ជនភៀសខ្លួន​កម្ពុជា​រស់នៅ​ថៃ​ដោយ​ក្តីបារម្ភ​ខ្លាច​ការចាប់​បញ្ជូន

រូបឯកសារ៖ អ្នកស្រី ឡុង គឹមហ៊ាង ភរិយាលោក រ៉ាត់ រត្នមុនី អ្នកបកប្រែភាពយន្តឯកសារ «ម្តាយខ្ញុំ លក់ខ្ញុំ» និយាយជាមួយ VOA ខណៈកំពុងស្ថិតក្នុងបន្ទប់ជួលមួយក្នុងប្រទេសដែលអ្នកស្រីកំពុងភៀសខ្លួន នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩។ (កាន់ ​វិច្ឆិកា/VOA)

សកម្មជន​នយោបាយ ​និង​សិទ្ធិ​មនុស្ស​ដែល​រត់ភៀសខ្លួន​ទៅ​ប្រទេស​ថៃ ​ដើម្បី​គេ​ច​ចេញ​ពីការ​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​អាជ្ញាធរ​កម្ពុជា​ព្រួយ​បារម្ភ​ពីសុវត្ថិភាព បន្ទាប់​ពី​អាជ្ញាធរថៃ​បាន​ចាប់​បញ្ជូន​ពួកគេ​ខ្លះមកស្រុកកំណើត​វិញ​ ដើម្បីប្រឈម​នឹងការកាត់​ទោសជាបន្តបន្ទាប់​ក្នុង​ពេល​កន្លងមក។ ​

ពួកគេខ្លះសំងំលាក់ខ្លួន​ក្នុងផ្ទះជួល​ក្នុង​ទីក្រុង​បាងកក ​និង​តាម​ខេត្ត​នានា ហើយ​មិន​ហ៊ាន​ចេញ​ក្រៅផ្ទះដោយសេរី​ទេ។ ​ការនិយាយ​ស្តីក៏​មានការប្រយ័ត្នប្រយែង​ បើ​ទោះបីជាពួកគេ​ទទួល​បានឋានៈ​ជនជនភៀសខ្លួន ​ដែលមានការការពារយ៉ាង​ត្រឹមត្រូវ​តាមច្បាប់អន្តរជាតិពី​អង្គការ​សហប្រជាជាតិក៏ដោយ​។

កាលពីសប្តាហ៍​មុន ​គណៈរដ្ឋមន្ត្រី​របស់​ថៃ​បាន​អនុម័ត​បង្កើត​យន្តការត្រួតពិនិត្យ​មួយ​ដើម្បី​បែងចែក​ឱ្យ​ច្បាស់​រវាងពលរដ្ឋ​ដែល​ស្វែងរកការ​ការពារ​ដោយ​អន្តរជាតិ​និង​ជនអន្តោប្រវេសន៍​ខាងផ្នែក​សេដ្ឋកិច្ច​ដែលបាន​ចូល​មក​ក្នុង​ប្រទេសថៃហើយ​ចំណាត់​ការ​នេះ​ត្រូវបាន​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជន​ភៀសខ្លួន​ (UNHCR) ​ស្វាគមន៍​។​ ប៉ុន្តែសម្រាប់​ជនភៀស​ខ្លួនខ្មែរ​នៅតែ​មាន​ក្តី​មន្ទិល​សង្ស័យ។

ការណ៍​នេះ​ដោយសារតែ​ក្នុងពេល​ថ្មីៗ​នេះ​មានករណីចាប់បញ្ជូនចេញដោយបង្ខំដ៏​លេចធ្លោ​ជាច្រើន​បាន​កើត​មានឡើង​ចំពោះពួកគេ ក្នុង​នោះ​មានករណី​ចាប់​បញ្ជូន​លោករ៉ាត់ រ័ត្ន​មុន្នី សកម្មជន​សហជីព​និង​ជា​អ្នកបកប្រែ​ឱ្យទូរទស្សន៍​រុស្ស៊ី ​RT ​ពេល​ផលិត​ភាពយន្ត​ឯកសារ​ស្តីពី​ការជួញ​ដូរ​ផ្លូវភេទ​កុមារ​នៅកម្ពុជាដែល​មាន​ចំណងជើងថា ​«ម្តាយខ្ញុំ​លក់ខ្ញុំ‍»។ លោក​រ័ត្នមុន្នី​ត្រូវបានអាជ្ញាធរថៃ​ចាប់​បញ្ជូន​ខ្លួន​មកកម្ពុជា​វិញ​កាលពីខែធ្នូ​ឆ្នាំ២០១៨​ហើយលោក​ត្រូវបាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរឆ្នាំ។ ការកាត់ទោស​នោះ​ត្រូវ​បាន​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំនៅ​កម្ពុជាបាន​ចាត់​ទុក​ថា​«ធ្វើឱ្យ​កេរ្តិ៍ឈ្មោះប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​កាន់តែ​ធ្លាក់ចុះ‍»។​

​រីឯ​ករណី​នយោបាយ ​គឺ​មាន​សកម្មជន​គណបក្ស​សង្គ្រោះជាតិជាច្រើន​បានរងគ្រោះ​ក្នុងនោះ​មាន​ដូចជា​នាង សំ សុខា ​ត្រូវ​បាន​ចាប់បញ្ជូន​ខ្លួន​មក​កម្ពុជា​វិញ​កាលពី​ដើម​ឆ្នាំ២០១៨​ដើម្បី​ទទួលទោស​ជាប់​ពន្ធនាគារ​ពីរឆ្នាំ​ដោយសារតែ​បាន​ជេរ​ប្រមាថ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​តាមបណ្តាញ​សង្គម​បើទោះបីជា​នាង​មាន​ឋានៈ​ជាជនភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ។

ករណី​ដ៏​ចម្រូង​ចម្រាស​មួយ​ទៀត​ដែល​បាន​បកអាក្រាត​កិច្ចសហប្រតិបត្តិការ​រវាង​ប៉ូលិសថៃ​និង​កម្ពុជា​គឺ​កើតឡើង​លើ​សកម្មជន​គណបក្ស​សង្គ្រោះជាតិលោក​តោ និមល​និង​ភរិយា​ឈ្មោះ​ជិន លីម ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​មក​កម្ពុជា​វិញយ៉ាង​តក់ក្រហល់ ​កាលពីចុងខែ​វិច្ឆិកា​ បើទោះបីជា​អ្នកទាំងពីរ​ត្រូវ​បានអង្គការ UNHCR ទទួលស្គាល់​ថា​ជាជន​ភៀសខ្លួនក៏ដោយ ​ហើយ អ្នកទាំងពីរត្រូវ​បាន​អាជ្ញាធរកម្ពុជាបង្ខំ​ឱ្យសារភាព​ដាក់​កំហុស​លើ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ពាក់​ព័ន្ធ​នឹង​យុទ្ធនាការធ្វើ​មាតុភូមិនិវត្តន៍​មិនបាន​ជោគជ័យ​របស់​លោក​សមរង្ស៊ី ប្រធាន​ស្តីទី​គណបក្សសង្គ្រោះជាតិ​នៅថ្ងៃ​ទី៩​ខែវិច្ឆិកា។ នេះ​បើ​តាម​ការសេចក្តី​រាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​ Amnesty International។

ជនរងគ្រោះ​ទាំងពីរ​បាន​លួច​រត់ត្រឡប់​ទៅ​ដល់​ប្រទេស​ថៃ​វិញ​នា​ពេល​មួយ​សប្តាហ៍​ក្រោយ​មក ​ហើយ​ត្រូវ​បាន​អង្គការ ​UNHCR ​ប្រគល់​ឋានៈជនភៀស​ខ្លួន​ជូន​វិញ។

