បុរស​ខ្មែរ​មួយ​រូប​ស្លាប់​ក្នុង​មន្ទីរ​ឃុំឃាំង​អន្តោ​ប្រវេសន៍​ថៃ

រថយន្ត​ដឹក​សាកសព​ជន​ចំណាកស្រុក​ខុស​ច្បាប់​ពីរ​នាក់​ទៅ​កាន់​មន្ទីរពេទ្យ​ Chulalongkorn ប្រទេស​ថៃ ដើម្បី​ធ្វើ​កោសល្យវិច័យ បន្ទាប់​ពី​ពួក​គេ​បាន​ស្លាប់​នៅ ក្នុង​មន្ទីរ​ឃុំឃាំង​អន្តោប្រវេសន៍​មួយ​កន្លែង​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​កាលពី​ថ្ងៃ​ពុធ​ ទី២៤ ខែតុលា ឆ្នាំ២០១៨។ (រូបថត​​ Screenshot ពីគេហទំព័រកាសែត បាំងកក​ប៉ុស្តិ៍)

រដ្ឋាភិបាល​ថៃ​បាន​បញ្ជាក់​ទទួលស្គាល់​ថា បុរស​សញ្ជាតិ​កម្ពុជា​មួយ​រូប បាន​ស្ថិត​ក្នុងចំណោម​អ្នកជាប់ឃុំ​ពីរ​នាក់​ដែ​ល​ត្រូវ​បាន​គេ​ប្រទះឃើញ​ថា ​បាន​ស្លាប់​បាត់បង់ជីវិត ក្នុង​មន្ទីរ​ឃុំឃាំង​អន្តោប្រវេសន៍​មួយ​កន្លែង​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​សប្ដាហ៍​មុន។​

​អាជ្ញាធរ​ថៃ​បាន​បញ្ជាក់​ថា ​ខ្លួន​កំពុងតែ​ស៊ើបអង្កេត​មូលហេតុ​នៃ​ការ​ស្លាប់​របស់​អ្នក​ទាំងពីរ។​

​អ្នកស្រី Busadee Santipitak ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ថៃ បាន​ប្រាប់VOAថា ជនជាតិ​ខ្មែរ​មួយ​រូប ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ត្រឹម​ថា​ឈ្មោះ សា​ឃី (Sakhi) អាយុ៥៥ឆ្នាំ និង​ជនជាតិ​វៀតណាម​មួយ​រូប ឈ្មោះ Robat វ័យ៧៧ឆ្នាំ ត្រូវ​បាន​គេ​រក​ឃើញ​បាន​ដេក​ស្លាប់ ខណៈ​ដែល​ពួកគេ​កំពុង​ជាប់ឃុំ​ក្នុង មន្ទីរ​ឃុំឃាំង​ធំ នៃ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍ ​ក្នុង​ខណ្ឌ ​ធុង​មហាមេឃ(Thung Mahamek) កណ្ដាល​ទីក្រុង​បាងកក​តែម្ដង។

មន្ត្រី​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​រូប​នេះ​បាន​ប្រាប់VOAយ៉ាង​ដូច្នេះ​ថា៖

​«ពួកគេ​បាន​ទទួលមរណភាព​ខណៈ​ដែល​កំពុង​លង់លក់​ក្នុង​ដំណេក ដោយ​មិន​មាន​ស្លាក​របួស​ស្នាម​អ្វី​ឡើយ។ មូលហេតុ​ដែល​បាន​បណ្ដាល​ឱ្យ​ពួកគេ​ស្លាប់ កំពុង​ត្រូវ​បាន​គេ​ស៊ើបអង្កេត​ហើយ។ សាកសព​របស់​ពួកគាត់​ត្រូវ​បាន​បញ្ជូន​ទៅ​រក្សាទុក​ដើម្បី​ធ្វើ​កោសល្យវិច័យ​នៅ​មន្ទីរ​ពេទ្យ​ជូ​ឡា​ឡុង​កន ប្រទេស​ថៃ»។​

​របប​សឹក​ដែល​កំពុង​គ្រប់គ្រង​ប្រទេស​ថៃ បាន​បើក​យុទ្ធនាការ​ថ្មី​មួយទៀត ដើម្បី​តាម​ចាប់​ប្រមូល​ជនបរទេស​ដែល​ស្នាក់នៅ​ធ្វើការ​ក្នុង​ប្រទេស​ខ្លួន ដោយ​មិន​មាន​លិខិតស្នាម​គ្រប់គ្រាន់ រួម​ទាំង​ជនភៀសខ្លួន និង​កុមា​រតូចៗ​ផង នៅ​បន្ទាប់ពី​ការ​ចូលកាន់តំណែង​ក្នុង​ខែតុលា​នេះ របស់​លោក ស៊ូរាចិត្រ ហាក់ផាន់ (Surachet Hakphan) ជា​អគ្គនាយក​អន្តោប្រវេសន៍​ថ្មី​របស់​ប្រទេស។​

​ខណៈ​ដែល​ នីតិវិធី​ដែល​តម្រូវ​ឱ្យ​អ្នកជាប់ឃុំ ​បង់ប្រាក់​ធានា​នៅ​ក្រៅ​ឃុំ​ប្រមាណ​ ១៥០០ ដុល្លារ ​ត្រូវ​បាន​គេ​លុបចោល ​ការ​ចាត់វិធានការ​បង្ក្រាប​លើ​ជនបរទេស​ថ្មី​មួយទៀត​នេះ នឹង​បង្កើន​បន្ទុក​ដល់​មន្ទីរ​ឃុំឃាំង​អន្តោប្រវេសន៍​ដែល​មាន​លក្ខណៈ​ចង្អៀត​ណែន​រួចជាស្រេច​ទៅ​ហើយ។ នេះ​បើ​យោង​តាម​លោក ​ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ​នាយករង​ផ្នែក​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Human Rights Watch។​

​មន្ទីរ​ឃុំឃាំង​ធំ​នៃ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​ថៃ​ត្រូវ​បាន​គេ​ស្គាល់​ក្នុង​ឈ្មោះ​ខ្លី​ថា Suan Phlu IDC [​សួន​ភ្លូ​-​IDC​]។​

​លោក Phil Robertson ​បាន​ប្រាប់VOA តាម​សារ​អេឡិចត្រូនិច​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖

​«សួន​ភ្លូ​-​IDC ជា​គ្រឹះស្ថាន​ចាស់​មួយ​កន្លែង ដែល​មាន​លក្ខណៈ​ចង្អៀត​ណែន​ក្នុង​សភាព​មិន​គួរ​ឱ្យ​ជឿ និង​កង្វះ​អនាម័យ​ជាទីបំផុត ​ហើយ​ទីតាំង​នេះ ​ពុំ​មានលទ្ធភាព​គ្រប់គ្រាន់​នោះ​ទេ ក្នុង​ការ​ផ្ដល់​អាហារូបត្ថម្ភ​ប្រកបដោយ​ជីវជាតិ ​និង​សេវា​ថែទាំ​សុខភាព​ក្នុង​កម្រិត​ស្តង់​ដា»។​

​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក​រូប​នេះ បាន​ប្រាប់VOA ជា​បន្ត​ថា៖

​«ជាមួយ​នឹង​ស្ថានភាព​ដែល​ឃើញថា​អាក្រក់​ប៉ុណ្ណា បូករួម​ផ្សំនឹង​ការ​កើនឡើង​យ៉ាង​គំ​ហុក​ភ្លាមៗ​នៃ​ជន​ដែល​ត្រូវ​បាន​ជាប់ឃុំ ក្នុង​ការ​ប្រមូល​ចាប់​ជន​អន្តោប្រវេសន៍​នេះ វា​សម​ហេតុផល​ក្នុង​ការ​រំពឹង​ថា នឹង​មាន​មនុស្សជា​ច្រើន​ផ្សេងទៀត នឹង​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​នៅ​ទីតាំង​មួយ​នេះ»។​

​VOAមិន​អាច​ទាក់ទង​ស្ថាន​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក បូករួម​ទាំង​បណ្ដា​អ្នកនាំពាក្យ​នៅ​ក្រសួង​ការបរទេស​និង​ក្រសួង​ការងារ​ ដើម្បី​ស្នើសុំ​ការ​បំភ្លឺ​បានទេ នៅ​ថ្ងៃអង្គារ​នេះ ដោយ​ខ្សែ​ទូរស័ព្ទ​ដែល​ផ្ដល់​ជូន​ទាំងអម្បាល​មា​ណ បាន​រោ​ទិ៍​តែ​ពុំ​មាន​អ្នកទទួល​ឆ្លងឆ្លើយ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា យុទ្ធនាការ​បង្ក្រាប​ថ្មី​មួយទៀត​ទៅលើ​ជន​អន្តោប្រវេសន៍​រស់នៅ​ខ្វះ​ឯកសារ​នេះ ធ្វើឡើង​នៅ​ចំ​ពេល​ដែល​ប្រទេស​កំពុង​ត្រៀមខ្លួន​រៀបចំ​ដំណើរ​ឈាន​ទៅ​រក​ការបោះឆ្នោត​សកល​មួយ​នៅដើម​ឆ្នាំ​២០១៩​ខាង​មុខ ​ជា​ការបោះឆ្នោត​លើកដំបូង ក្នុងរយៈពេល​ជាង៤ឆ្នាំ​ចុងក្រោយ ​ចាប់តាំងពី​ក្រុមទាហាន​បាន​ដណ្ដើម​កាន់កាប់​អំណាច​រដ្ឋបាល​ស៊ីវិល​ ក្នុង​រដ្ឋប្រហារ​ឆ្នាំ២០១៤មក។​

​នៅ​ក្រោយ​រដ្ឋ​ប្រហារ​ភ្លាមៗ​កាលពី​ឆ្នាំ២០១៤ ​របប​សឹក​ថៃ​បាន​ចាត់វិធានការ​បណ្ដេញ​ពលករ​រស់នៅ​ធ្វើការ​មិន​ស្របច្បាប់​ចេញពី​ក្នុង​ប្រទេស​ខ្លួន ដែល​គ្រានោះ ជនជាតិ​កម្ពុជា​ប្រមាណ២២ម៉ឺ​ននា​ក់ ត្រូវ​បាន​ចាប់ខ្លួន និង​បញ្ជូន​មក​ស្រុក​វិញ។​

​របាយការណ៍​របស់​រដ្ឋាភិបាល​ថៃ​បាន​បញ្ជាក់​ថា មាន​ប្រជាជន​កម្ពុជា​ប្រមាណ១,៥លាន​នាក់ កំពុងធ្វើការ​ក្នុង​ប្រទេស​ថៃ។​

​បណ្ដាញ​សារព័ត៌មាន​នានា បាន​ដកស្រង់​សម្ដី​លោក អ៊ិ​ត សំ​ហេង ​រដ្ឋមន្ត្រី​ក្រសួង​ការងារ ដែល​បាន​ថ្លែង​កាលពី​ខែឧសភា​កន្លងទៅ​ថា នៅ​ក្រោយពី​ការ​ចាត់វិធានការ​របស់​រដ្ឋាភិបាល​ខ្មែរ ក្នុង​ការចុះបញ្ជី​ផ្ដល់​ភាព​ស្របច្បាប់​ដល់​ពលរដ្ឋ​ខ្លួន ធ្វើការ​ក្នុង​ប្រទេស​ថៃ មាន​ពលរដ្ឋខ្មែរ​ប្រមាណ​តែ៨ម៉ឺននា​ក់​ផ្សេងទៀត​តែប៉ុណ្ណោះ ដែល​មិនទាន់​បាន​ចុះបញ្ជី​ការ​ធ្វើការ​ស្របច្បាប់​ក្នុង​ប្រទេស​ដែល​នៅ​ក្បែរ​ខាង​មួយ​នេះ៕