ចិន​ទាញ​មីយ៉ាន់ម៉ា​ឲ្យ​ចូល​ជិត​ខ្លួន​ដោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក Xi Jinping

រូបឯកសារ៖ អ្នកបោសសម្អាតនៅខាងមុខផ្ទាំងស្វាគមន៍​ប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០។

ប្រធានាធិបតី​ចិន​លោក Xi Jinping ចូលចិត្ត​ធ្វើ​ដំណើរ​ដើម្បី​ប្រយោជន៍​ធំ។ ការ​ធ្វើ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ខែ​មករា ដែល​ជា​ការ​ធ្វើ​ដំណើរ​លើក​ដំបូង​បង្អស់​របស់​មេដឹកនាំ​ចិន​ទៅ​កាន់​ប្រទេស​នេះ​នៅ​ក្នុង​រយៈពេល​ជិត ២ ទសវត្សរ៍​ចុង​ក្រោយ​នេះ ក៏​មិន​ខុស​ពី​នេះ​ដែរ ដោយសារ​ដំណើរ​ទស្សនកិច្ច​នេះ​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​ទ្វេភាគី​មិន​តិច​ជាង ៣៣ នោះ​ទេ។

ប៉ុន្តែ​តួលេខ​តែ​មួយ​មុខ​គឺ​ហាក់​ដូចជា​មើល​ទៅ​ធំធេង​ណាស់។ សម្រាប់ «កិច្ច​ព្រមព្រៀង‍» មួយ​ចំនួន គេ​កម្រ​ឃើញ​មន្ត្រី​ហែហម​លោក Xi Jinping ប្រគល់​ឯកសារ​សិក្សា​វាយ​តម្លៃ​ដែល​សម្រាប់​គម្រោង​ដែល​បាន​ស្នើ​ឡើង​ដល់​ប្រទេស​មីយ៉ាន់ម៉ា​ណាស់។

កិច្ច​ព្រមព្រៀង​ភាគ​ច្រើន​គឺ​មិន​មែន​ជា​កិច្ច​ព្រមព្រៀង​ថ្មី​នោះ​ទេ។ ប៉ុន្តែ ចំនួន​នៃ​កិច្ច​ព្រមព្រៀង​នេះ​គឺ​ពិតជា​គូស​បញ្ជាក់​ឲ្យ​ឃើញ​ពី​គន្លង​ផ្លូវ​ដ៏​តូច​ចង្អៀត​ជាង​មុន​ដែល​មីយ៉ាន់ម៉ា​ប្រឹង​ទាក់ទាញ​ប្រទេស​ចិន តាំង​ពី​ពេល​ដែល​ទំនាក់ទំនង​ប្រសើរ​ឡើង​របស់​ខ្លួន​ជាមួយ​នឹង​បស្ចិម​ប្រទេស​បាន​ធ្លាក់​ចុះ​ទាក់ទិន​នឹង​បញ្ហា​ចោទ​ប្រកាន់​ដែល​ថា រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​សម្លាប់​រង្គាល​លើ​ជាតិ​សាសន៍​ភាគ​តិច Rohingya កាន់​សាសនា​ឥស្លាម​កាល​ពី​ឆ្នាំ ២០១៧។

ពិសេស​ជាង​នេះ​ទៀត​គឺ​ថា កិច្ច​ព្រមព្រៀង​មួយ​ចំនួន​តូច​នៃ​កិច្ច​ព្រមព្រៀង​ទាំង​នេះ​គឺ​ដើម្បី​បង្កើន​គម្រោង​របស់​ចិន​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​មីយ៉ាន់ម៉ា​ក្លាយជា​ផ្លូវ​ថ្មី​ដ៏​មាន​សុវត្ថិភាព​មួយ​សម្រាប់​ខ្លួន​ឆ្ពោះ​ទៅ​កាន់​មហា​សមុទ្រ​ឥណ្ឌា ដែល​មាន​ប្រយោជន៍​សម្រាប់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទាំង​ផ្នែក​យុទ្ធសាស្ត្រ និង​ផ្នែក​សេដ្ឋកិច្ច។

គេ​នៅតែ​មាន​ការ​ព្រួយ​បារម្ភ ថា​តើ​ការ​ចំណាយ​ថវិកា​ដ៏​ច្រើន​របស់​ចិន​ក្នុង​កិច្ច​ព្រមព្រៀង​ទាំង​នេះ​អាច​ជួយ​ជា​ប្រយោជន៍ ឬ​ក៏​បង្ក​ជា​បញ្ហា​ដល់​ប្រទេស​មីយ៉ាន់ម៉ា​ដែល​ជា​ប្រទេស​ក្រីក្រ​មួយ​នេះ ឬ​ក៏​ជួយ​ដល់​សន្តិភាព ឬ​ក៏​បង្ក​សង្គ្រាម​បន្ថែម​ទៀត​ដល់​ក្រុម​ជាតិ​សាសន៍​ដែល​គេ​មិន​សូវ​ឲ្យ​តម្លៃ​នៅ​ក្នុង​ប្រទេស​នោះ ឬ​ក៏​យ៉ាង​ណា​នោះ។

បំពង់​បង្ហូរ​ប្រេង​និង​ឧស្ម័ន​ពីរ​ខ្សែ​ដែល​សាងសង់​ដោយ​ប្រទេស​ចិន​កន្លង​មក បាន​ពុះ​កាត់​ប្រទេស​មីយ៉ាន់ម៉ា​ជា​ពីរ​គឺ​ចាប់​ពី​ក្រុង Kyaukphyu ជាប់​ឈូង​សមុទ្រ Bay of Bengal រហូត​ទៅ​ទល់​នឹង​ព្រំដែន​ជាមួយ​នឹង​ខេត្ត Yunnna របស់​ចិន​ដែល​មិន​ជាប់​សមុទ្រ។

ជា​ផ្នែក​មួយ​នៃ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​របស់​លោក Xi jinping គម្រោង​ច្រក​របៀង​សេដ្ឋកិច្ច​ចិន​មីយ៉ាន់ម៉ា នឹង​បន្ថែម​នូវ​ផ្លូវ​ដែក​មួយ​ខ្សែ​ភ្ជាប់​តំបន់​សួន​ឧស្សាហកម្ម​នៅ​តាម​បណ្ដោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ និង​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​ដ៏​ចម្រូងចម្រាស​នៅ​ក្រុង Kyaukphyu។

លោក Herve Lemahieu ប្រធាន​កម្មវិធី​ឥទ្ធិពល​អាស៊ី និង​ការទូត​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ Lowy របស់​ប្រទេស​អូស្ត្រាលី បាន​និយាយ​ដូច្នេះ​ថា៖ «សម្រាប់​ប្រទេស​ចិន ខ្ញុំ​គិត​ថា​វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់។ ប្រទេស​ចិន​ចាំបាច់​ត្រូវ​សាងសង់​ច្រក​របៀង​សេដ្ឋកិច្ច​ថ្មី​ដែល​អាច​ជួយ​ដល់​ខេត្ត Yunnna របស់​ខ្លួន​ដែល​មិន​ជាប់​សមុទ្រ។ ខេត្ត Yunnan នេះ​ជា​ខេត្ត​ដែល​មិន​សូវ​មាន​ការ​អភិវឌ្ឍ​ប៉ុន្មាន​ទេ‍»។

លោក​បាន​បន្ថែម​ទៀត​ថា៖ «វា​ក៏​មាន​សារៈសំខាន់​ផង​ដែរ​ទាក់ទិន​នឹង​ការណ៍​ដែល​ចិន​ចង់​មាន​លទ្ធភាព​ដោយ​ផ្ទាល់​ចូល​ទៅ​កាន់​ឈូង​សមុទ្រ Bay of Bengal និង​មហា​សមុទ្រ​ឥណ្ឌា តាម​រយៈ​ផ្លូវ​មួយ​ដោយ​មិន​បាច់​ត្រូវ​ឆ្លង​កាត់​តាម​ច្រក​សមុទ្រ​ម៉ាឡាកា​ដែល​មាន​ចរាចរ​ចេញ​ចូល​កក​ស្ទះ​នោះ‍។ ដូច្នេះ​ហើយ នេះ​គឺ​ជា​ការ​គិតគូរ​ផ្នែក​យុទ្ធសាស្ត្រ​សំខាន់​មួយ​ទៀត​ផង​ដែរ‍»។

ការ​ធ្វើ​ពាណិជ្ជកម្ម​លើ​ពិភពលោក​ជិត​មួយ​ភាគ​បី​គឺ​ឆ្លងកាត់​តាម​ច្រក​សមុទ្រ​ម៉ាឡាកា​ដែល​ភ្ជាប់​មហា​សមុទ្រ​ឥណ្ឌា​ទៅ​កាន់​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ។ ការ​ធ្វើ​ពាណិជ្ជកម្ម​នេះ​គឺ​រួម​មាន​ទាំង​ការ​នាំ​ចូល​របស់​ចិន​នូវ​ថាមពល​ចំនួន​ប្រហែល ៨០ ភាគរយ​ផង​ដែរ។ ច្រក​សមុទ្រ​ម៉ាឡាកា​ដ៏​តូច​ចង្អៀត​ដែល​ទាហាន​ជើង​ទឹក​សហរដ្ឋ​អាមេរិក​តែងតែ​ល្បាត​នេះ គឺ​អាច​ងាយស្រួល​នឹង​កាត់ផ្ដាច់​ណាស់​ក្នុង​ករណី​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​កើត​ឡើង។

លោក Lemahieu បញ្ជាក់​ដូច្នេះ​ថា៖ «គោល​បំណង​ធំ​មួយ​ទៀត​គឺ​ព្យាយាម​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​បណ្ដា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​កាន់តែ​ខ្លាំង​ថែម​ទៀត​ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​របស់​ចិន ជាពិសេស​គឺ​ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​នៃ​ខេត្ត Yunnan ដែល​មិន​សូវ​មាន​ការ​អភិវឌ្ឍ។ នេះ​គឺ​ជា​អ្វី​ដែល​ចិន​បាន​ធ្វើ​កន្លង​មក​នៅ​ក្នុង​ប្រទេស​ឡាវ និង​ប្រទេស​ថៃ ដោយ​ការ​ពង្រីក​បណ្ដាញ​ផ្លូវ​ដែក។ នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ចំណុច​នេះ​គឺ​បាន​ធ្វើ​ឡើង​តាម​រយៈ​គម្រោង​ច្រក​របៀង​សេដ្ឋកិច្ច និង​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ‍»។

លោក Jonathan Hillman ដែល​ដឹកនាំ​គម្រោង​ភ្ជាប់​ទ្វីប​អាស៊ី​ឡើង​វិញ​នៃ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ CSIS នៅ​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា ថវិកា​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​លើ​គម្រោង​ច្រក​របៀង​សេដ្ឋកិច្ច​ទាំង​នេះ​គឺ​នឹង​ប្រាកដ​ជា​បង្កើន​ឥទ្ធិពល​នយោបាយ​របស់​ចិន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ជា​មិន​ខាន។

ប៉ុន្តែ​លោក​ហាក់​នៅ​មិន​ជឿ​ជាក់​លើ​ការ​ប៉ាន់ស្មាន​ដែល​ថា​ច្រក​របៀង​សេដ្ឋកិច្ច​នេះ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ចរាចរ​ពាណិជ្ជកម្ម​កក​ស្ទះ​នៅ​ច្រក​សមុទ្រ​ម៉ាឡាកា​នោះ។

លោក​និយាយ​ដូច្នេះ​ថា៖ «នៅ​ពេល​ដែល​យើង​មើល​លើ​បរិមាណ​នៃ​ថាមពល​ដែល​ច្រក​របៀង​សេដ្ឋកិច្ច​នេះ​អាច​ដឹក​ជញ្ជូន​បាន នោះ​យើង​ឃើញ​ថា វា​មិន​បាន​ជួយ​កាត់​បន្ថយ​ច្រើន​នូវ​ការ​ពឹងផ្អែក​របស់​ចិន​លើ​ការ​ផ្គត់ផ្គង់​ថាមពល​ដែល​ដឹក​ជញ្ជូន​តាម​ច្រក​សមុទ្រ​ម៉ាឡាកា​នោះ​ទេ។ អ្នក​វិភាគ​ភាគ​ច្រើន​បាន​ប្រញាប់ប្រញាល់​ធ្វើ​ការ​សន្និដ្ឋាន​ថា នេះ​គឺ​ជា​ការ​ចាប់ផ្ដើម​បែប​ភូមិសាស្ត្រ​ជា​យុទ្ធសាស្ត្រ​ដ៏​ឆ្លាត​វៃ​មួយ​ដោយ​មិន​បាន​ពិនិត្យ​ឲ្យ​ដិតដល់​លើ​ថា​តើ​វា​នឹង​ប៉ះពាល់​ដល់​លំហូរ​ថាមពល​ឬ​ក៏​អត់​នោះ​ទេ‍»។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុង Kyaukphyu នឹង​បំពេញ​បន្ថែម​ទៅ​នឹង​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​ផ្សេង​ទៀត ដែល​ប្រទេស​ចិន​កំពុង​សាងសង់​នៅ​តាម​កន្លែង​ផ្សេង​ទៀត​នៅ​ជុំវិញ​មហា​សមុទ្រ​ឥណ្ឌា ដើម្បី​ស្រប​ទៅ​តាម​ការ​កើន​ឡើង​នូវ​វត្តមាន​ពាណិជ្ជកម្ម និង​យោធា​របស់​ខ្លួន​នៅ​ទី​នោះ។

មូលដ្ឋាន​យោធា​របស់​ចិន​នៅ​ក្នុង​ទីក្រុង Djibouti នៃ​តំបន់​ជ្រោយ​ខាង​កើត​នៃ​ទ្វីប​អាហ្វ្រិក ដែល​ហៅ​ថា Horn of Africa ស្ថិត​នៅ​ទីតាំង​ល្អ​ដើម្បី​ការពារ​ការ​ដឹក​ជញ្ជូន​ថាមពល​របស់​ចិន​ពី​តំបន់​មជ្ឈិមបូព៌ា។ មហា​អំណាច​ផ្សេង​ទៀត​នៅ​មហា​សមុទ្រ​ឥណ្ឌា​ក៏​កំពុង​សម្លឹង​មើល​កំពង់ផែ​ពាណិជ្ជកម្ម​របស់​ចិន​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន និង​ស្រីលង្កា​ផង​ដែរ ដោយ​មាន​ការ​សង្ស័យ​ច្រើន​ឡើង​ថា ចិន​អាច​ប្រើ​កំពង់​ផែ​ទាំង​នោះ​ជា​មូលដ្ឋាន​បន្ថែម​សម្រាប់​ទាហាន​ជើង​ទឹក​របស់​ខ្លួន។

អ្នក​វិភាគ​នានា​យល់​ថា ក្រុង Kyaukphyu នេះ​អាច​មាន​លក្ខណៈ​ស្រដៀង​ហ្នឹង​តិចតួច​សម្រាប់​ពេល​បច្ចុប្បន្ន​នេះ។

ដូច​ទៅ​នឹង​បណ្ដា​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ​ដែល​ស្ថិត​នៅ​ក្នុង​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​ដ៏​មហិមា​របស់​ចិន ប្រទេស​មីយ៉ាន់ម៉ា​បាន​ច្រានចោល​គម្រោង​ណា​ដែល​មាន​ហានិភ័យ​អាច​ធ្វើ​ឲ្យ​ខ្លួន​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​បំណុល។

លោក Lemahieu បាន​និយាយ​ថា ភាគ​ច្រើន​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក Xi Jinping នៅ​មីយ៉ាន់ម៉ា​កាល​ពី​ខែ​មករា គឺ​ដើម្បី​កែ​លំអ​កំហុស​កាល​ពី​អតីតកាល​របស់​ខ្លួន។ លោក Lemahieu បាន​បញ្ជាក់​ទៀត​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក Xi Jinping «បាន​ធ្វើ​ឲ្យ​រឿង​រ៉ាវ​នានា​បាន​ប្រសើរ​ឡើង​វិញ‍»។

គម្រោង​កំពង់ផែ Kyaukphyu នេះ​បាន​ជាប់​គាំង នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៥ របស់​ប្រទេស​មីយ៉ាន់ម៉ា ដែល​ការ​បោះ​ឆ្នោត​បាន​បង្ហាញ​ថា ពួក​យោធា​បាន​លះបង់​អំណាច​មួយ​ចំនួន​ទៅ​ឲ្យ​រដ្ឋាភិបាល​ដែល​ចាត់ទុក​ថា​ជា​រដ្ឋាភិបាល​ស៊ីវិល​យ៉ាង​មាន​ប្រសិទ្ធភាព​នៅ​ក្រោម​ការ​ដឹកនាំ​របស់​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​អ្នកស្រី Aung San Suu Kyi។

ដោយ​មាន​ការ​ព្រួយ​បារម្ភ​កើន​ឡើង​ថា​ គម្រោង​វិនិយោគ​ក្នុង​ទឹក​ប្រាក់ ៧ ពាន់ ២ រយ​លាន​ដុល្លារ​នេះ​អាច​ធ្វើ​ឲ្យ​មីយ៉ាន់ម៉ា​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​បំពុល រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​ចិន​ឲ្យ​រក្សា​ការ​វិនិយោគ​ដំណាក់កាល​ដំបូង​លើ​កំពង់ផែ​នេះ​ក្នុង​ទឹក​ប្រាក់​ត្រឹម ១ ពាន់ ៣ រយ​លាន​ដុល្លារ និង​បង្កើន​ភាគហ៊ុន​របស់​មីយ៉ាន់ម៉ា​នៅ​ក្នុង​គម្រោង​នេះ​ឲ្យ​បាន​ពីរ​ដង​រហូត​ដល់ ៣០ ភាគរយ។ កិច្ច​ព្រមព្រៀង​មួយ​ចំនួន​ដែល​លោក Xi Jinping បាន​ចុះ​ហត្ថលេខា​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​លើក​នេះ គឺ​ធ្វើ​ឲ្យ​លក្ខខណ្ឌ​ថ្មី​មួយ​ចំនួន​ក្លាយជា​ផ្លូវការ។

កាល​ពី​ឆ្នាំ ២០១០ ទោះបីជា​យោធា​មីយ៉ាន់ម៉ា​ត្រូវ​បាន​រង​សម្ពាធ​ដោយសារ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ឲ្យ​ផ្អាក​គម្រោង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​ការ​សាងសង់​វារីអគ្គិសនី​ដ៏​ធំ​មួយ​នៅ​តំបន់ Kyitsone ក៏​ដោយ ក៏​ក្រុម​អ្នក​តវ៉ា​នៅ​មូលដ្ឋាន​មាន​ការ​ព្រួយ​បារម្ភ​អំពី​ឥទ្ធិពល​កើន​ឡើង​របស់​ចិន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

ប្រទេស​ចិន​មាន​ចិត្ត​មោះមុត​នៅ​ក្នុង​ការ​ចាប់ផ្ដើម​ដំណើរការ​គម្រោង ប៉ុន្តែ​ទំនប់​វារីអគ្គិសនី​នេះ​នៅតែ​ជា​ប្រធានបទ​ដ៏​រសើប​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា និង​មិន​ត្រូវ​បាន​គេ​លើក​ឡើង​នៅ​ក្នុង​ព័ត៌មាន​ផ្លូវការ​ទាំង​អស់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក Xi Jinping។

ជោគជ័យ​របស់​មីយ៉ាន់ម៉ា​នៅ​ក្នុង​ការ​បញ្ចុះបញ្ចូល​ចិន​ឲ្យ​កាត់​បន្ថយ​ទឹក​ប្រាក់​វិនិយោគ​លើ​កំពង់ផែ Kyaukphyu នេះ បាន​ធ្វើ​ឲ្យ​ការ​ភ័យ​ខ្លាច​រឿង​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​បំណុល​ធ្លាក់​ចុះ។

លោក Hillman និយាយ​ថា ការ​លាក់បាំង​រឿង​សម្ងាត់​ជា​បន្ត​ទាក់ទិន​នឹង​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​របស់​ចិន និង​ការ​មិន​គិត​វែង​ឆ្ងាយ​អំពី​ការ​សម្រេច​បាន​នូវ​គម្រោង​ទាំង​នេះ មាន​ន័យ​ថា ហានិភ័យ​នៃ​ការ​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​បំណុល​គឺ​នៅ​តែ​មាន​ពិត​ប្រាកដ។

ប្រទេស​ចិន​ជា​ម្ចាស់​បំណុល​ចំនួន​ប្រហែល​ជិត​ពាក់​កណ្ដាល​នៃ​បំណុល​ដែល​ប្រទេស​មីយ៉ាន់ម៉ា​ជំពាក់​ប្រទេស​នានា​ចំនួន ១០ ពាន់​លាន​ដុល្លារ​នៅ​ពេល​បច្ចុប្បន្ន​នេះ។ បំណុល​ដែល​ប្រទេស​មីយ៉ាន់ម៉ា​ជំពាក់​ចិន​ត្រូវ​គេ​រំពឹង​ថា​នឹង​កើន​ឡើង នៅ​ពេល​ដែល​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​បន្ត​ដំណើរ​ទៅ​មុខ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា