ដំណើរ​ទស្សន​កិច្ច​របស់​ភរិយា​ប្រធានាធិបតី​ស.រ.អា.​ផ្តល់​ក្តី​សង្ឃឹម​ដល់​ការអប់រំ​កុមារី​កម្ពុជា

Your browser doesn’t support HTML5

កម្ពុជា​រំពឹងថា​ ទស្សន​កិច្ច​លោកស្រី​ Michelle ​នឹង​លើក​ស្ទួយ​ការ​សិក្សា​របស់​សិស្សស្រី

ប្រជា​ពលរដ្ឋ​កម្ពុជា​បង្ហាញ​ក្តី​សង្ឃឹម​ចំពោះ​ឥទ្ធិពល​នៃ​ដំណើរ​ទស្សន​កិច្ចរបស់​លោកស្រី​ Michelle Obama ទៅ​កាន់​ប្រទេស​កម្ពុជា​កាលពី​ចុង​សប្តាហ៍​មុន​ ដោយ​លើក​ឡើង​ថា ​កម្មវិធី​«ចូរ​ឲ្យ​ក្មេង​ស្រី​ទៅ​រៀន»​ ដែល​លោកស្រី​នាំមក​ជា​មួយ​នោះ​ នឹង​ជួយ​ឲ្យ​ក្មេងស្រី​នៅ​កម្ពុជា​ កាន់តែ​ច្រើន​ឡើង​បាន​ទទួល​ការ​អប់រំ​រហូត​ដល់​កម្រិត​ខ្ពស់។

កុមារី ​ផន ចាន់បូណាវី​គឺ​ជា​សិស្ស​ថ្នាក់​ទី៦​នៃ​សាលា​បឋម​សិក្សា​កេស​រារាម​ ស្ថិត​ក្នុង​ក្រុង​សៀមរាប ​ប្រទេស​កម្ពុជា ​ជា​ក្រុង​ដែល​លោកស្រី​ជំទាវ​ទី១​នៃ​ សហ​រដ្ឋ​អាមេរិក ​Michelle Obama បាន​ធ្វើ​ទស្សន​កិច្ច​រយៈ​ពេល​បីថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​២០​ខែ​មីនា ​ឆ្នាំ​២០១៥​មក។​

កុមារី ចាន់បូណាវី​និយាយ​ថា​ នាង​ចង់​រៀន​យ៉ាង​ហោច​ណាស់​ឲ្យ​ចប់​ថ្នាក់​វិទ្យាល័យ ​ប៉ុន្តែ​នាង​បារម្ភ​ថា​ នាង​អាច​នឹង​ត្រូវ​បង្ខំ​ចិត្ត​បោះ​បង់​ការ​សិក្សា​ចោល​ ដើម្បី​ជួយ​ធ្វើការ​ងារ​ឪពុក​ម្តាយ ​ដូច​ក្មេង​ស្រីៗ​ជា​ច្រើន​ទៀត​នៅ​ទូទាំង​ប្រទេស​ដែរ។​

ប៉ុន្តែ​នាង​ហាក់​ដូចជា​បាន​ប្តេជ្ញា​ចិត្ត​ថា ​នាង​នឹង​រៀន​ឲ្យ​ទាល់តែ​ចប់​ ទោះបី​ជា​នាង​ត្រូវ​ជួយ​ធ្វើ​កិច្ច​ការ​សម្រាប់​ក្រុម​គ្រួសារ​ក៏​ដោយ។​

