អ្នកវិភាគ៖ ការដួល​រលំ​របប​លោក Assad ជា​ការក្រើន​រំឭក​អំពី​លទ្ធផល​នៃ​ការជិះជាន់​ពលរដ្ឋ

រូបឯកសារ៖ មនុស្ស​ម្នាក់​ឈរ​នៅ​ជាប់​នឹង​រូបភាព​របស់​លោក Bashar al-Assad នៅ​ក្នុង​ទីក្រុង​ដាម៉ាស ប្រទេស​ស៊ីរី នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។

ការ​មិន​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​អំពើ​អយុត្តិធម៌សង្គម​ ដែល​ផ្តើម​ចេញពី​ការ​ប្រើ​ប្រាស់​អំណាច​មិន​ត្រឹមត្រូវ​ ហើយ​និង​ការ​មិន​អនុញ្ញាត​ឲ្យពលរដ្ឋ​បោះឆ្នោត​ជ្រើស​រើស​មេដឹកនាំ​របស់​ខ្លួន​ ដោយ​សេរី​អាច​ជា​ហេតុ​ផល​ខ្លះៗ​ ដែល​ធើ្វឲ្យលោក​ប្រធានាធិបតីលោក​ Bashar Assad​ បាត់​បង់​អំណាច​ ក្នុង​រយៈ​ពេលនៃ​ការ​តស៊ូរបស់​ពលរដ្ឋ​ និង​ពួក​យោធា​ដែល​ផ្តាច់​ខ្លួនអស់រយៈ​ពេលជាង​មួយ​ទសវត្សរ៍​មក​នេះ។ នេះ​បើតាមការ​យល់ឃើញរបស់អ្នកវិភាគ​នយោបាយ​និង​អ្នក​ឃ្លាំមើល​សង្គម​មួយ​ចំនួន​ នៅក្នុងប្រទេស​កម្ពុជា​។

អ្នក​វិភាគ​នយោបាយ​លោក ​មាស នី ប្រាប់​វីអូអេ​ថា​ ការ​ដួល​រលំ​នៃ​របបដឹកនាំ​នៅ​ប្រទេស​ស៊ីរី គឺ​មិនមែន​តែ​ជា​មេរៀន​សម្រាប់​កម្ពុជា​ទេ​ ប៉ុន្តែ​ថែមទាំង​សម្រាប់​ប្រទេស​ទាំងឡាយ​ណា​ដែល​ដឹកនាំ​មិន​តាមគន្លងប្រជាធិបតេយ្យ​ទាំង​អស់​នៅតំបន់អាស៊ី​។

បើ​តាមអ្នកវិភាគរូបនេះ ​របបដឹកនាំ​នៅ​ស៊ីរី​បាន​ដួល​រលំ​ដោយសារតែ​បញ្ហា​ផ្ទៃក្នុង​ ដែលអ្នកដឹកនាំ​មិន​ព្រម​ដោះ​ស្រាយ​បញ្ហា​សង្គម​នានា​ ដូច​ជា​អំពើ​ពុក​រលួយ​ ការបង្ក្រាប​អ្នកប្រឆាំង​ ហើយជាពិសេសបញ្ហា​ភូមិសាស្ត្រ​នយោបាយ​ដែល​ស៊ីរី​មានជម្លោះ​ជាមួយ​អ៊ីស្រាអែល ក៏រួមចំណែក​ដល់​ការដួលរលំ​នៃ​របប​របស់​លោក Assad ផងដែរ​។

សេចក្តីរាយការណ៍​របស់ទីភ្នាក់​ងារ​ព័ត៌មាន​ Reuters បាន​លើកឡើង​ថា ការ​ដួល​រលំ​នៃ​ការ​ដឹកនាំ​របស់​លោក​ Bashar Assad នៅ​ក្នុង​ប្រទេស​ស៊ីរី​ ជា​ទីបញ្ចប់​នៃការ​បះ​បោរ និង​ជាវេលា​សំខាន់​មួយ​នៅក្នុង​សង្គ្រាម​ស៊ីវិល ​ដែល​បាន​សម្លាប់​ប្រជាជន​រាប់​រយ​រាប់​ពាន់​នាក់ ហើយ​បាន​បម្លាស់​ទី​ចំនួន​ប្រជាជន​ពាក់​កណ្តាល​ និងបានធ្វើ​ឲ្យពួក​គេ​មាន​ទំនាក់​ទំនង​ជាមួយ​ប្រទេស​មហា​អំណាច​នៅខាង​ក្រៅ​។

អ្នកវិភាគនយោបាយ​លោក ​មាស នី បាន​ឲ្យដឹង​ទៀត​ថា ​ការ​ព្រួយ​បារម្ភ​ពី​រឿង​បដិ​វត្តន៍ពណ៌​នៅ​កម្ពុជា​ជា​រឿង​ត្រឹមត្រូវ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវ​តែបន្តដោះស្រាយ​បញ្ហា​សង្គ​ម​នានា ​ដែលកំពុង​ចាក់ស្រេះ​នៅកម្ពុជា​។

លោក​បញ្ជាក់​ថា​៖ «កាលណា​យើងមិន​ដោះស្រាយ​បញ្ហា​ធំៗ​ដែល​កើត​មាន​ក្នុង​សង្គម​ដូច​ជា​អំពើ​ពុក​រលួយ​ ការ​រំលោភ​អំណាច​អី​ផ្សេងៗ​ ឬក៏​បញ្ហា​ធនធានធម្ម​ជាតិ​អីផ្សេង​ៗ​មិន​បាន​ដោះស្រាយឲ្យ​បាន​ស្រួល​ទេ ​អាហ្នឹង​វាអាច​ធ្វើ​ឲ្យ​ការ​មិន​សប្បាយ​ចិត្ត​របស់​ពលរដ្ឋ​មាន​កាន់តែ​ច្រើន​»​។

អ្នក​វិភាគ​រូបនេះ​ក៏​បាន​កត់​សម្គាល់​ផងដែរថា​ ការ​ប្រើវិធី​សាស្ត្រ​បង្ក្រាប​លើ​សំឡេង​ប្រឆាំងនិង​រិះគន់មិន​អាច​ដោះ​ស្រាយ​បញ្ហា​បានទាំងស្រុងនោះ​ទេ​ មានតែ​អាច​បង្កើន​កំហឹង​ទៅ​លើ​អ្នក​ទាំង​នោះ​។

នៅ​ក្នុង​ប្រទេស​ស៊ីរី​ក្នុងអំឡុង​ពេលជាង ​១៣ ​ឆ្នាំ​មក​នេះ​ ការ​តវ៉ា​លើក​ដំបូង​ៗ​ជំទាស់នឹង​លោក Assad​ បាន​រាល​ដាល​នៅ​ទូ​ទាំង​ប្រទេស​ ហើយ​ត្រូវ​បាន​ឆ្លើយតបជាមួយ​នឹង​កង​កម្លាំង​សន្តិសុខ​ ដោយ​មានការចាប់​ខ្លួន និងបាញ់​ប្រហារ​កាន់តែ​ច្រើន​ឡើង។

អ្នក​តវ៉ា​ខ្លះ​បាន​ចាប់យក​កាំភ្លើងដើម្បី​តវ៉ា​ប្រឆាំង​ ហើយ​អង្គភាព​យោធាជាច្រើនបាន​ចុះ​ចូល​ ហើយ​ការបះបោរ​ក៏​បាន​ក្លាយទៅ​ជា​ការ​បះបោរ​ប្រដាប់​អាវុធ ដែល​ទទួលបាន​ការ​គាំទ្រ​ពី​បណ្តា​ប្រទេស​ជាច្រើន​នៅ​លោក​ខាងលិច​ បណ្តាប្រទេស​អារ៉ាប់ និង​ប្រទេសតួកគី។

កាល​ពីដើម​ខែ​ធ្នូ​នេះ លោក​ Assad ​បាន​ភៀស​ខ្លួន​ចេញ​ពី​ស៊ីរី ​ពេល​ពួក​ឧទ្ទាម​ដែល​ដឹកនាំ​ដោយ​ក្រុម​អ៊ិស្លាម​និយម​បាន​វាយ​លុក​ចូល​ទីក្រុង​ដាម៉ាស ​ដោយ​ញ៉ាំង​ឲ្យ​មាន​ការ​អបអរ​សាទរ​ទូទាំង​ប្រទេស​ និង​នៅ​បរទេស ​បន្ទាប់​ពី​របប​គ្រប់​គ្រង​បែប​ជិះជាន់​របស់​លោកបាន​ឈាន​ដល់​ទី​បញ្ចប់។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ​លោក​ ឯម សុវណ្ណារ៉ា ប្រាប់វីអូអេ​នៅថ្ងៃសុក្រ​ថាការ​ដឹកនាំ​នៅប្រទេសស៊ីរី​និងនៅកម្ពុជា​មានលក្ខណៈដូច​គ្នា​ត្រង់​ថា​ត​ត្រកូល​ដឹកនាំ ក៏​ប៉ុន្តែ​លោកថា ​កម្ពុជា​បើក​លំ​ហ​សេរីភាពច្រើន​ជាង​។

លោក​យល់​ថា​ ការដួលរលំ​នៃរបបដឹកនាំ​នៅប្រទេសស៊ីរី​ គឺ​ដោយសារតែរបបនោះជា​របបផ្តាច់ការ មិន​ដើរ​តាម​គន្លងប្រជាធិបតេយ្យ។ លោក​សាស្ត្រាចារ្យ​រូបនេះ​កត់សម្គាល់​ថា ​ការដឹកនាំ​ណាដែលប្រាសចាកពី​ស្មារតីប្រជាពលរដ្ឋ​ របប​ដឹកនាំ​នោះនឹង​មិន​ឋិតឋេរនោះទេ​។

លោក​ ឯក សុវណ្ណារ៉ា ថ្លែងថា៖ «កម្ពុជា​យើង កាល​ណា​យើងប្រាសចាក​ពី​គោលការណ៍​ប្រជាធិបតេយ្យ​ ក៏​ប្រឈម​នឹ​ងបញ្ហា​ដែរ​។ ប្រសិ​ន​យើងប្រកាន់គោលការណ៍លទ្ធិប្រជាធិបតេយ្យ​ ឆ្លើយតប​នឹង​សេចក្តី​ត្រូវ​ការ​របស់ប្រជាពលរដ្ឋ​ ដោះស្រាយ​បញ្ហាយុត្តិធម៌សង្គម​បាន​ វា​អាចគេចផុតពី​ការផ្តួលរលំ​តាមកម្លាំងប្រដាប់អាវុធ​ តាមរយៈ[បដិវត្តន៍]ផ្ការីក​ ឬក៏​បដិវត្តពណ៌ហ្នឹង​ហើយ​»។

សាស្ត្រាចារ្យរូបនេះ​ក៏​បាន​ថ្លែអ​បន្តថា ​ការរឹតត្បិតសេរីភាព ការ​ខ្វះយុត្តិធម៌ក្នុង​សង្គម​ និងការ​មិន​ឆ្លើយតប​ទៅនឹង​តម្រូវ​ការរបស់​ប្រជាពលរដ្ឋ​ ក៏ជាចលករធ្វើឲ្យ​ការដឹកនាំនៅស៊ីរីដួលរលំ​។

អង្គការ​សហ​ប្រជាជាតិ​បាន​ទទូច​កាលពី​ថ្ងៃ​ចន្ទ​ ទី​៩ ខែ​ធ្នូ​ថា ក្រោយពី​ការ​ដួល​រលំ​របប​ដឹកនាំ​របស់​លោក​ប្រធានាធិបតី Bashar al-Assad ក្នុង​ប្រទេស​ស៊ីរី​មក​ ការ​ទទួល​ខុសត្រូវ​របស់​លោក​និង​អ្នក​ផ្សេង​ទៀត​ត្រូវតែ​មាន​ចំពោះ​ឧក្រិដ្ឋកម្មដ៏​គួរ​ឲ្យ​រន្ធត់​ដែល​បាន​ប្រព្រឹត្ត​ឡើង​ក្នុង​អំឡុង​ពេល​លោក​គ្រប់គ្រង​ប្រទេស​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​លោក Volker Turk បាន​សង្កត់ធ្ងន់​អំពី​ភាពចាំបាច់​នៅក្នុង​ការ​ធានា​នូវ​យុត្តិធម៌ បន្ទាប់ពី​ការ​ដួលរលំ​របស់​របប​លោក Assad។ លោក Assad ត្រូវបាន​បណ្តេញ​ចេញ​ពី​អំណាច ​ក្រោយពី​ការគាបសង្កត់​ដ៏​ឃោរឃៅ​អស់​រាប់​ទសវត្សរ៍​ក្រោម​ការ​ដឹកនាំ​របស់​លោក ​និង​ក្រោយ​ពី​មាន​សង្គ្រាម​ស៊ីវិល​នៅ​ស៊ីរី​អស់​រយៈពេល​ជិត ១៤ ឆ្នាំ​កន្លង​មក​នេះ។

លោក​ ប៉ែន បូណា អ្នកនាំពាក្យ​រដ្ឋាភិបាលកម្ពុជា​ យល់​ឃើញ​ថា​ អ្នកវិភាគ​និង​អ្នក​ប្រឆាំងដែលលោក​ហៅថា «ជ្រុលនិយម​»​ តែងតែទាញកម្ពុជា​ចូល​ នៅពេល​មាន​ព្រឹត្តិ​ការណ៍​ណាមួយកើតឡើង​។ លោក​បន្តថា​ រដ្ឋាភិបាលកម្ពុជា​ប្រកាន់ខ្ជាប់នូវ​លទ្ធិ​ប្រជាធិប​តេយ្យ​សេរីពហុបក្ស ដែល​ជ្រើស​រើស​មេដឹកនាំតាមរយៈការបោះឆ្នោត​។

លោក​ថ្លែង​ថា៖ «​អ៊ីចឹង​រាជរដ្ឋាភិបាល​តាំង​ពី​ជំនាន់​សម្តេចតេជោ​មក​ដល់បច្ចុប្បន្ន ​គឺខិត​ខំ​ការពារ​សន្តិភាព​ ការពារភាពសុខ​សាន្ត​របស់​ប្រជាពលរដ្ឋ ជាពិសេសការ​គោល​ការណ៍​លទ្ធិ​ប្រជាធិបតេយ្យ សេរីពហុបក្ស។ អាហ្នឹង​សូម​យល់ឲ្យច្បាស់​ តែប៉ុណ្ណឹង​ទៅយើងយល់ហើយ​ថា តើ​នរណា​គេកំពុង​តែបង្កបញ្ហា​នៅក្នុងប្រទេស​កម្ពុជា​យើង​ ហើយ​រាជរដ្ឋាភិបាលកំពុង​តែការពារ​គោល​ការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​។ អ៊ីចឹង​វាផ្ទុយ​គ្នា​»។​
លោក​ ប៉ែន បូណា​ ក៏​បានចាត់ទុក ​«ក្រុម​ប្រឆាំងជ្រុលនិយម​មួយក្តាប់តូច​» ថាជាអ្នកមិន​គោរព​លទ្ធិ​ប្រជាធិបតេយ្យ​ ដែលចង់បាន​អំណាច​តាមរយៈការ​ផ្តួល​រលំ​រដ្ឋាភិ​បាល​ដោយការធ្វើ​បដិវត្តន៍​ពណ៌​។

ទោះ​ជា​យ៉ាងណាក៏ដោយ​ ក៏​សហស្ថាបនិក​គណបក្ស​កែទម្រង់កម្ពុជា​លោក ​អ៊ូ ច័ន្ទ​រ័ត្ន​ យល់​ថា ការតវ៉ា​របស់​ប្រជា​ពលរដ្ឋ​ចំពោះ​ការ​ដឹកនាំ​របប​នយោបាយ​ដែល​មាន​ការ​បិទ​សិទ្ធិសេរីភាព​ គឺតែង​តែ​កើត​ឡើង ហើយ​របប​ផ្តាច់​ការ​ភាគច្រើន​ត្រូវបាន​ផ្តួល​រំលំ​ដោយ​ពលរដ្ឋរបស់​ខ្លួន​ឯង​តែ​ម្តង​។​

លោក​ថ្លែង​ថា៖ «​ហើយកាលណាមានភាព​មិន​ស្មើគ្នា​ មានភាពអយុត្តិធម៌​ច្រើន​ តែងតែមា​នមនុស្ស​ងើបឡើងតតាំងហើយ​។ ​វាជាធម្មជាតិ​ទេ​។​ យើងពិនិត្យមើល​នៅក្នុងរបបផ្តាច់ការ​ទី​ ១ បែងចែក​ធនធា​ន​ដែលទទួលបាន​ពីប្រទេស​ហ្នឹង​មិនមាន​លក្ខណៈស្មើគ្នាទេ​ បាន​ទៅតែបក្ខពួកក្រុមគ្រួសារជាដើម​អ៊ីចឹង​ ដែល​ទទួលបាន​ផល​ពី​ធនធាននៃប្រទេស​ហ្នឹង​។ ទី២ អយុត្តិធម៌​ក្នុង​សង្គម​ហ្នឹង​ ប្រជា​ពលរដ្ឋ​តែងតែ​រង​គ្រោះ​ រងភាព​អយុត្តិធម៌​ដោយ​របប​ហ្នឹង​។ ម្ល៉ោះហើយ​មានការឈឺចាប់​។ ទី ៣ ​ការបែង​ចែក​អំណាច​ក្នុងការសម្រេច​ចិត្ត​អី​ហ្នឹង​ ប្រជាពល​រដ្ឋ​មិនមាន​ការសម្រេច​ចំពោះ​វាសនា​ខ្លួន​ឯង​។ ម្ល៉ោះ​ហើយតែងតែមានការងើបឡើងតវ៉ាហើយ​»។

អតីត​តំណាងរាស្ត្របក្ស​ជំទាស់​រូបនេះ​ ក៏​បានថ្លែង​បន្ថែមថា​ ការ​ក្រោក​ឈរ​របស់​ប្រជាពលរដ្ឋ​ប្រឆាំង​នឹង​របប​ផ្តាច់​ការដែល​កាន់​អំណាច​ដោយគ្មាន​ការត្រួតពិនិត្យ ​ឬរំលោភបំពាន នឹង​កើន​ឡើង​ចៀស​មិន​រួច​ ទាំង​តាម​កម្លាំងពលរដ្ឋ​ដូចករណីនៅប្រទេសបង់ក្លាដេស ហើយ​និង​ការ​តស៊ូ​របស់​ពលរដ្ឋ​ផង​និង​កម្លាំង​ប្រដាប់​អាវុធផង ដូចករណី​នៅ​ប្រទេស​ស៊ីរីនេះ៕