ចិន​ជម្លៀស​ពលរដ្ឋ​ខ្លួន​រាប់​ពាន់​នាក់​ពី​វៀតណាម

កម្មករ​ឡើង​កប៉ាល់​ចិន​នៅ​កំពង់ផែ​ Vung Ang ខេត្ត Ha Tinh នៅ​វៀតណាម​ខាង​ជើង​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១៩​ខែ​ឧសភា​ឆ្នាំ​២០១៤។

ពួក​កម្មករ​ចិន​រាប់​រយ​នាក់​បាន​ចាក​ចេញ​ពី​ប្រទេស​វៀត​ណាម​នៅ​ថ្ងៃ​ច័ន្ទ​នេះ​តាម​កប៉ាល់​ដែល​បាន​ជួល​ដោយ​រដ្ឋាភិបាល​របស់​ខ្លួន​បន្ទាប់​ពី​ការ​សាងសង់​ការដ្ឋាន​ខួង​ប្រេង​ដ៏​ធំមួយ​នៅ​ក្នុង​តំបន់​មាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូងបាន​បណ្តាល​ឲ្យ​មាន​កុប្បកម្ម​ដ៏ប្រល័យ​កាល​ពី​សប្តាហ៍​មុន។

​កប៉ាល់​២​គ្រឿង​ដោយ​អាច​ផ្ទុក​មនុស្សបាន​១.០០០​នាក់​ក្នុង​មួយ​កប៉ាល់​ ​បាន​ទៅ​ដល់កំពង់​ផែ Vung Ang ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។ កប៉ាល់​មួយ​គ្រឿង​បាន​ចាក​ចេញ​៣ទៅ៤ម៉ោង​ក្រោយ​មក ​យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌មាន Associated Press ដែល​បាន​រាយការណ៍​នៅ​ខាង​ក្រៅ​កំពង់ផែ​នោះ ហើយ​បាន​ឃើញ​ពួក​កម្មករ​ឡើង​ជិះ​កប៉ាល់។

កំពង់​ផែ Vung Ang ជា​ផ្នែក​ដ៏​ធំ​មួយ​នៃ​រោងចក្រ​ដែក​ថែប​របស់​តៃវ៉ាន់​ដែល​កំពុង​សាងសង់ដែល​ស្ថិត​នៅ​ចម្ងាយ៣៥០​គ.ម.​ខាង​ត្បូង​ទីក្រុង​ហាណូយ​ដែល​បាន​កាន់​កាប់​ដោយ​ជន​ឥត​សណ្តាប់​ធ្នាប់​ប្រឆាំង​ចិន​កាល​ពី​ថ្ងៃ​ពុធ​និង​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន។ ​កម្មករ​ចិន​២នាក់​បាន​ត្រូវ​គេ​សម្លាប់​ហើយ​១៤០​នាក់​ទៀត​បាន​រង​របួស​ ហើយ​ផ្នែក​នានា​នៃ​រោង​ចក្រ​នោះ​បាន​ឆេះ។ ​កម្មករ​ចិន​ប្រហែល​៣.០០០​នាក់ ​កំពុង​សាង​សង់រោងចក្រ​នោះ។

​ភាព​តាន​តឹង​រវាង​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​និង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ។ ​ភ្លាមៗ​បន្ទាប់​ពី​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​សាងសង់​ការដ្ឋាន​ខួង​ប្រេង​កាល​ពី​ថ្ងៃ​ទី១​ខែ​ឧសភា ​រដ្ឋាភិបាលទីក្រុង​ហាណូយ​បាន​បញ្ជូន​នាវា​ទៅ​តតាំង​នឹង​ការដ្ឋាន​នោះ។ ឥឡូវ​នេះ ​ប្រទេស​ទាំង​ពីរ​បាន​ស្ថិត​នៅ​ក្នុង​ភាព​មិន​ចាញ់​មិន​ឈ្នះ​ដោយ​នាវា​ចិន​បាន​ការពារការដ្ឋាន​ខួង​ប្រេង ​ដោយ​បង្កើន​លទ្ធភាព​នៃ​ការ​ប៉ះ​ទង្គិច​ជា​ថ្មី។

​វៀត​ណាម​បាន​ព្យាយាម​ប្រមូល​ការ​គាំទ្រ​ពី​អន្តរជាតិ​ចំពោះជំហរ​របស់​ខ្លួន។ ​សហរដ្ឋ​អាមេរិក​បាន​ចាត់​ទុក​ចំណាត់​ការ​របស់​ចិន​ថា ​ជា​ការ​បង្ក​ហេតុ។

ខណៈ​ដែល​កត់​សម្គាល់​ថា ​ប្រទេស​នានា​ ​មាន​កាតព្វកិច្ចជួយ​ពលរដ្ឋ​របស់​ខ្លួន ​លោក Jonathan London ​អ្នក​ជំនាញការ​ខាង​ប្រទេស​វៀត​ណាម​នៅ​សាកលវិទ្យាល័យ Hong Kong University ​បាន​មាន​ប្រសាសន៍​ថា ​ការ​បញ្ជូន​កប៉ាល់​នេះ​ផ្សព្វផ្សាយ​ទៅ​កាន់​ពិភពលោក​ថា ​ចិន​ជា​ជន​រងគ្រោះ ​បង្កើត​រូបភាព​អំពី​អស្ថេរ​ភាព​នៅ​វៀតណាម​ហើយ​នឹង​បញ្ជូន​សញ្ញា​ដ៏​ខ្លាំង​ ហើយបាន​ធ្វើ​ឲ្យ​គេ​ដឹង​ឮ​ពី​ការ​គំរាម​របស់​ចិន​ដាក់​វិធានការ​ទណ្ឌកម្ម៕