ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ការ​ឈានជើង​ចូល​របស់​ចិន​ក្នុង​វិស័យ​ឌីជីថល​នៅ​ទ្វីបអាហ្រ្វិក​ធ្វើ​ឲ្យ​អ្នក​ជំនាញ​ព្រួយ​បារម្ភ


រូបភាពថតកាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០១៩ បង្ហាញបុគ្គលោកក្រុមហ៊ុនកំពុងធ្វើការក្នុងរោងចក្រផលិតទូរស័ព្ទដៃរបស់ក្រុមហ៊ុន Hawei នៅក្រុង Dongguan ខេត្ត Guangdong ប្រទេសចិន។

ចិន​បាន​នាំមុខ​នៅ​ក្នុង​វិស័យ​អភិវឌ្ឍ​បច្ចេកវិទ្យា​បញ្ញានិម្មិត និង​ហេដ្ឋារចនា​សម្ព័ន្ធ​ទូរគមនាគមន៍​នៅ​ទ្វីប​អាហ្វ្រិក។

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២០ ប្រទេស​កាមេរ៉ូន​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន ​Huawei ដែល​ជា​ក្រុមហ៊ុន​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​របស់​ចិន​ ដើម្បី​បំពាក់​គ្រឿង​សម្ភារៈ​នៅ​មជ្ឈ​មណ្ឌល​គ្រប់គ្រង​ទិន្នន័យ​របស់​រដ្ឋាភិបាល។ កាល​ពី​ឆ្នាំ​ ២០១៩ ប្រទេស​កេនយ៉ា​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ចុះហត្ថលេខា​ជាមួយក្រុមហ៊ុន​ដដែល​នេះ ដើម្បី​ដាក់​ចេញ​នូវ​បច្ចេកវិទ្យា​ទីក្រុង​ឆ្លាតវៃ​និង​បច្ចេកវិទ្យា​តាមដាន​ដែល​មាន​តម្លៃ ១៧៤​ លាន​ដុល្លារ​អាមេរិក។

ការ​សិក្សា​មួយ​ដោយ​វិទ្យាស្ថាន​សិក្សា​គោលនយោបាយ Atlantic Council បាន​រក​ឃើញ​ថា ក្រុមហ៊ុន​ Huawei បាន​ផ្គត់ផ្គង់​បណ្តាញ​អ៊ីនធឺណិត 3G ចំនួន​ ៣០​ភាគរយ និង​ 4G ៧០​ភាគរយ​ នៅ​ទ្វីប​អាហ្វ្រិក។

លោក Eric Olander គឺ​ជានិពន្ធ​នាយក​ផ្នែក​គ្រប់គ្រង​នៃ​អង្គការ​ China Africa Project ដែល​ជាប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ពិនិត្យ​មើល​លើ​សកម្មភាព​របស់​ចិន​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក។ លោក​ថ្លែង​ថា ការ​វិនិយោគ​របស់​ចិន​កំពុង​តែ​ជួយ​ឲ្យ​ទ្វីប​អាហ្វ្រិក​រីកចម្រើន។

លោក​បាន​ថ្លែង​ថា៖ «​ឧបករណ៍ផ្គត់ផ្គង់​បណ្តាញ​អ៊ីនធឺណិត​គឺមាន​សារៈសំខាន់​ខ្លាំង ហើយ​ជាពិសេស​តាម​រយៈក្រុមហ៊ុន Huawei​ ចិន​បាន​នាំ​យក​ប្រព័ន្ធ​គ្រប់គ្រងបណ្តាញ​អ៊ីនធឺណិត​រួម​គ្នា​ ជាមួយ​នឹង​កម្ចី​គាំទ្រ​ដោយ​រដ្ឋ​ចិន។ ហើយ​នេះ​ជា​ការ​រួម​បញ្ចូល​គ្នា​ដែល​បាន​បង្ហាញ​ថា​ មាន​ប្រសិទ្ធភាព​ខ្ពស់។ ដូច្នេះ​ រដ្ឋាភិបាល​ប្រទេស​ជា​ច្រើន​ដែល​មិនមាន​លទ្ធភាព​ដំឡើង​បណ្តាញ​អ៊ីនធឺណិត 4G និង ​5G បាន​ពួកគេ​អាច​ទទួល​បាន​កម្ចី​សម្បទាន​ពី​ធនាគារ China Exim Bank ដែល​ត្រូវ​បាន​ប្រើប្រាស់ ហើយ​ទិញ​គ្រឿងសម្ភារៈ​របស់​ក្រុមហ៊ុន Huawei»។

ទិន្នន័យ​ប្រមូល​បាន​ពី​វិទ្យាស្ថាន​ស្រាវជ្រាវគោលនយោបាយ​យុទ្ធសាស្រ្ត​អូស្រ្តាលី ដែល​ជា​អង្គការ​ស្រាវជ្រាវ​ផ្នែក​ការពារជាតិ និង​គោលនយោបាយ​នៅទី​ក្រុង​ Canberra បង្ហាញ​ថា ចិន​បាន​បង្កើត​គម្រោង​បច្ចេកវិទ្យា​ចំនួន ២៦៦ នៅ​ទ្វីប​អាហ្វ្រិក​ ដែល​រួម​មាន​ចាប់​ពី​បណ្តាញ​អ៊ីនធឺណិត​ 4G និង ​5G រហូត​ដល់​ការ​បង្កើត​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ និង​គម្រោង​ទីក្រុង​ឆ្លាតវៃ ដែល​ធ្វើ​ទំនើបកម្មលើ​មណ្ឌលផែនការ​និង​គោលនយោបាយក្រុង និង​កម្មវិធី​អប់រំ​ជាដើម។

ប៉ុន្តែ​ស្រប​ពេល​ដែល​បច្ចេកវិទ្យា​ថ្មី​បាន​ជួយ​ជំរុញ​ទំនើបកម្ម​នៅ​ទ្វីប​អាហ្វ្រិក អ្នក​ជំនាញ​មួយ​ចំនួន​និយាយ​ថា ការណ៍នេះ​អាច​បង្ក​ផលវិបាក​មក​វិញ​ ដោយមិន​ត្រូវ​បាន​វាស់វែង​ក្នុង​ទំហំ​ជា​ទឹកប្រាក់​នោះ​ទេ។

ចិន​បាន​ផ្តល់​កម្ចី​ឲ្យ​រដ្ឋាភិបាល​អេត្យូពី​ជាង​ ៣​ពាន់​លាន​ដុល្លារ ​ដើម្បី​ដំឡើង​ប្រព័ន្ធ​ឌីជីថល​របស់​ខ្លួន។ តែ​ក្រុម​អ្នក​រិះគន់​និយាយ​ថា ថវិកា​នោះ​បាន​ជួយ​ឲ្យ​រដ្ឋាភិបាល​អេត្យូពី​ពង្រីក​ការ​ដឹកនាំ​ប្រទេស​បែប​ផ្តាច់ការ និង​គ្រប់គ្រង​លើ​អ្នក​ប្រើប្រាស់​បណ្តាញ​ទូរគមនាគមន៍​ទៅ​វិញ។

យោង​តាម​ការ​ស៊ើបអង្កេត​មួយ​ដោយ​សារព័ត៌មាន The Wall Street Journal បច្ចេកវិទ្យា​ក្រុមហ៊ុន ​Huawei បាន​ជួយ​ឲ្យ​រដ្ឋាភិបាល​អ៊ូហ្គាន់​ដា និង​សំប៊ី​ ធ្វើ​ចារកម្ម​លើ​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល។ នៅ​ឆ្នាំ ២០១៩ អ៊ូហ្គាន់ដា​បាន​ទទួល​ប្រាក់​រាប់​លាន​ដុល្លារ​សម្រាប់​ទិញ​បច្ចេកវិទ្យា​ឃ្លាំមើល​មួយ​ពី​ក្រុមហ៊ុន​ Huawei ដែល​ត្រូវ​បាន​ប្រើប្រាស់ដើម្បី​បង្ក្រាប​បទឧក្រិដ្ឋកម្ម​នៅ​ក្នុង​ទីក្រុង។

ប៉ូលិស​នៅ​អ៊ូហ្គាន់ដា​បាន​សារភាព​ថា ពួកគេ​បាន​ប្រើប្រាស់​ប្រព័ន្ធ​កំណត់​ផ្ទៃមុខ​ដែល​ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន Huawei ដើម្បី​ចាប់ខ្លួន​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ជាង ៨០០​នាក់ កាល​ពី​ឆ្នាំ​មុន។

លោក Bulelani Jili គឺ​ជា​អ្នកស្រាវជ្រាវ​ផ្នែក​សន្តិសុខ​ប្រព័ន្ធ​អ៊ីនធឺណិត​មួយ​រូប​ ប្រចាំ​មជ្ឈមណ្ឌល Belfer Center នៃ​សាកលវិទ្យាល័យ Harvard។ លោក​និយាយ​ថា ពលរដ្ឋ​អាហ្វ្រិក​ត្រូវ​តែ​ដឹង​ពី​ហានិភ័យ​ផ្សេងៗ​ ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ទាំង​នោះ។

លោក​បាន​ថ្លែង​ថា៖ «ចាំបាច់​ត្រូវមាន​ការ​ដឹងឮ​និង​ការ​យកចិត្ត​ទុក​ដាក់​ជា​សាធារណៈ​ឲ្យ​បាន​ទូលំទូលាយជាង​នេះលើ​បញ្ហា​នេះ​ ពី​ព្រោះមួយ​ផ្នែក ​វា​គឺ​ជា​ចំណុច​វាស់វែង​ដ៏​សំខាន់​មួយទាំង​លើការ​អភិវឌ្ឍ ​ក៏​ដូចជា​ទំនាក់ទំនង​អាហ្រ្វិក​-ចិន ​ដែល​កំពុង​បន្ត​ទៅ​មុខ.... យើង​គួរ​តែ​គិត​អំពី​ឯករាជ្យភាព​នៃ​ទិន្នន័យ​ដែល​ជា​កត្តា​ដ៏​ចម្បង​មួយ​នា​ពេល​ខាង​មុខ»។

លោក Jili បាន​បន្ត​ថា ការ​ចែករំលែក​ទិន្នន័យ​នឹង​បង្ក​បញ្ហា​ប្រឈម​កាន់​តែ​ច្រើន​ជាង​មុន​សម្រាប់​ទំនាក់ទំនង​រវាង​ទ្វីប​អាហ្រ្វិក​និង​ចិន។

លោក​បាន​ថ្លែង​ថា៖ «មានការ​ចោទ​សួរ​ជាសំណួរ​អំពី​សន្តិសុខ​របស់​ទិន្នន័យ ​ជា​ពិសេសទិន្នន័យ​ត្រូវ​បាន​គ្រប់គ្រង អ្នក​ដែល​មាន​កម្មសិទ្ធិ​គ្រប់គ្រងទិន្នន័យ និងការពឹងផ្អែក​របស់​រដ្ឋាភិបាល​លើ​ក្រុមហ៊ុន​ឯកជន​ដើម្បីទាញ​យកបច្ចេកទេស​ក្នុង​ការ​ផ្គត់ផ្គង់​សេវារដ្ឋ​បាល​សាធារណៈ​មួយ​ចំនួន​ មក​ប្រើប្រាស់»។

អង្គការ​ Privacy International ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស​ ឲ្យ​ដឹង​ថា បណ្តា​ប្រទេស​នៅ​ទ្វីប​អាហ្រ្វិក​យ៉ាង​ហោចណាស់ ២៤​ មាន​ច្បាប់​ដែល​ការពារ​ទិន្នន័យ​ឯកជន​របស់​ពលរដ្ឋ។ ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​ថា ភាគច្រើន​នៃ​ច្បាប់​នោះ​មិនត្រូវ​បាន​អនុវត្ត​នោះ​ទេ៕

ប្រែសម្រួល​ដោយ​លោក​ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG