ក្រោយ​មាន​​បាតុកម្ម​ជា​ច្រើន​ថ្ងៃ​ប៉ូលិស​ក្រុង​ Charlotte​ បញ្ចេញ​វីដេអូ​២​​ដែល​បង្ហាញ​ការ​បាញ់​ប្រហារ​ដ៏​ប្រល័យ​

ក្រុម​បាតុករ​បាន​ដើរ​តាម​ដង​ផ្លូវ​​ក្នុង​ពេល​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​មួយ​ក្រោយ​ពី​មាន​ការ​បាញ់​ប្រហារ​ដោយ​ប៉ូលិស​ទៅ​លើ​បុរស​ស្បែក​ខ្មៅ Keith Lamont Scott ក្នុង​ក្រុង​ Charlotte កាល​ពី​ថ្ងៃ​ទី២២ ខែ​កញ្ញា។

វីដេអូ​ដែល​បាន​ត្រូវ​ផ្សព្វ​ផ្សាយ​ដោយ​ពួក​ប៉ូលិសនៅក្នុង​ក្រុង ​Charlotte​ រដ្ឋ​ North Carolina បាន​បង្ហាញ​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដ៏​ប្រល័យ​មួយ​រវាង​ប៉ូលិស​និង​បុរស​ Keith Lamont Scott ដែល​ជា​បុរស​ស្បែក​ខ្មៅ​អាយុ​៤៣​ឆ្នាំ​ដែល​បាន​ត្រូវ​បាញ់​ស្លាប់​កាល​ពី​ថ្ងៃ​អង្គារ។ ការ​បង្ហាញ​វីដេអូ​នេះ​នាំ​ឱ្យ​មាន​កុប្បកម្ម​នៅ​ក្នុង​ក្រុង​ធំ​បំផុត​នៃ​រដ្ឋ​ North Carolina។

វីដេអូ​ទាំង​ពីរ​ដែលថត​ដោយ​កាម៉េរ៉ានៅ​ជាប់​នឹង​រាង​កាយ​ និង​កាម៉េរ៉ា​ដាក់​នៅ​ជិត​កញ្ចក់​ឡាន​ខាង​មុខ​ដែល​ពួក​ប៉ូលិស​បាន​បង្ហាញត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍​ នៅ​ក្រោយ​មាន​ការ​អំពាវនាវ​ច្រើន​ថ្ងៃ​ដោយ​ក្រុម​បាតុករ​ឱ្យ​បង្ហាញ​រូប​តាម​វីដេអូ​ទាំង​នេះ​ជា​សាធារណៈ។​

វីដេអូ​មួយ​ក្នុង​បណ្តា​វីដេអូ​ទាំង​នេះ​បង្ហាញ​ឱ្យ​ឃើញ​លោក​ Scott ​ចេញ​ពី​ឡាន​លោក​ហើយ​បាន​ដើរ​ទៅ​ខាង​ឆ្វេង​ ឈរ​នៅ​ក្នុង​កន្លែង​ចត​ឡាន​ប្រមាណ​៣​វិនាទី​នៅ​មុន​ពេល​លោក​ត្រូវ​បាន​បាញ់​ ហើយ​ដួល​ទៅ​លើ​ដី។​

វីដេអូ​ទី​ពីរ​មិន​បាន​បង្ហាញ​ឱ្យ​ឃើញ​លោក ​Scott​ នៅ​មុន​ពេល​លោក​ដួល​នៅ​លើ​ដី​ទេ។​ ស្នូរ​សំឡេង​នៃ​វីដេអូ​នេះ​បាន​ត្រូវ​លប់​ចោល​ចំនួន​២៣​វិនាទី​ដំបូង។

រហូត​មក​ដល់​ពេល​នេះ វា​ជា​ថ្ងៃ​ទី​៥​ហើយ​នៃ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​បាញ់​នេះ។ បាតុកម្ម​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិ​វិធី​ទោះ​បី​ជា​មាន​ការ​បង្ហារញ​វីដេអូ​ទាំង​នេះ​ក៏​ដោយ។ កាលពី​ថ្ងៃ​អាទិត្យ​ បាតុករ​រាប់​សិប​នាក់​បាន​ស្រែក​បន្ទរ​ថា «ជីវិត​ពួក​ជន​ស្បែក​ខ្មៅ​មានសារៈ​សំខាន់!»​ នៅ​ខាង​ក្រៅ​ការ​ប្រកួត​កីឡា​បាល​អោប​អាមេរិកាំង​ប្រចាំ​អាជីព​រវាង​ពួក​កីឡាករ​ក្រុម​ Carolina Panthers និង​ពួក​កីឡាករ ​ក្រុម​ Minnesota ​Vikings នៅ​ក្នុង​ក្រុង​ Charlotte។

លោក​ Cam Newton ​កីឡាករ​ល្បី​ឈ្មោះ​នៃ​ក្រុម Panthers ​បាន​ពាក់​អាវយឺត​មួយ​មាន​បោះពុម្ព​ប្រសាសន៍​របស់​លោក​ Martin Luther King Jr. ​ឥស្សរជន​ល្បី​ឈ្មោះ​បំផុត​ខាង​សិទ្ធិ​ពលរដ្ឋ​ដែល​សរសេរថា «ការ​មាន​អយុត្តិធម៌​នៅកន្លែង​ណាមួយ​ជា​ការ​គំរាម​កំហែង​ដល់​យុត្តិធម៌​នៅ​គ្រប់​ទីកន្លែង»។

សំណួរ​សំខាន់​អំពី​ការ​បាញ់​ប្រហារ​នេះ​គឺ​ «តើ​លោក​ Scott ​មាន​កាន់​កាំ​ភ្លើងឬ​ទេ​នៅ​ពេល​ដែល​ប៉ូលិស​បញ្ជា​ឱ្យ​លោក​ចេញ​ពីឡាន?» ​មិន​បាន​ត្រូវ​ឆ្លើយ​ទេ​ ទោះ​ណា​ជា​មាន​ការ​ផ្សព្វផ្សាយ​វីដេអូ​ទាំង​នេះ​ក៏​ដោយ៕