ចិន​ចាប់ផ្ដើម​ស្ដារ​គម្រោង​វិទ្យាសាស្ត្រ​របស់​ខ្លួន​នៅ​តំបន់​អាកទិក​ឡើង​វិញ​ក្រោយ​រាំងស្ទះ​មួយ​រយៈ

រូប​ឯកសារ៖ និស្សិត​អ្នកស្រាវជ្រាវ​​​នៃ​សាកលវិទ្យាល័យ​ NYU របស់​អាមេរិក អង្គុយ​នៅ​លើ​ផ្ទាំង​ថ្ម​​ក្បែរ​ដែន​ទឹកកក​នៅ​លើ​កោះ Greenland នៅ​​ក្បែរ​តំបន់​ប៉ូល​ខាង​ជើង​អាកទិក កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៩។

បន្ទាប់ពី​បាន​រាំងស្ទះ​អស់​រយៈពេល​រាប់​ឆ្នាំ ប្រទេស​ចិន​កំពុង​ចាប់ផ្ដើម​ជំហាន​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​ការ​ស្ដារ​ឡើង​វិញ​នូវ​គម្រោង​បែប​វិទ្យាសាស្ត្រ​របស់​ខ្លួន​នៅ​លើ​ដី​នៅ​តំបន់​អាកទិក ដោយ​បញ្ជូន​បុគ្គលិក​ទៅ​កាន់​ស្ថានីយ​ចំនួន​ពីរ​ដែល​មាន​សារៈសំខាន់​ចំពោះ​គោលនយោបាយ​របស់​ខ្លួន​ក្នុង​ការ​បង្កើត​ប្រទេស​ចិន​ឱ្យ​ក្លាយ​ជា​ប្រទេស​មួយ «នៅ​ក្បែរ​តំបន់​អាកទិក»។

ឯកសារ​គោលនយោបាយ​អាកទិក​របស់​ចិន ដែល​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​កាលពី​ឆ្នាំ ២០១៨ បាន​ឱ្យ​ដឹង​ថា ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ដើម្បី «រុករក​និង​ស្វែងយល់» អំពី​តំបន់​អាកទិក​គឺ​ជា «អាទិភាព​និង​ការ​ផ្ដោត» នៃ​ការ​ចូលរួម​របស់​ចិន​នៅ​ក្នុង​កិច្ចការ​តំបន់​អាកទិក។

ក្នុង​រយៈពេល​ជាង ១៤ ឆ្នាំ​មក​នេះ​ចាប់​តាំងពី​ឆ្នាំ ២០០៤ មក ចិន​បាន​ចាប់ផ្ដើម​អនុវត្ត​គម្រោង​វិទ្យាសាស្ត្រ​ជាច្រើន​នៅ​ក្នុង​តំបន់​អាកទិក​នៃ​ប្រទេស​នៅ​អឺរ៉ុប​ខាង​លិច​ចំនួន ៤ ដែល​មាន​ប្រទេស​ន័រវែស អ៊ីស្លង់ ស៊ុយអែត និង​ហ្វាំងឡង់ និង​បាន​ព្យាយាម​អនុវត្ត​នូវ​គម្រោង​ដូចគ្នា​នេះ​ដែរ​នៅ​ក្នុង​តំបន់​ទី ៥ ដែល​នោះ​គឺ​កោះ Greenland ដែល​ជា​កោះ​ស្វយ័ត​របស់​ប្រទេស​ដាណឺម៉ាក។

រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ដែល​បាន​បោះពុម្ព​ផ្សាយ​យុទ្ធសាស្ត្រ​ផ្ទាល់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា «យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​តំបន់​អាកទិក» កាលពី​ខែ​តុលា បាន​ឱ្យ​ដឹង​ថា គម្រោង​បែប​វិទ្យាសាស្ត្រ​ទាំង​នោះ​បាន​ជួយ​ប្រទេស​ចិន​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាកទិក និង «បាន​បង្កើន​កាន់តែ​ខ្លាំង​ឡើង» នូវ​ការ​ប្រកួត​ប្រជែង​យុទ្ធសាស្ត្រ​នៅ​ក្នុង​តំបន់​មួយ​ដែល​សហរដ្ឋ​អាមេរិក​គឺ​ជា​មហាអំណាច​ជា​យូរ​មក​ហើយ។

ឯកសារ​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​នេះ​បាន​លើកឡើង​ថា ប្រទេស​ចិន​បាន «ប្រើ​ការ​ប្រឡូក​បែប​វិទ្យាសាស្ត្រ​ទាំង​នេះ​ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​សម្រាប់​ការ​ប្រើប្រាស់​ផ្នែក​ស៊ើបការណ៍​សម្ងាត់​ឬ​យោធា​នៅ​ក្នុង​តំបន់​អាកទិក» ដែល​តម្រូវ​ឱ្យ​សហរដ្ឋ​អាមេរិក​ត្រូវ​ឆ្លើយតប​តាមរយៈ​ការ​ធ្វើ​ឱ្យ​ខ្លួន​ស្ថិត​ក្នុង​គោល​ជំហរ​មួយ​ដែល​អាច «ប្រកួតប្រជែង​ប្រកប​ដោយ​ប្រសិទ្ធភាព​និង​គ្រប់គ្រង​ភាព​តានតឹង» នៅ​ក្នុង​តំបន់​បាន។

កាសែត Global Times របស់​រដ្ឋាភិបាល​ចិន​បាន​ឆ្លើយតប​យ៉ាង​លឿន​ចំពោះ​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​ដោយ​ចេញ​ផ្សាយ​នូវ​អត្ថបទ​មួយ​ដែល​បាន​ដកស្រង់​នូវ​សម្ដី​របស់​អ្នក​វិភាគ​របស់​ចិន​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​យក​សកម្មភាព​របស់​ចិន​នៅ​តំបន់​អាកទិច «ធ្វើ​នយោបាយ»។

អត្ថបទ​នោះ​បាន​ឱ្យ​ដឹង​ទៀត​ថា អ្នក​វិភាគ​ទាំង​នោះ​មើល​ឃើញ​ថា​សហរដ្ឋ​អាមេរិក «កំពុង​ប្រើប្រាស់​ការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​ឡើង» ដើម្បី​ជា​លេស​នៅ​ក្នុង​ការ​ព្យាយាម​គ្រប់គ្រង​តំបន់​អាកទិក បន្ទាប់ពី​មើល​ឃើញ​នូវ​តម្លៃ​ផ្នែក​សេដ្ឋកិច្ច​និង​យោធា​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​តំបន់​នោះ។

បើ​ទោះបីជា​ខ្លួន​វាយ​ប្រហារ​ដោយ​ពាក​សម្ដី​ជា​សាធារណៈ​លើ​សហរដ្ឋ​អាមេរិក​ក៏ដោយ ក៏​រដ្ឋាភិបាល​ចិន​មិន​បាន​បកស្រាយ​ច្រើន​នោះ​ទេ​អំពី​ដំណើរ​រាំងស្ទះ​ចំពោះ​គម្រោង​បែប​វិទ្យាសាស្ត្រ​របស់​ខ្លួន​នៅ​លើ​ដី​នៅ​តំបន់​អាកទិក​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ និង​អំពី​វិធានការ​ថ្មីៗ​របស់​ខ្លួន​នៅ​ក្នុង​ការ​ស្ដារ​គម្រោង​មួយ​ចំនួន​នៃ​គម្រោង​ទាំង​អស់​នេះ​ឡើង​វិញ។

អ្នក​ស្រាវជ្រាវ​នានា​អំពី​តំបន់​អាកទិក​បាន​ប្រាប់ VOA ថា នា​ពេល​ថ្មីៗ​នេះ ប្រទេស​ចិន​បាន​បញ្ជូន​និង​ប្រកាស​អំពី​ផែនការ​នៅ​ក្នុង​ការ​បញ្ជូន​មនុស្ស​មួយ​ចំនួន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ទៅ​កាន់​ស្ថានីយ​វិទ្យាសាស្ត្រ​ដ៏​សំខាន់​បំផុត​របស់​ខ្លួន​ចំនួន​ពីរ​នៅ​ក្នុង​ប្រទេស​ន័រវែស​និង​ប្រទេស​អ៊ីស្លង់ បន្ទាប់ពី​អវត្តមាន​អ្នក​វិទ្យាសាស្ត្រ​ចិន​អស់​រយៈពេល​ជា​យូរ​មក​ហើយ​នៅ​ក្នុង​ស្ថានីយ​ទាំង​ពីរ​នេះ។

ប៉ុន្តែ គេ​មិន​ឃើញ​មាន​សញ្ញា​ណា​មួយ​បង្ហាញ​ថា​ចិន​កំពុង​ព្យាយាម​ស្ដារ​ឡើង​វិញ​នូវ​គម្រោង​វិទ្យាសាស្ត្រ​ពីរ​ទៀត​នៅ​ក្នុង​ប្រទេស​ស៊ុយអែត​និង​ប្រទេស​ហ្វាំងឡង់​នោះ​ទេ ដែល​នៅ​ទីនោះ​ស្ថាប័ន​ជាតិ​នានា​បាន​ប្រាប់ VOA ថា សកម្មភាព​របស់​ចិន​គ្រោង​នឹង​បញ្ចប់​ឬ​បាន​បញ្ចប់​រួច​ហើយ។

វិទ្យាស្ថាន​ស្រាវជ្រាវ The Polar Research Institute of China (PRIC) របស់​ចិន​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ចុះ​បញ្ជី​គម្រោង​ចំនួន​បី​នៅ​ក្នុង​សហគមន៍​វិទ្យាសាស្ត្រ Ny-Alesund ក្នុង​ប្រជុំ​កោះ Svalbard នៃ​ប្រទេស​ន័រវែស ដែល​នៅ​ទីនោះ​ខ្លួន​បាន​ជួល​និង​ធ្វើ​ប្រតិបត្តិការ​ក្នុង​អាគារ​មួយ​ខ្នង​របស់​ន័រវែស​ចាប់​តាំងពី​ឆ្នាំ ២០០៤ មក។

ចិន​បាន​ហៅ​អាគារ​ដែល​ខ្លួន​ធ្វើ​ប្រតិបត្តិការ​នោះ​ថា​ជា​ស្ថានីយ Yellow River ដែល​ជា​ស្ថានីយ​នៅ​លើ​ដី​នៅ​ក្នុង​តំបន់​អាកទិច​ដំបូង​បង្អស់​របស់​ខ្លួន។ វិទ្យាស្ថាន​ស្រាវជ្រាវ PRIC បាន​ចុះ​បញ្ជី​គម្រោង​ទាំង​នោះ​នៅ​លើ​ទំព័រ​វេបសាយ Research in Svalbard របស់​ន័រវែស។

នៅ​ក្នុង​វេទិកា​មួយ​កាលពី​ខែ​តុលា​នៅ​មជ្ឈមណ្ឌល Wilson ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក លោក Devon Brennan ប្រធាន​ផ្នែក​សន្ដិសុខ​ដែន​សមុទ្រ​និង​អាកទិក​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមរិក បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​មាន​ការ​ព្រួយ​បារម្ភ​ថា ការ​កេង​ប្រយោជន៍​របស់​ចិន​លើ​ធនធាន​នៅ​តំបន់​អាកទិក​ដូចជា​ជលផល​និង​អ៊ីដ្រូកាបូន​ជាដើម អាច​ជា​ការ​ចាក​ឆ្ងាយ​ចេញ​ពី​អ្វី​ដែល​លោក​បាន​ហៅ​ថា​ជា​របៀប​រៀបរយ​អន្តរជាតិ​ដែល​ផ្អែក​លើ​ច្បាប់។

ប៉ុន្តែ លោក Brennan ក៏​បាន​និយាយ​ផង​ដែរ​ថា សហរដ្ឋ​អាមេរិក​ទទួល​ស្គាល់​ថា​ចិន​មាន «ចំណាប់​អារម្មណ៍​ខ្លាំងក្លា» នៅ​ក្នុង​តំបន់​នោះ។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «បើ​ទោះបីជា​កត្តា​សំខាន់​បំផុត​យើង​ចង់​ធ្វើការ​ជាមួយ​នឹង​ដៃគូ​និង​សម្ព័ន្ធមិត្ត​របស់​យើង​ដែល​មាន​គោល​គំនិត​ដូចគ្នា​នៅ​ក្នុង​តំបន់​អាកទិច​ក៏ដោយ ក៏​នៅ​មាន​ចំណុច​ដែល​ត្រូវ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​បណ្ដា​ប្រទេស​ដទៃ​ទៀត​ដែល​មិន​ស្ថិត​នៅ​ក្នុង​តំបន់​អាកទិក​ផង​ដែរ​ដើម្បី​ធ្វើ​ឱ្យ​តំបន់​នេះ​មាន​ភាព​ប្រសើរ​ឡើង»៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា