ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​រត់​ម៉ូតូ​ឌុប និងអ្នករត់រ៉ឺម៉ក​ទាមទារ​ឱ្យ​បញ្ចុះ​ថ្លៃ​សាំង​មក​៤០០០​រៀល​ក្នុង​មួយ​លីត្រ


អ្នករត់​ម៉ូតូឌុប និង​អ្នករត់​រ៉ឺប៉កកង់បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់ថ្លៃសាំង។​
អ្នករត់​ម៉ូតូឌុប និង​អ្នករត់​រ៉ឺប៉កកង់បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់ថ្លៃសាំង។​
ក្រុមអ្នករត់ម៉ូតូ​ឌុប​និង​រ៉ឺម៉ក​កង់បីសរុប​ប្រមាណ​មួយ​ពាន់​នាក់​បាន​នាំ​គ្នា​ធ្វើ​បាតុកម្មនៅ​មុខ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​នៅ​ព្រឹកថ្ងៃ​អាទិត្យ​នេះ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ចុះ​តម្លៃ​ប្រេងសាំង​មកត្រឹម​៤០០០រៀល​ក្នុង​មួយ​លីត្រ​ឬ​ប្រហាក់​ប្រហែល​នឹង​មួយ​ដុល្លារ​អាមេរិក​ក្នុង​មួយ​លីត្រ។​

​បាតុកម្ម​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែលប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​បញ្ហាដីធ្លី ​ក្រុម​និស្សិត​និង​កម្មករ​រោង​ចក្រ​កាត់ដេរបានធ្វើ​បាតុកម្ម​នៅ​តាមមន្ទីរ​និង​ក្រសួង​មួយ​ចំនួន​ដូចជា​ក្រសួង​ធម្មការ​និង​កិច្ចការ​សាសនា ​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​និង​នៅ​ក្រសួង​អប់រំ​ជាដើម។​

​លោកវន ពៅ ​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធបាន​ដឹកនាំ​បាតុកម្ម​ក្រុម​អ្នក​រត់ម៉ូតូ​ឌុប​និង​រ៉ឺម៉ក​កង់បី​ឬ​រ៉ឺម៉ក​ ទុកទុក នៅ​ពី​មុខ​ទីស្តីការ​គណៈរដ្ឋមន្ត្រីចំនួន​ពីរលើក​នៅ​ក្នុង​ថ្ងៃនេះ។​

«យើងមក​ទីនេះ​ដើម្បី​ជំរុញ​ឲ្យ​ហ៊ុន សែន​ បញ្ចុះ​តម្លៃ​ប្រេងសាំង​នៅត្រឹម​៤០០០​រៀល»។​

ក៏​ដូចជា​ក្រុមបាតុកម្ម​នៅ​តាម​មុខព្រួញ​ដទៃ​ទៀត​ដែរ ​បាតុកម្ម​របស់​ក្រុម​អ្នកបម្រើ​សេវាកម្ម​ដឹកជញ្ជូន​នេះក៏​មាន​ការចូលរួម​ពី​ព្រះសង្ឃ​ដែរ។​

​បាតុករនិង​ព្រះសង្ឃ​បាន​លើក​បដា​ជា​ផ្ទាំង​ក្រដាស​កាតុង​តូចៗ​ដើម្បី​ស្នើឲ្យ​តម្លៃ​ប្រេង​សាំង​រួម​ទាំង​ស្នើ​ឲ្យ​ដំឡើង​ប្រាក់ឈ្នួល​កម្មក​រោងចក្រឲ្យ​ដល់​១៦០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។​

ប្រេង​សាំង​នៅ​លើ​ទី​ផ្សារ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ថ្លៃ​ចន្លោះ​ពី​៤.៧០០​ទៅ​៥.៤០០​រៀលក្នុង​មួយ​លីត្រ​យោង​តាម​ប្រភេទ​សាំង​និង​តំបន់ ​គឺ​ថ្លៃ​ជាង​មួយ​ដុល្លារ​អាមេរិកស្រប​ពេល​ដែល​ប្រជាពល​រដ្ឋ​កម្ពុជាមាន​ប្រាក់​ចំណូល​ជាមធ្យម​មួយ​ដុល្លារ​ក្នុង​មួយថ្ងៃ។​

លោក​វន ពៅ​ ក៏ស្នើ​ឲ្យ​រដ្ឋា​ភិបាល​ធានា​តម្លៃ​ស្រូវ​ឲ្យ​បាន​កើន​ដល់​១៥០០​រៀល​ក្នុង​មួយ​គីឡូ​ក្រាម។​

មាន​ការពង្រឹង​សន្តិ​សុខ​ដោយមាន​ការ​ដាក់​បន្ថែម​កង​កម្លាំង​ប្រដាប់​ដោយ​អាវុធស្វ័យ​ប្រវត្តិនៅ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ប៉ុន្តែ​មិនមាន​ការប៉ះទង្គិច​ណាមួយ​ជាមួយ​ក្រុម​បាតុករ​នោះ​ទេ។

លោកហៃ ប៊ុនហួត ​អ្នករត់ម៉ូតូ​ឌុប​មកពី​ខេត្ត​កំពង់ចាម​គឺជា​បាតុករ​ម្នាក់​ក្នុង​ចំណោម​ក្រុម​អ្នកតវ៉ា​បញ្ចុះ​តម្លៃ​ប្រេងសាំង។​

«ដើម្បី​ទាមទារ​ឲ្យ​សាំង​ចុះថ្លៃ។ដើម្បី​តម្លើង​ប្រាក់ខែកម្មករ​និងឲ្យ​ស្រូវ​ឡើង​ថ្លៃ»។​

​លោក​ជាម យៀប ​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ​ឧស្សាហកម្ម​និង​ធនាគារ​នៃ​រដ្ឋសភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា​ប្រទេស​កម្ពុជា​មិនមែនជា​ប្រទេស​ផលិត​ប្រេង​នោះ​ទេ​ហើយ​ក៏​មិនទាន់​អាច​បូមប្រេង​លក់​ដូចប្រទេស​វៀតណាម​និង​ថៃ​ដែរ។ដូច្នេះ​លទ្ធភាព​បញ្ចុះ​ថ្លៃ​ប្រេង​មិនអាច​ទៅ​រួច​នោះ​ទេ។​

​«ការទាមទារ​នេះ​ទៅមិនរួច​ទេ។ខ្ញុំ​បាន​ដឹង​ថា​រាជ​រដ្ឋា​ភិបាល​បាន​ធ្វើ​អ្វី​ខ្លះ។ក្នុង​មួយ​ខែ​រដ្ឋ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជាង​២០​លាន​ដុល្លារ​ដើម្បី​កុំឲ្យ​តម្លៃ​ប្រេង​ឡើង​ខ្ពស់​ពេក​ហួស​ពី​សមត្ថភាព​ប្រជាពលរដ្ឋ»។​

ទោះជាបែប​នេះ​ក្តី​ក្រុមបាតុករ​បាន​បង្កើន​មុខព្រួញ​តវ៉ា​ជាច្រើន​ដើម្បី​បង្កើន​សម្ពាធ​ដល់​រដ្ឋាភិបាល។​

ក្រោយពី​បាន​ធ្វើការ​តវ៉ា​នៅតាម​កន្លែង​ផ្សេងៗ​នៅពេលព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ក្រុមបាតុករ​បាន​ប្រមូល​ផ្តុំ​គ្នា​ចូលរួម​តវ៉ា​ជាក្បួន​តែមួយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។

ដោយឡែក​លោកម៉ម សុណង់ដូ​ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ​និង​ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំបាន​ផ្អាក​គម្រោង​តវ៉ា​របស់ខ្លួន​នៅ​មុខ​ក្រសួង​ព័ត៌មាន​ដើម្បី​ទាមទារ​សិទ្ធិ​បើក​ទូរទស្សន៍៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG