ប្រទេសកាណាដា បានបិទដែនអាកាសរបស់ខ្លួនចំពោះយន្តហោះរុស្ស៊ីទាំងអស់ដើម្បីជាការប្រឆាំងតវ៉ាមួយដល់ការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ នេះ បើតាមការប្រកាសរបស់រដ្ឋាភិបាលកាណាដាកាលពីថ្ងៃអាទិត្យម្សិលមិញ ហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន AFP។
តាមមន្ត្រីកាណាដាបានឲ្យដឹងថា បម្រាមរបស់ខ្លួនត្រូវទទួលបានការសាកល្បងភ្លាមៗ ដោយមានយន្តហោះមួយគ្រឿងនៃក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Aeroflot បានហោះពីលើប្រទេសកាណាដា។
យន្តហោះ Aeroflot រុស្សីជើងហោះហើរលេខ១១១ បានហោះចេញពីទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិកក្នុងដំណើរទៅកាន់ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ដោយឆ្លងកាត់ប្រទេសកាណាដា។ ការប្រកាសវិធានការនេះ កាលពីព្រឹកថ្ងៃអាទិត្យ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនកាណាដា លោក Omar Alghabra បាននិយាយថា «យើង នឹងធ្វើឲ្យរុស្ស៊ីទទួលខុសត្រូវលើការវាយប្រហារដោយគ្មានហេតុផលលើប្រទេសអ៊ុយក្រែន»។
វិធានការបិទដែនអាកាសរបស់កាណាដាចំពោះយន្តហោះរុស្ស៊ីទាំងអស់ បានចូលជាធរមានភ្លាមៗ និងត្រូវបានធ្វើឡើងស្របគ្នានឹងប្រទេសជាច្រើននៅក្នុងទ្វីបអឺរ៉ុបផងដែរ។
ខណៈពេលដែលគ្មានជើងហោះហើរដោយផ្ទាល់រវាងកាណាដាទៅកាន់ព្រលានយន្តហោះនានានៅក្នុងប្រទេសរុស្ស៊ីនោះ បម្រាមដែនអាកាសរបស់កាណាដា នឹងធ្វើឲ្យប៉ះពាល់ជាខ្លាំងទៅលើក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី ដែលហោះទៅមករវាងអាមេរិកនិងរុស្ស៊ី ដោយឆ្លងកាត់កាណាដា និងទៅប្រទេសមួយចំនួនទៀតនៅភាគខាងត្បូងនោះ។
អ្នកនាំពាក្យក្រសួងដឹកជញ្ជូនកាណាដាលោកស្រី Valerie Glazer បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP តាមសារអេឡិចត្រូនិចថា រាល់ជើងហោះហើរទាំងអស់ដែលប្រតិបត្តិការ ឬប្រើប្រាស់សម្រាប់ផលប្រយោជន៍របស់រុស្ស៊ីដែលរួមមានយន្តហោះឯកជនផងដែរ ត្រូវបានហាមប្រាមមិនឲ្យប្រើដែនអាកាសរបស់កាណាដាឡើយ។
ទោះបីជាយ៉ាងនេះក្តី ក៏យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Aeroflot បានបំពានលើបម្រាមនេះរួចទៅហើយ។ នេះ បើតាមសារបង្ហោះនៅលើ Twitter ដោយទីភ្នាក់ងារដឹកជញ្ជូនរដ្ឋាភិបាលកាណាដា។
ទីភ្នាក់ងារដឹកជញ្ជូនរដ្ឋាភិបាលកាណាដា បានបញ្ជាក់ថា «យើងកំពុងត្រួតពិនិត្យមើលលក្ខខណ្ឌហោះហើររបស់ក្រុមហ៊ុន Aeroflot និងក្រុមហ៊ុនផ្តល់សេវាហោះហើរឯករាជ្យតាមផ្លូវអាកាស NAVCAN ជុំវិញការរំលោភបំពាននេះ។ ទីភ្នាក់ងារនេះ បន្តទៀតថា «យើងនឹងមិនស្ទាក់ស្ទើរនោះឡើយក្នុងការអនុវត្តសកម្មភាពសមស្របណាមួយ ក៏ដូចជាវិធានការមួយចំនួនផ្សេងទៀតដើម្បីរារាំងមិនឲ្យមានការរំលោភក្នុងពេលខាងមុខទៀតឡើយ»។
ប្រទេសជាច្រើននៅក្នុងទ្វីបអឺរ៉ុបដែលរួមមានប្រទេសអាល្លឺម៉ង់ បារាំង អេស្ប៉ាញ អ៊ីតាលី បែលហ្សិក អូទ្រីស ហូឡង់ និងប្រទេសស៊ុយអែតផងដែរ បានបិទដែនអាកាសរបស់ខ្លួនចំពោះយន្តហោះរបស់រុស្ស៊ីទាំងអស់ដែលជាការឆ្លើយតបនូវការប្រឆាំងរបស់ខ្លួនចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ចក្រភពអង់គ្លេស បានដាក់បម្រាមលើក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Aeroflot មិនឲ្យហោះចូលប្រទេសអង់គ្លេស ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ហាក់ដូចជាពុំមានជើងហោះហើរពីប្រទេសរុស្ស៊ីណាមួយ បានចុះចតនៅក្នុងព្រលានយន្តហោះសំខាន់ៗរបស់អាមេរិកនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ទីក្រុងបាល់ទីម័រ ញូយ៉ក និងទីក្រុង Los Angeles និងទីក្រុង Chicago នោះឡើយ។
ប៉ុន្តែក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក នៅមិនទាន់ប្រកាសពីការសម្រេចណាមួយនៅឡើយ ក្នុងការហាមប្រាមដល់ជើងយន្តហោះរបស់រុស្ស៊ីចូលក្នុងទឹកដីអាមេរិកនោះ៕