ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការចរចាដំឡើង​ប្រាក់​ខែកម្មករ​បរាជ័យ​ជាថ្មីទៀត

  • គង់ សុឋានរិទ្ធ

នៅមុខទីស្តីការគណៈរដ្ឋមន្ត្រ ​កម្មករ​​រោងចក្រ​​កាត់ដេរ​​ទាមទារ​​ដំឡើង​ប្រាក់ខែ​​ដល់​១៦០​ដុល្លារ (ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣)
ការ​ចរចា​ដើម្បី​ដំឡើងប្រាក់​ខែ​ដល់​កម្មករ​រោងចក្រ​បាន​បរាជ័យ​ជាថ្មី​នៅ​ថ្ងៃ​ច័ន្ទនេះ​ ក្រោយ​ពី​តំណាង​រោងចក្រ​កាត់ដេរ​មិន​ចូល​ចរចា​ ខណៈ​ពេល​ដែល​កម្មករ​រាប់ម៉ឺន​នាក់​បាន​ធ្វើ​ការតវ៉ា​នៅ​ពី​មុខ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។​

តំណាង​សហជីព​ចំនួន​ប្រាំ​មួយ​បានចូល​ចរចាជាមួយ​តំណាង​ក្រសួង​ការងារដែល​ដឹកនាំ​ដោយ​លោក​អ៊ុំ មាន​ រដ្ឋលេខាធិការ​ក្រសួង​នេះ​កាលពី​ព្រឹកមិញ​នេះ​ ​ប៉ុន្តែមិន​មាន​ការ​សម្រេច​ណាមួយ​នោះ​ទេ​ ក្រោយ​ពី​ការចរចា​អស់​រយៈ​ពេល​ប្រមាណ​ពីរ​ម៉ោង។​

លោក​ម៉ាន់ សីហាក់ ​តំណាង​សហជីព​សេរីកម្មករ​ដែលជា​សហជីព​មួយ​ក្នុង​ចំណោម​សហជីព​ទាំង​ប្រាំមួយដែលចូល​តុចរចា ​បាន​ប្រកាស​ប្រាប់​ក្រុម​កម្មករ​ដែល​កំពុង​ធ្វើការ​តវ៉ា​ថា​ លទ្ធផលនៃ​ការចរចា​គឺ​«សូន្យ»។

«លេខ​សូន្យ​ដល់​ទៅពីរ! ​តំណាង​រដ្ឋាភិបាល​មិន​មាន​ឥទ្ធិពល​លើ​និយោជក​ទាល់តែ​សោះ»។​

កម្មករ​រោងចក្រជាច្រើន​ម៉ឺននាក់បានបិទ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ចាប់ពី​គល់ស្ពាន​អាកាស​៧​មករា​ ដោយ​កាត់​តាម​មុខ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​និង​បន្ត​រហូត​ដល់​មុខ​មន្ទីរពេទ្យ​កុមារជាតិ។​

កាលពី​ថ្ងៃ​សុក្រ​ ក្រុម​កម្មករ​បាន​តវ៉ា​រួចម្តង​ហើយ​ ដើម្បី​ទាមទារ​ដំឡើងប្រាក់​ខែ​គោល​ឲ្យ​ដល់​១៦០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។​ ហើយ​តំណាង​សហជីព​ចំនួន​ប្រាំ​មួយ​ក៏​បាន​ចូល​ចរចា​ជាមួយ​ក្រសួង​ការងារ​ ដោយ​ពុំ​មាន​ភាគី​រោងចក្រ​ចូលរួម​ដែរ។ ​នៅពេល​នោះ ​ក្រសួងការងារ​បាន​សន្យា​ថា ​នឹង​កោះ​ប្រជុំ​ជាមួយ​ថៅកែ​រោងចក្រ​នៅថ្ងៃ​ច័ន្ទ​នេះ​ដើម្បី​ជជែក​អំពី​ការ​ដំឡើងប្រាក់​ខែ​កម្មករ។ ​ប៉ុន្តែ​នៅថ្ងៃ​នេះ ​តំណាង​ថៅកែ​រោងចក្រ​មិន​ព្រមចូល​រួម​នោះ​ទេ។​

ក្រុម​សហជីព ​និង​កម្មករ​រោងចក្រ​បាន​ប្រកាស​ថា​ នឹង​បន្ត​បាតុកម្ម​បើសិន​ជា​នៅតែ​មិនមាន​ដំណោះ​ស្រាយ​អំពី​ប្រាក់ខែ​របស់​ពួក​គេ។​

លោក​អាត់ ធុន ​ប្រធាន​សហព័ន្ធ​សហជីព​ CCAWDU​ បាន​និយាយ​ទៅ​កាន់​ក្រុម​បាតុករ​ថា ​រដ្ឋាភិបាល​មាន​នាទី​កំណត់​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​គឺ​មិន​ចាំ​បាច់​ការ​សម្រេច​ពី​ថៅកែ​រោងចក្រ​នោះ​ទេ។​

«បើ​និយោជក​មិន​មក​ រដ្ឋ​ត្រូវតែ​កំណត់​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​ចំនួន​១៦០​ដុល្លារ»។​

វីអូអេ​បានព្យាយាម​ទាក់ទង​សុំសេចក្តី​បំភ្លឺ​ពី​លោក​អ៊ុំ មាន​ រដ្ឋលេខាធិការ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ តែ​មិនអាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។​

ដោយឡែក​លោក​ខេន ​លូ ​អគ្គ​លេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​និង​លោក​វ៉ាន់​ ស៊ូអៀង ​ប្រធាន​សមាគម​នេះ​ក៏​មិន​អាច​ទាក់ទង​បាន​ដែរ។​

ក្រុម​កម្មករ​បាន​បន្ត​ដំណើរ​ធ្វើ​ការ​តវ៉ា​នៅ​មុខ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី។ នៅទីនោះ​កង​ប៉ូលិសបង្រ្កាប​បាតុកម្ម​បាន​ពង្រាយ​បន្លា​លួស​រាំងខ្ទប់​ក្រុម​បាតុករ​មិនឲ្យ​ចូល​ដល់​វិមាន​រដ្ឋាភិបាល។​ ហើយ​ក្រុម​ប៉ូលិសជាច្រើន​រយនាក់​បាន​ស្ថិត​ក្នុង​ការ​ប្រុង​ជើងការ មុន​នឹង​មាន​ការ​សម្រប​សម្រួល​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ដើម្បី​បញ្ចៀស​ការ​ប្រើ​អំពើ​ហិង្សា​ណាមួយ។​

លោក​ផៃ ស៊ីផាន ​រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ ថ្លែង​ថា៖ ​«គណៈ​រដ្ឋមន្ត្រី​មិន​មែន​ជាទីកន្លែង​ដែល​ត្រូវ​តវ៉ា​នោះ​ទេ»។​

ប៉ុន្តែ​លោក​កែវ រ៉េមី ​រដ្ឋលេខាធិការ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​មួយរូប​ទៀត សន្យា​ថា ​នឹង​ជួយ​សម្រួល​ជាមួយ​ថៅកែ​រោងចក្រ។​

«យើង​ត្រូវ​មាន​ការ​ចរចា​ជាមួយ​គ្នា។ ​រាជរដ្ឋាភិបាល​នឹង​សម្រប​សម្រួល​បញ្ហា​នេះ»។​
យ៉ាងណាក៏ដោយ​ លោក​រ៉ុង ឈុន​ ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​និង​ជា​ប្រធាន​សហភាព​សហ​ជីព​កម្ពុជា​ដែល​ចូល​រួម​ដឹកនាំ​បាតុកម្ម​ក្រុម​កម្មករ ​បាន​ប្រកាស​មិន​បញ្ឈប់​ការ​ទាមទារ​ទេ​ ប្រសិនបើ​មិន​មាន​ការ​សន្យា​ដំឡើងប្រាក់​ឈ្នួល​កម្មករ​ឲ្យ​ដល់​១៦០​ដុល្លារ​ក្នុង​មួយខែ​ ដូចការ​ទាមទារ​នោះ​ទេ។​

កាលពី​ថ្ងៃ​អាទិត្យ​សមាគម​រោងចក្រ​កាត់ដេរ​ដែល​ហៅ​កាត់​ថា​ GMAC បាន​ចេញ​លិខិត​ចំហ​មួយ​ដោយ​ចោទ​ប្រកាន់​សហជីព​ចំនួន​ប្រាំ​មួយ​ថា​ បង្កហិង្សា​និង​ញុះញង់​កម្មករ​ឲ្យធ្វើកូដកម្ម​ និង​បង្ក​ឲ្យ​មាន​ការ​បញ្ឈប់​ផលិតកម្ម​របស់​រោងចក្រ។ ​ហើយ​GMAC​បានចោទ​ប្រកាន់​ថា ​រដ្ឋាភិបាល​មិន​ចាត់​វិធាន​ការលើ​សហជីព​ទាំង​នោះ។​

នៅ​ថ្ងៃ​ច័ន្ទ​នេះ​លោក​អ៊ិត សំហេង​ ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ បាន​អំពាវនាវ​ឲ្យ​ក្រុម​សហជីព​បញ្ឈប់​ការ​ដឹកនាំ​បាតុកម្ម​«ជាបន្ទាន់»​ដោយ​គំរាម​ថា ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​លើ​សហជីព​ទាំង​នោះ។​

លោកអ៊ិត សំហេង​ចោទ​ប្រកាន់​ថា​ សហជីព​ទាំង​នោះ​បាន​ញុះញង់​ គំរាម​កំហែង​កម្មករ​ឲ្យ​ឈប់​ធ្វើ​ការ​ បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បតិ្ត​រោងចក្រ ​និង​បិទផ្លូវ​ និង​ធ្វើ​ឲ្យ​ផលិត​កម្ម​រោងចក្រ​កាត់ដេរ​ស្ទើរតែ​ផ្អាក​ទាំង​ស្រុង៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG