ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ ខិតជិតមកដល់ អតីតសមាជិកព្រឹទ្ធសភារបស់គណបក្សភ្លើងទៀនដែលកើតមកពីគណបក្សសម រង្ស៊ី បានស្ទុះស្ទារៀបចំរចនាសម្ព័ន្ធរបស់ខ្លួនឡើងវិញ ដោយជាដំបូងនឹងធ្វើសមាជសាមញ្ញរបស់គណបក្ស នៅថ្ងៃទី២២ ខែសីហា។
សមាជរបស់គណបក្សភ្លើងទៀនដែលប្រជាជនធ្លាប់ស្គាល់ថាស្ថិតនៅក្រោមការដឹកនាំរបស់លោកសម រង្ស៊ីនឹងរៀបចំកែតម្រូវគោលការណ៍និងលក្ខខណ្ឌមួយចំនួនរបស់គណបក្ស បើទោះមន្រ្តីគណបក្សនេះនៅមិនទាន់ប្រាកដប្រជានៅឡើយថាតើនឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតឬយ៉ាងណា ក្រោមហេតុផលថាលម្ហនយោបាយក្នុងប្រទេសកម្ពុជាមិនទាន់មានភាពល្អប្រសើរនៅឡើយ។ នេះបើយោងតាមមន្រ្តីគណបក្សភ្លើងទៀន។
អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ី លោក ទាវ វណ្ណុល ដែលបច្ចុប្បន្នជាប្រធានគណបក្សភ្លើងទៀនប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថាការធ្វើសមាជរបស់គណបក្ស តែងតែប្រារព្ធឡើងរៀងរាល់៣ឆ្នាំម្តង។ដោយឡែកការធ្វើសមាជលើកនេះ សមាជិកគណបក្សមានគម្រោងកែប្រែគោលការណ៍ផ្ទៃក្នុងរបស់គណបក្សមួយចំនួន។
លោកថ្លែងថា៖ «ក្នុងសមាជលើកនេះ គឺថាយើងមានការកែតម្រូវផ្លាស់ប្តូរប្រការមួយចំនួននៅក្នុងលក្ខន្តិកៈ។ ទីមួយគឺអាណត្តិរបស់ប្រធានគណបក្ស ពីមុនយើងអត់កំណត់អាណត្តិទេ ប្រធានអាចឈរជាប្រធានបក្សបានរហូត ចង់និយាយថាអស់មួយជីវិត។ ប៉ុន្តែឥឡូវនេះ គឺយើងកែលក្ខន្តិកៈប្រធានបក្សអាចឈរបានតែ២អាណត្តិ[ដែល]មួយអាណត្តិមាន៥ឆ្នាំ ដូច្នេះគឺ១០ឆ្នាំ»។
លោកបញ្ជាក់ទៀតថាគណបក្សភ្លើងទៀនមិនទាន់សម្រេចថានឹងចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងធ្វើឡើងនៅក្នុងខែមិថុនា ឆ្នាំ២០២២ ឬយ៉ាងណានោះទេ គឺអាស្រ័យទៅលើសមាជិកនិងការសម្រេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍។
លោកបន្តថា៖ «ក្រោយពេលសមាជ យើងនឹងពិភាក្សាផ្តោតទៅលើគោលនយោបាយក្នុងការចូលរួមបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ខាងមុខនេះយើងនឹងពិចារណាពិភាក្សាអំពីរឿងហ្នឹង។ ហើយការចូលរួម ឬមិនចូលរួមស៊ីសងទៅលើការសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍»។
ទោះជាយ៉ាងណា លោកយល់ថាលម្ហលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាមានភាពចង្អៀត ហើយសកម្មភាពនយោបាយគណបក្សប្រឆាំងតែងតែរងការធ្វើទុក្ខបុកម្នេញដែលវាអាចជាឧបសគ្គក្នុងការប្រមូលសកម្មជន។
បើតាមលោក ទាវ វណ្ណុល គណបក្សភ្លើងទៀនមិនមានទំនាក់ទំនងអ្វីជាមួយលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំង និងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ២៥ឆ្នាំ រឿងគម្រោងវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ខណៈប្រឈមនឹងសំណុំរឿងជាច្រើនក្នុងដៃតុលាការ។
លោក ទាវ វណ្ណុល មិនទាន់ដឹងថាតើសមាជិកសរុបដែលនឹងចូលរួមសមាជតាមប្រព័ន្ធអនឡាញប៉ុន្មាននាក់នោះទេ ដោយគ្រាន់តែដឹងថាមានថ្នាក់ដឹកនាំគណបក្សសំខាន់ៗចំនួន១៥នាក់ចូលរួមនៅសណ្ឋាគារសាន់វេ នាថ្ងៃទី២២ ខែសីហា។
ពេលគណបក្សសង្រ្គោះជាតិត្រូវបានរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ លោក ទាវ វណ្ណុល និងអតីតសមាជិកព្រឹទ្ធសភាមកពីគណបក្សភ្លើងទៀនចំនួន១០នាក់ផ្សេងទៀត មិនត្រូវបានកាត់សិទ្ធិធ្វើនយោបាយនោះទេ ដោយសារកាលនោះពួកគេស្ថិតនៅជាសមាជិកព្រឹទ្ធសភា ហើយស្ថិតនៅក្រោមគណបក្សភ្លើងទៀន ដែលជាឈ្មោះថ្មីរបស់គណបក្សសម រង្ស៊ី។
អតីតសមាជិកព្រឹទ្ធសភា និងជាសមាជិកម្នាក់របស់គណបក្សភ្លើងទៀន អ្នកស្រី លី នារី បានប្រាប់VOA នៅថ្ងៃព្រហស្បតិ៍ថាអ្នកស្រីនឹងចូលរួមក្នុងសមាជរបស់គណបក្ស ប៉ុន្តែការសម្រេចចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅតែជាសំណួរសម្រាប់ការសម្រេចចិត្តនៅឡើយ។ អ្នកស្រីយល់ឃើញថាស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជាមិនទាន់មានភាពល្អប្រសើរទេ។
អ្នកស្រីថ្លែងថា៖ «គណបក្សភ្លើងទៀនបើសិនណាជាដូចថាស្ថានភាពនយោបាយធូរស្រាលអីបានចូលរួមបោះឆ្នោត។ បើវានៅតែតានតឹងអញ្ចឹងអត់ទេ គ្រាន់តែដាក់នៅចុះបញ្ជីទេ អត់ទាន់ច្បាស់ថាចូលរួមបោះឆ្នោត ឬអត់ទេ អត់ទាន់ច្បាស់ទេ»។
ចំណែកលោក យឹម ឃុនឃឿន ដែលជាអតីតសមាជិកព្រឹទ្ធសភា និងជាសមាជិកមួយរូបនៃគណបក្សភ្លើងទៀនដែរ បានថ្លែងស្រដៀងគ្នានឹងអ្នកស្រី លី នារី ថាលោកនឹងចូលរួមសមាជរបស់គណបក្ស។ ប៉ុន្តែលោកនៅតែចង់ឲ្យគណបក្សសង្គ្រោះជាតិមានវត្តមានក្នុងការចូលរួមបោះឆ្នោតក្នុងពេលខាងមុខ។
លោកបញ្ជាក់ថា៖«យើងមើលសភាពការនយោបាយ តើលម្ហនយោបាយហ្នឹងមានការប្រកួតប្រជែងគ្នាស្មើភាព តម្លាភាព យុត្តិធម៌ទេ។ រឿងសំខាន់ គឺមិនមែនភ្លើងទៀនទេ សំខាន់គណបក្សសង្គ្រោះជាតិ។ បើសង្គ្រោះជាតិចូលរួមប្រកួត គណបក្សភ្លើងទៀន ក៏ប្រហែលជាភ្លើងទៀនមិនមានវត្តមានអ្វីតទៅទៀតទេ»។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ និងអ្នកតាមដានសង្គមបានប្រាប់VOA នៅថ្ងៃព្រហស្បតិ៍នេះថាការចូលរួមបោះឆ្នោតរបស់គណបក្សភ្លើងទៀនក្នុងការបោះឆ្នោត វាអាចមានការលំបាក ដោយសារតែប្រព័ន្ធនៃការបោះឆ្នោតនៅកម្ពុជាមិនទាន់មានភាពសុក្រឹត សេរី និងយុត្តិធម៌នៅឡើយទេ។
លោកបន្ថែមថា៖ «បើគណបក្សនេះចូលរួម ខ្ញុំមើលឃើញថាប្រហែលជាគាត់នឹងប្រមូលសំឡេងគាំទ្ររបស់គាត់នៅថ្នាក់មូលដ្ឋានកុំឲ្យបាត់ឱកាសជាជាងគណបក្សសង្រ្គោះជាតិមិនអាចចូលបាន។ អញ្ចឹងគណបក្សតូចៗ ដូចជាគណបក្សសម រង្ស៊ី ភ្លើងទៀន គណបក្សសិទ្ធិមនុស្សអាចធ្វើសកម្មភាពមួយចំនួន ដើម្បីប្រមូលយកសំឡេងគាំទ្រ ប៉ុន្តែការធ្វើបែបនេះ វាដូចជាទទួលស្គាល់ខ្លួនឯងដែលកន្លងមកគណបក្សសង្គ្រោះជាតិហ្នឹងបានទាត់ចោលទៅលើបទចោទរបស់រដ្ឋាភិបាលមកលើលោក កឹម សុខា ដែលជាមេដឹកនាំគណបក្សខ្លួនឯង»។
លោក ឯម សុវណ្ណារ៉ា បន្តថាប្រសិនបើមិនមានគណបក្សប្រឆាំងចូលរួមនោះទេ ការបោះឆ្នោតនឹងមិនត្រូវបានទទួលស្គាល់និងឲ្យតម្លៃពីសហគមន៍អន្តរជាតិនោះទេ។ លោកថាដំណោះស្រាយ គឺមានតែអ្នកនយោបាយទាំងគណបក្សប្រឆាំង និងគណបក្សកាន់អំណាចចរចា ឬធ្វើបែបណាឲ្យឆ្លើយតបទៅនឹងការចង់បានរបស់សហគមន៍អន្តរជាតិ។ លោកបន្ថែមថាបើមិនមានដំណោះស្រាយនយោបាយល្អប្រសើរទេ កម្ពុជានឹងអាចជួបវិបត្តិធ្ងន់ធ្ងរ ឬទទួលសម្ពាធពីប្រទេសលោកខាងលិច។
លោកថ្លែងថា៖ «ប្រសិនបើយើងធ្វើនយោបាយខ្វះការទទួលស្គាល់ពីសហគមន៍អន្តជាតិ វាមិនមានតម្លៃពេញលេញទេ។ ហើយខ្ញុំឃើញចរន្តក្រុម[ប្រទេសលូតលាស់ផ្នែកឧស្សាហកម្ម] G7 ប្រទេសទាំង៧ ហើយសហរដ្ឋអាមេរិកដាក់យុទ្ធសាស្រ្តថ្មីៗ វាប្រឈមទៅក្នុងតំបន់។ ហើយប្រសិនបើឆ្នាំក្រោយ កម្ពុជាជាប្រទេស[ម្ចាស់ផ្ទះ]អាស៊ានទៀត មានបញ្ហាជំហរនយោបាយការបរទេសកម្ពុជាងាកទៅចិនទៀត ខ្ញុំគិតថាយើងជួបវិបត្តិធ្ងន់ធ្ងរ ដោយស្របនឹង[មាន]ច្បាប់ប្រជាធិបតេយ្យសហរដ្ឋអាមេរិក ត្រៀមអនុម័តលើកទី៣នេះខ្ញុំគិតថាជាសម្ពាធមួយសម្រាប់កម្ពុជាយើង»។
គួរបញ្ជាក់ថាគណបក្សភ្លើងទៀនជាគណបក្សដែលត្រូវបានប្តូរឈ្មោះពីគណបក្សសម រង្ស៊ី ក្នុងឆ្នាំ២០១៧ ក្រោយមានវិសោធនកម្មច្បាប់គណបក្សនយោបាយដែលហាមមិនឲ្យប្រើឈ្មោះបុគ្គលធ្វើជាឈ្មោះគណបក្ស៕