មន្រ្តីនៃខេត្តចំនួនពីររបស់ប្រទេសកម្ពុជា ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ កំពុងរង់ចាំការបញ្ជាក់ពីភាគីថៃ ទាក់ទងនឹងការចូលរួមកិច្ចប្រជុំមួយស្តីពីការទប់ស្កាត់ការកាប់ និងការនាំឈើប្រណិតខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនរបស់ប្រទេសទាំងពីរ។ នេះបើយោងតាមមន្រ្តីនៃខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
គម្រោងកិច្ចប្រជុំដោយមន្រ្តីខេត្តទាំងពីររបស់កម្ពុជាជាមួយនឹងមន្ត្រីថៃនេះត្រូវបានបញ្ជាក់ឲ្យដឹងតាមរយៈទីភ្នាក់ងារសារព័ត៌មានថៃមួយដែលបានផ្សាយកាលពីសប្តាហ៍មុនមកថា ខេត្តអ៊ូប៊ុនរ៉ាចឆាថានីនៃប្រទេសថៃនឹងរៀបចំកិច្ចប្រជុំពិភាក្សាលើវិធានការនានាដើម្បីបង្រ្កាបការកាប់ឈើគ្រញូងខុសច្បាប់នៅតាមព្រំដែនកម្ពុជា-ថៃ។ កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងពីថ្ងៃទី៤ដល់ថ្ងៃទី៥ខែមិថុនាខាងមុខនេះ។
លោកយឹម ប៊ុនថន ប្រធានមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ បានប្រាប់វីអូអេខេមរភាសាថា ខាងលោកពុំទាន់ទទួលបានការអញ្ជើញពីភាគីថៃនៃខេត្តអ៊ូប៊ុនរ៉ាចឆាថានីនោះទេ ក៏ប៉ុន្តលោកបានឲ្យដឹងថា ប្រមុខដឹកនាំខេត្តរបស់លោកនឹងទៅចូលរួមការប្រជុំនោះ បើសិនជាមានការអញ្ជើញពីភាគីខាងថៃ។
លោកមានប្រសាសន៍ថា៖ «អត់អីទេ បើមានលិខិតមានអីទៅ ក៏ដាក់មកទៅយើងយកទៅឆ្លងឯកឧត្តមអភិបាលខេត្ត។ គាត់មិនដែលប្រកែកអីដែរ ឲ្យតែមានលិខិតត្រឹមត្រូវ»។
កិច្ចប្រជុំពិភាក្សា ដែលគ្រោងនឹងធ្វើឡើងនៅក្នុងសប្តាហ៍នេះ ក៏នឹងផ្តោតផងដែរទៅលើការបង្កើតគណៈកម្មការរួមថ្នាក់ជាតិមួយ និងថ្នាក់អនុគណៈកម្មការរួមខេត្តមួយរវាងប្រទេសទាំងពីរដើម្បីធ្វើកិច្ចសហប្រតិបត្តិការឲ្យមានប្រសិទ្ធភាពក្នុងការចាត់វិការលើការកាប់ឈើខុសច្បាប់ ការប្តូរព័ត៌មានទាក់ទងនឹងក្រុមឈ្មួញរកស៊ីឈើខុសច្បាប់ និងការដាក់ទោសពិន័យដោយផ្អែកលើច្បាប់របស់ប្រទេសទាំងពីរ។ នេះបើយោងទៅតាមរបាយការណ៍ព័ត៌មានដដែលរបស់ទីភ្នាក់ងារសារព័ត៌មានថៃដែលមានឈ្មោះថា Thai Visa News។
លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ថា លោកទទួលបានដំណឹងនេះ ក៏ប៉ុន្តែភាគីខាងថៃនៅឯខេត្តអ៊ូប៊ុនរ៉ាចឆាថានីបានសុំលើកពេលការប្រជុំនេះ ហើយលោកពុំអាចបញ្ជាក់ពីកាលបរិច្ឆេទថ្មីនៃការប្រជុំនេះទេ ដោយលោកពន្យល់ថា៖
«មិនទាន់មានដំណើរការកិច្ចប្រជុំទេ។ មានគម្រោងអញ្ចឹង ប៉ុន្តែខាងអូប៊ុនហ្នឹងគឺគេសុំលើកថ្ងៃវិញ។ អត់ទាន់កំណត់ទេ។ ខ្ញុំមិនដឹងទេ អាហ្នឹងសិទ្ធិអំណាចរបស់គេ»។
វីអូអេពុំអាចទាក់ទងលោកឆេង គឹមស៊ុន ប្រតិភូរដ្ឋបាលទទួលបន្ទុករដ្ឋបាលព្រៃឈើបានទេ ដោយទូរស័ព្ទរបស់លោករោទ៍គ្មានអ្នកទទួល។
លោកយឹម ប៊ុនថន ដែលជាអ្នកនាំពាក្យខេត្តឧត្តរមានជ័យផងដែរនោះ បានទទួលស្គាល់ថា មានការដឹករត់ពន្ធឈើខុសច្បាប់នៅក្នុងខេត្តដែលស្ថិតជាប់ប្រទេសថៃ ហើយអាជ្ញាធរខេត្តនៅតែបន្តបង្រ្កាបសកម្មភាពរត់ពន្ធឈើខុសច្បាប់ទាំងនេះ។
លោកបន្ថែមថា៖ «ខ្ញុំក៏ពិបាកថាដែររឿងហ្នឹង ព្រោះបើសិនជាពួកខូចខិលវាច្រើនតែលួចរត់ពន្ធ ដូច្នេះយើងមិនអាចដឹងបាន។ ប៉ុន្តែបើដឹងទៅ ក៏អាជ្ញាធរគាត់ទប់ស្កាត់។ តែថា ឲ្យអត់ ក៏យើងមិនហ៊ានថា មានក៏យើងមិនហ៊ានថា ព្រោះពេលខ្លះក៏មាន គាត់ចាប់បាន»។
របាយការណ៍ ដែលចេញផ្សាយដោយសាកលវិទ្យាល័យ Maryland នៃរដ្ឋ Maryland របស់សហរដ្ឋអាមេរិកកាលពីខែមករាឆ្នាំនេះ បានបញ្ជាក់ឲ្យដឹងតាមទិន្នន័យដែលទទួលបានពីប្រព័ន្ធផ្សាយវិទ្យាសាស្ត្រថា ព្រៃឈើប្រទេសកម្ពុជាបានបាត់បង់ប្រមាណ៧,១ភាគរយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចាប់តាំងពីឆ្នាំ២០០០រហូតដល់ឆ្នាំ២០១២។
របាយការណ៍នេះបានឱ្យដឹងទៀតថា ភាគច្រើននៃការកាប់បំផ្លាញព្រៃឈើបានរីករាលដាលលើអង្កត់ទ្រូងនៃផ្ទៃប្រទេសទាំងមូលចាប់តាំងពីខេត្តព្រះវិហារភាគខាងជើង ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងចូលដល់ខេត្តក្រចេះភាគខាងកើត ហើយភស្តុតាងមួយថ្មីទៀតពីការកាប់បំផ្លាញព្រៃឈើគឺបានកើតមានឡើងនៅភាគខាងលិចជាប់ព្រំដែនកម្ពុជាថៃ ព្រមទាំងលាតសន្ធឹងដល់ខេត្តស្ទឹងត្រែង និងខេត្តរតនៈគីរីភាគឦសាននៃប្រទេសកម្ពុជា៕