ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​នៅ​ចំណុច​ឆែកឆេរ​របស់​ប៉ូលិស​សម្លាប់​មនុស្ស​១១​នាក់​នៅតួកគី

ផ្សែង​នៅ​កន្លែង​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​មួយ​នៅ​កន្លែង​ឆែក​ឆេរ​របស់​ប៉ូលិស​នៅ​ក្រុង​ Cizre ភាគ​អាគ្នេយ៍​នៃ​ប្រទេស​តួក​គី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា។

នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​តួកគី​ បាន​និយាយ​ថា​ អ្នកបំផ្ទុះគ្រាប់​បែក​អត្តឃាត Kurde ម្នាក់​បាន​ធ្វើ​ការ​វាយ​ប្រហារ​លើ​កន្លែង​ឆែកឆេរ​មួយ​នៅ​ជិត​ស្ថានីយ៍​ប៉ូលិស​មួយ​នៅ​ក្នុង​ក្រុង​ Cizre ​ក្នុង​ផ្នែក​អាគ្នេយ៍​នៃ​ប្រទេស​តួកគី​ កាល​ពី​ថ្ងៃ​សុក្រ បណ្តាល​ឱ្យ​ប៉ូលិស​យ៉ាង​តិចណាស់​១១នាក់​ស្លាប់​ និង​ធ្វើឱ្យ​មនុស្ស​ច្រើន​នាក់​ទៀត​ត្រូវ​របួស។

ពួក​ជន​សកម្ម​ប្រយុទ្ធ​មាន​ចំណង​ទាក់ទង​ជាមួយ​គណបក្ស​កម្មករ​ Kurdistan ហៅ​កាត់ថា​ PKK ​បាន​អះអាង​ទាម​ទារ​ការ​ទទួល​ខុស​ត្រូវ​ដល់​ការ​វាយ​ប្រហារ​នេះ។​ ពួក​ភេរវជន​នេះ​មាន​ទាក់ទិន​ជាមួយ​ការ​វាយ​ប្រហារ​មួយ​ចំនួន​ប្រឆាំង​នឹងទី​ដៅ​របស់​ប៉ូលិស​នៅក្នុង​តំបន់​ដដែល​នោះ។​ អាជ្ញាធរ​តួកគី​ បាន​ប្តេជ្ញា​ថា​នឹង​ធ្វើការ​សង​សឹក។​

នាយក​រដ្ឋមន្ត្រី​តួកគី លោក​ Binali Yildirim​ បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល​ ថា៖ "យើង​នឹង​ផ្តល់​ឱ្យ​ពួក​អ្នកវាយ​ប្រហារ​ទាំង​នេះ​នូវ​ចម្លើយ​ដែល​ស័ក្តិសម​សម្រាប់ពួក​គេ។ គ្មាន​អង្គការ​ភេរវជន​ណា​មួយ​អាច​ចាប់​ប្រទេស​តួកគី​ ធ្វើ​ជា​ចំណាប់​ខ្មាំង​បាន​ទេ។​

ទី​ក្រុង Cizre ឋិត​នៅ​ក្នុង​ខេត្ត ​Sirnak ​ដែល​ជា​ខេត្ត​មួយ​មាន​ព្រំដែន​ជាប់ជាមួយ​ប្រទេស​ស៊ីរី​ និងប្រទេស​អ៊ីរ៉ាក់​ ហើយ​មាន​ប្រជារាស្ត្រ​ភាគ​ច្រើ​ន​ជា​ក្រុម​ជន​អំបូរ Kurde។

គណបក្ស ​PKK​ បាន​ធ្វើការ​បះបោរ​ប្រើ​អាវុធ​កាល​ពី​ឆ្នាំ​១៩៨៤​ ដោយ​ស្វះស្វែង​ឱ្យ​មាន​ប្រទេស​ស្វយ័ត​មួយ​នៅ​ក្នុង​តំបន់​ធំធេង​មួយ​ក្នុង​ផ្នែក​អាគ្នេយ៍​នៃ​ប្រទេស​តួកគី ដែល​នៅ​ជាប់​ព្រំដែន​ជាមួយ​ប្រទេសស៊ីរី អ៊ីរ៉ាក់​ និង​ប្រទេស​អ៊ីរ៉ង់។​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​បាត់​បង់​ជិវិត​ក្នុង​ការ​ប្រយុទ្ធ​គ្នា។​

កាល​ពី​ឆ្នាំ​ទៅ​មិញ​ សាខា​ប្រដាប់​អាវុធ​នៃ​គណបក្ស​ PKK ​បាន​លុប​ចោល​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា​មួយ​មាន​រយៈពេល​បី​ឆ្នាំ ​ជាមួយ​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​ ក្រោយ​ពី​កង​យន្តហោះ​ចម្បាំង​តួកគី​ បាន​វាយ​ប្រហារ​លើ​មូលដ្ឋាន​ហ្វឹក​ហ្វឺន​យោធា​របស់​ក្រុម​នេះ ​នៅ​ក្នុង​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​អ៊ីរ៉ាក់​ នៅ​ពេល​ដែល​ពួក​យុទ្ធជន ​PKK ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជន​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម។​ កង​កម្លាំង​រដ្ឋាភិបាល​ទីក្រុង​អង់ការ៉ា​ ក៏​បាន​ទម្លាក់​គ្រាប់​បែក​លើ​មូលដ្ឋាន​មួយ​ចំនួន​ទៀត​នៃពួក​ PKK ផង​ដែរ៕