ចិន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​សមាជិក​សភា​អាមេរិក​មួយ​ចំនួន​រឿង​ជាតិ​សាសន៍​ Uighur

រូបឯកសារ៖ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​​ Hua Chunying ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​​ នៅ​ក្រសួង​ការបរទេស​ចិន កាល​ពី​ឆ្នាំ ២០១៧។

ប្រទេស​ចិន​បាន​ដាក់​ទណ្ឌកម្ម​លើ​សមាជិក​សភា​សហរដ្ឋ​អាមេរិក ៣ រូប ដើម្បី​ជា​ការ​សងសឹក​នឹង​ការណ៍​ដែល​រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ដាក់​ទណ្ឌកម្ម​លើ​ចិន​ទាក់​ទិន​នឹង​ទង្វើ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​ជាតិ​សាសន៍ Uighur កាន់​សាសនា​ឥស្លាម​នៅ​ក្នុង​ខេត្ត ​Xinjiang ប្រទេស​ចិន។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​អ្នកស្រី ​Hua Chunying បាន​ប្រកាស​អំពី​ទណ្ឌកម្ម​ទាំង​នេះ​នៅ​ថ្ងៃ​ចន្ទ​នេះ ដែល​ដាក់​លើ​លោក​ Ted Cruz ​និង​លោក ​Marco Rubio សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ និង​លោក Chris Smith សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ។

អ្នកស្រី Hua Chunying បាន​បន្ថែម​ថា ទណ្ឌកម្ម​នេះ​ក៏​ដាក់​ផង​ដែរ​លើ​លោក Sam Brownback អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​សេរីភាព​សាសនា និង​លើ​គណៈកម្មាធិការ​ប្រតិបត្តិ​របស់​សភា​ទទួល​បន្ទុក​កិច្ចការ​ប្រទេស​ចិន ដែល​ជា​គណៈកម្មាធិការ​រួម​គ្នា​រវាង​សភា និង​សេតវិមាន​បង្កើត​ឡើង​ដើម្បី «តាមដាន​ស្ថានការណ៍​សិទ្ធិ​មនុស្ស និង​ការ​វិវឌ្ឍ​នៃ​នីតិរដ្ឋ» នៅ​ក្នុង​ប្រទេស​ចិន។

លោក Rubio គឺ​ជា​សហ​ប្រធាន​នៃ​គណៈកម្មាធិការ​នេះ​ខាង​គណបក្ស​សាធារណរដ្ឋ ហើយ​លោក Smith គឺ​ជា​សមាជិក​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​នេះ​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​ជា​អតីត​សហ​ប្រធាន​គណៈកម្មាធិការ​នេះ។

ទណ្ឌកម្ម​ទាំង​នេះ​ត្រូវ​បាន​ប្រកាស​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ បន្ទាប់ពី​រដ្ឋបាល​របស់​លោក ​Trump បាន​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​ប្រឆាំង​នឹង​មន្ត្រី​ជាន់​ខ្ពស់​ចិន​មួយ​ចំនួន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​លោក Chen Quanguo​ ប្រធាន​គណបក្ស​កុម្មុយនិស្ត​ចិន​ប្រចាំ​ខេត្ត Xinjiang ផង​ដែរ៕