ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ហាម៉ាស់​អបអរ​ប្រជាជន​ស៊ីរី​សម្រាប់​ការ​បញ្ចប់​របប​ដឹកនាំ​របស់​លោក Assad


រូបភាព​របស់​ប្រធានាធិបតី​ស៊ីរី លោក Bashar Assad ដែលពោរពេញដោយ​គ្រាប់​កាំភ្លើង​ត្រូវ​បាន​គេ​ឃើញ​នៅ​លើ​មុខ​ការិយាល័យ​រដ្ឋាភិបាល​ខេត្ត​បន្ទាប់​ពី​ក្រុម​ប្រឆាំង​បាន​ចូល​កាន់កាប់​ក្រុង Hama ប្រទេស​ស៊ីរី នៅ​ថ្ងៃ​សុក្រ ទី ៦ ខែ​ធ្នូ ឆ្នាំ ២០២៤។
រូបភាព​របស់​ប្រធានាធិបតី​ស៊ីរី លោក Bashar Assad ដែលពោរពេញដោយ​គ្រាប់​កាំភ្លើង​ត្រូវ​បាន​គេ​ឃើញ​នៅ​លើ​មុខ​ការិយាល័យ​រដ្ឋាភិបាល​ខេត្ត​បន្ទាប់​ពី​ក្រុម​ប្រឆាំង​បាន​ចូល​កាន់កាប់​ក្រុង Hama ប្រទេស​ស៊ីរី នៅ​ថ្ងៃ​សុក្រ ទី ៦ ខែ​ធ្នូ ឆ្នាំ ២០២៤។

កាលពី​ថ្ងៃ​ចន្ទ ក្រុម​ហាម៉ាស់​បាន​អបអរសាទរ​ប្រជាជន​ស៊ីរី​សម្រាប់​ការ​សម្រេច​បាន​នូវ «បំណង​ប្រាថ្នា» របស់​ខ្លួន​ដើម្បី «សេរីភាព​និង​យុត្តិធម៌» បន្ទាប់ពី​បាន​ទម្លាក់​ប្រធានាធិបតី​ស៊ីរី​លោក Bashar al-Assad ចេញ​ពី​តំណែង។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

នេះ​គឺជា​ការ​បញ្ចេញ​មតិ​ជា​សាធារណៈ​លើក​ដំបូង​បង្អស់​របស់​ក្រុម​ហាម៉ាស់​តាំងពី​ពេល​ដែល​ក្រុម​ឧទ្ទាម​បាន​សម្រុក​ចូល​រដ្ឋធានី​ដាម៉ាស​នៃ​ប្រទេស​ស៊ីរី​កាលពី​ថ្ងៃ​អាទិត្យ​បន្ទាប់ពី​បាន​វាយលុក​ចូល​លឿន​ដូច​ផ្លេក​បន្ទោរ​ដែល​ធ្វើឱ្យ​លោក Assad គេច​ខ្លួន​ចូល​ប្រទេស​រុស្ស៊ី។

ការ​ដួល​រលំ​របប​ដឹកនាំ​របស់​លោក Assad នេះ​បាន​កើតឡើង​បន្ទាប់ពី​ប្រទេស​ស៊ីរី​មាន​សង្គ្រាម​ស៊ីវិល​រយៈពេល ១៣ ឆ្នាំ​និង​ស្ថិត​ក្រោម​ការ​ដឹកនាំ​បែប​អត្តាធិបតេយ្យ​របស់​ក្រុម​គ្រួសារ​លោក Assad អស់​រយៈពេល ៦ ទសវត្សរ៍​មក។

ក្រុម​ហាម៉ាស់​បាន​បញ្ជាក់​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «យើង​គាំទ្រ​ខ្លាំងក្លា​ចំពោះ​ប្រជាជន​ដ៏​អស្ចារ្យ​នៃ​ប្រទេស​ស៊ីរី...និង​គោរព​ឆន្ទៈ ឯករាជ្យភាព និង​ជម្រើស​នយោបាយ​របស់​ប្រជាជន​ស៊ីរី»។

ក្រុម​ហាម៉ាស់​បាន​បញ្ជាក់​ថា​ខ្លួន​សង្ឃឹម​ថា​ប្រទេស​ស៊ីរី​ក្រោយ​របប​លោក Assad នឹង​បន្ត «តួនាទី​ជា​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​របស់​ខ្លួន​នៅក្នុង​ការ​គាំទ្រ​ប្រជាជន​ប៉ាឡេស្ទីន»។

ការ​ឆ្លើយតប​បែប​វិជ្ជមាន​របស់​ក្រុម​ហាម៉ាស់​ចំពោះ​ការ​ដួល​រលំ​របប​ដឹកនាំ​របស់​លោក Assad នេះ​គឺ​ផ្ទុយ​ពី​ការ​ឆ្លើយតប​របស់​ក្រុម​ហេសបូឡា ដែល​ក្រុម​នេះ​ដើរ​តួនាទី​ដ៏​សំខាន់​នៅក្នុង​ការ​គាំទ្រ​លោក Assad ក្នុង​អំឡុង​ពេល​នៃ​សង្គ្រាម។


អ្នក​នយោបាយ​ជាន់ខ្ពស់​មួយ​រូប​របស់​ក្រុម​ហេសបូឡា​កាលពី​ថ្ងៃ​ចន្ទ​បាន​ហៅ​ព្រឹត្តិការណ៍​នៅក្នុង​ប្រទេស​ស៊ីរី​នេះ​ថា​ជា «ការ​ផ្លាស់ប្ដូរ​ថ្មី​ដ៏​ធំ​ប្រកប​ដោយ​គ្រោះថ្នាក់»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG