ពលរដ្ឋ​អាស៊ី​កណ្ដាល​ស្វែងរក​ឱកាស​ពី​ការ​ប្រជែង​គ្នា​រវាង​រុស្ស៊ី ចិន និង​អាមេរិក

រូបភាពកាលពីខែសីហា ឆ្នាំ ២០២២ បង្ហាញរូបតំណាងឱ្យសិល្បៈវប្បធម៌ជាតិអ៊ូសបេគីស្ថាននៅចំណតរថយន្តក្រុងមួយ ក្នុងរដ្ឋធានី Tashkent ក្នុងប្រទេសអ៊ូសបេគីស្ថាន។

ស្រប​ពេល​ប្រទេស​រុស្ស៊ី ចិន និង​សហរដ្ឋ​អាមេរិក ដែល​ជា​ប្រទេស​មហា​អំណាច​ទាំង ៣ នៅ​លើ​ពិភពលោក កំពុង​ប្រជែង​គ្នា​ផ្នែក​ឥទ្ធិពល​នៅ​តំបន់​អាស៊ី​កណ្ដាល ពលរដ្ឋ​នៅ​តំបន់​នេះ​មិន​មែន​សម្លឹង​ឃើញ​ការ​ប្រជែង​គ្នា​នេះ​ថា​ជា​ជម្រើស​តែ​មួយ​នោះ​ទេ ប៉ុន្តែ​ជា​ជម្រើស​ជា​ច្រើន​ដែល​ពួកគេ​សង្ឃឹម​ថា​នឹង​អាច​ជ្រើសរើស​យក​ជម្រើស​ដ៏​ល្អ​បំផុត​មួយ​ក្នុង​ចំណោម​នោះ​បាន។

អ្នកស្រី Muqaddas ដែល​ជា​ជនជាតិ​អ៊ូសបេគីស្ថាន ដែល​ស្នើ​មិន​ឱ្យ​ប្រើ​ឈ្មោះ​ពេញ​របស់​អ្នកស្រី បាន​និយាយ​ថា៖ «ប្ដី​របស់​ខ្ញុំ​និង​បងប្អូន​ប្រុស​របស់​គាត់​បាន​ធ្វើ​ជា​ពលករ​ចំណាក​ស្រុក​នៅ​ប្រទេស​រុស្ស៊ី​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​ហើយ។ យើង​បាន​ប្រើ​ប្រាក់​ដែល​ពួកគេ​ផ្ញើ​មក​ទិញ​អគារ​ស្នាក់នៅ​ដែល​សាងសង់​ដោយ​ចិន​ដើម្បី​រស់នៅ។ កូនៗ​របស់​យើង​រៀន​ភាសា​អង់គ្លេស​និង​ស្រមៃ​ចង់​សិក្សា​នៅ​សហរដ្ឋ​អាមេរិក»។

អ្នកស្រី​បាន​បន្ថែម​ថា «យើង​ពេញចិត្ត​ចំពោះ​រាល់​ឱកាស​ទាំង​អស់»។ អ្នកស្រី​បញ្ជាក់​ដូច្នេះ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ក្នុង​អំឡុង​ពេល​មាន​ការ​ខ្វះខាត​ថាមពល​ប្រើប្រាស់​កាលពី​រដូវ​រងា​ឆ្នាំ​មុន ដែល​នៅ​ពេល​នោះ ពលរដ្ឋ​អ៊ូសបេគីស្ថាន​រាប់​លាន​នាក់​ត្រូវ​ប្រឈម​នឹង​ការ​លំបាក​ក្នុង​ការ​រស់នៅ​ក្រោម​សីតុណ្ហភាព​ត្រជាក់​ខ្លាំង ចំ​ពេល​មាន​មន្ទិល​សង្ស័យ​ថា​រដ្ឋាភិបាល​អ៊ូសបេគីស្ថាន​កំពុង​ធ្វើ​កិច្ច​ព្រមព្រៀង​ដោយ​សម្ងាត់​ជាមួយ​នឹង​រដ្ឋាភិបាល​រុស្ស៊ី ហើយ​ការ​នាំ​ចេញ​ឧស្ម័ន​ធម្មជាតិ​ទៅ​កាន់​ប្រទេស​ចិន​ប្រហែល​ជា​ជំរុញ​បន្ថែម​ឱ្យ​មាន​វិបត្តិ​នេះ។

ក្រុមហ៊ុន​ផលិតកម្ម​អាហារ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផ្នែក​សុខាភិបាល​នៅ​ប្រទេស​កាហ្សាក់ស្ថាន​បាន​ពេញចិត្ត​ជាមួយ​នឹង​ការ​លក់​បាន​ច្រើន​ទៅ​កាន់​ប្រទេស​រុស្ស៊ី​និង​ចិន ស្រប​ពេល​សង្ឃឹម​ថា​នឹង​មាន​ការ​វិនិយោគ​បន្ថែម​ពី​សហរដ្ឋ​អាមេរិក។

ពលរដ្ឋ​ម្នាក់​បាន​បញ្ជាក់​ថា៖ «យើង​មិន​អាច​បដិសេធ​មិន​ទទួល​យក​ពាណិជ្ជកម្ម​ឬ​ក៏​អាជីវកម្ម​របស់​រុស្ស៊ី​និង​ចិន​បាន​ទេ»។

ហាងលក់ដំដុត Ladushki នៅក្រុង Shymkent មានឈ្មោះជាភាសារុស្ស៊ី ដូចគ្នានឹងអាជីវកម្មជាច្រើនផ្សេងទៀត នៅប្រទេសកាហ្សាក់ស្ថាន កាលពីខែធ្នូ ឆ្នាំ ២០២២។ (Navbahor Imamova/VOA)

ជន​ចំណាក​ស្រុក​ដែល​ឆ្លង​កាត់​ព្រំដែន​រវាង​ប្រទេស​អ៊ូសបេគីស្ថាន​និង​តាហ្ស៊ីគីស្ថាន​បាន​ប្រាប់ VOA ថា ពួកគេ​ប្ដេជ្ញា​ធ្វើការ​នៅ​រុស្ស៊ី បើ​ទោះបីជា​មាន​ភាព​ស្រពិចស្រពិល​និង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ដែល​បណ្ដាល​មកពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​ក៏ដោយ។

លោក Nurali អាយុ ៣៧ ឆ្នាំ ដែល​ជា​អ្នក​បើក​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ បាន​និយាយ​ថា៖ «រុស្ស៊ី​គឺ​ធំ​ទូលំទូលាយ។ វា​មិន​ដែល​ងាយស្រួល​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​អ្នក​ទទួល​បាន​ឯកសារ​ចាំបាច់​ហើយ អ្នក​ចង់​រក​លុយ​និង​ជួយ​ផ្គត់ផ្គង់​គ្រួសារ​របស់​អ្នក​ឱ្យ​មាន​ជីវភាព​ប្រសើរ។ ខ្ញុំ​មិន​គិត​ថា ខ្ញុំ​នឹង​ឈប់​ពី​ការងារ​នៅ​រុស្ស៊ី​នោះ​ទេ»។

សម្រាប់​មនុស្ស​ជា​ច្រើន រុស្ស៊ី​នៅតែ​មាន​ឥទ្ធិពល​គ្រប​ដណ្ដប់

អ្នកស្រី Loli Sanam ដែល​ជា​អ្នក​ស្រាវជ្រាវ​និង​ជា​សិល្បករ​ជនជាតិ​តាហ្ស៊ីគីស្ថាន បាន​ប្រាប់ VOA ថា ការ​យល់ឃើញ​គឺ​ខុសៗ​គ្នា​ផ្អែក​លើ​ចំណេះដឹង​និង​បទពិសោធន៍​របស់​បុគ្គល​ម្នាក់ៗ ប៉ុន្តែ​សម្រាប់​មនុស្ស​ជា​ច្រើន រុស្ស៊ី​នៅតែ​ជា​មហា​អំណាច​ខ្លាំង​មួយ​ដូច​ពី​មុន​គឺ​ដូច​ពេល​ដែល​តំបន់​នេះ​នៅ​ជា​ផ្នែក​មួយ​របស់​អតីត​សហភាព​សូវៀត។

អ្នកស្រី​បាន​ថ្លែង​ដូច្នេះ​ថា៖ «មាន​ពលរដ្ឋ​មួយ​ភាគ​ធំ​ដែល​មិន​ជឿ​លើ​អ្វី​ដែល​មិន​មាន​ជា​ភាសា​រុស្ស៊ី។ មាន​ការ​ចងចាំ​ជា​រួម​ថា រុស្ស៊ី​ជា​បងធំ​និង​ជា​ប្រទេស​ជះ​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​មួយ»។

ប៉ុន្តែ​អ្នកស្រី Sanam បាន​កត់សម្គាល់​អំពី​ចំនួន​កើនឡើង​នៃ​អ្នក​ចេះ​ភាសា​អង់គ្លេស​ផង​ដែរ ប៉ុន្តែ​អ្នកស្រី​បាន​បញ្ជាក់​ថា «ក្រុម​អ្នក​ចេះ​ភាសា​អង់គ្លេស​នេះ​នៅ​មាន​ចំនួន​តិច​នៅ​ឡើយ ដែល​ពួកគេ​ផ្តល់​តម្លៃ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ ជា​ពិសេស​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ»។

អ្នកស្រី Sanam បាន​លើកឡើង​ថា អ្នកស្រី​យល់ឃើញ​ថា ពលរដ្ឋ​ចាប់ផ្តើម​មាន​ការ​បែងចែក​កាន់តែ​ខ្លាំង​រវាង​អ្នក​ដែល​ចូលចិត្ត​រុស្ស៊ី​និង​អ្នក​ដែល​ចូលចិត្ត​សហរដ្ឋ​អាមេរិក ស្រប​ពេល​ឥទ្ធិពល​ផ្នែក​វប្បធម៌​ពី​ចិន​នៅ​មាន​កម្រិត​នៅ​ឡើយ​យ៉ាង​ហោច​ណាស់​សម្រាប់​ពេល​នេះ។ អ្នកស្រី​ថ្លែង​ដូច្នេះ​ថា៖ «មាន​មនុស្ស​តិចតួច​ប៉ុណ្ណោះ​ដែល​និយាយ​ភាសា​ចិន​នៅ​ក្នុង​តំបន់»។

អ្នកស្រី​បាន​បន្ថែម​ថា ការ​ពឹងពាក់​របស់​ប្រទេស​តាហ្ស៊ីគីស្ថាន​លើ​ហិរញ្ញប្បទាន​របស់​ចិន​និង​កំណើន​បំណុល​របស់​ខ្លួន​ដែល​ជំពាក់​ចិន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​បន្ទុក​យ៉ាង​ធំ​មួយ​សម្រាប់​ជន​ជំនាន់​ក្រោយ។

នៅ​ក្នុង​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន ដែល​មាន​ព្រំប្រទល់​ជាង ១.០០០ គីឡូម៉ែត្រ​ជាប់​ប្រទេស​ចិន សាធារណជន​បាន​បង្ហាញ​អារម្មណ៍​ប្រឆាំង​នឹង​ចិន​កាន់តែ​ច្រើន​តាមរយៈ​ការ​ធ្វើ​បាតុកម្ម​និង​ការ​ដាក់​ញត្តិ​ផ្សេងៗ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ប៉ុន្តែ​អ្នកស្រី Saida Sayip ដែល​ជា​អ្នក​តាមដាន​ស្ថានការណ៍​ក្នុង​ស្រុក បាន​ពណ៌នា​អារម្មណ៍​ចំពោះ​ចិន​នេះ​ថា​មាន «លក្ខណៈ​ធម្មតា​ជា​ទូទៅ»។

