សមាគម​គ្រូ​បង្រៀន​ប្រកាស​ធ្វើ​កូដ​កម្ម​ទាមទារ​ប្រាក់​ខែ​មួយ​លាន​រៀល

Xe quân sự của lực lượng an ninh Iraq và chiến binh Shia tại đập Udhaim, phía bắc thủ đô Baghdad, ngày 1/3/2015.

សមាគមគ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​អំពាវនាវ​ឱ្យ​លោកគ្រូ​អ្នកគ្រូ​ទាំងអស់​រួម​ទាំង​សាស្រ្តាចារ្យ​មហាវិទ្យាល័យ​ចូលរួម​ធ្វើ​មហាកូដកម្ម​មួយ​ដើម្បី​ទាមទារ​ប្រាក់​ខែ​តិចបំផុត​ចំនួន​មួយ​លាន​រៀល​។

លោក​រ៉ុង ឈុន​ប្រធាន​សមាគម​បាន​បញ្ជាក់​ថា​មហាបាតុកម្ម​នេះ​នឹង​ចាប់ផ្តើម​នៅទូទាំង​ប្រទេស​ចាប់​ពីថ្ងៃទី​៦​ខែ​មករា​នេះ​តទៅ។​

លោក​បាន​បន្ថែម​ថា៖​«គ្រូបង្រៀន​ត្រូវ​តែ​គិតគូ​ចំពោះ​ប្រាក់​ខែ​របស់​ខ្លួន​ដែរ​ហើយ។ យើង​មើល​កម្មករ​ជាគំរូហើយ​ពីព្រោះ​កម្មករ​បាន​ចង​គ្នា​ សាមគ្គី​គ្នា​ដើម្បី​ទាមទារ​នូវ​ប្រាក់​ឈ្នួល​របស់​ខ្លួន»។​

សមាគម​បាន​ស្នើ​សុំ​ដល់​គ្រូ​នៅ​គ្រប់​កម្រិត​សិក្សា​រហូត​ដល់​មហាវិទ្យាល័យ​ត្រូវ​កុំ​ចូល​បង្រៀន​ហើយសរសេរ​បដា​ព្យួរ​នៅតាម​ក្លោងទ្វារ​សាលា​ដើម្បី​សម្តែង​ការ​តវ៉ា​របស់​ពួកគេ។​
ការកំណត់​ពេល​ធ្វើ​កូដ​កម្មនេះ​ស្រប​ពេល​ដែល​ក្រុម​កម្មករ​រាប់​ម៉ឺននាក់​បាន​ឈប់​ធ្វើ​ការ​ហើយ​ទាម​ទារ​ប្រាក់​ខែ​ចំនួន​១៦០ដុល្លារ​ប៉ុន្តែ​រដ្ឋាភិបាល​បាន​ដំឡើង​ឱ្យ​ត្រឹម​តែ​១០០​ដុល្លារ​ប៉ុណ្ណោះ។

លោក​រ៉ុង ឈុន​បាននិយាយ​ថា​គុណភាព​នៃ​កា​រសិក្សា​របស់​សិស្សានុសិស្ស​មាន​ការ ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយសារ​តែ​គ្រូបង្រៀន​មិន​សូវផ្តល់​ការយកចិត្ត​ទុកដាក់​បង្រៀន​ដោយ​រវល់​តែ​ឆ្លៀត​ពេល​ប្រកប​របរ​ផ្សេង​ដើម្បី​ចិញ្ចឹម​ជីវិត​បន្ថែម​ក្រៅ​ពី​ម៉ោង​បង្រៀន​នៅ​សាលា។​

​លោក​បាន​បន្ថែម​ទៀត​ថា៖ «ការចំណាយ​ពេល​មួយ​សប្តាហ៍​ ពីរសប្តាហ៍ [​ធ្វើ​កូដកម្ម]​ប៉ះពាល់​រយៈ​ពេល​ខ្លី​ហើយយើង​បាន​ផលប្រយោជន៍​រយៈពេល​យូរ។ គួរ​យើង​ចំណាយ​ពេល​វេលាខ្លី​ដើម្បី​បាន​ផលប្រយោជន៍​សម្រាប់​យើង​ទាំង​អស់​គ្នា។ គ្រូបង្រៀន​ក៏​បាន​ផលប្រយោជន៍​សិស្ស​ក៏ ទទួលបាន​ការអប់​រំ​ល្អ»។

ការផ្ទុះ​ការតវ៉ា​ជាបន្តបន្ទាប់​នេះ​កើត​ឡើង​ក្នុង​ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ជាប់​គាំង​នយោបាយ​ដោយ​គណបក្ស​សង្គ្រោះជាតិ​បាន​ដឹកនាំ​ធ្វើ​មហាបាតុកម្ម​ជារៀងរាល់​ថ្ងៃ​ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​បោះឆ្នោត​ឡើងវិញ​និង​ឱ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ចុះ​ចេញ​ពី​តំណែង។