គណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សភ្លើងទៀន កំណត់យកគណបក្សឆន្ទៈខ្មែរជាជម្រើសទី១ក្នុងចំណោមគណបក្សមិនកាន់អំណាចចំនួនបួន ដែលបានចងសម្ព័ន្ធភាព ដើម្បីប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បន្ទាប់ពីគណបក្សភ្លើងទៀនគ្មានឯកសារសម្រាប់ចូលរួមការបោះឆ្នោត។
លោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀនប្រាប់វីអូអេថា គណបក្សនឹង ប្រកាសពីការសម្រេច ជ្រើសយកគណបក្សឆន្ទៈខ្មែរនេះជាផ្លូវការ នៅជិតថ្ងៃចុះឈ្មោះគណបក្សនយោបាយចូលរួមប្រកួតប្រជែងការបោះឆ្នោតអសកលមួយនេះ។ លោកថា មូលហេតុនៃការជ្រើសរើសយកគណបក្សឆន្ទៈខ្មែរ ដោយសារគណបក្សភ្លើងទៀន គ្មានឯកសារដើមនៃការចុះបញ្ជីគណបក្ស ដែលតម្រូវដោយស្ថាប័នរៀបចំការបោះឆ្នោត ក្នុងការចុះបញ្ជីគណបក្សចូលរួមប្រកួតប្រជែងការបោះឆ្នោត។
លោកថ្លែងថា៖ «ដោយសារគណបក្សភ្លើងទៀន ជួបបញ្ហាបាត់បង់ឱកាស គេខ្ទប់ឱកាស អ៊ីចឹងទេ យើងមានអង្គបោះឆ្នោតយើងអាចប្រគល់ទៅគណបក្សណាក៏បានដែរ ឱ្យតែយើងគិតថា វាមានប្រយោជន៍ក្នុងការធ្វើសកម្មភាពស្តារលទ្ធិប្រជាធិបតេយ្យនៅថ្ងៃខាងមុខ»។
លោក គីមសួរ ភិរិទ្ធ បន្ថែមថា មុននឹងចងសម្ព័ន្ធភាពគ្នា គឺគណបក្សទាំង៤ ក៏បានព្រមព្រៀងគ្នាថា ប្រគល់សិទ្ធិឱ្យគណបក្សភ្លើងទៀនក្នុងការផ្តល់សិទ្ធិទៅឱ្យគណបក្សណាមួយ ដើម្បីចុះបញ្ជីប្រកួតប្រជែងការបោះឆ្នោតអសកល។
ក្នុងចំណោមសមាជិកព្រឹទ្ធសភាសរុបចំនួន៦២រូប គណបក្សភ្លើងទៀនរំពឹងថា គណបក្សឆន្ទៈខ្មែរ ដែលត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សភ្លើងទៀនបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យឈរលំដាប់លេខ១នោះ នឹងទទួលបានតំណែងសមាជិកព្រឹទ្ធសភាប្រមាណជា៩រូប ប្រសិនបើស្ថានភាពនយោបាយមិនមានការប្រែប្រួល។
លោកប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា៖ «បើសិនជាមិនមានការបាត់បង់ យើងអាចទទួលបានដល់ទៅ ៩អាសនៈ។ ប៉ុន្តែក្នុងស្ថានភាពនយោបាយនៅស្រុកយើង គឺពិបាកប៉ាន់ស្មានដែរ ព្រោះកន្លែងខ្លះ គេប្រើប្រាស់មធ្យោបាយអូសទាញតាមផលប្រយោជន៍»។
គណបក្សភ្លើងទៀន ឈ្នះបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ២,១៩៨ ចំណែកគណបក្សកាន់អំណាច ទទួលបាន ៩,៣៧៦អាសនៈ កាលពីការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ កន្លងទៅ។
គណបក្សភ្លើងទៀន ត្រូវបានហាមឃាត់មិនឱ្យចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣ ដោយសារមិនមានលិខិតចុះបញ្ជីគណបក្សនយោបាយ ច្បាប់ដើម ដែលបានតម្កល់នៅក្រសួងមហាផ្ទៃ។
កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ សមាជិកព្រឹទ្ធសភា៥៨រូប ក្នុងចំណោម៦២រូប នឹងត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកល និងជាសម្ងាត់ នៅតាមមណ្ឌលបោះឆ្នោតដែលនឹងត្រូវរៀបចំ និងបែកចែកជា៨ភូមិភាគ។ ចំណែកសមាជិក២រូបទៀត ត្រូវចាត់តាំងដោយព្រះមហាក្សត្រ និងសមាជិក២រូបទៀត ត្រូវជ្រើសតាំងដោយរដ្ឋសភា។
អ្នកបោះឆ្នោត និងអង្គបោះឆ្នោត គឺជាតំណាងរាស្ត្រ ក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ក្នុងតំណែង នៅក្នុងក្របខណ្ឌនៃភូមិភាគនីមួយៗ។ នេះបើយោងតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលបោះពុម្ពផ្សាយឆ្នាំ២០២៣ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
តំណាងគណបក្សឆន្ទៈខ្មែរ លោក ផល ស៊ីថុន ប្រាប់វីអូអេថា ការណ៍ដែលគណបក្សឆន្ទៈខ្មែរ ត្រូវបានជ្រើសរើសជាជម្រើសទីមួយ សម្រាប់ឈរឈ្មោះចូលរួមការបោះឆ្នោតអសកលនាពេលខាងមុខ ដោយសារគណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀន តែងតែមានទំនាក់ទំនងល្អជាមួយគ្នា។ លោកថា គណបក្សដែលចងសម្ព័ន្ធទាំង៤ ក៏ព្រមព្រៀងគ្នាលើការជ្រើសរើសនេះ ព្រមទាំងការសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សភ្លើងទៀន ដែលបានសម្រេចជាឯកច្ឆ័ន្ទ កាលពីដើមសប្តាហ៍មុន។
លោកបញ្ជាក់ថា៖ «អ្នកប្រជាធិបតេយ្យ ក៏ដូចជាគណបក្សឆន្ទៈខ្មែរ និងអ្នកប្រជាធិបតេយ្យដទៃទៀត បានរងគ្រោះ២៧ឆ្នាំ ម្ល៉ោះដោយសារគណបក្សឆន្ទៈខ្មែរធ្លាប់មានឯកឧត្តម គង់ គាំ [ជា]ស្ថាបនិកគណបក្សសម រង្ស៊ី ហើយក្រោយមកស្ថាបនិកគណបក្សសង្គ្រោះជាតិ [តួនាទី] ថ្នាក់ដឹកនាំ ហើយបន្តឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ហើយជម្រើសទាំងអស់នេះហើយដែលធ្វើឱ្យគណបក្សភ្លើងទៀន សម្រេចយកគណបក្សឆន្ទៈខ្មែរ»។
បើតាមលោក គីមសួរ ភិរិទ្ធ នៅពេលគណបក្សឆន្ទៈខ្មែរ ចុះឈ្មោះចូលរួមប្រកួតប្រជែងព្រឹទ្ធសភាបានជាផ្លូវការ នោះគណបក្សភ្លើងទៀន នឹងណែនាំដល់អង្គបោះឆ្នោតដែលជាសមាជិកគណបក្សភ្លើងទៀន ឱ្យបោះឆ្នោតគាំទ្រគណបក្សឆន្ទៈខ្មែរ ដើម្បីឈានទៅទទួលបានសំឡេងក្នុងព្រឹទ្ធសភា។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពី លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបាននៅឡើយទេ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់វីអូអេថា គណបក្សនយោបាយទាំងអស់ ត្រូវតែបញ្ជាក់នីត្យានុកូលកម្ម នៃលិខិតដើម ចុះបញ្ជីគណបក្សនយោបាយ ដែលមានតម្កល់នៅក្រសួងមហាផ្ទៃ ដើម្បីអាចចុះឈ្មោះចូលរួមប្រកួតប្រជែងការបោះឆ្នោតសមាជិកព្រឹទ្ធសភាបាន។
លោកថ្លែងថា៖ «ឯកសារសំខាន់ដំបូងបំផុតគឺ លិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដោយធ្វើនីត្យានុកូលកម្ម គឺជាឯកសារសំខាន់មួយ ក្នុងការចំណោមឯកសារផ្សេងទៀត។ អ៊ីចឹងគណបក្សណាមួយក៏ដោយ គណបក្សមិនមានអាសនៈនៅក្នុងសភា ឬគណបក្សមិនមានអាសនៈនៅតាមឃុំសង្កាត់ ក៏អាចដាក់ស្នើសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះ និងដាក់បេក្ខជនផងដែរ»។
បើតាមលោក ហង្ស ពុទ្ធា ការចុះបញ្ជីគណបក្សដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភា នឹងចាប់ផ្តើមនៅចន្លោះថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី១១ខែធ្នូ ឆ្នាំ២០២៣។ លោកបន្ថែមថា សម្រាប់បេក្ខជនដែលចង់ឈរឈ្មោះចូលរួមប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភា គឺត្រូវតែជាបុគ្គលដែលបានបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីខែកក្កដា ឆ្នាំ២០២៣ ទៅតាមការចែង ក្នុងវិសោធនកម្មច្បាប់បោះឆ្នោត កាលពីខែកក្កដាកន្លងទៅ៕