អ្នកស្រី Sayip ថ្លែង​ដូច្នេះ​ថា៖ «ប្រទេស​យើង​ចង់​ក្លាយជា​ច្រក​សម្រាប់​ផលិតផល​ចិន»។

ច្រកព្រំដែន Tajikistan-Uzbekistan នៅតំបន់ Tashkent ក្នុងប្រទេសអ៊ូសបេគីស្ថាន កាលពីខែមករា ឆ្នាំ ២០២៣។ (Navbahor Imamova/VOA)

អ៊ូសបេគីស្ថានជាប្រទេសនាំមុខគេមួយក្នុងដំណាំឪឡឹកទៅកាន់ប្រទេសរុស្ស៊ី ខែសីហា ឆ្នាំ ២០២២។ (Navbahor Imamova/VOA)

អ្នក​ជំនាញ​ជនជាតិ​អ៊ូសបេគីស្ថាន​លោក Husanjon Ganiev ដែល​ទទួល​បាន​ការ​អប់រំ​ពី​ប្រទេស​ជប៉ុន សិង្ហបុរី កូរ៉េ​ខាងត្បូង និង​ម៉ាឡេស៊ី ប៉ុន្តែ​ប្រកប​អាជីវកម្ម​នៅ​សហរដ្ឋ​អាមេរិក យល់​ឃើញ​ថា អនាគត​របស់​តំបន់​នេះ​នឹង​ផ្សារ​ភ្ជាប់​យ៉ាង​ជិតដិត​ជាមួយ​នឹង​ទ្វីប​អាស៊ី។

លោក​បាន​ទស្សន៍​ទាយ​ថា៖ «ច្បាស់​ណាស់ [តំបន់​នេះ​នឹង​មាន] កិច្ច​ព្រមព្រៀង​ច្រើន​ជាង​មុន​ជាមួយ​ក្រុម​បស្ចិម​ប្រទេស។ ប៉ុន្តែ​និយាយ​តាម​ពិត​ទៅ ការ​ផ្តោត​របស់​តំបន់​នេះ​នឹង​បន្ត​ងាក​ទៅ​រក​តំបន់​ខាង​កើត​និង​ខាង​ត្បូង​នៃ​ពិភពលោក។ ប្រសិនបើ​រុស្ស៊ី​មិន​មាន​ការ​ផ្លាស់ប្តូរ​ខ្លាំងក្លា​ណា​មួយ​ទេ ឥទ្ធិពល​របស់​ប្រទេស​នេះ​នឹង​នៅតែ​បន្ត​ដាំ​ក្បាល​ចុះ»។

លោក​បាន​បន្ត​ថា៖ «សហរដ្ឋ​អាមេរិក​នឹង​នៅតែ​ជា​និមិត្តរូប​នៃ​ការ​ច្នៃ​ប្រឌិត​និង​ការ​បំផុស​គំនិត។ អាមេរិក​មិន​ចាំបាច់​ត្រូវ​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​ដើម្បី​ឱ្យ​អាច​នៅតែ​ជា​និមិត្តរូប​ដូច​នេះ​នោះ​ទេ។ មនុស្ស​យល់​ថា ដៃគូ​ចម្បង​គឺ​ប្រទេស​ដែល​មាន​ភូមិសាស្រ្ត​នៅ​ជិត​ខ្លួន ប៉ុន្តែ​ពួកគេ​ចង់​រៀន​ពី​បទ​ពិសោធន៍​របស់​សហរដ្ឋ​អាមេរិក​និង​ពឹងផ្អែក​លើ​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ពី​ប្រទេស​នេះ»។

ការ​រកឃើញ​ឆ្នាំ ២០២២ របស់​អង្គការ Gallup អំពី​តំបន់​អាស៊ី​កណ្តាល

ការ​ព្យាករណ៍​របស់​លោក Ganiev អំពី​ការ​ធ្លាក់ចុះ​នៃ​ឥទ្ធិពល​របស់​រុស្ស៊ី​គឺ​ចេញ​ពី​ការ​ស្ទង់មតិ​របស់​អង្គការ Gallup ដែល​ស្ទង់មតិ​ពលរដ្ឋ​នៅ​ប្រទេស​កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និង​អ៊ូសបេគីស្ថាន អំពី​ទស្សនៈ​របស់​ពួកគេ​ចំពោះ​ប្រទេស​មហា​អំណាច​ប្រជែង​គ្នា​ទាំង ៣ នៅ​ឆ្នាំ ២០២១ និង ២០២២។

