អតីតមន្ត្រីប៉ូលិសនៅទីក្រុង Minneapolis លោក Derek Chauvin ត្រូវបានគណៈវិនិច្ឆ័យសម្រេចឱ្យមានទោសពីបទឃាតកម្មនិងពីបទមនុស្សឃាតដោយអចេតនាជុំវិញការស្លាប់របស់លោកGeorge Floyd ដែលជារឿងក្តីបង្កឲ្យមានការផ្ទុះឡើងនូវបាតុកម្មនៅទូទាំងពិភពលោកប្រឆាំងនឹងអំពើហិង្សារបស់ប៉ូលិសទៅលើប្រជាពលរដ្ឋ។
គណៈវិនិច្ឆ័យបានឈានដល់ការសម្រេចនេះកាលពីថ្ងៃអង្គារ បន្ទាប់ពីចំណាយពេលពិភាក្សាប្រមាណ១០ម៉ោងក្នុងរយៈពេល២ថ្ងៃនៅក្នុងទីក្រុងមួយដែលស្ថិតក្នុងសភាពអាចនឹងមានការផ្ទុះឡើងនូវភាពវឹកវរ។
លោក Floyd បានស្លាប់កាលខែឧសភាឆ្នាំមុនបន្ទាប់ពីលោក Chauvin ដែលជាប៉ូលិសស្បែកស បានលុតជង្គង់ពីលើឬគៀកនឹងករបស់បុរសស្បែកខ្មៅវ័យ៤៦ឆ្នាំរយៈពេលប្រហែល៩នាទីកន្លះ។
ឧប្បត្តិហេតុនេះដែលត្រូវបានថតជាប់ជាវីដេអូលើទូរស័ព្ទដោយពលរដ្ឋវ័យជំទង់ម្នាក់ត្រូវបានផ្សព្វផ្សាយគ្រប់ទិសទីនិងបានបង្កឲ្យមានការត្រួតពិនិត្យឡើងវិញជាសាធារណៈនិងនៅថ្នាក់ជាតិទៅលើបញ្ហារើសអើងជាតិសាសន៍និងបញ្ហាការប្រើអំណាចរបស់ប៉ូលិសនៅក្នុងសហរដ្ឋអាមេរិក។
លោក Chauvin ត្រូវបានចោទប្រកាន់ពីបទឃាតកម្មមិនគិតទុកជាមុនកម្រិតមធ្យមបទឃាតកម្មមិនគិតទុកជាមុនកម្រិតស្រាលនិងពីបទមនុស្សឃាតដោយអចេតនាកម្រិតមធ្យម។
ក្រោយសវនាការបានបិទបញ្ចប់កាលពីថ្ងៃចន្ទ គណៈវិនិច្ឆ័យដែលមានសមាសភាព១២រូប ដោយមានជនស្បែកស៦រូប និង៦នាក់ទៀតជាជនស្បែកខ្មៅនិងជនចម្រុះជាតិសាសន៍ បានចំណាយពេលប្រហែល៦ម៉ោងពិភាក្សាអំពីព័ត៌មាននានាដែលទទួលបានពីសវនាការរយៈពេល៣សប្តាហ៍មុននឹងឈានដល់សេចក្តីសម្រេច។
នៅក្នុងអំឡុងការផ្តល់សក្ខីកម្មចុងក្រោយកាលពីថ្ងៃចន្ទ រដ្ឋអាជ្ញាមួយរូបបានចោទប្រកាន់លោក Chauvin ថាបានសម្លាប់បុរសអាមេរិកាំងដើមកំណើតអាហ្វ្រិក ដោយបានលុតជង្គង់លើករបស់លោកនិងធ្វើឲ្យលោកដកដង្ហើមមិនរួច។ មេធាវីការពារក្តីឲ្យចុងចោទមួយរូបគឺលោក Eric Nelson បានប្រកែកថា លោក Floyd បានស្លាប់មួយផ្នែកដោយសារការប្រើប្រាស់គ្រឿងញៀនហើយថាលោក Chauvin បានធ្វើទៅតាមការក្បួនហ្វឹកហាត់របស់ប៉ូលិសពេលលោកឃាត់ខ្លួនលោក Floyd កាលពីខែឧសភាឆ្នាំមុន នៅលើចិញ្ចើមផ្លូវមួយនៅក្នុងទីក្រុង Minneapolis។
លោករដ្ឋអាជ្ញា Steve Schleicher បានថ្លែងសរុបចុងក្រោយប្រឆាំងនឹងលោក Chauvin ដែលបានលុតជង្គង់លើលោក Floydទាំងលោកជាប់ខ្នោះដៃខណៈលោកដេករាបលើដងផ្លូវមួយក្នុងទីក្រុង ហើយលោកស្រែកដង្ហក់ចំនួន២៧ដង ថាលោកមិនអាចដកដង្ហើមបាន។ នេះបើយោងតាមវីដេអូនានាដែលបង្ហាញពីការចាប់ខ្លួនលោក Floyd។
លោក Schleicher បានថ្លែងថា៖ «លោកត្រូវគាបជាប់នឹងជង្គង់លើករបស់លោកជាមួយនឹងទម្ងន់របស់លោក Chauvin សង្កត់លើលោករយៈពេល៩នាទី ២៩វិនាទី»។
លោក Schleicher បានថ្លែងថា៖ «លោក George Floyd ពេលនោះមិនមែនជាការគំរាមកំហែងដល់នរណាម្នាក់នោះទេ។ លោកគ្រាន់តែត្រូវការការអាណិតអាសូរខ្លះតែប៉ុណ្ណោះ ហើយលោកមិនទទួលបានទាល់តែសោះ»។
លោក Nelson បានប្រកែកថា៖ «មិនមានអំពីឧក្រិដ្ឋកម្មណាមួយត្រូវបានប្រព្រឹត្តនោះទេ ប្រសិនបើវាជាការប្រើប្រាស់កម្លាំងដែលត្រូវបានអនុញ្ញាត»។
មេធាវីការពារក្តីឲ្យលោក Chauvin បានថ្លែងចុងក្រោយខណៈលោកស្នើឲ្យគណៈវិនិច្ឆ័យឲ្យលោក Chauvin រួចទោសពីបទឃាតកម្មនិងមនុស្សឃាតដោយលើកឡើងពីបទដ្ឋាននៃការផ្តន្ទាទោសយ៉ាងដូច្នេះថា៖ «រដ្ឋ [Minnesota] មិនបានភស្តុតាងចំពោះអំណេះអំណាងគ្រប់គ្រាន់ដើម្បីអស់មានវិមតិសង្ស័យនោះទេ»។
លោក Floyd ត្រូវបានសង្ស័យថាបានព្យាយាមប្រើប្រាស់ក្រដាសប្រាក់២០ដុល្លារក្លែងក្លាយនៅក្នុងហាងទំនិញមួយនៅក្បែរនោះ។
ករណីការស៊ើបអង្កេតជាធម្មតារបស់ប៉ូលិសលើរឿងតូចតាចមួយកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំទៅ និងដែលក្រោយមកធ្វើឲ្យលោក Floyd ស្លាប់នោះបានក្លាយជារឿងក្តីឧក្រិដ្ឋកម្មដ៏សំខាន់បំផុតមួយនៅក្នុងសហរដ្ឋអាមេរិកក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
លោកChauvin ថាលោកគ្មានទោសដូចការចោទប្រកាន់ប្រឆាំងនឹងលោកនោះទេ។ លោកប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់៤០ឆ្នាំ។
កាលពីសប្តាហ៍មុនលោក Chauvin បានប្រើប្រាស់សិទ្ធិតាមរដ្ឋធម្មនុញ្ញរបស់លោកដោយមិនផ្តល់សក្ខីកម្មនិងមិនធ្វើជាសាក្សី។ ក្រោមច្បាប់របស់សហរដ្ឋអាមេរិក ភាគីរដ្ឋអាជ្ញា ដែលជាដើមចោទ មានបន្ទុកបង្ហាញភ័ស្តុតាងគ្រប់គ្រាន់ចំពោះការចោទប្រកាន់ប្រឆាំងចុងចោទហើយចុងចោទនឹងត្រូវចាត់ទុកថាមិនមានទោសរហូតទាល់តែអាចរកឃើញថាមានទោសដោយមិនមានវិមតិសង្ស័យ។
លោកចៅក្រម Peter Cahill បានប្រាប់គណៈវិនិច្ឆ័យកុំឲ្យយកការបដិសេធមិនផ្តល់សក្ខីកម្មរបស់លោកធ្វើឲ្យប៉ះពាល់ដល់សេចក្តីសម្រេចថាលោកមានទោសឬមិនមានទោសនោះ។
បញ្ហាដូចគ្នានេះត្រូវបានលើកឡើងជាថ្មីម្តងទៀតនៅក្នុងសហគមន៍នៅពេលដែលមន្ត្រីប៉ូលិសដែលឥឡូវបានលាលែងពីតំណែងម្នាក់នៅជាយក្រុង Minneapolis បានបាញ់សម្លាប់បុរសអាមេរិកាំងដើមកំណើតអាហ្វ្រិកវ័យ២០ឆ្នាំម្នាក់ក្នុងអំឡុងពេលឈប់នៅកន្លែងភ្លើងស្តុបកាលពីថ្ងៃទី១១ ខែមេសា។
នៅក្នុងរឿងដោយឡែកមួយ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកJoe Biden បានថ្លែងកាលពីថ្ងៃអង្គារថា ការសម្រេចរបស់គណៈវិនិច្ឆ័យឱ្យលោក Derek Chauvin ជាប់ទោសនៅក្នុងការសម្លាប់លោក George Floyd នេះ «អាចជាជំហានទៅមុខដ៏ធំធេងមួយ»សម្រាប់ប្រទេសជាតិនៅក្នុងការប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍ជាប្រព័ន្ធ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
លោក Biden បានថ្លែងយ៉ាងដូច្នេះពីសេតវិមាននៅប៉ុន្មានម៉ោងក្រោយគណៈវិនិច្ឆ័យនៅក្រុង Minneapolis បានចេញដីកាសម្រេចទោស។ លោក Bidenត្រូវអមដោយអ្នកស្រីអនុប្រធានាធិបតី Kamala Harris ដោយអ្នកទាំងពីរបានអំពាវនាវឱ្យសភាអាមេរិកចាត់វិធានការឱ្យបានឆាប់ក្នុងការកែទម្រង់ស្ថាប័នប៉ូលិស។
ប្រធានាធិបតី Biden ថ្លែងថា៖ «វាមិនគ្រប់គ្រាន់ទេ។ យើងមិនអាចនៅឈប់ត្រឹមនេះបានទេ»។
លោក Biden បានថ្លែងយ៉ាងដូច្នេះក្រោយពេលលោកបានទូរស័ព្ទទៅកាន់ក្រុមគ្រួសារលោក Floyd ដោយប្រាប់ពួកគេថា «យើងខ្ញុំទាំងអស់គ្នាបានធូរស្បើយចិត្ត»៕
ប្រែសម្រួលដោយស្រេង លក្ខិណា