លោក​ សួន ចំរើន ​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ទៀត​ក៏​ត្រូវ​បានជន​មិន​ស្គាល់​អត្តសញ្ញាណ​ពីរ​នាក់​ប៉ុងប៉នចាប់​ជំរត់​កាលពី​សប្តាហ៍​មុន ​ដើម្បី​យក​មក​កម្ពុជា​ប៉ុន្តែ​សកម្មភាព​ចាប់​បង្ខំ​នោះ​មិន​បាន​ជោគជ័យដោយ​សារ​ជន​រងគ្រោះ​បាន​ប្រវាយប្រតប់វិញហើយ​បាន​រត់​រួច​ខ្លួន។ ប៉ុន្តែ​លោក​បាន​រងរបួស​ជាដំណំ​ដោយសារត្រូវ​ជននោះ​ចាប់​ដោយ​បង្ខំ​និង​ឆក់​ដោយដំបងឆក់។ ក្រោយ​ហេតុការណ៍​នេះ​លោក​សួន ចំរើន​ក៏ត្រូវបាន​អង្គការ ​UNHCR ទទួលស្គាល់ថាជា​ជនភៀសខ្លួនដែល​ត្រូវ​ការពារ​ដោយ​ច្បាប់​អន្តរជាតិ។

ប៉ុន្តែ​លោក ​សួន ចំរើន ​នៅតែ​មិន​ទាន់​មាន​ភាពកក់ក្តៅ​ចំពោះ​ការបង្កើត​យន្តការ​ត្រួតពិនិត្យ​របស់​រដ្ឋាភិបាល​ថៃ៖

«ខ្ញុំ​យល់ថា​បើសិនជា​រដ្ឋាភិបាល​ថៃ​មាន​ឆន្ទៈ​ដូចនេះ​មែន​ ដូច្នេះ​ជនភៀសខ្លួន​នយោបាយ​ដែល​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​ភៀសខ្លួន​មកនៅ​ប្រទេស​ថៃ​នឹង​មាន​សុវត្ថិភាពច្រើន​ ក៏ប៉ុន្តែ​ប៉ុន្មានថ្ងៃនេះ​ចំពោះ​ខ្ញុំ​ផ្ទាល់​នៅតែ​មាន​អ្នកតាមឃ្លាំមើល​ជានិច្ច​។ ខ្ញុំ​កម្រ​ចេញទៅក្រៅ​ណាស់​មួយ​រយៈ​នេះ​ប៉ុន្តែ​ពេល​ចេញ​ទៅណាមកណី​នៅតែ​មាន​អ្នកតាម​ឃ្លាំ​ នៅ​មាន​អ្នក​តាម​យកការណ៍​នៅ​មាន​អ្នកតាម​ថតរូប​ដដែល‍»។​

ករណី​របស់​លោក ​សួន ចំរើន ​ត្រូវបាន​អង្គការ​សិទ្ធិ​មនុស្ស​ Amnesty International ​ ចាត់ទុក​ថា​គឺ​ជា​ទម្រង់​នៃ​ការ​យាយី​រំខាន​និង​បំភិតបំភ័យ​ពលរដ្ឋ​កម្ពុជា​ដែល​រត់ភៀសខ្លួនមកពួននៅ​ប្រទេស​ថៃដើម្បី​គេចចេញពី​ការធ្វើ​ទុក្ខទោស​នយោបាយដែល​បាន​កើនឡើង​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មានខែនេះ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​នេះ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍មុន​ថា៖

«អង្គការ Amnesty International ​អំពាវនាវ​ឱ្យ​បញ្ឈប់​ភ្លាម​ៗនូវ​ការយាយី​រំខាន ​ការបំភិតបំភ័យ​ និង​ការតាមដាន​មើល​ពលរដ្ឋ​កម្ពុជា​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន នៅ​ប្រទេស​ថៃ។ អាជ្ញាធរ​ថៃ​ត្រូវតែ​ធានា​ថា​រាល់បុគ្គល​ដែល​កំពុង​ស្នាក់នៅ​ប្រទេសថៃ​ត្រូវបាន​ការពារ​ពី​អំពើ​ហិង្សា និង​ការ​ចាប់ខ្លួន​ដោយ​អនាធិបតេយ្យ ហើយ​រារាំង​រាល់ការ​ឃុបឃិត​រំលោភសិទ្ធិ​មនុស្សដែល​នៅ​បន្ត​ជ្រៀតជ្រែក​ចូល​មក​ដើម្បី​ធ្វើ​បាប​ពលរដ្ឋ​កម្ពុជា​ដែល​រត់ភៀសខ្លួន​ពីការ​ធ្វើទុក្ខបុកម្នេញ​ខាង​នយោបាយ‍»។​

សម្រាប់លោក ​តោ និមល គឺ​ចាត់ទុកថា​ការចាប់​បញ្ជូនលោក​និង​ភរិយា​មក​ប្រទេស​កម្ពុជា​វិញគឺ​គ្រាន់តែជា​ទង្វើ​របស់​ភ្នាក់ងារខិលខូចដែល​សហការជាមួយ​នឹង​អាជ្ញាធរ​កម្ពុជា​ប៉ុណ្ណោះ។

លោ​ក តោ និមល​ បាន​ប្រាប់ VOA ថា៖

«ប៉ូលិស​ជនជាតិថៃ​ធ្លាប់ជួបខ្ញុំ​ហើយ​ឆែកកាតខ្ញុំ​ ហើយ​គេមើលទៅឃើញ​អង្គការ​សហ​ប្រជា​ជាតិគេជូន​យើង​វិញទៅ​ហើយ​គេ​គោរព​យើង​ធម្មតា ប៉ុន្តែ​ប៉ូលិស​មួយ​ក្រុម​ដែលទៅចាប់​ខ្ញុំ​នេះ​គឺ​ប៉ូលិស​សង្គម​ងងឹត​របស់​ថៃ​។ វាមាន​ពួកពុករលួយ​អាក្រក់ៗ​អីចឹង​ដែរប៉ុន្តែមិន​ឆ្លុះ​បញ្ចាំង​ពី​ប៉ូលិសថៃ​ទាំង​មូល​ទេ‍»។

ចាប់តាំងពី​រដ្ឋាភិបាល​កម្ពុជា​បើ​កយុទ្ធនាការ​បង្រ្កាប​លើ​គណបក្ស​ប្រឆាំងនិងអ្នករិះគន់​ការដឹកនាំ​របស់លោកនាយក រដ្ឋមន្ត្រីហ៊ុនសែន តាំងពី​ចុងឆ្នាំ​ ២០១៧​ មក​ គឺ​មានអតីតមន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិជាច្រើន​រយ​នាក់​បាន​រត់គេច​ខ្លួន​ទៅប្រទេស​ថៃ​និង​ប្រទេស​ដទៃទៀត​ដូច​ជា​សហរដ្ឋ​អាមេរិក ​បារំាង ​កាណាដា​និង​អូស្ត្រាលី​ជាដើម។​

បច្ចុប្បន្ន មាន​សកម្មជនគណបក្សប្រឆាំង​មិនដល់​ចំនួន​ ១០០ ​នាក់ទេដែល​កំពុងរស់នៅ​ប្រទេស​ថៃ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ម៉ោញ សារ៉ាត់ ​ប្រធាន​ក្រុម​ការងារ​ខេត្ត​ឧត្តរ​មានជ័យនិង​ជាអ្នក​ទទួល​បន្ទុក​អ្នកភៀសខ្លួន​របស់​គណបក្ស​សង្គ្រោះជាតិ​នៅ​ប្រទេស​ថៃ។​

លោក ម៉ោញ សារ៉ាត់ ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំខេត្ត​ឧត្តរមានជ័យ។ (Facebook/Mounh Sarath (ម៉ោញ សារ៉ាត់))

លោក ម៉ោញ សារ៉ាត់​ បាន​បញ្ជាក់​ថា​ ចំនួន​នេះឡើងចុះទៅតាមស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស៖

