លោក Joseph Kabila ប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និយាយការពារសេចក្តីសម្រេចរបស់ប្រទេសលោកដែលគ្រោងធ្វើការបោះឆ្នោតនៅថ្ងៃអាទិត្យ បន្ទាប់ពីមានការពន្យារពេលជាបន្តបន្ទាប់និងដោយសារមានអគ្គិភ័យដែលបានបំផ្លាញម៉ាស៊ីនបោះឆ្នោតរាប់ពាន់។
ក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយកាលពីថ្ងៃព្រហស្បតិ៍ជាមួយវីអូអេភាសា Swahili លោក Kabila បានថ្លែងថា លោកមើលមិនឃើញហេតុផលដែលថា ការបោះឆ្នោតថ្ងៃទី៣០ខែធ្នូ មិនអាចធ្វើបានតាមការគ្រោងទុកនោះទេ។ លោក Kabila បាននិយាយថា គណៈកម្មការបោះឆ្នោតបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការបោះឆ្នោត ហើយលោកថាមាន«សន្តិសុខពេញលេញ»។
គណៈកម្មាធិការបោះឆ្នោតកុងហ្គោនិយាយថា ការបោះឆ្នោតប្រធានាធិបតី និងការបោះឆ្នោតរដ្ឋសភាដែលត្រូវបានពន្យារពេលយ៉ាងយូរនោះនៅទីបំផុតនឹងធ្វើនៅថ្ងៃអាទិត្យ ប៉ុន្តែក្រុមអ្នកសង្កេតការណ៍កំពុងព្យាករណ៍ថានឹងមានភាពច្របូកច្របល់ទូទៅនិងភាពចលាចល។
ប្រទេសកុងហ្គោដែលមានជម្លោះនិងមានទំហំស្មើ២ភាគ៣នៃអឺរ៉ុបខាងលិចហើយដែលសម្បូរធនធានរ៉ែប៉ុន្តែមានហេដ្ឋារចនាសម្ព័ន្ធដ៏តិចតួចនេះ មិនធ្លាប់មានការផ្ទេរអំណាចដោយសន្តិវិធីទេអំឡុងពេល៦០ឆ្នាំក្នុងនាមជាប្រទេសឯករាជ្យ។
លោកស្រី Stephanie Wolters អ្នកវិភាគយូរអង្វែងនៅវិទ្យាស្ថានស្រាវជ្រាវសន្តិសុខអំពីប្រទេសកុងហ្គោបាននិយាយថា លោកស្រីមានការព្រួយបារម្ភតិចតួចអំពីលទ្ធផលនៃការបោះឆ្នោត គឺបារម្ភតិចជាងស្ថានភាពគ្រោះថ្នាក់ដែលអ្នកបោះឆ្នោតជាង៤០លាននាក់អាចប្រឈមនៅថ្ងៃអាទិត្យ។ សភាពការណ៍មុនការបោះឆ្នោតមានការច្របូកច្របល់។
ការបោះឆ្នោតត្រូវបានសន្មត់ថា នឹងធ្វើឡើងកាលពីឆ្នាំ២០១៦ ប៉ុន្តែអាជ្ញាធរបានពន្យារពេលម្តងហើយម្តងទៀតដោយលើកឡើងថា មិនមានការត្រៀមលក្ខណៈគ្រប់គ្រាន់។ស្ថានភាពនេះអនុញ្ញាតឱ្យលោកប្រធានាធិបតីJoseph Kabila បន្តកាន់អំណាចពីរឆ្នាំហួសអាណត្តិរបស់លោក។
ឆ្នាំនេះគណៈកម្មការរៀបចំការបោះឆ្នោតបានប្រកាសថា ការបោះឆ្នោតនឹងធ្វើឡើងនៅចុងឆ្នាំ។ តែដំណើរការបោះឆ្នោតកំពុងប្រឈមបញ្ហា។
គណបក្សប្រឆាំងបានតវ៉ាប្រឆាំងម៉ាស៊ីនបោះឆ្នោតដ៏ចម្រូងចម្រាសដែលធ្វើនៅកូរ៉េហើយពួកគេអះអាងថាជា«ម៉ាស៊ីនមានបញ្ហា»ដែលនឹងអនុញ្ញាតឱ្យគណបក្សចម្រុះកំពុងកាន់អំណាចអាចលួចសន្លឹកឆ្នោតបាន។ អាជ្ញាធរបានអះអាងថា ការបោះឆ្នោតត្រូវធ្វើឡើងកាលពីថ្ងៃទី២៣ខែធ្នូ តែត្រូវពន្យារពេលមួយសប្តាហ៍ ព្រោះមានអគ្គិភ័យឆេះឃ្លាំងប្រអប់ឆ្នោត។
បន្ទាប់មកនៅសប្តាហ៍នេះក្រុមមន្រ្តីបានប្រកាសថា ពួកគេក៏នឹងពន្យារពេលការបោះឆ្នោតក្នុងតំបន់ចំនួន៣ដែលជាចំណុចខ្លាំងរបស់គណបក្សប្រឆាំងនិងមានអ្នកបោះឆ្នោតលើសពី១ លាននាក់ដោយសារតែការព្រួយបារម្ភអំពីអំពើហិង្សាង្សានិងជំងឺ Ebola៕