ដែលជាស្ថាបនិកនៃក្រុមនេះ និងជាអតីតសាស្ត្រាចារ្យសាកលវិទ្យាល័យ ក៏ត្រូវបានរឹតបន្តឹង ហើយអាចចូលសាកសួរសុខទុក្ខលោកស្រីម្តងម្នាក់តែប៉ុណ្ណោះ ហើយការសួរសុខទុក្ខនេះអាចធ្វើបានបន្ទាប់ពីមានការយល់ព្រមពីការិយាល័យសន្តិសុខសាធារណៈរបស់ក្រុងប៉េកាំង៕
ប្រែសម្រួលដោយ នៀម ឆេង