ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​បញ្ចេញ​វីដេអូ​អំពី​ហេតុការណ៍​ប្រឈម​ជាមួយ​នាវា​ចម្បាំង​ចិន​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់


​​នាវា​ពិឃាត USS Chung-Hoon របស់​សហរដ្ឋ​អាមេរិក អង្កេត​នាវា​ចិន​ដែល​ខ្លូន​និយាយថា«គ្មានសុវត្ថិភាព»នៅ​សមុទ្រតៃវ៉ាន់កាលពីថ្ងៃទី០៣​ មិថុនា ឆ្នាំ២០២៣។​(Mass Communication Specialist 1st Class Andre T. Richard/U.S. Navy via AP)
​​នាវា​ពិឃាត USS Chung-Hoon របស់​សហរដ្ឋ​អាមេរិក អង្កេត​នាវា​ចិន​ដែល​ខ្លូន​និយាយថា«គ្មានសុវត្ថិភាព»នៅ​សមុទ្រតៃវ៉ាន់កាលពីថ្ងៃទី០៣​ មិថុនា ឆ្នាំ២០២៣។​(Mass Communication Specialist 1st Class Andre T. Richard/U.S. Navy via AP)

យោធា​សហរដ្ឋ​អាមេរិក​បាន​ចេញ​ផ្សាយ​វីដេអូ​មួយ​កាលពី​ថ្ងៃ​ចន្ទ​អំពី​អ្វី​ដែល​ខ្លួន​ហៅ​ថា​ជា​ទង្វើ «មិន​មាន​សុវត្ថិភាព» នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ ដែល​នៅ​ពេល​នោះ​នាវា​កងទ័ព​ជើង​ទឹក​មួយ​គ្រឿង​របស់​ចិន​បាន​បើក​កាត់​ពី​មុខ​ផ្លូវ​នាវាចរណ៍​របស់​នាវា​ពិឃាត​សហរដ្ឋ​អាមេរិក ដោយ​នាវា​សហរដ្ឋ​អាមេរិក​ត្រូវ​បង្ខំ​ចិត្ត​បង្អង់​ល្បឿន​ដើម្បី​បញ្ចៀស​ការ​បុក​គ្នា។

ក្នុង​អំឡុង​ឧបទ្ទវហេតុ​នេះ យោធា​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា នាវា​ពិឃាត​ចិន​មួយ​គ្រឿង​បាន​បើក​ជែង​ហួសនាវា​ពិឃាត USS Chung-Hoon របស់​សហរដ្ឋ​អាមេរិក​ខាង​ជ្រុង​សម្រាប់​ចត​នៅ​កំពង់ផែ ហើយ​បន្ទាប់មក​បើក​ងាកទៅ​ខាង​ស្ដាំ​ដោយ​កាត់​ពី​មុខ​នាវា​សហរដ្ឋ​អាមេរិក​នៅ​ចម្ងាយ​ប្រមាណ ១៣៧ ម៉ែត្រ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​បញ្ជាការដ្ឋាន​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

បើ​យោង​តាម​វីដេអូ​ដែល​បាន​បង្ហាញ នាវា​ពិឃាត​សហរដ្ឋ​អាមេរិក​នៅ​បន្ត​បើក​ទៅ​មុខ​ដដែល ប៉ុន្តែ​យោធា​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​នាវា​នោះ​បាន​បង្អង់​ល្បឿន «ដើម្បី​បញ្ចៀស​ការ​បុក​គ្នា»។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ពេល​ដែល​នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក​នេះ​និង​នាវា​ចម្បាំង HMCS Montreal​ របស់​ប្រទេស​កាណាដា​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ដោយ​អនុវត្ត «សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍» នៅ​ច្រក​សមុទ្រ​តៃវ៉ាន់។ ច្រក​សមុទ្រ​តៃវ៉ាន់​នេះ​ត្រូវ​បាន​ចិន​អះអាង​ថា​ជា​ផ្នែក​មួយ​នៃ​តំបន់​សេដ្ឋកិច្ច​ផ្ដាច់មុខ​របស់​ខ្លួន ប៉ុន្តែ​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​បស្ចិម​ប្រទេស​របស់​អាមេរិក​ថា​ជា​តំបន់​ដែល​គ្រប់គ្រង​ដោយ​សេរីភាព​នៃ​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​អន្តរជាតិ។

អ្នក​នាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​លោក John Kirby បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​សេតវិមាន​កាលពី​ថ្ងៃ​ចន្ទ​ថា ហេតុការណ៍​នេះ​គឺ​ជា «ផ្នែក​មួយ​នៃ​កម្រិត​កើនឡើង​នៃ​ភាព​គឃ្លើន» របស់​យោធា​ចិន។

លោក Kirby បាន​ហៅ​ទង្វើ​របស់​ចិន​នេះ​ថា «មិន​មាន​សុវត្ថិភាព» និង «គ្មាន​វិជ្ជាជីវៈ» និង​បាន​និយាយ​ថា ទង្វើ​ដូច​នេះ​អាច​ឈាន​ទៅ​ដល់ «ការ​ប៉ាន់ស្មាន​ខុស» នៅ​ថ្ងៃ​អនាគត។

លោក​ថ្លែង​ដូច្នេះ​ថា៖ «គ្រោះថា្នក់​អាច​កើតឡើង​នៅ​ពេល​មិន​យូរ​ប៉ុន្មាន​ខាង​មុខ»។

នៅ​ក្នុង​ហេតុការណ៍​កាលពី​ថ្ងៃ​សៅរ៍​នោះ បន្ទាប់ពី​បាន​បើក​កាត់​ពី​មុខ​នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក​មក នាវា​ចម្បាំង​ចិន​នោះ​បាន​ចាប់ផ្ដើម​បើកបរ​ត្រង់​ស្រប​ទិស​ជាមួយ​នឹង​នាវា​សហរដ្ឋ​អាមេរិក​ឡើង​វិញ។

នាវា​ចម្បាំង​ចិន​នេះ​មិន​បាន​ប៉ុនប៉ង​ធ្វើ​ទង្វើ​ស្រដៀង​គ្នា​នេះ​ដាក់​នាវា​ចម្បាំង​របស់​ប្រទេស​កាណាដា​នោះ​ឡើយ ដោយ​នៅ​ពេល​នោះ​នាវា​ចម្បាំង​កាណាដា​នេះ​បើក​ពី​ក្រោយ​នាវា​ចម្បាំង​របស់​សហរដ្ឋ​អាមេរិក៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP និង​Reuters។

XS
SM
MD
LG