«ដោយសារ​មូលហេតុ​សុវត្ថិភាព​ផ្ទាល់ខ្លួន​បងប្អូន​ជាច្រើន​ដែល​បាន​រត់ភៀស​ខ្លួន​មក​ដល់​ប្រទេស​ថៃ​ភាគច្រើន​គាត់​មិន​បាន​ប្រាប់​អាសយដ្ឋាន​ច្បាស់​លាស់​ថា​គាត់​រស់នៅ​កន្លែង​ណា​ដោយ​របៀប​ណា​ទេ​គឺ​គាត់​បំបែក​គ្នា​ទៅ​តាម​តំបន់​ផ្សេងៗ​រាយប៉ាយ​នៅ​ទូទាំង​ប្រទេស​ថៃ។ បងប្អូនខ្លះ​ទៅ​រហូត​ដល់​ឈៀងម៉ៃ ​ដោយសារតែ​វា​ទាក់​ទង​ទៅ​ នឹង​សុវត្ថិភាព​ផង​ វាទាក់​ទង​ទៅ​នឹង​តម្លៃ​នៃ​ការរស់នៅ​ផង។ ជួនកាល​ការរស់នៅ​ក្នុង​ទីក្រុង​បាងកក​ត្រូវ​ចាយ​ចំណាយ​លុយច្រើន​ហើយ​គាត់​អាច​ទៅ​រស់នៅ​ជនបទ​ឬ​ទៅ​រស់នៅ​ជាមួយ​បងប្អូនគាត់​ដែលគាត់​មានបងប្អូនខ្លះ​មកធ្វើ​ជា​ពលករ​គាត់​ក៏ទៅផ្ញើខ្លួន​ផ្ញើ​ប្រាណ​ជាមួយ​គេ​ក៏មានដែរ‍»។​

កាលពី​ខែវិច្ឆិកា​ ក្រសួង​ការបរទេស​កម្ពុជា​ បាន​លុបចោល​លិខិត​ឆ្លងដែន​ពលរដ្ឋ​កម្ពុជា​ចំនួន​៣៩​នាក់ ​ដែល​ជាមន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​ថ្នាក់ដឹកនាំ​និង​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ចំនួន​១៨នាក់​ជាជនក្បត់ជាតិ ​ក្នុងនោះ​មាន​លោកសម រង្ស៊ី ​ប្រធាន​ស្តីទី​គណបក្ស ​លោក អេង ឆៃអ៊ាង ​អនុប្រធាន​គណបក្ស​ និង​ អ្នកស្រី​មូរ សុខហួរ អនុ​ប្រធាន​គណបក្ស​ជាដើម។

ក្រៅពី​ការប្រឈម​នឹង​ការចាប់​ខ្លួន​បញ្ជូន​ទៅ​ប្រទេស​ដើម​វិញ​ជនភៀសខ្លួន​ទាំងនោះ​ក៏នៅ​មាន​បញ្ហា​ប្រឈម​លើ​ជីវភាព​ប្រចាំ​ថ្ងៃ​ផង​ដែរ​។

អ្នកស្រី​ ឡុង គឹមហ៊ាង ភរិយារបស់​លោក​រ៉ាត់ រ័ត្នមុន្នី​ ដែល​ពេល​នេះ​កំពុង​រត់ភៀសខ្លួន​ជាមួយ​នឹង​កូនប្រុស​នៅ​ប្រទេស​ថៃ​បាន​បញ្ជាក់​ប្រាប់​ VOA ​ថា៖

«ការរស់នៅ​ការរកស៊ីការ​ប្រកប​របរ​នៅតែ​ពិបាក​ដដែល​ មិនអាច​មាន​ការងារ​ស្របច្បាប់​បាន​ការងារបានប្រាក់ខែ​ជាប្រចាំខែ​បាន​ទេ​គឺបានតែ​ប្រចាំថ្ងៃ​ហើយ​កន្លែងខ្លះ​គេ​មិន​ទទួល​ទេ​ព្រោះ​ដោយសារតែ​ជនភៀសខ្លួន​មិន​មាន​អ្វី សម្គាល់ខ្លួន​គឺ​មាន​តែកាត​របស់​យូអឹន (អង្គការ​សហ​ប្រជាជាតិ) មួយ។ អីចឹង​ពិបាក​រកការងារ​ទប់​ទល់​ក្នុង​ជីវភាព​គ្រួសារ​។ ការរស់នៅ​ពិបាក​ហើយ​ប្រឈម​ខ្លាំង​ហើយ​នៅពេលដែលប៉ូលិសថៃចង់​ចាប់​នៅពេល​ណា​គឺ​ស្រេច​តែចិត្ត​គេ​គឺ​គេ​ចាប់​បានហើយ​នៅពេល​នោះ​ពួក​ជនភៀសខ្លួន​យើង​គ្មាន​កន្លែងរស់នៅ​គ្មានកន្លែង​រត់ទេ រត់​ដល់​កន្លែង​ណា​ក៏គេ​ចាប់​ដែរ‍»។

អ្នកស្រី ឡុង គឹមហ៊ាង ​ដែល​ជា​អតីត​សកម្មជន​ដីធ្លី​ដ៏ល្បី​ឈ្មោះ​ បាន​បង្ខំ​ចិត្តចាកចេញ​ពី​ប្រទេស​បន្ទាប់ពី​រងការគំរាម​ចាប់ខ្លួន ​បើសិនជា​អ្នកស្រី​នៅបន្តការតវ៉ា​តាមផ្លូវ​សាធារណៈ​ទាមទារ ឱ្យ​ដោះលែង​ស្វាមី។

ប្រទេស​ថៃ​មិន​មែន​ជា​ហត្ថលេខី​នៃ​អនុសញ្ញា​ស្តីពី​ជនភៀសខ្លួន​ឆ្នាំ១៩៥១ហើយ​ក៏មិន​មាន​ច្បាប់​ជាក់​លាក់​ស្តីពី​ការស្វែងរក​សិទ្ធិ​ជ្រកកោនដែរ។ ដោយ​ហេតុនេះ​ហើយ​បាន​ជា​ជនភៀសខ្លួន​និង​អ្នកស្វែង​រក​សិទ្ធិ​ជ្រកកោន​ណា​ដែលមិន​មានសិទ្ធិ​ស្របច្បាប់​ដើម្បីស្នាក់នៅ​ប្រទេសថៃទេ​គឺ​ត្រូវបាន​ចាត់​ទុក​ថា​ជា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់។

លោក​ Giuseppe De Vincentiis ​ប្រធាន​អង្គការ​ UNHCR ​ប្រចាំ​នៅ​ប្រទេសថៃ​បាន​សម្តែងក្តី​សង្ឃឹម​ថា​បន្ទាប់​ពីការបង្កើត​យន្តការ​ត្រួតពិនិត្យ​នេះ​គឺ​«រដ្ឋាភិបាល​ថៃ​នឹង​ចាត់​វិធានការជាក់លាក់​ដើម្បី​ធានា​ការពារ​ដល់​ជន​ភៀសនិង​អ្នកស្វែងរកសិទ្ធិ​ជ្រកកោន​នៅក្នុង​ប្រទេសថៃ‍»។ នេះបើតាម​សេចក្តី​ប្រកាសព័ត៌មានរបស់អង្គការ UNHCR ចេញផ្សាយកាលពីសប្តាហ៍មុន។

ប្រទេស​ថៃ​មាន​ជនភៀស​ខ្លួន​ដែល​មិន​រស់នៅ​ក្នុង​ជំរុំ​ប៉ុន្តែរស់នៅ​តំបន់​ទីក្រុង​ចំនួន​៦០០០នាក់​ដែល​មកពី​ប្រទេស​ចំនួន​៤៥​ក្នុងនោះ​មាន​កម្ពុជា​វៀតណាម​ ចិន​ និង​ប៉ាគីស្ថាន​ជាដើម។