តំណាងពលរដ្ឋខ្មែរនិងសមាជិកគណបក្សសង្គ្រោះជាតិនៅក្នុងតំបន់ឡូវែល (Lowell) រដ្ឋម៉ាស្សាជូសេដ្ឋន៍ (Massachusetts) បានប្រមូលផ្តុំគ្នាប្រារព្ធខួប ២៩ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី ២៣ ខែតុលា ដោយទាមទារឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឈប់រំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងកុំប្រែក្លាយកម្ពុជាទៅជាមូលដ្ឋានយោធាចិន។
កម្មវិធីនេះបានផ្តើមធ្វើនៅមុខសាលាក្រុងឡូវែល ដែលមានពលរដ្ឋខ្មែររស់នៅប្រមាណ ៣ សែននាក់ មានការចូលរួមពីតំណាងពលរដ្ឋជាច្រើននាក់ មកពីសហគមន៍និងរដ្ឋនានា ដូចជារដ្ឋ Rhode Island រដ្ឋ Connecticut រដ្ឋ Florida ជាដើម ដែលមានពាក់ម៉ាស់ការពារ និងឈរឃ្លាតពីគ្នាតាមបម្រាមការពារកុំឲ្យឆ្លងជំងឺកូវីដ១៩។
ក្នុងនោះ ក៏មានសមាជិកក្រុមប្រឹក្សាក្រុងឡូវែលលោក Rodney Elliott លោក នួន វាសនា និងលោក John Drinkwater លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលកម្ពុជារំលាយ និងក្រុមមន្ត្រីគណបក្សប្រឆាំងនេះមួយចំនួនទៀត ហើយនិងវាគ្មិនជាច្រើនទៀត ដែលមកពីទីក្រុងឡូវែល។
កម្មវិធីប្រារព្ធខួបនេះ ចាប់ផ្តើមពីពិធីគោរពទង់ជាតិអាមេរិកាំងនិងខ្មែរ ការគោរពវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរគ្រប់ជំនាន់ តាមប្រពៃណីបែបពុទ្ធសាសនាដឹកនាំដោយព្រះតេជគុណប៊ុត ប៊ុនតិញ។
កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ក្នុងទីក្រុងប៉ារីសប្រទេសបារាំង កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដ៏សំខាន់នេះ ត្រូវបានចុះហត្ថលេខាទទួលស្គាល់ដោយកម្ពុជានិងសហគមន៍អន្តរជាតិ ដើម្បីបញ្ចប់ជម្លោះរវាងភាគីខ្មែរបួនក្រុម។
ភាគីខ្មែរបានព្រមព្រៀងគ្នាបញ្ចប់សង្គ្រាមស៊ីវិល ក្រោមការផ្តួចផ្តើម និងគាំទ្រដោយប្រទេសមហាអំណាច រួមទាំងសហរដ្ឋអាមរិក និងប្រទេសជាមិត្តរបស់កម្ពុជាចំនួន ១៨ រួមទាំងអង្គការសហប្រជាជាតិ (អ.ស.ប.) ផងដែរ។ កិច្ចព្រមព្រៀងនេះនាំឲ្យកម្ពុជាមានការបោះឆ្នោតលើកដំបូង ក្រោមការជួយជ្រោមជ្រែងពីអង្គការសហប្រជាជាតិ កាលពីឆ្នាំ ១៩៩៣ ហើយប្រទេសនានានិងមេដឹកនាំនយោបាយខ្មែរ បានធានាចំពោះកម្ពុជាថា នឹងធ្វើឲ្យកម្ពុជាក្លាយជាប្រទេសនីតិរដ្ឋ គោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងមានការអភិវឌ្ឍពិតប្រាកដ។
ក្រុមពលរដ្ឋខ្មែរនិងតំណាងគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ មុនការបោះឆ្នោតកាលពីឆ្នាំ ២០១៨ នោះ បានលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលោភកិច្ចព្រមព្រៀងនេះ ហើយបានធ្វើឲ្យកម្ពុជារងគ្រោះ ដោយបាត់អធិបតេយ្យបូរណភាពដែនដី មានអំពើអយុត្តិធម៌សង្គម បំផ្លាញលទ្ធិប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្ស ដីធ្លីបំផ្លាញធនធានធម្មជាតិ ដែលធ្វើឲ្យពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិជាដើម។
លោកស្រី មូរ សុខហួរ អនុប្រធានម្នាក់គណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់ VOA នៅក្នុងការប្រមូលផ្តុំគ្នាថា៖ «ឥឡូវយើងឃើញថា មានការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ។ អត់មានទេ ការបោះឆ្នោតដោយសេរី ដោយត្រឹមត្រូវនិងយុត្តិធម៌។ អត់មានទេ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ អត់មានទេ ពលរដ្ឋជាម្ចាស់ទឹកម្ចាស់ដី»។
លោកស្រីបន្ថែមថា៖ «យើងឃើញថា អ្វីដែលជាការសំខាន់ គឺកិច្ចព្រមព្រៀងក្រៅច្បាប់ ដែលរំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីស កិច្ចព្រមព្រៀងរវាងលោកហ៊ុន សែន និងរដ្ឋាភិបាលចិន។ កន្លែងនេះ គឺកន្លែងដ៏សំខាន់ណាស់ ហើយយើងខ្ញុំមិនភ្ញាក់ផ្អើលទេ ដែលលោក ហ៊ុន សែន ចង់បំបាត់ចោលនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ពីព្រោះគាត់យកទឹកដីខ្មែរយើង គាត់យកធនធានធម្មជាតិយើង យកទៅឲ្យចិន»។
លោក អ៊ុង រិទ្ធី ពលរដ្ឋខ្មែរអាមេរិកាំងនិងជាប្រធានគណបក្សសង្គ្រោះជាតិសាខាសហរដ្ឋអាមេរិក បានថ្លែងនៅក្នុងពេលប្រារព្ធពិធីរលឹកខួបសន្ធិសញ្ញាទីក្រុងប៉ារីសថា ពលរដ្ឋកម្ពុជាត្រូវក្រោកឈរឡើង និងពួតដៃគ្នា ទាមទារនូវអ្វីដែលបងប្អូនបាត់បង់ បើមិនអ៊ីចឹងទេ សន្តិភាពនិងលទ្ធិប្រជាធិបតេយ្យ ក៏មិនបានមកវិញដែរ។
«អីចឹង សំណូមពរឲ្យលោកហ៊ុន សែន សុំយកលទ្ធិប្រជាធិបតេយ្យមកឲ្យបងប្អូនខ្មែរយើង តាមសន្ធិសញ្ញាទីក្រុងប៉ារីស ឆ្នាំ ១៩៩១។ សូមឲ្យចិនគោរពសន្ធិសញ្ញាទីក្រុងប៉ារីស»។
លោកថា ចិនជាប្រទេសហត្ថលេខីមួយដែរ ដែលត្រូវធានាចំពោះកម្ពុជា ដូចសហគមន៍អន្តរជាតិដែរ។
លោកបានបន្តលើកឡើងពីការឈឺចាប់ដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ហើយបន្ថែមថា កម្ពុជាមិនត្រូវមានវត្តមានយោធាចិន ដែលនាំឲ្យមានវិនាសកម្មស្លាប់បាត់បង់ជីវិត ដូចពីអតីតកាលសម័យខ្មែរក្រហមក្នុងទសវត្សរ៍ ១៩៧០ នោះទេ។
ព្រះអង្គ ប៊ុត ប៊ុនតិញ ដែលបានចូលរួមក្នុងការប្រមូលផ្តុំនេះ មានសង្ឃដីកាបង្ហាញក្តីបារម្ភអំពីឥទ្ធិពលកាន់តែខ្លាំងឡើងរបស់រដ្ឋាភិបាលចិន នៅក្នុងប្រទេសកម្ពុជា។
«បើសិនជាវត្តមានចិននិងវត្តមានយោធាចិននៅលើទឹកដីកម្ពុជា ក្នុងឆ្នាំ ២០២០ និងឆ្នាំខាងមុខនេះវាសនាកម្ពុជាអាចនៅសល់តែលលាដ៍ក្បាល ដូចឆ្នាំ ១៩៧៥ ដល់ ១៩៧៩។ ដោយយោងលើប្រវត្តិសាស្ត្រដ៏ជូរចត់ ដែលកម្ពុជាជួបនិងបាត់បង់ពូជសាសន៍ជាង ១ លាននាក់ ថ្ងៃនេះយើងអត់ចង់ឲ្យប្រវត្តិកម្ពុជា ដើរជាន់ដានលលាដ៍ក្បាល ដូចអតីតកាលទេ»។
ព្រះតេជគុណបានបញ្ជាក់ថា ការចូលរួមសិក្សាពីវិសាលភាពនិងសុពលភាពជារឿងសំខាន់ សម្រាប់កូនខ្មែរ ក្រៅពីការពឹងផ្អែកលើសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក អឺរ៉ុប និងអ.ស.ប. ដើម្បីរក្សាអធិបតេយ្យភាព និងសេរីភាពកម្ពុជា។
«ចាប់តាំងពីថ្ងៃដែលលោក ហ៊ុន សែន ផ្តេកផ្តួលចុះហត្ថលេខាធ្វើការជាមួយរដ្ឋាភិបាលចិន កម្ពុជាបាត់បង់ទី ១ គឺអធិបតេយ្យភាព និងបាត់បង់ទី ២ គឺសេដ្ឋកិច្ចគឺបាត់បង់នៅបញ្ហាពីរនេះឯង។ ទាំងអស់នោះ ដែលគេមើលឃើញថា ចិនជាដើមហេតុនៃបញ្ហាសម្រាប់ប្រវត្តិសាស្ត្រជូរចត់ទី ២ នៅកម្ពុជា»។
កាលពីពាក់កណ្តាលខែកញ្ញា ក្រសួងរតនាគារសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើក្រុមហ៊ុនចិន ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ដោយសារតែការរឹបអូសដីធ្លី និងការបណ្តេញពលរដ្ឋចេញពីផ្ទះសម្បែង ដើម្បីអភិវឌ្ឍគម្រោងមណ្ឌលកម្សាន្ត និងកន្លែងលេងល្បែងដ៏ប្រណីត ក្នុងទឹកប្រាក់ ៣,៨ ពាន់លានដុល្លារ។
មណ្ឌលកម្សាន្តទេសចរណ៍តារាសាគរ ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន យូញៀន ឌីវេឡុបមេន គ្រុប (Union Development Group) របស់ចិននៅក្នុងខេត្តកោះកុង រួមមានអាកាសយានដ្ឋានអន្តរជាតិ និងផែកប៉ាល់ទេសចេណ៍ ដែលរបាយការណ៍គួរឲ្យទុកចិត្តបានមួយ បានលើកឡើងថា អាចជាទីតាំងប្រើប្រាស់ដោយយោធាចិន។ តែការលើកឡើងនេះ ត្រូវបានបដិសេធដោយរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនចិន Union Development Group ផងដែរ។
គណៈកម្មាការព្រំដែនកម្ពុជានៅប្រទេសបារាំង ដែលមានការប្រាព្ធខួបពីពលរដ្ឋខ្មែរនៅទីនោះផងដែរនោះ បានចាត់ទុកថា មេដឹកនាំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា និងវៀតណាមដែលជាហត្ថលេខីកិច្ចព្រមព្រៀងក្រុងប៉ារីសមួយដែរ មិនដែលបានគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទេ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃសុក្រ គណៈកម្មាការបានបញ្ជាក់ថា៖ «វៀតណាមដែលជាប្រទេសហត្ថលខីមួយនៃកិច្ចព្រមព្រៀង បានបន្តរំលោភបូរណភាពទឹកដីកម្ពុជា និងរក្សាកម្លាំងរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជាជានិច្ច។ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបន្តរំលោភលើសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ និងលទ្ធិប្រជាធិតេយ្យពហុបក្ស ដែលបង្កើតឡើងដោយកិច្ចព្រមព្រៀងនោះ ដោយគ្មានទោសពៃរ៍អ្វីទាំងអស់»។
ក្រៅពីរៀបរាប់លម្អិតក្នុងសេចក្តីថ្លែងការណ៍ដោយលោកប្រធាន ឌី ការ៉េត នោះ គណៈកម្មការនេះបានចាត់ទុកថា ក្រោយរយៈពេល ២៩ ឆ្នាំមកនេះ ប្រទេសកម្ពុជាធ្លាក់ក្នុងស្ថានភាពដូចគ្នានឹងការចាប់ផ្តើមនៃសង្គ្រាមឆ្នាំ ១៩៧០ ដែលនាំឲ្យមានការបំផ្លិចបំផ្លាញកម្ពុជា។
ទោះជាយ៉ាងណា នៅប្រទេសកម្ពុជាវិញ សារអបអរសាទរលើទំព័រហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងរៀបរាប់ពីការចាប់ផ្តើមចរចារកសន្តិភាពនៅ FER-EN-TRDENOIS ប្រទេសបារាំង ហើយបានឈានដល់កិច្ចព្រមព្រៀងមួយក៏ពិតមែន តែកម្ពុជាមិនទាន់បានបញ្ចប់សង្គ្រាមទេ គឺនយោបាយឈ្នះឈ្នះរបស់លោកទៅវិញទេ ដែលបានបញ្ចប់សង្គ្រាមកាលពីឆ្នាំ ១៩៩៨ នាំមកនូវសន្តិភាពពេញលេញ និងមានការអភិវឌ្ឍ។ បន្ថែមលើនេះ លោក ហ៊ុន សែន បានថ្លែងជាច្រើនលើកអំពីដំណើរការនៃកិច្ចព្រមព្រៀងនេះ នៅក្នុងសារជាសាធារណ:ក្នុងកម្មវិធីមួយចំនួនប៉ុន្មានថ្ងៃនេះ។
សមាជិកថ្នាក់ដឹកនាំក្នុងក្រុងនិងពលរដ្ឋខ្មែរនៅក្នុងទីក្រុងឡូវែល និងក្នុងទីក្រុងផ្សេងទៀត នៅសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត មិនបានយល់ស្របតាមការអះអាងរបស់លោកនាយករដ្ឋមន្ត្រីនោះទេ។ ពួកគេសម្តែងការមិនពេញចិត្ត និងអយុត្តិធម៌សង្គម ការបំបាត់របបសេរីពហុបក្ស លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស និងសិទ្ធិបញ្ចេញមតិ ដូចដែលមានចែងក្នុងច្បាប់និងតាមគោលការណ៍និងស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
លោក Rodney Elliott អតីតអភិបាលក្រុមឡូវែល និងបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាក្រុងឡូវែល បានលើកឡើងថា ប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានបរាជ័យក្នុងការប្តេជ្ញាចិត្តរបស់ពួកគេ លើដំណើរការលទ្ធិប្រជាធិបតេយ្យនិងគោលការណ៍គោរពសិទ្ធិមនុស្សនៅកម្ពុជា។
«ខ្ញុំបានអាន[កិច្ចព្រមព្រៀងនោះ]ទាំងអស់ ដែលមានមាត្រា ៣២ ដែលនិយាយអំពីសិទ្ធិមនុស្សជាមូលដ្ឋាន សេរីភាពរបស់ប្រជាពលរដ្ឋក្នុងការប្រមូលផ្តុំ សេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពនៃការបោះឆ្នោត។ ហើយដូចដែលខ្ញុំបានស្តាប់មនុស្សជាច្រើន នៅក្នុងការប្រជុំគ្នាថ្ងៃនេះ ខ្ញុំសូមសន្និដ្ឋានថា ប្រទេស[ហត្ថលេខី]ទាំងនោះនៅឆ្នាំ ១៩៩១ គឺកាលពី ២៩ ឆ្នាំមុន ពិភពលោកបាននាំឲ្យប្រជាជនកម្ពុជាបរាជ័យ ពីព្រោះយើងមិនបានអនុវត្តតាមកិច្ចព្រមព្រៀងនេះ»។
លោក John Drinkwater សមាជិកក្រុមប្រឹក្សាក្រុងឡូវែលមួយរូបទៀតដែលបានចូលរួមការប្រមូលផ្តុំគ្នាក្នុងខួបទី ២៩ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បង្ហាញការប្តេជ្ញាចិត្តរបស់លោកក្នុងការគាំទ្រលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។
«ហើយយើងមិនអាចបំភ្លេចបាននូវការតស៊ូនានានៅកន្លែងជាច្រើន នៅជុំវិញពិភពលោក ជាពិសេសនៅប្រទេសកម្ពុជា ដែលកំពុងកើតឡើង ដើម្បីសិទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ដើម្បីស្តង់ដារជីវិតដ៏សមរម្យនិងមានគុណភាពសម្រាប់អ្នករាល់គ្នា។ ដូច្នេះ នៅពេលខ្ញុំឈរនៅទីនេះ ខ្ញុំសូមសន្យាជាមួយអ្នកថា អ្វីៗដែលយើងអាចធ្វើបានដូចគ្នានឹងមន្ត្រីដទៃទៀតដែរ គឺយើងឈរជាមួយអ្នក ហើយតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។ យើងនៅទីនេះជាមួយអ្នក»។
បន្ថែមលើនេះ លោក នួន វាសនា សមាជិកក្រុមប្រឹក្សាក្រុងឡូវែលដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ បានសម្តែងការមិនពេញចិត្តចំពោះសកម្មភាពចាប់ឃុំខ្លួនសកម្មជននយោបាយ និងសិទ្ធិមនុស្សជាបន្តបន្ទាប់ ដោយអាជ្ញាធរកម្ពុជា។
«ហើយមកដល់សព្វថ្ងៃនេះ ខ្ញុំក៏មិនខុសពីបងប្អូនដែរ គឺចង់ឃើញឲ្យមានការផ្លាស់ប្ដូរ។ បងប្អូននៅស្រុកខ្មែរបើចេញ រដ្ឋាភិបាលខ្មែរហាមហើយបើចេញគឺចាប់ដាក់គុក។ បើអ៊ីចឹងយើងចេញជំនួសបងប្អូននៅស្រុកខ្មែរ»។
នៅក្នុងកម្មវិធីដដែលបានបង្ហាញពីការដើរក្បួន និងស្រែកប្រឆាំងជាមួយនឹងវត្តមានចិននៅកម្ពុជាផងដែរ ដោយពោលពាក្យថា «ចិនត្រូវតែចេញពីកម្ពុជា» «ពលរដ្ឋខ្មែរបដិសេធមូលដ្ឋានទ័ពចិននៅកម្ពុជា» «ជយោកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ មានជីវិតអមតៈ»។
ដោយឡែក ពលរដ្ឋអាមេរិកាំងនៅក្នុងទីក្រុងឡូវែលដែលបានចូលរួមការប្រារព្ធខួបទី ២៩ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសរបស់កម្ពុជា ក៏បានបង្ហាញការខកចិត្តនិងភាពអាម៉ាស់ដែលរដ្ឋាភិបាលអាមេរិក មិនបានធ្វើតាមការប្តេជ្ញាចិត្តរបស់ខ្លួនទៅតាមកិច្ចព្រមព្រៀងនេះ។
លោក Joseph Boyle នៃអង្គការ Solidarity Lowell បានថ្លែងប្រាប់ VOA ថា លោកគឺជាអ្នកគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ហើយថាលោកខកចិត្តនឹងសហគមន៍អន្តរជាតិ ដែលមិនបានបំពេញកិច្ចការឲ្យច្រើនជាងនេះ ដើម្បីធានាឲ្យមានលទ្ធិប្រជាធិបតេយ្យដ៏ពិតប្រាកដមួយនៅកម្ពុជា។
«ខ្ញុំមានការខកចិត្តលើសហគមន៍អន្តរជាតិនិងរដ្ឋាភិបាលរបស់ខ្ញុំ ដែលមិនបានប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលត្រូវបានគេសន្មត់ថា ធានាឱ្យមានការបោះឆ្នោតប្រជាធិបតេយ្យនៅកម្ពុជា ធានាសិទ្ធិពលរដ្ឋកម្ពុជា ហើយធានាសិទ្ធិរបស់ពួកគេដោយរដ្ឋាភិបាល»។
លោក Boyle ក៏បានអះអាងថា រដ្ឋាភិបាលលោកហ៊ុន សែនបានព្រងើយកន្តើយនិងរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយ«បានបដិសេធលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា»។
លោកបន្ថែមថា៖ «ហើយពិភពលោកមិនបានធ្វើអ្វីទាល់តែសោះចំពោះរឿងនេះ។ សូម្បីតែប្រទេសដែលបានចុះហត្ថលេខារបស់ពួកគេលើកិច្ចព្រមព្រៀងនេះ។ យើងនឹងបាត់បង់ភាពជឿជាក់របស់យើង ភាពជឿជាក់របស់សហរដ្ឋអាមេរិក គឺស្ថិតក្នុងភាពផុយស្រួយ។ ហើយយើងមិនបានធ្វើអ្វីសោះ អំពីបញ្ហានៅកម្ពុជាអស់ជាច្រើនទសវត្សរ៍មកហើយ»។
នៅក្នុងថ្ងៃប្រារព្ធខួបលើកទី ២៩ ឆ្នាំនេះ ពលរដ្ឋខ្មែរដែលបង្ហាញសាមាន្យចិត្តស្នេហាជាតិ និងស្រឡាញ់ប្រទេសកំណើតនៅប្រទេសនានា និងសហគមន៍ក្នុងរដ្ឋនានាជាច្រើនទៀត ក៏បានប្រារព្ធខួបលើកទី ២៩ ឆ្នាំនេះផងដែរ ដើម្បីបញ្ចេញមតិរបស់ពួកគេឲ្យបានដឹងឮដល់ពលរដ្ឋខ្មែរទូទៅ និងសហគមន៍អន្តរជាតិថា កម្ពុជាកំពុងប្រឈមមុខជាច្រើន ដោយសារតែរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដែលក្រុមពលរដ្ឋនិងក្រុមគណបក្សជំទាស់ចាត់ទុកថា មិនបានគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយកំពុងត្រូវការដំណោះស្រាយ៕