ប្រទេសម៉ាឡាវីកំពុងជួបឧបសគ្គដើម្បីបញ្ឈប់ការជួញដូរកុមារ បើទោះបីជាប្រទេសនេះមានច្បាប់រួចស្រេចទៅហើយដើម្បីបញ្ឈប់បញ្ហានេះយ៉ាងណាក៏ដោយ។ ច្បាប់ប្រឆាំងការជួញដូរមនុស្ស ដែលត្រូវបានអនុម័តដាក់ឲ្យប្រើប្រាស់កាលពី ៤ឆ្នាំមុន ក៏បានកំណត់ឲ្យបង្កើតមូលនិធិពិសេសដើម្បីជួយជនរងគ្រោះពីការជួញដូរមនុស្សផងដែរ។ ក៏ប៉ុន្តែកិច្ចប្រឹងប្រែងដើម្បីពង្រឹងការអនុវត្តច្បាប់នេះនៅតែជាឧបសគ្គសម្រាប់ប្រទេសនេះ។
យុវតីម្នាក់ដែលគេដាក់ឈ្មោះថា Maggie បានរំឭកពីរឿងរ៉ាវដែលបានកើតឡើងកាលពីឆ្នាំ២០១៨ នៅពេលដែលនាងនិងក្មេងស្រីពីរនាក់ទៀតត្រូវបានឈ្មួញជួញដូរពីស្រុក Neno ភាគខាងត្បូងប្រទេសម៉ាឡាវីឲ្យធ្វើការជាស្រីរកស៊ីផ្លូវភេទនៅក្នុងរដ្ឋធានីពាណិជ្ជកម្ម Blantyre នៃប្រទេសម៉ាឡាវី។
Maggie បាននិយាយថា គ្រួសាររបស់ពួកគេត្រូវបានមនុស្សចម្លែកពីរនាក់បោកប្រាស់ ដោយធ្វើពុតជាស្រ្តីដើររកជួលក្មេងស្រីនៅតាមភូមិឲ្យទៅធ្វើការនៅតាមផ្ទះ។
នាងនិយាយទៀតថា ក្រោយមកពួកនាងត្រូវបានប្រគល់ទៅឲ្យស្រ្តីនោះ ប៉ុន្តែស្ត្រីនោះមិនបានយកពួកនាងទៅធ្វើការនៅតាមផ្ទះទេ។
នាង Maggieបាននិយាយក្នុងសម្តីដើមថា៖
«ពេលយើងមកដល់ទីក្រុង Blantyre គេយកយើងទៅកន្លែងមួយដែលមានសុទ្ធតែមនុស្សប្រុសកំពុងផឹកស្រាបៀរ។ គេឲ្យកាំបិតមកយើងដើម្បីឲ្យគាស់គម្របស្រាបៀរ។ ពេលយើងសួរគេពីរបៀបប្រើកាំបិតនោះ ស្រ្តីនោះបានប្រាប់ពួកយើងថា ពួកយើងត្រូវបានគេជួលឲ្យបម្រើស្រាបៀរ និងដេកជាមួយភ្ញៀវដើម្បីរកប្រាក់ចញ្ចឹមជីវិត»។
នៅពេលនោះ Maggie មានអាយុ១៧ឆ្នាំ ហើយក្មេងស្រីពីរនាក់ទៀត ម្នាក់អាយុ១៦ឆ្នាំ ហើយម្នាក់ទៀតអាយុ១៩ឆ្នាំ។ Maggie និយាយថា ការទាល់ច្រក ការភ័យខ្លាច និងភាពក្រីក្រនៅភូមិកំណើត បានបង្ខំឲ្យពួកគេធ្វើដូច្នេះ បន្ទាប់ពីត្រូវបានគេសន្យាថា ឲ្យប្រាក់ខែពួកនាងប្រហែល ២០ដុល្លារក្នុងមួយខែ។
នាង Maggie បាននិយាយដូច្នេះថា៖
«ស្រ្តីនោះចង់ឲ្យយើងដេកជាមួយមនុស្សប្រុសឲ្យបាន ៤០នាក់ក្នុងមួយថ្ងៃ។ ប៉ុន្តែគេជាអ្នកប្រមូលប្រាក់ ហើយគេមិនដែលឲ្យប្រាក់ខែពួកយើងដូចតាមការសន្យាទេ។ ហើយនៅពេលពួកយើងមិនអាចដេកជាមួយមនុស្សប្រុសតាមចំនួនកំណត់ ពួកយើងត្រូវបានគេបង្អត់អាហារ»។
បន្ទាប់ពីបង្ខំខ្លួនធ្វើការជាស្រីរកស៊ីផ្លូវភេទអស់រយៈពេលពីរខែ នាង Maggie ដែលឥឡូវនេះមានអាយុ១៨ឆ្នាំ បាននិយាយថា ដោយសារស្ថានភាពលំបាកបានបង្ខំឲ្យពួកនាងលួចរត់។
បញ្ហានេះក្រោយមកបានឮដល់ក្រុមការពារសិទ្ធិកុមារនៃអង្គការ People Serving Girls at Risk ដែលអនុវត្តគម្រោងប្រឆាំងការជួញដូរកុមារ។ ទោះជាយ៉ាងណាក៏ដោយ ក៏ករណីនេះត្រូវបានពន្យារពេលម្ដងហើយម្តងទៀតចាប់តាំងពីខែកញ្ញាឆ្នាំមុនមក ដោយសារតែខ្វះការយកចិត្តទុកដាក់លើការពង្រឹងច្បាប់ប្រឆាំងការជួញដូរមនុស្សដែលមានស្រាប់រួចហើយ។
កាលពីឆ្នាំ២០១៥ ប្រទេសម៉ាឡាវីបានអនុម័តច្បាប់ប្រឆាំងការជួញដូរមនុស្ស ដែលកំណត់ឲ្យបង្កើតមូលនិធិប្រឆាំងការជួញដូរមនុស្ស ដើម្បីជួយមើលថែទាំជនរងគ្រោះ ក៏ដូចជាជួយដល់ដំណើរការនៅក្នុងតុលាការផងដែរ។
ក្រុមអ្នកធ្វើយុទ្ធនាការការពារសិទ្ធិកុមារនិយាយថា រដ្ឋាភិបាលនៅតែខ្វះខាតនិតិវិធីជួយគាំទ្រជនរងគ្រោះ។ ពួកគេនិយាយទៀតថា ឧទាហរណ៍ដូចជាក្នុងឆ្នាំនេះ រដ្ឋាភិបាលគ្មានថវិកាដើម្បីបង្កើតមូលនិធិនេះទេ។
លោក Caleb Ng'ombo គឺនាយកអង្គការ People Serving Girls at Risk បានថ្លែងថា៖
«កង្វះខាតការពង្រឹងច្បាប់កំពុងប៉ះពាល់ដល់ពួកយើង។ ឧទាហរណ៍សម្រាប់ស្ថាប័ន បញ្ហានេះបានប៉ះពាល់ដល់ការនាំយកករណីនេះទៅកាន់តុលាការ ដែលតម្រូវឲ្យមានប្រភពជាច្រើន។ សម្រាប់អ្នក វាគ្រាន់តែជាបញ្ហាបច្ចេកទេសប៉ុណ្ណោះ ប៉ុន្តែសម្រាប់យើង ក្នុងនាមជាអង្គការនិងក្មេងស្រីដែលកំពុងស្វែងរកយុត្តិធម៌ បញ្ហានេះកំពុងបង្កផលប៉ះពាល់ខ្លាំងបំផុត»។
លោក Ng'ombo បានបញ្ជាក់ទៀតថា ការគាំទ្រពីអង្គការការពារសិទ្ធិស្រ្តី Equality Now កិច្ចប្រឹងប្រែងនានាត្រូវបានបង្កើតឡើងដើម្បីស្វែងរកយុត្តិធម៌ឲ្យជនរងគ្រោះ។
លោក Ng'ombo បានថ្លែងបន្ថែមទៀតថា៖ «ជាមធ្យម រៀងរាល់ឆ្នាំយើងបានជួយដោះស្រាយករណីជាច្រើន ទាំងការជួយដោយផ្ទាល់និងការជួយតាមរយៈការបញ្ជូនករណីទៅឲ្យអង្គការនានា ដូច្នេះខ្ញុំអាចនិយាយថា ក្នុងមួយឆ្នាំជាមធ្យមមិនតិចជាង២០០ករណីទេ»។
អង្គការក៏ផ្តល់ជាការបណ្តុះបណ្តាលជួយពង្រឹងអំណាចសេដ្ឋកិច្ចដល់ក្រុមយុវវ័យក្មេងៗដូចជានាង Maggie ផងដែរ។ លោក Ng'ombo បានថ្លែងថា៖ «យើងបានដាក់គ្រូបណ្តុះបណ្តាលនៅតាមសហគមន៍ដើម្បីជួយបង្ហាត់ជំនាញកាត់ដេរ ព្រមទាំងជំនាញដេរប៉ាក់ផងដែរ ដើម្បីធានាថា ពួកគេមានជំនាញអាជីវកម្ម ដើម្បីអាចចាត់ចែងគម្រោងកាត់ដេរនិងដេរប៉ាក់បាន»។
លោក Peter Langwe គឺជា មន្រ្តីការពារសិទ្ធិកុមារនៃក្រសួងយេនឌ័រ កុមារ ពិការភាព និងសង្គមកិច្ច។ លោកបានប្រាប់ VOA ថា ទោះបីជាមានឧបសគ្គនានាក្នុងការពង្រឹងច្បាប់ប្រឆាំងការជួញដូរមនុស្សក៏ដោយ ក៏នៅមានកិច្ចខំប្រឹងប្រែងផ្សេងៗទៀតត្រូវបានបង្កើតឡើងដើម្បីបញ្ឈប់បញ្ហានេះដែរ។
លោកនិយាយថា ក្រសួងកំពុងរៀបចំកិច្ចប្រជុំដើម្បីលើកទឹកចិត្តដល់សហគមន៍នានាឲ្យពង្រឹងការអនុវត្តច្បាប់ការពារសិទ្ធិកុមារ។ លោកបាននិយាយក្នុងសម្តីដើមថា៖
«តាមច្បាប់ជនដែលត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការជួញដូរកុមារត្រូវពិន័យជាសត្វពពែ៤ក្បាលទៅឲ្យមេភូមិ និងត្រូវបញ្ជូនករណីទៅតុលាការ»។
លោក Langwe កិច្ចប្រឹងប្រែងនេះបានជួយកាត់បន្ថយករណីជួញដូរមនុស្សបានពាក់កណ្តាល៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា