ពួកឧទ្ទាមដែលបានទម្លាក់លោក Bashar al-Assad មេដឹកនាំកណ្តាប់ដៃដែកយូរអង្វែងកាលពីថ្ងៃអង្គារបានតែងតាំងប្រមុខរដ្ឋាភិបាលអន្តរកាលដើម្បីដឹកនាំប្រទេសរហូតដល់ថ្ងៃទី១ ខែមីនា។
បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់ពួកមេដឹកនាំឧទ្ទាមនិងពួកមន្ត្រីដែលបណ្តេញចេញពីតំណែងមកពីរដ្ឋាភិបាលរបស់លោក Assad មក លោក Mohammed al-Bashir ជាឥស្សរជនដែលមានគេស្គាល់តិចតួចនៅក្នុងប្រទេសស៊ីរីដែលកាលពីពេលមុនបានដឹកនាំរដ្ឋបាលដ៏តូចមួយនៅក្នុងតំបន់ភាគពាយ័ព្យដែលត្រួតត្រាដោយពួកឧទ្ទាមបាននិយាយថាលោកបានត្រូវគេជ្រើសរើសដើម្បីដឹកនាំរដ្ឋាភិបាលអន្តរកាល។
លោក Bashir បាននិយាយថា«ជំនួបនេះបានស្ថិតនៅក្រោមប្រធានបទនៃការផ្ទេរឯកសារនិងស្ថាប័នដល់រដ្ឋាភិបាលចាំផ្ទះ»។
មានទិដ្ឋភាពនៃការវិលត្រឡប់ទៅកាន់ភាពប្រក្រតីឡើងវិញនៅក្នុងរដ្ឋធានីនៃប្រទេសស៊ីរី ដោយការធ្លាក់ចុះគួរឱ្យកត់សម្គាល់នូវចំនួនជនប្រដាប់អាវុធនៅតាមផ្លូវនានា។ ប្រភពនានាដែលជិតស្និទ្ធនឹងពួកឧទ្ទាមបាននិយាយថាពួកមេបញ្ជាការបានបញ្ជាឱ្យពួកអ្នកប្រយុទ្ធដកចេញពីទីក្រុងនានាហើយនិងឱ្យប៉ូលិសនិងកងកម្លាំងសន្តិសុខដែលបញ្ចូលគ្នាជាមួយក្រុមឧទ្ទាមដ៏សំខាន់មួយដាក់ពង្រាយជាជំនួសវិញ។
ធនាគារនិងហាងលក់ដូរទំនិញនានាបានបើកឡើងវិញជាលើកទី១ចាប់តាំងពីការដួលរលំរបស់លោក Assad កាលពីថ្ងៃអាទិត្យហើយលោកបានជិះយន្តហោះទៅជ្រកពួកនៅក្នុងប្រទេសរុស្ស៊ី។ ចរាចរណ៍បានវិលត្រឡប់ទៅកាន់ផ្លូវថ្នល់នានា កម្មករសំណង់បានវិលត្រឡប់ទៅជួសជុលនៅជិតៗកណ្តាលក្រុងដាម៉ាស់ហើយអ្នកសម្អាតផ្លូវបានបោសសម្អាតផ្លូវ។
ទោះជាយ៉ាងណាក៏ដោយ សញ្ញានៃជម្លោះនៅតំបន់មជ្ឈឹមបូព៌ានៅតែមាន។ អ៊ីស្រាអែលបានចាប់ផ្តើមវាយប្រហារតាមអាកាសប្រឆាំងនឹងមូលដ្ឋានកងទ័ពស៊ីរីដែលកងទ័ពរបស់ពួកគេបានរលាយបាត់នៅក្នុងការប្រឈមនៃការរុលទៅមុខតិចតួចរបស់ពួកឧទ្ទាមដែលបានបណ្តេញលោក Assad ក្នុងពេលតែ២សប្តាហ៍។
អ៊ីស្រាអែលបានបញ្ជូនកងទ័ពឆ្លងកាត់ព្រំដែនចូលក្នុងតំបន់គ្មានយោធានៅខាងក្នុងប្រទេសស៊ីរីដោយនិយាយថាការវាយប្រហារតាមអាកាសរបស់ខ្លួនមានគោលបំណងធ្វើឱ្យអាវុធកុំឱ្យធ្លាក់ចូលក្នុហកណ្តាប់ដៃរបស់សត្រូវ។ អ៊ីស្រាអែលបានច្រានចោលសេចក្តីរាយការណ៍ថាកងទ័ពរបស់ខ្លួនបានរុលទៅមុខហួសពីតំបន់ទ្រនាប់នៅក្នុងតំបន់ជនបទភាគនារតីរដ្ឋធានីដាម៉ាស៕