ស្រ្តីជាច្រើនរយនាក់ស្ថិតក្នុងបរិវេណភូមិ Tsinga ដោយស្តាប់ឬច្រៀងតាមបទចម្រៀង«ស្រឡាញ់គ្រួសារ Family Love» ដោយអ្នកចម្រៀង Kareyce Fotso។
ចម្រៀងនេះជំរុញដល់ក្រុមគ្រួសារឱ្យចេះស្រឡាញ់គ្នានិងរួបរួមគ្នា ជម្នះការលំបាកផ្សេងៗ ដែលកើតឡើងដោយសារវិបត្តិនានាក្នុងប្រទេសកាមេរូន។
អ្នកស្រី Anne Anaba ជាអ្នកសម្របសម្រួលម្នាក់ក្នុងការដើរក្បួនកាលពីថ្ងៃចន្ទកន្លងទៅ និយាយថា ស្ត្រីមកជួបជុំគ្នានៅទីធ្លានេះ ក្រោយពីការទាមទារឱ្យបញ្ចប់សង្គ្រាមប្រឆាំងក្រុមបំបែកខ្លួននៅតំបន់និរតីនិងពាយ័ព្យនៃប្រទេសកាមេរូនរួចមក។
សង្គ្រាមនេះបានសម្លាប់មនុស្ស ៦.០០០នាក់ និងធ្វើឱ្យមនុស្ស ៧.០០.០០០នាក់ផ្សេងទៀតគ្មានទីជម្រក។
ការដើរដង្ហែក្បួន ក៏ជាផ្នែកមួយនៃសកម្មភាពប្រារព្ធទិវាស្ត្រីអាហ្វ្រិកប្រចាំឆ្នាំផងដែរ។ ថ្ងៃឈប់សម្រាកនេះ ត្រូវបានប្រកាសដោយសហភាពអាហ្វ្រិក ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៣១ ខែកក្កដា។
អ្នកស្រីថ្លែងដូចនេះថា៖ «ភាពក្រីក្រនិងការលំបាកដោយជម្លោះប្រដាប់អាវុធនិងតម្លៃទំនិញឡើងខ្ពស់ បានធ្វើឱ្យប៉ះពាល់ដល់គ្រួសារ មិនឱ្យបង្កើតមូលដ្ឋានគ្រឹះសម្រាប់សង្គមអាហ្វ្រិកដ៏រឹងមាំ។ ជម្លោះបានសម្លាប់បុរសឬធ្វើឱ្យពួកគេត្រូវចាកចេញពីសហគមន៍ ហើយស្ត្រីរវល់តែរត់រកកន្លែងសវុត្ថិភាពមិនបានបង្រៀនកូនចៅ ឱ្យរស់នៅជុំគ្នាដោយក្តីស្រឡាញ់ក្នុងសន្តិភាព និងអភិវឌ្ឍតំបន់សហគមន៍របស់គេឡើយ»។
អ្នកស្រីបន្ថែមទៀតថា ស្ត្រីជាអ្នកទទួលរងប៉ះពាល់ខ្លាំងបំផុត ដោយសារវិបត្តិក្រុមអ្នកបំបែកទឹកដី។
ស្រី្តនិងកុមារ ក៏ទទួលរងការប៉ះពាល់ខ្លាំងផងដែរ ដោយបញ្ហាអសន្តិសុខស្បៀងអាហារ នៅតាមព្រំដែនភាគខាងជើងជាមួយប្រទេសឆាដ និងប្រទេសនីហ្សេរីយ៉ា ដែលជាកន្លែងដែលមានការបះបោរដោយក្រុមអ្នកកាន់សាសនាឥស្លាម និងធ្វើឱ្យមនុស្សប្រមាណជាង ៣៦.០០០នាក់បានស្លាប់ ហើយមនុស្សប្រមាណ ៣លាននាក់ គ្មានទីជម្រក។
ក្រុមស្ត្រីកាមេរូនថ្លែងថា ក្រៅពីជម្លោះប្រដាប់អាវុធ ពួកគេក៏កំពុងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរខ្លាំងផងដែរ ទៅលើការឡើងថ្លៃទំនិញសព្វសារពើរ ដែលគេស្តីបន្ទោសទៅលើរុស្ស៊ី ដែលបានចូលឈ្លានពានក្នុងប្រទេសអ៊ុយក្រែន។
រដ្ឋាភិបាលកាមេរូននិយាយថា ចាប់តាំងពីសង្គ្រាមរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ចាប់ផ្តើមឡើងកាលពីខែកុម្ភៈឆ្នាំ ២០២២ មក តម្លៃស្រូវអង្ករ ស្រូវសាឡី ប្រេងឥន្ធនៈ និងជីកសិកម្ម បានឡើងថ្លៃពីរវាងប្រមាណ ៤០ទៅ៦០ភាគរយ។
អ្នកស្រី Kiven Juliet ប្រធានអង្គការកសិករស្រូវសាឡី ក្នុងតំបន់កណ្តាលប្រទេសកាមេរូន បាននិយាយថា អ្នកស្រីបានតាមដានពីកិច្ចប្រជុំកំពូលរុស្ស៊ីអាហ្វ្រិក កាលពីថ្ងៃទី ២៧ ខែកក្កដាកន្លងទៅ ដែលនៅក្នុងកិច្ចប្រជុំកំពូលនោះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានគូសបញ្ជាក់ថា រដ្ឋាភិបាលក្រុងមូស្គូ នឹងចាប់ផ្តើមផ្តល់គ្រាប់ធញ្ញជាតិដោយមិនគិតថ្លៃប្រមាណពី ២៥.០០០តោន ទៅ ៥០.០០០តោន ដល់ប្រទេសអាហ្វ្រិកមួយចំនួន។
ប៉ុន្តែអ្នកស្រី Kiven និយាយថា ប្រទេសកាមេរូនអាចធានាការដាំដុះដើម្បីផ្គត់ផ្គង់ស្បៀងអាហារដោយខ្លួនឯងបាន។
អ្នកស្រីថ្លែងដូចនេះថា៖ «ខ្ញុំបានឮនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលរុស្ស៊ីអាហ្វ្រិកថា រុស្ស៊ីនឹងផ្តល់ស្រូវសាឡី ដល់ប្រទេសអាហ្វ្រិកដោយមិនគិតថ្លៃ ប៉ុន្តែនេះមិនមែនជាអ្វីដែលយើងចង់បាននោះទេ។ រដ្ឋាភិបាលរបស់យើង គួរផ្តល់ប្រាក់ឧបត្ថម្ភដល់ក្រុមកសិករដើម្បីទិញជីនិងដាំដុះស្រូវសាឡីដោយខ្លួនឯង»។
អ្នកស្រី Marie Therese Abena Ondoa រដ្ឋមន្ត្រីក្រសួងផ្តល់ភាពអង់អាចដល់ស្ត្រីនៃប្រទេសកាមេរូន ថ្លែងថា ក្នុងឆ្នាំ២០២២ ប្រធានាធិបតីកាមេរូន លោក Paul Biya បានបញ្ជាឱ្យបញ្ចេញទឹកប្រាក់ប្រមាណជាង ១៥លានដុល្លារអាមេរិក ដើម្បីដាំស្រូវសាឡី នៅក្នុងប្រទេសអាហ្រ្វិកកណ្តាលមួយនេះ។ អ្នកស្រីបន្ថែមទៀតថា ស្ត្រីដែលដាក់ពាក្យសុំ នឹងទទួលបានថវិកា សម្រាប់យកទៅទិញជី ស្រូសាឡី និងពូជស្រូវសម្រាប់ដាំដុះផងដែរ។
អ្នកស្រីថ្លែងដូច្នេះថា៖ «ស្ត្រីតំណាងកម្លាំងកសិកម្មដ៏សំខាន់មួយ ហើយមិនអាចប្រកែកបាន ពួកគេជាអ្នកប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាននិងភាពក្រីក្រផងដែរ។ ស្រ្តីជាអ្នករួមចំណែកដ៏សំខាន់ដើម្បីធ្វើឱ្យជីវភាពគ្រួសារមានលំនឹងនៅតាមតំបន់ជនបទ និងជួយកាត់បន្ថយការធ្វើចំណាកស្រុកពីតំបន់ជនបទ។ ស្ត្រីជាអ្នកមើលថែទាំកូនចៅ ជាអ្នកចូលរួមក្នុងការងារកសិកម្មនិងការងារផ្ទះ ដើម្បីធានាឱ្យមានស្បៀងអាហារនិងអាហារូបត្ថម្ភ សម្រាប់ក្រុមគ្រួសារនិងសហគមន៍។ ពួកគេក៏ត្រូវបានស្គាល់ផងដែរថា ជាអ្នកគាំទ្រដល់ចលនាសម្រាប់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសន្តិភាព»។
ប្រធានាធិបតីកាមេរូន លោក Biya ស្ថិតក្នុងចំណោមមេដឹកនាំអាហ្រ្វិកនានា ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលនៅក្នុងទីក្រុង St. Petersburg ប្រទេសរុស្ស៊ី។ លោកបានស្នើសុំដល់ប្រធានាធិបតីរុស្ស៊ីលោក Putin ឱ្យជួយដល់ប្រទេសអាហ្វ្រិក ដោយបង្កើនការវិនិយោគ និងលុបចោលបំណុល ដែលកើតឡើងពីប្រាក់កម្ចី៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