រដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងបង្កើតភាពភ័យខ្លាចដែលមិនទំនងបន្ទាប់ពីស្ថានទូតអាមេរិកប្រចាំទីក្រុង Kinshasa ផ្សព្វផ្សាយថាខ្លួនបានដឹងអំពីការគំរាមកំហែងដែលអាចកើតឡើងទៅលើសន្តិសុខរបស់ស្ថានទូតនៅមុនការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំប្រទេស។
ស្ថានទូតអាមេរិកបានបិទទ្វាកាលពីថ្ងៃចន្ទ បន្ទាប់ពីចេញសេចក្តីរាយការណ៍កាលពីចុងសប្តាហ៍ថាខ្លួនកំពុងតាមដានអំពីការគំរាមកំហែងប្រឆាំងនឹងការិយាល័យរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកប្រចាំក្នុងទីក្រុង Kinshasa។
រដ្ឋាភិបាលកុងហ្គោបានឆ្លើយតបភ្លាមៗដោយបានចោទប្រកាន់សហរដ្ឋអាមេរិកថាព្យាយាមជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតរបស់កុងហ្គោនៅខែធ្នូខាងមុខនេះ។
លោក Lambert Mende អ្នកនាំពាក្យរដ្ឋាភិបាលបានប្រាប់សារព័ត៌មាន AFP ថា «អ្នកមិនត្រូវទុកចិត្តព័ត៌មានដែលទទួលបានពីមនុស្សដែលចង់បង្កើតភាពភ័យខ្លាចដែលមិនទំនង និងមិនច្បាស់លាស់ក្នុងចំណោមពលរដ្ឋកុងហ្គោនៅប៉ុន្មានថ្ងៃមុនការបោះឆ្នោតចូលមកដល់នោះទេ»។
ភាពតានតឹងនៃទំនាក់ទំនងរវាងប្រទេសកុងហ្គោដែលញាំញីដោយសារសង្គ្រាម និងសហរដ្ឋអាមេរិកបានកើនឡើងកាន់តែខ្លាំងចាប់តាំងពីប្រធានាធិបតីលោក Joseph Kabila ឡើងកាន់អំណាចកាលពីឆ្នាំ២០០១មក។
លោក Kabila បានធ្វើការបង្ក្រាបបាតុកម្មនានា និងឃ្លាំមើលការប្រើប្រាស់បណ្តាញអ៊ីនធឺណិតក្នុងប្រទេសកុងហ្គោ ដែលការណ៍នេះបានបង្កឲ្យមានការរិះគន់ចោទប្រកាន់ថាលោកក្រាញននៀលនឹងអំណាច។ ក្រុមអ្នកវិភាគនិយាយថា លោក Kabila បានសម្រេចចិត្តមិនឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិទីបី ដោយសារមានសម្ពាធខ្លាំងៗពីក្នុងតំបន់និងពីអន្តរជាតិ។
មន្ទិលសង្ស័យពីសំណាក់អន្តរជាតិអំពីលទ្ធភាពរៀបចំការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅក្នុងប្រទេសកុងហ្គោដែលនឹងធ្វើឡើងនៅខែធ្នូខាងមុខនេះ។ គេនៅមិនទាន់មើលឃើញអំពីការផ្ទេរអំណាចដោយសន្តិវិធីនៅក្នុងប្រទេសនៅឡើយទេ ចាប់តាំងពីប្រទេសនេះបានទទួលឯករាជ្យពីប្រទេសប៊ែលហ្ស៊ិកកាលពីឆ្នាំ១៩៦០មក៕