ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ក្រុម​ឧទ្ទាម​ស៊ីរី​ថា​គោលដៅ​គឺ​ផ្តួល​រំលំ​លោក Assad


ពលរដ្ឋ​នៅ​ទីក្រុង​ Hama ដុត​រូប​ប្រធានាធិបតី​ស៊ីរី Bashar al-Assad កាលពីថ្ងៃទី០៥ ធ្នូ ឆ្នាំ២០២៤។
ពលរដ្ឋ​នៅ​ទីក្រុង​ Hama ដុត​រូប​ប្រធានាធិបតី​ស៊ីរី Bashar al-Assad កាលពីថ្ងៃទី០៥ ធ្នូ ឆ្នាំ២០២៤។

កងកម្លាំង​ឧទ្ទាម​ដែល​រុល​ចូល​លឿន​ដូច​ផ្លេកបន្ទោរ​ក្នុង​ប្រទេស​ស៊ីរី​មាន​គោល​បំណង​ផ្តួលរំលំ​របប​គ្រប់គ្រង​របស់​ប្រធានាធិបតី​ស៊ីរី​លោក Bashar al-Assad។ នេះ​បើ​យោង​តាម​មេដឹកនាំ​អ៊ិស្លាម​និយម​របស់​ក្រុម​នេះ​ដែល​បាន​និយាយ​ក្នុង​បទសម្ភាសន៍​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ ហើយ​ដែល​ត្រូវបាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ការ​វាយលុក​របស់​ពួកឧទ្ទាម​ដែល​ដឹកនាំ​ដោយ​ក្រុម​អ៊ិស្លាម​និយម​ជ្រុល​បាន​ចូល​ដល់​ទីក្រុង Homs ដែល​ជា​ទីក្រុង​ទី ៣ ហើយ​ក្នុង​ប្រទេស​ស៊ីរី​កាលពី​ថ្ងៃ​សុក្រ ក្រោយពី​ក្រុម​នេះ​បាន​ដណ្ដើម​កាន់កាប់​តំបន់​ផ្សេងៗ​នៃ​ប្រទេស​នេះ​ពី​ការ​ត្រួតត្រា​របស់​លោក​ប្រធានាធិបតី Assad។

ក្នុង​ពេល​ដំបូងៗ​នៃ​សង្គ្រាម​ស៊ីវិល​នេះ ដែល​បាន​បង្កឡើង​ដោយ​ការ​បង្ក្រាប​លើ​បាតុកម្ម​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ ២០១១ ទីក្រុង Homs ត្រូវបាន​ប្រសិទ្ធនាម​ថា​ជា «រដ្ឋធានី​បដិវត្តន៍» ដោយ​ក្រុម​សកម្មជន​ដែល​ប្រាថ្នា​ចង់បាន​ប្រទេស​ស៊ីរី​មួយ​រួចផុត​ពី​ការ​ត្រួតត្រា​របស់​លោក Assad។

ក្នុង​ពេល​តែ​ជាង​មួយ​សប្តាហ៍​ប៉ុណ្ណោះ ការ​វាយលុក​ចូល​ទីក្រុង Aleppo ដែល​ជា​ទីក្រុង​ទី ២ របស់​ស៊ីរី និង​ទីក្រុង​យុទ្ធសាស្ត្រ Hama បាន​ធ្វើឲ្យ​ក្រុម​ឧទ្ទាម​ដណ្តើម​ការ​គ្រប់គ្រប់​ពី​លោក Assad ជា​លើក​ដំបូង​តាំងពី​សង្គ្រាម​ស៊ីវិល​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ ២០១១ មក។

លោក Abu Mohammed al-Jolani ដែល​ជា​មេដឹកនាំ​សម្ព័ន្ធ​ក្រុម​ឧទ្ទាម HTS (Hayat Tahrir al-Sham) ថា​គោលដៅ​នៃ​ការ​វាយលុក​ចូល​នេះ​គឺ​ដើម្បី​ផ្តួលរំលំ​របប​គ្រប់គ្រង​របស់​លោក Assad។

លោក Jolani បាន​និយាយ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍ CNN ថា៖ «ពេល​យើង​និយាយ​អំពី​គោលបំណង គោលដៅ​នៃ​បដិវត្តន៍​នេះ​គឺ​នៅតែ​ដដែល​ដែល​នោះ​គឺ​ការ​ផ្តួលរំលំ​របប​នេះ។ វា​ជា​សិទ្ធិ​របស់​យើង​ក្នុង​ការ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដែល​យើង​មាន​ដើម្បី​សម្រេច​គោលដៅ​នេះ»។

សម្ព័ន្ធ​ក្រុម​ឧទ្ទាម​ដែល​ធ្វើ​ការ​វាយលុក​នេះ​ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី ២៧ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​ក្រុម HTS ដែល​បាន​ចាក់ឬស​ក្នុង​សាខា​ក្រុម​អាល់កៃដា (Al-Qaeda) នៅ​ស៊ីរី តែ​ក្រុម​នេះ​បាន​ព្យាយាម​ប្រែ​មុខមាត់​ពី​អ៊ិស្លាម​និយម​ជ្រុល​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG