ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ឬ AIIB ដែលគាំទ្រដោយប្រទេសចិន បាននិយាយថា ខ្លួននឹងផ្អាករាល់មុខជំនួញជាមួយនឹងប្រទេសរុស្សីនិងបេឡារុសដោយសារការពាក់ព័ន្ធយ៉ាងជ្រៅរបស់ប្រទេសទាំងពីរនៅក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ធនាគារ AIIB បានបញ្ជាក់ថា «ដើម្បីផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់ធនាគារ ថ្នាក់ដឹកនាំរបស់ធនាគារបានសម្រេចថា រាល់សកម្មភាពនានាដែលទាក់ទិននឹងប្រទេសរុស្សីនិងបេឡារុស នឹងត្រូវផ្អាកជាបណ្តោះអាសន្នហើយនឹងត្រូវការសើរើពិនិត្យមើលឡើងវិញ»។
ចិនដែលបានពង្រឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធទ្វេភាគីជាមួយរុស្សីក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមករហូតមកដល់ពេលនេះ បានបញ្ចៀសការរិះគន់រដ្ឋាភិបាលក្រុងមូស្គូដែលបានចូលឈ្លានពានលើអ៊ុយក្រែន។
រដ្ឋាភិបាលក្រុងប៉េកាំង ជាម្ចាស់ភាគហ៊ុនដ៏ធំបំផុតនៅក្នុងស្ថាប័នធនាគារពហុភាគីនេះដែលត្រូវបង្កើតឡើងក្រោមការផ្តូចផ្តើមរបស់ប្រធានាធិបតីចិនលោក Xi Jinping ដោយចិនមានអំណាចបោះឆ្នោតជិត ២៧%។
ធនាគារនេះត្រូវបានសម្ពោធដាក់ឲ្យដំណើរការនៅឆ្នាំ ២០១៦ ដើម្បីទប់ទល់នឹងឥទ្ធិពលធនាគារពិភពលោកនិងមូលនិធិរូបិយវត្ថុអន្តរជាតិ IMF។
រុស្សីក៏ស្ថិតក្នុងចំណោមសមាជិកស្ថាបនិកនៃធនាគារ AIIB នេះផងដែរហើយមានអំណាចបោះឆ្នោត ៦% នៅក្នុងកិច្ចប្រតិបត្តិការរបស់ធនាគារនេះនិងជាម្ចាស់ភាគហ៊ុនធំទី ៣ បន្ទាប់ពីចិននិងឥណ្ឌា។
រុស្សីក៏ជាសមាជិកមួយរូបនៃគណៈកម្មាធិការនាយករបស់ធនាគារនេះផងដែរ។
ធនាគារ AIIB បានបញ្ជាក់ថា ខ្លួនកំពុងតាមដានស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែនយ៉ាងយកចិត្តទុកដាក់ហើយថ្នាក់ដឹកនាំរបស់ធនាគារនេះ នឹងខិតខំឲ្យ «អស់លទ្ធភាពដើម្បីការពារសុច្ចរិតភាពខាងហិរញ្ញវត្ថុ» របស់ខ្លួន៕