​ចិន​ហៅ​គម្រោង ​CPEC ​របស់​ប៉ាគីស្ថាន​ថា​ជា​ដំណើរការ​ដ៏​ឆាប់​រហ័ស​និង​មាន​ប្រសិទ្ធភាព​​បំផុត​ក្នុង​គម្រោង​ខ្សែ​​ក្រវ៉ាត់​មួយ​​ផ្លូវ​មួយ

រូបឯកសារ៖ រដ្ឋ​មន្ត្រី​ការបរទេស​ចិន Wang Yi (កណ្ដាល) ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿន​លឿន BRICS នៅទីក្រុង​ប៉េកាំង​ កាល​ពី​ខែ​មិថុនា។

ចិន​បាន​លើក​ឡើង​ថា កម្មវិធី​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ដ៏​ធំ​របស់​ខ្លួន​ជាមួយ​នឹង​ប្រទេស​ប៉ាគីស្ថាន​បាន​ឈាន​ដល់​«ដំណាក់​កាល​ប្រមូល​ផល​ដំបូង» ដែល​ធ្វើ​ឲ្យ​វា​ក្លាយ​ជាដំណើរការ​ដ៏​ឆាប់​រហ័ស​និង​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ចំណោម​គម្រោង​ទាំង​អស់​នៃ​ម្រោង​ខ្សែ​ក្រវ៉ាត់​មួយ​ផ្លូវមួយ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ឬ​ហៅ​កាត់​ថា​ BRI។

លោកប្រធានាធិបតី​ចិន​ ស៊ី ជីនពីង ​បាន​សម្ពោធគម្រោង​ច្រក​របៀង​សេដ្ឋកិច្ច​ចិន-​ប៉ាគីស្ថាន​ ឬ​ហៅ​កាត់​ថា CPEC កាល​ពី​២​ឆ្នាំ​មុន​ គឺ​នៅ​ពេល​ដែល​លោក​ធ្វើ​ទស្សនកិច្ចលក្ខណៈ​ប្រវត្តិសាស្ត្រ​ទៅ​កាន់​ទីក្រុង​អ៊ីស្លាម៉ាបាដ (Islamabad)។ ​តាំង​ពី​ពេល​នោះ​មក​ កិច្ចសហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង២​ត្រូវ​បាន​ពង្រឹង​បន្ថែម​ទៀត​ពី​លើ​ទំនាក់​ទំនង​ដែល​មាន​អាយុ​កាល​រាប់​ទសវត្សរ៍​របស់​សម្ព័ន្ធមិត្ត​តាំង​ពី​យូរយារ​ទាំង​ពីរ​នេះ។

ចិន​កំពុង​បណ្តាក់​ទុន​ប្រមាណ​៦០​ពាន់​លាន​ដុល្លា​អាមេរិក​ទៅ​លើ​បណ្តាញ​ផ្លូវ​ថ្នល់​ ផ្លូវ​រថភ្លើង ខ្សែ​កាប​អុបទិច​ បំពង់​បង្ហូរ​ថាមពល​ បណ្តុំ​ឧស្សាហកម្ម​ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន។​

ច្រក​របៀង​សេដ្ឋកិច្ច​នេះនឹង​ភ្ជាប់​តំបន់​ភូមិភាគ​ខាង​លិច​ Xinjiang​ របស់​ចិន​ ទៅ​កាន់​កំពង់​ផែ​ Gwadar របស់ប៉ាគីស្ថាន ដែល​ស្ថិត​នៅ​លើ​សមុទ្រ​អារ៉ាប់។ ច្រក​នេះ​នឹង​ធ្វើ​ឲ្យ​ចិន​ជា​ទីតាំង​ផ្លូវ​ពាណិជ្ជ​ដែលជិត​បំផុត​ទៅ​កាន់​ទីផ្សារអន្តរជាតិ​។

អគ្គរដ្ឋទូត​ស្តីទី​របស់​ចិន​ប្រចាំទីក្រុងអ៊ីស្លាម៉ាបាដ គឺ​លោក Lijian Zhao បាន​ឲ្យ​ដឹង​ថា​ គម្រោង​ CPEC ទាំង១៩​ មាន​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ​១៩​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​បច្ចុប្បន្ន​នេះ គម្រោង​ទាំង​នេះ​បានបញ្ចប់​ឬ​កំពុង​ដំណើរ​ការ។

លោក Zhaoបាន​ថ្លែង​ក្នុង​សន្និសីទ​មួយ​នៅ​ទីក្រុង​អ៊ីស្លាម៉ាបាដ​ ដែល​ជាទីក្រុង​ដ៏សំខាន់​បំផុត​មួយ​នៅ​ប៉ាគីស្ថានថា៖ «គម្រោង​ CPEC​ ជា​គម្រោង​សាកល្បង​ និង​ជា​គម្រោង​ដ៏ធំ​មួយ​នៃ​គម្រោង​ខ្សែក្រវ៉ាត់​មួយ​ផ្លូវមួយ​។ នៅ​ពេល​នេះ​វា​ជា​គម្រោង​ដែល​មាន​ដំណើរការ​យ៉ាងឆាប់​រហ័ស​និង​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ចំណោម​គម្រោង​ខ្សែ​ក្រវ៉ាត់​មួយ​ផ្លូវមួយ​ទាំង​អស់»។

លោក​បាន​ពណ៌នា​កិច្ចសហប្រតិបត្តិការ​នេះ​ថា​ជា​ «កិច្ចការដែល​ពុំ​ធ្លាប់​មាន​ពីមុន​មក» នៅ​ក្នុង​ប្រវត្តិសាស្ត្រនៃ​ទំនាក់​ទំនង​អន្តរជាតិចិន​និង​ប៉ាគីស្ថាន។
កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ដែល​ទាក់​ទិន​នឹងច្រក​របៀង​សេដ្ឋកិច្ចចិន​-ប៉ាគីស្ថាន​ CPEC​ នេះ​ បាន​ផ្តល់​ការងារ​ដល់​ប្រជាជន​រាប់​ពាន់​នាក់ ហើយ​មន្ត្រី​ប៉ាគីស្ថាន​រំពឹង​ថានឹង​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​បន្ថែម​ទៀត​នឹង​ត្រូវ​ទទួល​បាន​ការងារ​ធ្វើ​ក្នុង​រយៈ​ពេល​២​ឬ​៣​ឆ្នាំ​ខាង​មុខ។

ទីក្រុង​ Gwadar ​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ Baluchistan ​របស់ប្រទេស​ប៉ាគីស្ថាន ​គឺ​ជា​ទីតាំង​ដែល​ធ្លាប់​មាន​ការ​វាយ​ប្រហារ​លើ​ក្រុម​កម្មករ​នៃ​គម្រោង ​CPEC កាល​ពី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។

ផែន​ទី​គម្រោង​ច្រក​របៀង​សេដ្ឋកិច្ច​ចិន-​ប៉ាគីស្ថាន។

អ្នក​រិះគន់​មួយ​ចំនួន​នៅ​ប្រទេស​ប៉ាគីស្ថាន​បាន​បង្ហាញ​ការ​បារម្ភ​ទៅ​លើភាព​ជោគជ័យនៃ​គម្រោង​ច្រក​របៀង​សេដ្ឋកិច្ចចិន​-ប៉ាគីស្ថាន​ CPEC​ ហើយ​មួយ​ចំនួន​ទៀត​បាន​ចោទសួរ​ទៅ​លើ​ការ​ផល​ចំណេញ​សម្រាប់​ប្រទេស​នេះ។ ប៉ុន្តែ​ក្រុម​មន្ត្រី​បាន​ច្រានចោល​ការ​មន្ទិល​សង្ស័យ​នេះ ថា​មិន​ឃើញ​មាន​នោះ​ទេ។

ប្រេសិត​ចិន​បាន​ថ្លែង​ថា ៖ «ទោះ​បីជា​មាន​ការ​រិះ​គន់​និង​សំឡេង​រំខាន​ពីនេះ​ពីនោះ​ក៏​ដោយ​ ក៏​៤ឆ្នាំ​ក្រោយ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ និង​ការ​យក​ចិត្ត​ទុក​ដាក់​រួមគ្នា​ពី​ប្រទេស​ទាំង២ ​គម្រោង​ច្រក​របៀង​សេដ្ឋកិច្ចចិន​-ប៉ាគីស្ថាន CPEC នេះ នៅ​មិន​ទាន់​រង​ឥទ្ធិពល​អ្វី​ពី​សំឡេង​រំខាន​នោះ​ទេ។​ ខ្ញុំ​អាច​ប្រាប់​អ្នក​វិញ​ថា​គម្រោង CPEC ​ប្រព្រឹត្ត​ទៅ​ដោយ​រលូត»។

លោក​មិន​បាន​និយាយ​អ្វី​បន្ថែម​ទៀត​នោះ​ទេ។
គម្រោង​ច្រក​របៀង​សេដ្ឋកិច្ច​ចិន​-ប៉ាគីស្ថាន​ CPEC​ ភាគច្រើន​ស្ថិត​នៅ​ក្នុង​ខេត្ត​ Baluchistan។​ មន្ត្រី​ប៉ាគីស្ថាន​ចោទ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ឥណ្ឌា​ដែល​ជា​គូ​ប្រជែង ថា​ជា​អ្នក​គាំទ្រការ​វាយ​ប្រហារ​ដោយ​យោធានៅ​ក្នុង​ខេត្ត​នោះ​ ដើម្បី​កម្ទេចការ​វិនិយោគ​ទុន​របស់​ចិន»។

រដ្ឋាភិបាលក្រុង​ញូវដេលី​បាន​បដិសេធការចោទ​ប្រកាន់​នេះ​ ប៉ុន្តែ​ក្រុម​មន្ត្រី​នៅ​ទីនោះ​បាន​សម្តែង​ការបារម្ភ​ទៅ​លើ​ច្រករបៀង​សេដ្ឋកិច្ច​នោះ ពីព្រោះ​វាឆ្លង​កាត់​តាម​ផ្នែក​មួយ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ប៉ាគីស្ថាន​នៅ​ក្នុង​តំបន់​ Kashmir ​ដែល​ជា​តំបន់​បែង​ចែក​រវាង​ឥណ្ឌា​និង​ប៉ាគីស្ថាន ហើយ​ប្រទេស​ទាំង​ពីរ​នេះ​អះអាង​រៀងៗ​ខ្លួន​ថា តំបន់​ហិមាល័យ​គឺ​ជា​កម្មសិទ្ធ​របស់​ខ្លួន​ទាំង​ស្រុង។

ថ្លែង​នៅ​ក្នុង​សន្និសីទ​មួយ​ លោក​ស្រី Tehmina Janjua រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​របស់​ប៉ាគីស្ថាន បាន​ពន្យល់​ពី​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​នៅ​ក្នុង​ការ​ប្របត្តិ​គម្រោង​ជាមួយ​ប្រទេស​ចិន។

លោក​ស្រី​ថ្លែង​ថា៖ «ខ្ញុំ​សូម​លើក​ឡើងថា ​ជា​អកុសល​ ប្រទេស​ជិតខាង​ភាគ​ខាង​កើត​របស់​យើង​ (ឥណ្ឌា) បាន​ប្រកាស​ជា​សាធារណៈ​ប្រឆាំង​ទៅ​នឹង​គម្រោង​ CPEC។ ​ហេតុផល​ដែល​គេ​លើក​ឡើង​ដើម្បី​ប្រឆាំង​មក​លើ​ពួក​យើង​ គឺ​ពុំ​មាន​មូលដ្ឋាន​ទាល់​តែ​សោះ»។

លោក​ស្រីបាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​ឥណ្ឌាថា​ជា​«រឿង​ដ៏​អាក្រក់​មួយ»​ សម្រាប់​គម្រោង​មួយ​ដែល​លោក​ស្រី​ថ្លែង​ថា នឹង​នាំមក​នូវការ​អភិវឌ្ឍ​និង​ភាព​ចម្រុង​ចម្រើនដល់​ប្រជាជន​នៅ​តំបន់ Kashmir។​

លោក​ស្រី​ថ្លែង​បន្ត​ទៀត​ថា៖ «ចិន​និង​ប៉ាគីស្ថាន​នឹង​ឈរ​កៀក​ស្មា​គ្នា​ដើម្បី​អភិវឌ្ឍ​គម្រោងCPEC​ ទៅ​តាម​កាល​ដែល​បាន​កំណត់​ទុក។​ យើង​នឹង​បន្ត​ការ​តាំង​ចិត្ត​យ៉ាង​ពេញ​លេញ​ ដោយ​ព្រងើយ​កន្តើយ​នឹង​សំឡេង​រំខាន​និង​ឆ្លើយតប​ដោយ​ខ្លាំង​ក្លា​ទៅ​លើ​ការ​គំរាម​កំហែង​ទាំង​ឡាយ​ដែល​សំដៅ​មក​លើ​គម្រោង ​CPEC​ នេះ»។
យោធា​ប៉ាគីស្ថាន​បាន​ដាក់​ពង្រាយ​កង​សន្តិសុខ​រាប់​ពាន់​នាក់ ដើម្បី​យាមល្បាត​ទៅ​លើ​គម្រោង​ទាំង​នោះ​និង​ដើម្បី​ការពារ​អ្នក​ជំនាញ​និង​កម្មករ​ចិន​ផង​ដែរ។

ចិន​ក៏​បដិសេធ​ចំពោះ​ការ​រាយការណ៍​ថា​ អាមេរិក​បារម្ភ​ពី​គម្រោង​របស់​ចិន​ដែល​ចង់​ធ្វើ​ឲ្យ​ក្រុង Gwadar ក្លាយ​ទៅ​ជា​មូលដ្ឋាន​កងទ័ព​ជើងទឹក​របស់​ចិន។

ក្រុម​មន្ត្រី​បាន​និយាយ​ថា គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​កំពុង​តែ​ចាប់​ផ្តើម​ដំណើរការ​នៅ​ក្នុង​ក្រុង​កំពង់​ផែ​ Gwadarក្រោម​ជំនួយ​របស់​ចិន ដែល​រចនា​សម្ព័ន្ធ​ទាំង​នេះ​រួម​មាន​ តំបន់​សេរី​និង​អាកាសយានដ្ឋាន​អន្តរជាតិ​មួយ​ដែល​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​នៅ​ឆ្នាំ​ក្រោយ។

ស្រប​ពេល​ដែល​មហាវិថី​មួយ​ចំនួន​កំពុង​តែ​ត្រូវ​បាន​សាងសង់​ឡើង​ ហើយ​ផ្លូវ​ដែល​មាន​ស្រាប់​ត្រូវ​បាន​អភិវឌ្ឍ​ឲ្យ​កាន់​តែ​ទំនើប​ដើម្បី​ភ្ជាប់​តំបន់​នានា​ដែល​ស្ថិត​ក្រោម​គម្រោង​ CPEC នេះ​ រោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូង​នៅ​កណ្តាល​ក្រុង​ Sahiwal ទើប​តែ​ត្រូវ​បាន​សាង​សង់​រួច​រាល់ ដែល​រោងចក្រ​នេះ​បន្ថែម​ថាមពល​អគ្គិសនី​ក្នុង​កម្រិត ១៣២០ ​ម៉េហ្កាវ៉ាត់ ទៅ​ដល់​បណ្តាញ​អគ្គិសនី​ជាតិ​របស់​ប៉ាគីស្ថាន។

រោងចក្រ​ថាមពល​ដុត​ធ្យូង​ថ្ម​ដែល​ផ្តល់​ថាមពល​ ១៣២០ ​ម៉េហ្កាវ៉ាត់​ទី២​ ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង​កំពង់​ផែ​ពាណិជ្ជកម្ម​ Karachi ​ត្រូវ​គេ​រំពឹង​ថា​នឹង​ត្រូវ​សម្ភោធ​ឲ្យ​ប្រើ​ប្រាស់​នៅ​ក្នុងខែ​វិច្ឆិកា​នេះ ដែល​រោង​ចក្រ​នេះត្រូវ​បាន​ប៉ាន់​ប្រមាណថា​បាន​ចំណាយ​ទឹក​ប្រាស់​អស់​២ពាន់​លាន​ដុល្លារ​អាមេរិក។

លោក​ប្រេសិត Zhao ក៏​បាន​បន្ថែម​ទៀត​ថា ចិន​ក៏​បាន​ផ្តោត​គោល​ដៅ​ទៅលើ​ការ​អភិវឌ្ឍ​ផ្លូវ​ដែក​របស់​ប៉ាគីស្ថាន​ឲ្យ​កាន់​តែ​ទំនើប ដែល​នឹង​ធ្វើ​ឲ្យ​ល្បឿន​មធ្យមកើនឡើង​ដល់​ទៅ​ប្រមាណ​ ១៨០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ គឺ​បង្កើន​ល្បឿន​ពី​ល្បឿន​មធ្យម​បច្ចុប្បន្ន​ដែល​មាន​ត្រឹម​តែ​ ៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង៕

ប្រែ​សម្រួល​ដោយ ខាន់​ សុគុំ​មនោ