នៅ​ក្នុង​ប្រទេស​កាហ្សាក់ស្ថាន ការ​គាំទ្រ​លើ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​រុស្ស៊ី​បាន​ធ្លាក់​ចុះ​ពី ៥៥% ទៅ ២៩% រវាង​ការ​ស្ទង់មតិ​ទាំង​ពីរ ដែល​ការ​ធ្លាក់ចុះ​នេះ​ទំនង​ជា​បណ្ដាល​មកពី​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។

ការ​គាំទ្រ​លើ​ប្រទេស​រុស្ស៊ី​បាន​ធ្លាក់​ចុះ​ពី ៧៨% មក​នៅ ៦៣% នៅ​ក្នុង​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន និង​ពី ៦៩% មក​នៅ ៦៣% នៅ​ក្នុង​ប្រទេស​អ៊ូសបេគីស្ថាន។

លោក Zacc Ritter នៃ​អង្គការ Gallup បាន​បញ្ជាក់​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ថា៖ «ជា​លើក​ដំបូង ចាប់តាំង​ពី​ពេល​ដែល​យើង​បាន​ចាប់ផ្ដើម​ប្រមូល​ទិន្នន័យ​នៅ​កាហ្សាក់ស្ថាន​កាល​ពី​ឆ្នាំ ២០០៧ មក ពលរដ្ឋ​កាហ្សាក់ស្ថាន​កាន់តែ​ច្រើន​ដែល​មាន​ចំនួន​ប្រមាណ ៥០% លែង​គាំទ្រ​ថ្នាក់​ដឹកនាំ​នៅ​រុស្ស៊ី»។

នៅ​ក្នុង​ឆ្នាំ ២០១៤ នៅ​ពេល​ដែល​រុស្ស៊ី​ចូល​ឈ្លានពាន​តំបន់ Crimea ហើយ​ក្រុម​ផ្តាច់ខ្លួន​ដែល​គាំទ្រ​រដ្ឋាភិបាល​រុស្ស៊ី​ធ្វើ​សង្រ្គាម​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន ពលរដ្ឋ​កាហ្សាក់ស្ថាន ៧២% គាំទ្រ​រដ្ឋាភិបាល​រុស្ស៊ី ហើយ​មាន​តែ ៦% ប៉ុណ្ណោះ​ដែល​បាន​ថ្កោលទោស​រឿង​នេះ។

លោក Ritter បាន​ប្រាប់ VOA ថា៖ «អ្នក​ដែល​តាំង​ខ្លួន​ជា​ពលរដ្ឋ​រុស្ស៊ី​នៅ​កាហ្សាក់ស្ថាន ភាគ​ច្រើន​នៅតែ​គាំទ្រ​ថ្នាក់​ដឹកនាំ​នៅ​រុស្ស៊ី។ ប៉ុន្តែ គម្លាត​នេះ​បាន​រួម​កាន់តែ​តូច​ទៅ​ដោយ​មាន ៤៧% គាំទ្រ ហើយ ៣៧% មិន​គាំទ្រ»។

ក្នុង​ចំណោម​អ្នក​ដែល​តាំង​ខ្លួន​ជា​ពលរដ្ឋ​រុស្ស៊ី​នៅ​កាហ្សាក់ស្ថាន ៣០% បាន​និយាយ​ថា ពួកគេ​មិន​គាំទ្រ​ការ​ដឹកនាំ​របស់​រុស្ស៊ី​កាលពី​ឆ្នាំ​មុន ខណៈ​តួលេខ​នេះ​នៅ​អ៊ូសបេគីស្ថាន​មាន​ចំនួន​តែ ១៨% ប៉ុណ្ណោះ។

អារម្មណ៍​ចំពោះ​សហរដ្ឋ​អាមេរិក​និង​ចិន​មាន​ការ​ប្រែប្រួល​តិចតួច​រវាង​ការ​ស្ទង់មតិ​ទាំង​ពីរ។ នៅ​ក្នុង​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន ពលរដ្ឋ ២៨% គាំទ្រ​ការ​ដឹកនាំ​របស់​សហរដ្ឋ​អាមេរិក​និង ៣៥% គាំទ្រ​ការ​ដឹកនាំ​របស់​ចិន។ នៅ​ក្នុង​ប្រទេស​អ៊ូសបេគីស្ថាន ការ​គាំទ្រ​សហរដ្ឋ​អាមេរិក​មាន​ចំនួន ២៩% និង​ការ​គាំទ្រ​ចិន​មាន​ចំនួន ៣១%។ រី​ឯ​នៅ​ក្នុង​ប្រទេស​កាហ្សាក់ស្ថាន​វិញ ការ​គាំទ្រ​សហរដ្ឋ​អាមេរិក​មាន​ចំនួន ៣១% និង​ការ​គាំទ្រ​ចិន​មាន​ចំនួន ៣៥%។

លោក Ritter បាន​ថ្លែង​ថា៖ «មនុស្ស​កាន់តែ​ច្រើន​នៅ​កៀហ្ស៊ីស៊ីស្ថាន​និង​អ៊ូសបេគីស្ថាន​គាំទ្រ​ការ​ដឹកនាំ​របស់​រុស្ស៊ី​ជាង​ការ​ដឹកនាំ​របស់​សហរដ្ឋ​អាមេរិក​ឬ​ចិន។ ផ្ទុយ​ទៅ​វិញ មនុស្ស​ច្រើន​ជាង​នេះ​បន្តិច​នៅ​កាហ្សាក់ស្ថាន​គាំទ្រ​ចិន​និង​សហរដ្ឋ​អាមេរិក​ជាង​រុស្ស៊ី»។

ទីក្រុង Shymkent ស្ថិតនៅភាគខាងត្បូងប្រទេសកាហ្សាក់ស្ថាន ខែធ្នូ ឆ្នាំ ២០២២។ (Navbahor Imamova/VOA)

ការ​សង្កេត​របស់​សហរដ្ឋ​អាមេរិក

អ្នកស្រី Laura Kennedy ដែល​ជា​អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​តួកម៉េនីស្ថាន​និង​ជា​ឧបការី​រង​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ដែល​បាន​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី​កណ្តាល​កាលពី​ពេល​ថ្មីៗ​នេះ បាន​ប្រាប់ VOA ថា កត្តា​សង្គម​សេដ្ឋកិច្ច​និង​កត្តា​នយោបាយ «ជា​រឿយៗ​ត្រូវ​បាន​គេ​មើល​រំលង​ដោយសារតែ​ការ​ផ្តោត​តែ​លើ​ការ​ប្រជែង​ជំហរ​គ្នា​លើ​ឆាក​អន្តរជាតិ​រវាង​រុស្ស៊ី ចិន និង​សហរដ្ឋ​អាមេរិក»។

អ្នកស្រី Kennedy បាន​វាយតម្លៃ​ថា ការ​ពឹងពាក់​របស់​មនុស្ស​ជំនាន់​មុន​លើ​ការ​ផ្សព្វផ្សាយ​តាម​ប៉ុស្តិ៍​ទូរទស្សន៍​រុស្ស៊ី «ពិតជា​ប៉ះពាល់​លើ​ទស្សនៈ​របស់​ពួកគេ​ចំពោះ​សហរដ្ឋ​អាមេរិក ប៉ុន្តែ​មនុស្ស​ជំនាន់​ក្រោយ​កំពុង​រៀន​ភាសា​អង់គ្លេស​ហើយ​ចង់​មាន​លទ្ធភាព​ប្រើប្រាស់​និង​ទទួល​បាន​អ្វី​ទាំងអស់​ដែល​មាន​នៅ​បស្ចិម​ប្រទេស»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «ពួកគេ​ក៏​មាន​ទំនោរ​ធំ​ជាង​មុន​នៅ​ក្នុង​ការ​ពិនិត្យ​លើ​កេរដំណែល​របស់​រុស្ស៊ី​ដោយ​ល្អិតល្អន់​ជាង​មុន​ទាក់ទិន​នឹង​អាណានិគម​និយម​ផង​ដែរ។ ប៉ុន្តែ ខ្ញុំ​បាន​ជួប​មនុស្ស​ជា​ច្រើន​នៅ​អ៊ូសបេគីស្ថាន កៀហ្ស៊ីស៊ីស្ថាន និង​តាហ្ស៊ីគីស្ថាន ដែល​មាន​សាច់ញាតិ​យ៉ាង​តិច​ម្នាក់​ធ្វើការ​នៅ​រុស្ស៊ី និង​បាន​ឃើញ​ថា​ទំនាញ​សេដ្ឋកិច្ច​នៃ​ប្រាក់​រូប​របស់​រុស្ស៊ី​ដែល​ផ្ញើ​មក​ស្រុក​កំណើត​វិញ​គឺ​នៅតែ​មាន​សភាព​ខ្លាំងក្លា»។

អ្នកស្រី Kennedy ក៏​បាន​កំណត់​ឃើញ​ថា​មនុស្ស​មួយ​ចំនួន​មាន​អារម្មណ៍​ខឹង​សម្បា​នឹង​ចិន​ផង​ដែរ។ អ្នកស្រី​បាន​និយាយ​ថា អ្នកស្រី​បាន​ឮ​ពលរដ្ឋ​តាហ្ស៊ីគីស្ថាន​និង​កៀហ្ស៊ីស៊ីស្ថាន​រអ៊ូរ​អំពី​ការ​ចំណាយ​ច្រើន​នៅ​ក្នុង​ការ​ប្រកប​អាជីវកម្ម​និង​កង្វះ​ឆន្ទៈ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​នេះ​ក្នុង​ការ​និយាយ​ប្រឆាំង​នឹង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​របស់​ចិន​លើ​ជាតិ​សាសន៍​អ៊ុយហ្គ័រ (Uyghur) កាន់​សាសនា​ឥស្លាម។

អ្នកស្រី​បញ្ជាក់​ដូច្នេះ​ថា៖ «មនុស្ស​ជា​ច្រើន​ជឿ​ថា ចិន​ចង់​មាន​ឥទ្ធិពល​គ្រប​ដណ្ដប់​លើ​ទីផ្សារ។ ខ្ញុំ​ក៏​បាន​ជួប​ប្រទះ​នឹង​ការ​បង្ហាញ​ការ​មិន​ពេញចិត្ត​រឿង​ដែល​លុយ​ចិន​ហូរ​ចូល​ក្នុង​ហោប៉ៅ​របស់​ក្រុម​អភិជន​ផងដែរ»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «សហរដ្ឋ​អាមេរិក​មិន​មែន​ជា​ប្រទេស​សេដ្ឋកិច្ច​ដែល​ដឹកមុខ​ដោយ​រដ្ឋ​ដូច​ប្រទេស​ចិន ឬ​ក៏​ជា​រដ្ឋាភិបាល​សាងសង់​គម្រោង​ធំៗ​ដូចជា​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) របស់​ចិន​នោះ​ទេ។ ប៉ុន្តែ សហរដ្ឋ​អាមេរិ​នៅតែ​មាន​ឥទ្ធិពល​គ្រប​ដណ្ដប់​លើ​ទីផ្សារ​អន្តរជាតិ​សម្រាប់​អំណាច​បែប «ឆ្លាតវៃ»។ ដូច្នេះ សហរដ្ឋ​អាមេរិក​ចាំបាច់​ត្រូវតែ​បង្ហាញ​តាម​របៀប​នេះ»៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា