ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្មករ​បន្ត​តវ៉ា​រហូត​ដល់​ឆ្នាំ​២០១៤​ទោះ​បី​ជា​មិន​មាន​ដំណោះស្រាយ

  • គង់ សុឋានរិទ្ធ

កម្មករ​រោងចក្រ​កាត់ដេរ​ធ្វើបាតុកម្ម ​តែត្រូវ​កម្លាំង​ប៉ូលិស​បំបែក​។ ក្រុម​​កម្មករ​បាន​តវ៉ា​​​ទាម​ទារ​​​ប្រាក់​សោហ៊ុយ​សង​ជំងឺ​ចិត្ត។

កម្មករ​រោងចក្រ​ជាច្រើន​ពាន់​នាក់​បាន​បន្តធ្វើ​បាតុកម្មនៅ​ពីមុខ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​នៅថ្ងៃ​អង្គារ​នេះ​បើ​ទោះ​បី​ជា​មិនមាន​ការចរចា​អំពី​ការដំឡើង​ប្រាក់ខែ​ក៏ដោយ។

នេះ​ជា​បាតុកម្ម​ឈាន​ដល់​ថ្ងៃ​ទី​បី​ហើយ​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​ឲ្យ​ដល់​១៦០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ​របស់​ក្រុមកម្មករ​រោងចក្រ។​ប៉ុន្តែ​រហូត​មកដល់​ថ្ងៃ​នេះ​នៅ​តែ​មិនមាន​ដំណោះ​ស្រាយនៅ​ឡើយ​ទេ។

​ក្រុម​កម្មករ​ដែល​ភាគ​ច្រើន​ធ្វើ​ដំណើរ​ដោយថ្មើជើង​រហូត​ដល់​ដប់​គីឡូ​ម៉ែត្រ​ឬច្រើន​ជាងនេះបាន​មក​ប្រមូល​ផ្តុំគ្នា​នៅ​មុខ​ក្រសួង​ការងារ​និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ចាប់តាំងពី​ព្រឹក​ដោយ​មានលើក​បដា​តូចៗ​ទាមទារ​ការដំឡើង​ប្រាក់ខែ​របស់​ខ្លួន។​

មហាវិថី​សហព័ន្ធ​រុស្ស៊ី​ដែល​ឆ្លងកាត់​មុខ​ក្រសួង​នេះ​ត្រូវ​បិទ​ដោយ​ការ​ធ្វើ​បាតុកម្ម​នេះ។​

កងកម្លាំង​បង្រ្កាប​បាតុកម្ម​របស់​រដ្ឋាភិបាល​ដែល​ប្រដាប់​ដោយ​ដំបង​និង​ខែល​បាន​ប៉ុនប៉ង​បង្រ្កាប​ក្រុមបាតុករ​កាលពី​ព្រឹកមិញ​ប៉ុន្តែ​បាន​ដក​ថយទៅ​វិញ​នា​ពេល​ក្រោយ​មក​នៅ​ពេល​ដែល​ក្រុម​កម្មករមិន​ព្រម​បញ្ឈប់​ការ​តវ៉ា​របស់​ខ្លួន។

គ្មាន​មន្ត្រី​ផ្លូវការ​ណាម្នាក់​ពី​ក្រសួង​ការងារ​ចេញ​មក​ជួប​ចរចា​ជាមួយ​ក្រុម​កម្មករ​នោះ​ទេ​ក្រោយ​ពី​ក្រសួង​នេះ​បាន​បើក​ការចរចា​អំពី​ការដំឡើង​ប្រាក់ខែ​កម្មករ​ជាមួយ​តំណាង​សហជីព​ចំនួន​ប្រាំមួយ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​និង​នៅ​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ​នេះ។​ប៉ុន្តែ​ការចរចា​មិន​បាន​ឈាន​ដល់​ការសម្រេច​ណា​មួយ​នោះ​ទេ។

កម្មករ​បាន​រំសាយ​ក្បួន​បាតុកម្ម​វិញ​នៅ​វេលា​ម៉ោង​ពីរ​រសៀល​ដោយ​កំណត់​ការធ្វើ​បាតុកម្ម​នៅ​តាម​តំបន់​រោងចក្រ​រៀងៗ​ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២​ខែមករា ​ឆ្នាំ​២០១៤។

អ្នកស្រី​យ៉ាង​ សោភ័ណ្ឌ ​ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជាបានថ្លែង​ទៅ​កាន់​ក្រុម​កម្មករ​មុន​នឹង​ប្រកាស​រំសាយ។

អ្នកស្រី​និយាយថា៖ «ដើម្បី​ក្រពះ​របស់​ពួក​យើង ​យើងទាំងអស់​គ្នា​ត្រូវ​តែ​មាន​សេចក្តី​សង្ឃឹម។​ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​ទាំង​អស់​គ្នា​បន្ត​រួប​រួម​គ្នា​តទៅ​មុខ​ទៀត។​យើង​មិន​ចប់​ត្រឹម​នេះ​ទេ»។

​ការ​ធ្វើ​បាតុកម្ម​របស់​កម្មករ​រោងចក្រ​ក្រោយ​ពី​ពួកគេ​មិន​ទទួល​យក​ការ​ដំឡើង​ប្រាក់ខែ​គោល​ដល់​ពួក​គេឲ្យ​ដល់​ចំនួន​៩៥​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៤​នេះ។​ហើយ​រដ្ឋាភិបាល​សន្យា​ថា​នឹង​បន្ត​ឲ្យ​មាន​ការដំឡើង​ប្រាក់​ខែ​ដល់​កម្មករឲ្យ​ដល់​១៦០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ​ទាល់​តែ​ចាំ​ដល់ឆ្នាំ​២០១៨។​ប៉ុន្តែ​កម្មករនិង​ក្រុម​សហជីពទាមទារ​ការដំឡើង​ប្រាក់ឈ្នួល​ឲ្យ​ដល់​១៦០​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០១៤​នេះ​ដោយយោង​លើ​កម្រិត​អតិ​ផរណា​នៃ​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ដែល​បង្ក​ការ​លំបាក​សម្រាប់​ការ​រស់​នៅ​របស់​ពួកគេ។

​លោករ៉ុង ​ឈុន ​ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា​បាន​ប្រាប់​ដល់​កម្មករ​ថា៖ «ថ្ងៃទី​២(មករា)​យើង​នៅ​បន្ត​ធ្វើ​ទ្រង់​ទ្រាយ​ធំ​ដដែល​ប៉ុន្តែ​នៅ​តាម​តំបន់​និង​តាម​រោង​ចក្រ​និមួយៗ។​ហើយ​កម្មករ​មិន​បាក់ទឹកចិត្ត​ទេ​ពីព្រោះ​កម្មករ​យល់​ច្បាស់​ហើយ។​ការដែល​អូស​បន្លាយ​ពេល​វេលា​នេះ​នឹង​ធ្វើ​ឲ្យ​កម្មករ​កាន់​តែ​ក្តៅ​ក្រហាយ»។

មន្ត្រី​នៃ​សមាគម​រោងចក្រ​កាត់ដេរនៅ​កម្ពុជា​ដែល​ហៅ​កាត់ថា​GMAC ​មិនអាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។

ប៉ុន្តែ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅថ្ងៃ​អង្គារ​នេះ​GMAC ​បញ្ជាក់ថា​ស្ថាន​ភាព​នៅ​តែ​អាក្រក់​សម្រាប់​ក្រុម​កម្មករ​ដោយសារ​តែមាន​ការ​បង្ខំ​ឲ្យ​កម្មករ​ដទៃ​ទៀត​ចេញធ្វើ​បាតុកម្ម​ហើយ​GMAC ​បាន​ចោទ​ប្រកាន់​ថា​ការដឹកនាំ​បាតុកម្ម​របស់​ក្រុម​សហជីព​មាន​ចរិក​នយោបាយ​និង​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ប្រឆាំង​ពួកគេ។

ទោះជា​យ៉ាងណា​ក្រុម​បាតុករ​បាន​ប្រកាសក្នុង​អំឡុងពេល​កំពុង​ធ្វើបាតុកម្ម​ថា​ពួកគេ​មកចូលរួម​ធ្វើ​បាតុកម្ម​ដោយ​មិនមាន​ការបង្ខិត​បង្ខំ​នោះ​ទេ។

លោកអំ សំអាត ​ប្រធាន​គ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ ដែល​តាម​ឃ្លាំ​មើល​ការធ្វើ​បាតុកម្ម​របស់​ក្រុម​កម្មករ​មាន​ប្រសាសន៍​ថា​ការ​ចាត់វិធានការ​ណា​មួយ​លើ​មេដឹកនាំ​សហជីព​ប្រៀប​ដូចជា​ការយក​សាំង​ទៅ​ដាក់​លើ​ភ្លើងហើយ​ក្រុម​កម្មករ​នឹង​មិន​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​នោះ​ទេ។

​កាលពី​ថ្ងៃ​ច័ន្ទ​ក្រសួង​ការងារ​និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​អំពាវនាវ​ឲ្យ​កម្មករ​និង​ថៅ​កែ​រោងចក្រ​ចាប់​ផ្តើម​ធ្វើការ​ឡើង​វិញ​នៅថ្ងៃ​ទី​២​ខែមករា​ហើយ​ការកំណត់​ប្រាក់ឈ្នួល​ដល់កម្មករ​គឺ​ត្រូវ​យក​តាម​សេចក្តី​សម្រេចរបស់​គណៈកម្មការ​ប្រឹក្សា​ការងារ​កាលពី​ថ្ងៃទី​២៤​ខែធ្នូ។​គណៈកម្មការ​នេះ​បាន​កំណត់​ដំឡើង​ប្រាក់ខែ​គោល​ដល់​កម្មករ​ត្រឹម​៩៥​ដុល្លារ​ក្នុង​មួយខែ។


បន្ថែម​ពីនោះ​ក្រសួង​ការងារ​ព្រមាន​ជាថ្មី​ម្តង​ទៀត​ថា​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ការរំខាន​ណា​មួយ​ដល់​រោង​ចក្រ​និង​ដល់​កម្មករ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG