ទីក្រុង Cape Town ដែលជាក្រុងមាត់សមុទ្ររបស់ប្រទេសអាហ្វ្រិកខាងត្បូងបានស្ថិតនៅក្នុងភាពរាំងស្ងួតរយៈពេល៣ឆ្នាំ ហើយនឹងអាចក្លាយជាទីក្រុងចម្បងមុនគេរបស់ពិភពលោកដែលនឹងគ្មានទឹកប្រើប្រាស់។ ទីក្រុងនេះនឹងបិទបំពង់បង្ហូរទឹករបស់សាលាក្រុងនៅ«ថ្ងៃសូន្យ» ជាថ្ងៃដែលក្រុមអាជ្ញាធរក្នុងស្រុកកំណត់ថានឹងធ្វើឡើងនៅថ្ងៃទី៩ ខែកក្កដា។
ប៉ុន្តែសម្រាប់ពលរដ្ឋនៅទីក្រុងដែលធំលាតសន្ធឹង និងមានប្រាក់ចំណូលតិចមួយនេះ ទឹកគឺជាធនធានកម្រគ្រប់ពេលវេលា។ ពលរដ្ឋក្នុងទីក្រុង Cape Town អ្នកស្រី Welekazi Rangana និយាយថា នាងព្យាយាមស្វែងយល់ថាតើពលរដ្ឋនៅទីក្រុងមាត់សមុទ្រនេះនឹងខឹងសម្បាយ៉ាងណាដែរនៅពេលមានគោលការណ៍ត្បិតត្បៀតការប្រើប្រាស់ទឹកថ្មីដ៏តឹងរ៉ឹងបែបនេះ។
អ្នកស្រីនៅចាំបានថា អ្នកស្រីចាត់ទុកទឹកគឺជារបស់ដ៏មានតម្លៃមួយ ដោយសារតែអ្នកស្រីគ្មានជម្រើស។
រយៈពេល៥៣ឆ្នាំមកនេះ អ្នកស្រីមិនដែលបានងូតទឹកផ្កាឈូកឡើយ។ នេះដោយសារតែផ្ទះរបស់អ្នកស្រីដែលរដ្ឋបានផ្តល់ឲ្យនៅក្នុងក្រុង Khayelitsha ដ៏ក្រីក្រមិនមានបន្ទប់ទឹកក្នុងផ្ទះឡើយ គ្មានម៉ាស៊ីនលាងចាន ម៉ាស៊ីនបោកគក់ ឬអាងហែលទឹកទេ។
រយៈពេលជាច្រើនឆ្នាំហើយដែល អ្នកស្រី ស្វាមីរបស់អ្នកស្រី កូននិងចៅរបស់អ្នកស្រីត្រូវងូតទឹកនៅក្នុងបន្ទប់គេងដែលមានប្រើធុងតូចមួយសម្រាប់ទុកតង់ទឹកបាន៨លីត្រ។
មនុស្សជាពាក់កណ្ដាលនៃពលរដ្ឋសរុប៤លាននាក់ដែលកំពុងរស់នៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ ក្នុងទីក្រុងKhayelitsha រងផលប៉ះពាល់ដោយសារគោលការណ៍ថ្មីត្បិតត្បៀតការប្រើប្រាស់ទឹកដ៏តឹងរ៉ឹងរបស់ក្រុងនេះ។ មិនខុសពីអ្នកស្រី Rangana ទេ ពលរដ្ឋជាមធ្យមដែលរស់នៅតំបន់នេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ អាចទទួលបានទឹកសម្រាប់ប្រើប្រាស់តែ៥០លីត្រទេក្នុងមួយថ្ងៃ នេះបើយោងតាមតួលេខផ្លូវការនានា។ នេះជាទិសដៅចុងក្រោយដែលសាលាក្រុងបានដាក់ចេញដើម្បីបញ្ចៀស«ថ្ងៃសូន្យ»ដែលជាថ្ងៃគ្មានទឹកសម្រាប់ប្រើប្រាស់។ អ្នកស្រី Rangana និយាយថា អ្នកស្រីមិនដេងថាតើអ្នកជិតខាងរបស់អ្នកស្រីដែលជាអ្នកមាននោះ ត្រូវប្រឈមមុខដោះស្រាយបញ្ហានេះដោយរបៀបណានោះទេ។
អ្នកស្រីបាននិយាយប្រាប់ VOA ថា៖ «ច្បាស់ជាមានអ្វីមួយមិនធម្មតាកើតឡើងហើយ ពីព្រោះអស់រយៈពេលជាយូរមកហើយ ពួកគេជាអ្នកដែលប្រើប្រាស់ទឹកអស់ច្រើន ហើយយើងជាអ្នកដែលសន្សំសំចៃក្នុងការប្រើប្រាស់ទឹក។ ប៉ុន្តែឥឡូវនេះមិនមែនតែយើងទេដែលកំពុងស្វែងរកទឹក គឺមនុស្សទាំងអស់គ្នាកំពុងស្វែងរកទឹកដូចគ្នា។ ឥឡូវនេះបញ្ហាអត់ទឹក កើតមានគ្រប់គ្នាទាំងអស់ មិនថាមានឬក្រទេគឺស្ថិតនៅក្នុងស្ថានភាពដូចគ្នាទាំងអស់»។
គ្មានទឹកមានន័យថាគ្មានចំណូល
អ្នកជិតខាងរបស់អ្នកស្រី គឺអ្នកស្រី Ntombikayise Dondi និយាយថា ភាពរាំងស្ងួតនិងគោលការណ៍ត្បិតត្បៀតការប្រើប្រាស់ទឹកប៉ះពាល់ដល់អ្នកស្រីខ្លាំងណាស់។ អ្នកស្រីធ្លាប់មានសួនបន្លែនៅផ្ទះដាំផ្ទាល់ខ្លួនដ៏ស្រស់បំព្រង ប៉ុន្តែឥឡូវនេះអ្នកស្រីនៅសល់តែស្ពៃបីរងដែលក្រៀមស្វិត និងផ្កាខាត់ណាដែលមើលទៅគួរឲ្យអាណិតប៉ុណ្ណោះ។
ខណៈដែលអ្នកស្រីសំឡឹងមើលបន្លែដែលក្រៀមស្វិត អ្នកស្រីបាននិយាយថា៖ «សួនបន្លែនេះធ្វើឲ្យខ្ញុំយំ ពីព្រោះខ្ញុំធ្លាប់បានផលពីសួននេះដើម្បីផ្គត់ផ្គង់គ្រួសារខ្ញុំ»។
កាលពីឆ្នាំកន្លងទៅ អ្នកស្រីធ្លាប់ដាំដុះបានហូបគ្រប់គ្រាន់ និងថែមទាំងបានលក់ចេញជាច្រើន ដែលធ្វើឲ្យអ្នកស្រីអាចមានលទ្ធភាពទិញម៉ាស៊ីនបោកខោអាវ ដែលអ្នកស្រុករស់នៅក្នុងទីក្រុងនេះយល់ថាជារបស់មានតម្លៃ។ ឥឡូវនេះម៉ាស៊ីននេះ វាគ្មានប្រយោជន៍ទៀតទេ ហើយអ្នកស្រីត្រូវចំណាយពេល៤ម៉ោងក្នុងមួយសប្តាហ៍ដើម្បីបោកខោអាវគ្រួសារអ្នកស្រីដោយដៃ។
មានមនុស្សកាន់តែច្រើន តែមិនមានតម្រូវការច្រើនបន្ថែមទេ
ក្រុមអ្នកវិទ្យាសាស្ត្រនៅបន្តសិក្សាទៅលើបុព្វហេតុនៃស្ថានការណ៍ដ៏លំបាកនៅក្រុង Cape Town បើទោះបីជាពួកគេបានអះអាងថា ការប្រែប្រួលអាកាសធាតុទំនងជាកត្តាបង្កហេតុឲ្យមានភាពរាំងស្ងួតនេះក៏ដោយ។ ទោះយ៉ាងណា ទីក្រុងនេះជាទូទៅពឹងអាស្រ័យលើទឹកភ្លៀង អាស្រ័យលើដើមឈើ និងទំនប់ទឹកដែលពេញដោយទឹកភ្លៀង សម្រាប់ឲ្យពលរដ្ឋមានទឹកប្រើប្រាស់ក្នុងក្រុង។ អាកាសធាតុក្តៅរយៈពេល៣ឆ្នាំនេះ បានបំផ្លាញអ្វីៗគ្មានសល់ ប៉ុន្តែអ្នកជំនាញផ្នែកជលសាស្ត្រ លោក Piotr Wolski មកពីសាកលវិទ្យាល័យ Cape Town និយាយថា គ្រោះរាំងស្ងួតចុងក្រោយនៅចុងសតវត្សរ៍ទី២១នេះ ធ្វើឲ្យទីក្រុងនេះស្ទើរតែក្លាយជាក្រុងដែលគ្មានទឹក។
លោកបាននិយាយថា«តម្រូវការទឹកកំពុងកើនឡើងយ៉ាងខ្លាំង បើផ្អែកលើការកើនឡើងនៃចំនួនប្រជាជន។ កំណើនប្រជាជនរស់នៅក្នុងទីក្រុង Cape Townបានកើនឡើង៣០ភាករយចាប់តាំងពីឆ្នាំ២០០០ រហូតមកដល់បច្នុប្បន្ន។ ក៏ប៉ុន្តែតម្រូវការប្រើប្រាស់ទឹកមិនបានកើនឡើងនោះទេ។ ដូច្នេះយុទ្ធនាការកាត់បន្ថយការលេចធ្លាយ និងការគ្រប់គ្រងលើតម្រូវការប្រើប្រាស់ទឹកបានទប់ទល់នឹងការកើនឡើងនៃតម្រូវការប្រើប្រាស់ទឹក ដោយសារកំណើនប្រជាជនដែលបានកើនឡើងនេះ»។
ការផ្សាំខ្លួនទៅនឹងភាពខ្វះទឹក
ប៉ុន្តែនៅតំបន់ផ្សេងៗនៃទីក្រុង Cape Town ដែលពលរដ្ឋមានជីវភាពធូរធារនោះ ក៏មានការបារម្ភផងដែរ។ នៅតំបន់មួយចំនួនក្នុងទីក្រុងនេះ ពលរដ្ឋអាចមកយកទឹកដោយឥតគិតថ្លៃបានរហូតដល់២៥លីត្រសម្រាប់មនុស្សម្នាក់ គឺនៅកន្លែងសម្រាប់យកទឹកសាធារណៈ។ ក្រោយពេលកម្មវិធី«ថ្ងៃសូន្យ» ចាប់ផ្តើមក្រុងនេះមានគម្រោងបង្កើតកន្លែងយកទឹកសាធារណៈចំនួន២០០ទីតាំងបន្ថែមទៀត។
អ្នកស្រី Jean Gordon អាយុ៧០ឆ្នាំជាពលរដ្ឋរស់នៅទីក្រុង Cape Townនិយាយនៅខណៈដែលអ្នកស្រី និងស្វាមីអ្នកស្រីកំពុងមកយកទឹក ដោយអ្នកស្រីបាននិយាយថា៖ «យើងធ្លាប់តែមិនខ្វល់ពីរឿងទឹក តែឥឡូវយើងដឹងហើយថាអ្វីជាការតស៊ូនោះ»។
អ្នកស្រីនិយាយថា អ្នកស្រីត្រូវតែធ្វើការកែសម្រួលកិច្ចការណាដែលមិនចាប់បាច់ ដើម្បីដោះស្រាយបញ្ហានេះ។ អ្នកស្រីនិយាយបន្តថា៖ «ខ្ញុំងូតទឹកតិចជាងមុន។ ងូតទឹករួមគ្នាជាមួយស្វាមីរបស់ខ្ញុំ»។
ប៉ុន្តែ នៅតំបន់ដែលក្រីក្រជាងនេះដូចជានៅ ក្នុងតំបន់Khayelitsha ជាដើម ដែលនៅទីនោះពលរដ្ឋជាច្រើនបានពឹងអាស្រ័យលើទឹករបស់រដ្ឋអស់រយៈពេលជាយូរមកហើយនោះ មើលទៅគឺវាដូចគ្នាទៅនឹងរបបរើសអើងពូជសាសន៍(apartheid) ដែលពិបាកនឹងបំភ្លេចចោលណាស់។ នេះបើតាមសម្តីរបស់លោក Mpumi Mhlalisi ដែលជាសកម្មជនម្នាក់និងជាអ្នកស្ម័គ្រចិត្តធ្វើការនៅអង្គការ Western Cape Water Caucus។
លោក Mpumi Mhlalisi និយាយថា៖ «អ្វីដែលយើងត្រូវតស៊ូជម្នះនៅពេលនេះគឺមិនមែនតស៊ូដើម្បីបានសេរីភាពនោះទេ ប៉ុន្តែតស៊ូដើម្បីបានទឹកប្រើប្រាស់»៕
ប្រែសម្រួលដោយ នៀម ឆេង