ចិន​ចោទ​អាមេរិក​​ថា​ធ្វើ​ឲ្យ​តៃវ៉ាន់​ក្លាយ​ជា​កន្លែង​មាន​​វិបត្តិ​​​ធ្ងន់ធ្ងរ​ដោយ​​​ការ​លក់​​អាវុធ​ពេល​ថ្មី​បំផុត​ឱ្យ​​​កោះ​នេះ​

ទាហាន​តៃវ៉ាន់​បាញ់​មីស៊ីល​ប្រភេទ Stinger ផលិត​នៅ​អាមេរិក អំឡុង​សមយុទ្ធ​យោធា​បាញ់​គ្រាប់​ពិត​មួយ​​នៅ​ស្រុក​ Pingtung កោះ​តៃវ៉ាន់ កាល​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០២៣។

នៅ​ថ្ងៃ​ពុធ​នេះ ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ចិន​បានចោទ​ប្រកាន់​សហរដ្ឋ​អាមេរិកថា ​ធ្វើ​ឱ្យ​តៃវ៉ាន់ទៅ​ជា​កន្លែង​មានវិបត្តិ​ធ្ងន់ធ្ងរ​ដោយការ​លក់ឧបករណ៍​យោធា​កាលពី​ពេល​ថ្មី​បំផុតឱ្យ​កោះ​នេះ​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​តាម​បែប​ប្រជាធិបតេយ្យដោយ​មាន​តម្លៃទាំងអស់​៤៤០​លាន​២សែន​ដុល្លារ។​ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន ​AP។​

ក្រសួង​ការបរទេស​ស.រ.អ.បាន​យល់ព្រម​ដល់​ការ​លក់​គ្រាប់កាំ​ភ្លើង​៣០ម.ម.​និង​គ្រឿង​ឧបករណ៍​ពាក់ព័ន្ធ​ ជាមួយ​គ្រឿង​បន្លាស់សម្រាប់​យានយន្តតៃវ៉ាន់ ​អាវុធ​ធុន​ស្រាល ​ប្រព័ន្ធ​អាវុធ​ប្រយុទ្ធ​និង​ឧបករណ៍គាំទ្រ​ខាងភ័ស្តុភារ។ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ លោក​វរសេនីយ៍​ឯក Tan Kefei បាន​ឆ្លើយ​តប​ថា៖ ​«ស.រ.អ.​មិន​អើពើ​នឹង​កង្វល់​ស្នូល​នៃ​ប្រទេស​ចិន​ ចោទ​ថា​អាមេរិក​ជ្រៀតជ្រែក​ក្នុងកិច្ចការ​ផ្ទៃក្នុង​នៃ​ចិន​ និង​ថាបង្កើន​ភាព​តានតឹងឆ្លង​កាត់ច្រក​សមុទ្រ​តៃវ៉ាន់‍​»។

ចិន​បានអះអាង​ថា​តៃវ៉ាន់​ជាដែនដី​របស់​ខ្លួន​ដែល​នឹង​ត្រូវ​វាយកាន់កាប់​ដោយកម្លាំង​បើ​ជា​ការចាំបាច់ហើយ​លោក Tan បាននិយាយ​ថា៖​ «ការត​វ៉ាម៉ឺងម៉ាត់‍»​បាន​ត្រូវ​បាន​ដាក់ជា​មួយ​ស.រ.អ.​ហើយ។

លោក​បាន​និយាយនៅ​សេចក្តី​ថ្លែងការណ៍មួយតាម​គេហទំព័ររបស់​ក្រសួង​ការពារ​ជាតិចិន​ថា៖ «ការណ៍​នេះ​ជា​ការបង្កើនការ​កែប្រែ​តៃវ៉ាន់ឱ្យ​ទៅ​ជា​«កន្លែង​មានវិបត្តិ​ធ្ងន់ធ្ងរ»​និង​ជំរុញប្រជារាស្ត្រ​តៃវ៉ាន់​ឱ្យ​ធ្លាក់ក្នុង​ជ្រោះ​មហន្តរាយ‍»។

លោក Tan បាន​ថ្លែង​ថាការ​ប្រើកម្លាំង​ដើម្បី​ស្វះស្វែង​ឱ្យ​បាន​ឯករាជ្យ​ជា​ការគិត​បែប​ស្រមើស្រមៃ​ហើយ​នឹង​ទទួលបរាជ័យ ​ដោយ​លោក​បាន​ប្រើ​ពាក្យ​ពេចន៍​ស្តង់ដារ​របស់​ចិន​ ដោយ​បាន​បន្ថែម​ថា​កងទ័ព​រំដោះ​របស់ប្រជាជន​តែងតែ​ប្រុងប្រៀប​ជានិច្ចហើយ​នឹង​ថែរក្សា​សន្តិភាព​និង​ស្ថិរភាព​ក្នុង​ច្រកសមុទ្រតៃវ៉ាន់៕