ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គ្រាម​នៅអ៊ុយក្រែន​បង្ក​ឧបសគ្គ​ដល់​គម្រោងខ្សែ​ផ្លូវរថភ្លើង​ពីចិន​ទៅអឺរ៉ុប


រូបឯកសារ៖ កម្មករ​កំពុង​ពិនិត្យ​មើល​ផ្លូវ​រថភ្លើង​ ដែល​ជា​ត្រូវ​បាន​ប្រើប្រាស់​ជា​ផ្នែក​មួយ​នៃ​គម្រោង​ខ្សែក្រវាត់​ពាណិជ្ជកម្ម​ នៅ​ក្នុង​ខេត្ត Sichuan ប្រទេស​ចិន ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៩។

សង្គ្រាម​នៅអ៊ុយក្រែនបាន​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ដល់​គម្រោងខ្សែ​ផ្លូវ​រថភ្លើង​របស់​ចិន​តភ្ជាប់ទៅ​ទ្វីបអឺរ៉ុប​ពីព្រោះ​ខ្សែផ្លូវ​រថភ្លើង​នេះត្រូវ​ឆ្លងកាត់​ដែនដី​ប្រទេស​រុស្ស៊ី​ភាគ​ច្រើន។ សង្គ្រាមនេះ​ជះ​ឥទ្ធិពល​ដល់ជោគ​វាសនា​នៃ​យុទ្ធសាស្រ្ត​ផ្លូវមួយ​ខ្សែក្រវាត់​មួយ​របស់​ចិន​លើផ្នែក​ការសាងសង់​ហេដ្ឋា​រចនាសម្ព័ន្ធ​កាត់តាម​បណ្តា​ប្រទេសនា​នាទៀត​ផង។

បើទោះ​ជាសង្គ្រា​មនេះអាច​នឹងចប់​នៅពេល​ឆាប់ៗនេះ​ក៏ដោយ ទាំងចិន​និង​អ៊ុយក្រែន​អាច​នឹង​លែង​មាន​បំណង​បន្តគម្រោង​យុទ្ធសាស្រ្ត​ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ​ក្នុង​ប្រទេស​អ៊ុយក្រែន​ទៀតទេ។ នេះ​បើតាម​ក្រុម​អ្នក​វិភាគ។

លោក Jacob Mardell អ្នកសិក្សា​ស្រាវជ្រាវ​អំពី​ហេដ្ឋា​រចនាសម្ព័ន្ធ​សាកលលោក​និងគោល​នយោបាយ​ការបរទេសចិន​នៃវិទ្យាស្ថាន Mercator សម្រាប់​ការសិក្សាអំពី​ចិន​បាន​ប្រាប់​វីអូ អេថា៖«គម្រោង​យុទ្ធសាស្រ្ត​ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ​ក្នុង​ប្រទេស​អ៊ុយក្រែន នឹងលែង​ត្រូវ​គេ​យកមក​ពិភាក្សា​ទៀត​ហើយ។ ហើយ​សូម្បីតែចិន​ខ្លួនឯង​ក៏ប្រហែល​លែង​ចង់​បន្ត​វិនិយោគ​ក្នុងប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ខូចខាត​ធ្ងន់ធ្ងរ​បែបនេះ​ទៀត​ផង​ដែរ»

គម្រោង​យុទ្ធសាស្រ្ត​ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ​ជា​គម្រោង​ហេដ្ឋា​រចនាសម្ព័ន្ធ​ធំជាង​គេ​ក្នុង​លោក គម្រោង​នេះមាន​នៅតាម​បណ្តា​ប្រទេស​មួយចំនួន​ក្នុង​ទ្វីបអឺរ៉ុប អាស៊ី​និង​អាហ្រ្វិក​ផងដែរ។ គេប៉ាន់​ស្មានថា​ប្រទេសចិន​បានចំណាយ​ថវិកា៥៩,៥ពាន់​លាន​ដុល្លារ​សម្រាប់​គម្រោង​យុទ្ធ សាស្រ្ត​ផ្លូវមួយ​ខ្សែក្រវាត់មួយ​ក្នុងរយៈ​ពេលត្រឹម​តែ១ឆ្នាំ​កន្លង​ទៅនេះ​ និង​បាន​ចំណាយ​ថវិកា ជាង​៨០០ពាន់​លានដុល្លារ​រួចមកហើយ​គិតចាប់​ពីគម្រោង​នេះចាប់​ផ្តើមកាល​ពីឆ្នាំ២០១៣។

មួយស​ប្តាហ៍​មុន​ពេលសង្រ្គាម​អ៊ុយក្រែន​ចាប់ផ្តើម​នៅថ្ងៃទី​២៤ ខែកុម្ភៈ ប្រទេស​បារាំង​បាន​ព្រមព្រៀងជា​មួយ​ប្រទេស​ចិនក្នុង​ទឹកប្រាក់១,៧ពាន់​លានដុល្លារ​លើការសាងសង់​ហេដ្ឋា​រច នា​សម្ព័ន្ធ​រួមគ្នា​ក្នុង​ទ្វីប​អាហ្រ្វិក តំបន់​អាស៊ីអាគ្នេយ៍​និង​អឺរ៉ុប​ខាងកើត។ ផែនការ​នេះ​អាច​ទទួលរង​ការ​ប៉ះពាល់ ខណៈពេល​ដែល​ប្រទេស​លោក​ខាង​លិចមាន​ការខឹងសម្បា​ចំពោះ​រុស្ស៊ី​និង​អាច​ជះ​ឥទ្ធិពល​ខ្លះដែរ​ដល់​ចិន​ពីព្រោះ​ប្រទេស​មួយ​ចំនួន​ចាត់ទុក​ចិន​ថាជា​អ្នក​គាំទ្រ​ដ៏​ស្ងាត់ស្ងៀម​ដល់​រដ្ឋាភិបាល​ក្រុង​មូស្គូ។

រថភ្លើង​ល្បឿនលឿន​ពីចិន​ទៅអឺរ៉ុប​ជា​ផ្លូវ​សម្រាប់​នាំចេញទំនិញ​ចិន​ហើយ​និង​នាំ​ចូលខ្លះ​ៗ មកវិញ​ពីអឺរ៉ុប​មកកាន់ទី​ក្រុង​មួយ​ចំនួន​របស់​ចិន។ បណ្តាញ​ខ្សែផ្លូវ​រថភ្លើង​នេះ​ មាន​ទាំងអស់​៧៣ខ្សែ​តភ្ជាប់​ពីចិន​ទៅប្រទេស​កាហ្សាក់​ស្ថាន រុស្ស៊ី បេឡារុស ប៉ូឡូញ អាល្លឺម៉ង់ សាធារ​ណ រដ្ឋ​ឆែក បារាំង​និង​អេស្ប៉ាញ។ រថភ្លើង​ដឹក​ទំនិញ​បានរត់​លើខ្សែ​រថភ្លើង​នេះ​ប្រមាណ៣.៦៣០ ជើង​មកហើយ​គិត​ត្រឹម​ត្រីមាស​ដំបូងក្នុង​ឆ្នាំនេះ​ នេះបើ​តាមប្រភព​ព័ត៌មាន​ពី​រដ្ឋាភិបាល​ចិន។

ពួក​អ្នក​ជំនាញ​និយាយ​ថា ចំនួន​ជើង​ធ្វើដំណើរ​ទាំង​នេះ ត្រូវ​គេ​រំពឹង​ថា នឹង​ធ្លាក់ចុះ​ចំនួន​ពាក់​កណ្តាល​ឬ​ច្រើន​ជាង​នេះ បើ​បណ្តា​ប្រទេស​អឺរ៉ុប​បន្ត​ធ្វើ​ឲ្យ​រុស្ស៊ី​ឯកោ​ដែល​ធ្វើ​ឲ្យ​ជើង​ធ្វើ​ដំណើរ​ធ្លាក់​ចុះ​ចំនួន​ពាក់​កណ្តាល។

លោក Dexter Roberts អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃស្ថាប័ន​គំនិត​ផ្តួចផ្តើម​សន្តិ​សុខអាស៊ី​នៃក្រុម​ប្រឹក្ស​អាល្លង់ទិក​បាន​ប្រាប់​វីអូអេ​ថា​៖ «វាអាច​ប្រាកដ​ដែរ​ថាការដាក់ឱ្យ​ប្រទេស​រុស្ស៊ី​នៅឯកា​នឹងជះ​ផលប៉ះ​ពាល់​ដល់​គម្រោង​របស់ចិន​ក្នុងការ​ពង្រីក​ខ្សែ​រថភ្លើង​នៃយុទ្ធ​សាស្រ្ត​ផ្លូវមួយ​ខ្សែក្រវាត់​មួយ​តភ្ជាប់​ទៅទ្វីប​អឺរ៉ុប​ពីព្រោះ​ខ្សែ​ផ្លូវ​រថភ្លើង​នេះឆ្លងកាត់​ដែនដី​រុស្ស៊ីមួយ​ភាគ​ធំដែរ»

លោក Roberts ជាអ្នក​និពន្ធ​សៀវភៅ​ដែលមាន​ចំណង​ជើងថា The Myth of Chinese Capitalism បាន​បន្ត​ទៀត​ថា​៖ «វា​ជា​ពិបាក​នឹង​ទទួល​យកដែរ​នៅពេល​ដែលទំនិញ​ជាច្រើន​នាំចូល​និងនាំ​ចេញ​ពីអឺរ៉ុប​ឆ្លងកាត់​ដែនដី​រុស្ស៊ី​នោះ។ ហើយបើ ការដាក់​ទណ្ឌ​កម្មរុស្ស៊ី​មែន​នោះ​ រុស្ស៊ីទំនង​នឹង​មិន​អនុញ្ញាត​ឱ្យទំនិញ​ទាំងអស់​នោះឆ្លង​កាត់ទឹកដីរបស់​ខ្លួនវិញ​ដែរ​»

វិបត្តិ​សង្គ្រាម​អ៊ុយក្រែន​នេះ​បាន​បង្កផល​ប៉ះពាល់​មិន​ត្រឹមតែ​ចំពោះ​ផ្លូវ​រថភ្លើង​ដែលមាន​ស្រាប់​នេះ​ទេ ថែម​ទាំង​ផ្លូវ​រថភ្លើង​របស់ចិន​ផ្សេងទៀត​ដែល​កំពុង​សាងសង់​ឬស្ថិត​ក្នុង​ផែនការ​ភ្ជាប់​ទៅអឺរ៉ុប​ផងដែរ។

លោក Mohammadbagher Forough ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃវិទ្យាស្ថាន​ការសិក្សា​សាកល​និង​តំបន់​របស់​អាល្លឺម៉ង់​ក្នុង​ទីក្រុងHamburg បាន​សរសេរ​អត្ថបទ​ចុះផ្សាយ​កាសែត The Diplomat ថា​៖ «ក្តី​សង្ឃឹ​ម​របស់​ចិនលើ​ការតភ្ជាប់​សេដ្ឋកិច្ច​តាមរយៈ​ផ្លូវ​រថភ្លើង​អាច​ថយ​ចុះវិញ​នាពេល​នេះ។ ក្នុង​រយៈ​ពេលខ្លី​កន្លង​មកនេះ ខ្សែរថភ្លើង​ចិននេះ​ត្រូវ​ឆ្លងកាត់​ដែនដី​រុស្សី បេឡារុស​និង​អាច​អ៊ុយក្រែន​ផងដែរ»

ជម្រើស​ផ្លូវ​ផ្សេង​ទៀត

ដោយ​ប្រឈម​បញ្ហាក្នុង​តំបន់​អឺរ៉ុប ចិន​បាន​បែរមក​ផ្តោត​លើ​របៀង​តំបន់​អាស៊ី​កណ្តាល​និង​អាស៊ី​ខាង​លិច​ក្នុង​គម្រោង​យុទ្ធសាស្រ្ត​ផ្លូវមួយ​ខ្សែក្រវាត់​មួយវិញ​ តួយ៉ាង​ជាមួយ​ប្រទេស​កាហ្សាក់​ស្ថាន អ៊ូសបេគីស្ថាន តួកគី​និង​បណ្តា​ប្រទេស​ផ្សេង​ទៀត។ គោល​បំណង​គឺចិនចង់​ឱ្យ​មាន​ការនាំ​ចេញ​ទំនិញ​ទៅក្រៅ​ឱ្យកាន់តែ​ច្រើន​តាមច្រក​ប្រទេស​នៅ​តំបន់​អាស៊ី​កណ្តាល តំបន់​កាស៉្បេន អ៊ីរ៉ង់​និង​តួកគី។

ទោះជា​យ៉ាង​ណាក្តី​ គម្រោង​ផ្លូវនេះ​ក៏ប្រឈម​បញ្ហា​ជាច្រើន​ផងដែរ។

លោក Mardell បាន​និយាយ​ទៀត​ថា៖«ផ្លូវ​របៀង​កាត់តាម​ប្រទេស​តួកគី​អាចដឹក​ជញ្ជួន​ក្នុង​កម្រិត​ស្តួចស្តើង​នៅឡើយ បើធៀប​នឹងផ្លូវ​ឆ្លងកាត់​តាម​ប្រទេស​រុស្ស៊ី។ ហើយ​ម្យ៉ាង​ទៀត​ផ្លូវ​របៀង​នេះ​ត្រូវ​ឆ្លង​កាត់​សមុទ្រ​ទៀតផង។ ជារួម​ ផ្លូវរបៀងនេះ​នេះ​ចំណាយ​ពេល​ច្រើន​និង​សោហ៊ុយ​ខ្ពស់​»

ជាច្រើន​ឆ្នាំមក​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ធ្លាប់​សង្ឃឹម​ថាអាច​ពង្រឹង​ផ្លូវ​តភ្ជាប់​ពីតំបន់​របៀង​សេដ្ឋកិច្ច​ចិន​-បាគី​ស្ថាន​ភ្ជាប់​ទៅកំពង់ផែ Gwadar នៃ​សមុទ្រ​អារ៉ាប់។

ក៏​ប៉ុន្តែ​ ថ្មីៗនេះ ប៉ាគីស្ថាន​បែរជា​ជួប​វិបត្តិ​នយោបាយ​ថែមទៀត​និង​មាន​នាយក​រដ្ឋមន្រ្តី​ថ្មី​គឺ​លោក Shehbaz Sharif ឡើង​កាន់​តំណែង​វិញ។ រដ្ឋា​ភិបាល​ថ្មីនេះ​ក៏នឹង​អាចមាន​បញ្ហា​ប្រ ឈម​ដែរក្នុង​ពេល​បោះឆ្នោត​នៅចុង​ឆ្នាំ​នេះ​។ បន្ថែម​លើនេះ​ទៀត បាគីស្ថាន​កំពុង​ជួប​នឹង​កង្ខះ​ខាត​ហិរញ្ញវត្ថុ​និង​កំពុងស្វះ​ស្វែងរក​ជំនួយ​ពីមូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ថែមទៀត។

ក្រុម​អ្នក​សង្កេត​ស្ថាន​ការណ៍​នយោបាយ​បាន​និយាយ​ថា ប៉ាគីស្ថាន​អាចនឹង​ពន្យារ​ឬ​លុប ចោល​គម្រោង CPEC មួយ​ចំនួន​ផងដែរ ពីព្រោះ​ប៉ាគីស្ថាន​ពុំមាន​លទ្ធភាព​ជំពាក់​បំណុល​ចិនច្រើន​ថែមទៀត​ឡើយ​ ហើយ​ម្យ៉ាង​ទៀត​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ក៏​មិន​សាទរ​គាំទ្រ​ប្រ ទេស​ដែល​ជាប់​បំណុល​ច្រើន​ដូច្នេះ​ដែរ។

ក៏ប៉ុន្តែ ក្រុម​អ្នកវិភាគ​មួយចំនួន​ផ្សេង​ទៀត​មាន​គំនិតផ្សេង​វិញ​លើបញ្ហា​នេះ។ តួយ៉ាង​លោក​ Roberts បាន​វិភាគ​ថា«លោក​នាយក​រដ្ឋមន្រ្តី Sharif ក៏មាន​ភាពប៉ិនប្រសប់​លើ​ការរក្សា​តុល្យ ភាព​ទំនាក់ទំនង​ភូមិសាស្រ្ត​នយោបាយ​ផងដែរ។ បើទោះ​ជាលោក​មានទំនាក់​ទំនង​ខិតជិត​ស..អា.​ក៏ដោយ លោក​ក៏​នៅតែ​បន្តរក្សា​ទំនាក់​ទំនង​ឬក៏កាន់​តែពង្រឹង​ទំនាក់ទំនង​ជាមួយ​ចិន​ផងដែរ»

លោក Roberts បាន​បន្ថែម​ទៀត​ថា លោក​នាយក​រដ្ឋមន្រ្តី Sharif អាច​នឹងប្រឹង​ប្រែង​ពង្រឹង​សកម្មភាព​គម្រោង CPEC បន្ថែម​ទៀត​វិញ ពីព្រោះ​គណបក្ស​សម្ព័ន្ធ​ម៉ូស្លីម​បាគីស្ថាន​របស់​លោក​ធ្លាប់ដៅ​អនុវត្ត​គម្រោង​នេះតាំង​ពីឆ្នាំ២០១៣មក​ម៉្លេះ។

បើទោះ​ជាការងារ​សាងសង់​ហេដ្ឋា​រចនាសម្ព័ន្ធ​ក្នុង​គម្រោង CPEC បន្ត​ឥត​ថមថយ​ក៏ដោយ​ វាត្រូវ​ការរង់ចាំ​ពេលយូរ​បន្ថែម​ទៀត​ទម្រាំ​កំពង់​ផែ​អាច​មាន​សមត្ថភាព​ឱ្យចិនអាច​នាំទំនិញ​ចេញ​តាមផ្លួវ​សមុទ្រ​អារ៉ាប់​បាន។ គម្រោង​នេះ​ ពុំអាច​ដោះស្រាយ​បញ្ហា​បន្ទាប់​របស់​ចិនបាន​ទេ​គឺ​បញ្ហាអឺរ៉ុប​មិនចង់​ឱ្យមាន​ការហូរ​ចូលទំនិញ​របស់តាម​ខ្សែ​រថភ្លើង​ចិនដោយ​ឆ្លងកាត់​ដែន ដី​រុស្សី​ឡើយ​៕

ប្រែ​សម្រួល​ដោយ​លោក ​កោះ សុគន្ធី

XS
SM
MD
LG