«បើ​ជួបរឿង​ហ្នឹង​ ខ្ញុំ​នឹង​ខំរៀន​បណ្តើរ ធ្វើ​ការ​បណ្តើរ»។

លោក​ស្រី ​វ៉ាន់ ម៉ារ៉ាត់​គឺ​ជា​នាយិកា​សាលា​បឋម​សិក្សា​កេសរារាម​នេះ។​ លោកស្រី​មាន​ប្រសាសន៍​ថា ​លោកស្រី​រំភើប​ចិត្ត​ចំពោះ​ដំណើរ​ទស្សន​កិច្ច​របស់​លោកស្រី​ Michelle Obama មក​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង​នេះ​ ហើយ​សង្ឃឹម​ថា​ ដំណើរ​ទស្សន​កិច្ច​នេះ​នឹង​អាច​ជួយ​ក្មេង​ស្រីៗ​ ដូច​ជា​កុមារី ចាន់បូណាវី​ជា​ដើម​ឲ្យ​ពួក​គេ​អាច​សម្រេច​បាន​នូវ​ក្តី​សុបិន​របស់​ពួក​គេ​បាន​ តាម​រយៈ​កម្ម​វិធី​«ចូរ​ឲ្យ​ក្មេង​ស្រី​ទៅ​រៀន» ​ដែល​ លោកស្រី​បាន​នាំ​យក​មក​ជាមួយ។​

«ចំពោះ​កម្មវិធី​ជួយ​ដល់​កុមារី​នេះ​ ខ្ញុំគិត​ថា​ ល្អណាស់​ ព្រោះខ្មែរ​យើង​ពីដើម​មក​ច្រើន​តែ​ទុកស្រី​ហ្នឹង​ជា​ជំហាន​ក្រោយ​ លើក​តែ​សមត្ថ​ភាព​ប្រុស​ តែ​ឥឡូវ​ហ្នឹង​យើង​បាន​យក​ចិត្ត​ទុក​ដាក់​ជាធំ​ទៅ​លើ​កុមារី»។​

Your browser doesn’t support HTML5

កម្ពុជា​រំពឹងថា​ ទស្សន​កិច្ច​លោកស្រី​ Michelle ​នឹង​លើក​ស្ទួយ​ការ​សិក្សា​របស់​សិស្សស្រី

កម្មវិធី​«ចូរ​ឲ្យ​ក្មេង​ស្រី​ទៅ​រៀន»​ឬ Let Girls Learn​ ដែល​ទើប​ត្រូវ​បាន​ ប្រកាស​កាលពី​ពេល​ថ្មីៗ​នេះ ​មាន​គោល​បំណង​ជួយ​ក្មេង​ស្រីៗ​នៅ​ជុំវិញ​ពិភព​លោក​ឲ្យ​បានចូ​ល​រៀន​ និង​រៀន​ឲ្យ​បាន​ចប់។

ប្រទេស​កម្ពុជា​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ចំនួន​១១​ដំបូង​គេ​ ដែល​បាន​ចូលរួម​ក្នុង​កម្ម​វិធី​ថ្មី​នេះ។​

ផ្អែក​ដ៏​សំខាន់​មួយ​នៃ​កម្ម​វិធី​នេះ​គឺ​គាំទ្រ​ដំណោះ​ស្រាយ​នានា​ ដែល​ដឹកនាំ​ដោយ​សហគមន៍ ​តាម​រយៈ​ក្រុម​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​ Peace Corps​ របស់​សហ​រដ្ឋ​អាមេរិក។ ​ក្រុម​នេះ​ កំពុង​ធ្វើការ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ជាង​៦០​ប្រទេស ​ដោយរួម​ទាំង​កម្ពុជា​ផង​ដែរ។​

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​ស្ម័គ្រចិត្ត​សហ​រដ្ឋ​អាមេរិក​នៅ​ទីនេះ​កាលពី​ថ្ងៃ​សៅរ៍​ លោក​ស្រី Michelle Obama ភរិយា​របស់​ប្រធានាធិតី​អូបាម៉ា​ មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖​

«នៅពេល​ក្មេងស្រី​ទទួល​បាន​ការអប់រំ​ គឺ​នៅពេល​ដែលពួក​គេ​បាន​រៀនអាន​ សរសេរ ​និង​គិត​នោះ​ វាធ្វើ​ឲ្យ​ពួកគេ​មាន​លទ្ធភាព​បញ្ចេញ​យោបល់ ​និង​ពិភាក្សា​អំពី​អយុត្តិធម៌ ​និង​ទាមទារ​សមភាព។​ ហើយ​វាក៏​ជួយឲ្យ​ពួកគេ​បាន​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ​ និង​ឲ្យ​មេ​ដឹកនាំ​របស់​ពួកគេ​ទទួល​ខុសត្រូវ​ ហើយ​នឹង​អំពាវនាវ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​នៅ​ពេល​ដែល​តម្រូវ​ការ​និង​សេចក្តី​ប្រាថ្នា​ចង់បាន​របស់​ពួកគេ​មិន​ត្រូវ​បាន​ឆ្លើយ​តប​ទេ​នោះ»។​

នៅពេល​ដែល​មក​ទស្សន​កិច្ច​វិទ្យាល័យ​មួយ​នៅ​ជាយ​ក្រុង​សៀមរាប​នេះ​ ជំទាវ​ទី១​របស់​សហ​រដ្ឋ​អាមេរិក​រូប​នេះ​ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ ពី​សារៈ​សំខាន់​នៃ​ការ​វិនិយោគ​ទៅ​លើ​ការ​អប់រំ​របស់​ស្រ្តី ​និង​ជាពិ​សេស​កុមារី។

«ការងារ​បស់​យើង​ដែល​ជា​ការងារ​រួមគ្នា​នោះ គឺត្រូវ​ជួយ​អ្នក​ដទៃ​ទៀត​ឲ្យ​ឈាន​ដល់​ការ​សន្និដ្ឋាន​ដូច​គ្នា​អំពី​ស្រ្តី ​និង​កុមារី។​ សម្រាប់​អ្នក​ទាំង​ឡាយ​ដែល​គិត​ថា​ វា​ជា​ការ​ប្រសើរ​ជាង​ដែល​មិន​ឲ្យ​ក្មេង​ស្រី​ទៅ​រៀន​នោះ​គឺ​វា​អាស្រ័យ​ទៅ​លើ​អ្នក​ទាំងអស់​គ្នា​នេះ​ហើយ​ ក្នុង​ការ​ជួយ​លើក​ឡើង​នូវ​អំណះ​អំណាង​ថា ​ការ​វិនិយោគ​ទៅ​លើ​អ្នក​ទាំងអស់​គ្នា​គឺ​ជា​ការ​វិនិយោគ​ល្អ​បំផុត​ ដែល​គ្រួសារ​របស់​អ្នក​អាច​ធ្វើបាន​ដើម្បី​អ្នក​នឹង​សហគមន៍»។​

មាន​ក្មេង​ស្រី​ចំនួន​៦២​លាន​នាក់ ​មិន​បាន​ចូល​សាលា​រៀន​ទេ។​ អត្រា​បោះ​បង់ចោល​ការ​សិក្សា​របស់​កុមារី​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ដូចជា​កម្ពុជា​ជាដើម​ នៅតែ​មាន​បញ្ហា​ប្រឈម​ធំ​មួយ។​

លោក​ហង់ ជួនណារ៉ុន​គឺ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ របស់​កម្ពុជា។​

«ត្រូវ​ជំរុញ​ការ​សិក្សា​របស់​ស្ត្រី​ឲ្យ​បាន​ផុត​មធ្យម​សិក្សា​ ហើយ​ដល់​ឧត្តម​សិក្សា​ទាំង​អស់​គ្នា​ដែរ។ ​អញ្ចឹង​ហើយ ​កម្ពុជា​ស្វាគមន៍​ ហើយជាពិសេស​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត្យ​ លោក​បាន​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​នូវ​គំនិត​ផ្តួច​ផ្តើម​របស់​លោក​ជំទាវ​អូបាម៉ា​នេះ​ដើម្បី​ឲ្យ​កុមារី​ ក៏​ដូច​ជា​នារី​កម្ពុជា​ហ្នឹង​បាន​ទទួល​ការ​អប់រំ​ដូច​នៅ​តាម​អារ្យ​ប្រទេស​ផង​ដែរ»។​

ជំនាវ​ទី១​នៃ​កម្ពុជា​គឺ​លោកស្រី​ប៊ុន រានី​មាន​ប្រសាសន៍​ថា​ ដំណើរ​ទស្សន​កិច្ច​របស់​សមភាគី​របស់​លោកស្រី​នេះ​គឺ​ជា​ដំណើរ​ទស្សន​កិច្ច​ ជា​ប្រវត្តិ​សាស្ត្រ​ដែល​នឹង​ជួយ​កុមារី​ និង​ក្មេង​ស្រីៗ​កម្ពុជា​ ឲ្យ​សម្រេច​បាន​គោលដៅ​នៃ​ការ​សិក្សា​កម្រិត​ខ្ពស់​របស់​ពួក​គេ។​

«ទទួល​យក​គម្រោង​នេះ ​ទទួល​យក​យ៉ាង​ម៉េច? ​សំខាន់​គឺ​ក្រេប​ជញ្ជក់​ចំណេះ​ដឹង​ វិជ្ជាជីវៈ​ដែល​លោក​ជំទាវ​បាន​ពាំនាំ​យកមក»។​

លោកស្រី​ពុង ឈីវកេក​គឺ​ជា​ប្រធាន​អង្គការ​លីកាដូ​ ដែល​បាន​ចូលរួម​ជជែក​ពិភាក្សា​តុមូល​ជាមួយ​លោកស្រី ​Michelle Obama។​

«លោក​ជំទាវ​អញ្ជើញ​មក​នេះ​គឺ​ជា​ការ​ល្អ​ណាស់​សម្រាប់​ប្រទេស​យើង​ចា៎!​ មិនមែន​មិន​មាន​ទេ​ចា៎! ​ខ្ញុំ​ជឿ​ជាក់​ថា ​អញ្ជើញមក​នេះ​បាន​ដូច​ថា ​ជំរុញ​ឲ្យ​ទាំងអស់​គ្នា​បាន​ចាប់​អារម្មណ៍​ណា៎ ​ចា៎​ ចាប់​អារម្មណ៍​ថា ​តើ​លោក​ជំទាវ​ចង់​ជួយ​អី​ទៅ​ដល់​ពិភពលោក​ មិនមែន​តែ​ប្រទេស​កម្ពុជា​យើង​ទេ​ចា៎។​ អញ្ចឹង​មក​ដល់​កម្ពុជា​យើង ​លោក​ជំរុញ​រឿង​ការ​អប់រំ​ហ្នឹង។ ការ​អប់រំ​កូន​ក្មេង​ស្រី​ជាពិសេស​...ទាំងអស់​គ្នា​ចា៎! ​ប៉ុន្តែ​ចាប់​អារម្មណ៍ជាង​គេ​គឺ​មាន​កម្ម​វិធី​របស់ប្រធានាធិបតី​ហ្នឹង​គឺ​ Let Girls Learn​ គឺ​ថា ​ទុក​ឲ្យ​កូនស្រី​មាន​ឱកាស​នឹង​រៀន។ ​អញ្ចឹង​កម្ម​វិធី​ហ្នឹង​គឺ​ល្អ​មែន​ទែន។ ​ដូច្ចេះ​ខ្ញុំ​ថា​ មាន​ផល​វិជ្ជមាន​ច្រើន​ណាស់។ ​យើង​ប្រហែលជា​មិន​ទាន់​ឃើញ​ភ្លាមៗ​ទេ ​តែ​ទៅ​អានាគត​ ខ្ញុំ​ជឿ​ជាក់​ថា​ ផល​វិជ្ជមាន​បាន​ល្អ។ ​ទាំង​អស់​គ្នា​ចាប់​អារម្មណ៍​ នាំ​គ្នា​ចាប់​អារម្មណ៍»។​

ទោះ​ជាយ៉ាង​នេះក្តី​ លោកស្រី​បន្ថែម​ថា ​ដើម្បី​ឲ្យ​ការ​អប់រំ​កុមារី​នេះ​ សម្រេច​បាន​ជោគជ័យ​ពិត​ប្រាកដ ​គេ​ចាំបាច់​ត្រូវ​បង្កើន​ប្រាក់ខែ​គ្រូ​បង្រៀន​ ហើយ​ធានា​ឲ្យ​មាន​ការ​អប់រំ​មួយ​ដែល​មិន​យក​កម្រៃ​ពី​កូន​សិស្ស៕