នៅថ្ងៃអង្គារនេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីបានចេញផ្សាយសៀវភៅមួយក្បាលដែលមានឈ្មោះថា «សៀវភៅ ស ស្តីពីស្ថានការណ៍នយោបាយនៅកម្ពុជា ការពង្រឹងនីតិរដ្ឋ និងដំណើរការលទ្ធិប្រជាធិបតេយ្យ»។
សៀវភៅកម្រាស់១៣២ទំព័រដែលចេញផ្សាយក្នុងគេហទំព័ររបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានរៀបរាប់ថា កន្លងមកគណបក្សប្រឆាំងបានបង្កើតបដិវត្តន៍ពណ៌ជាច្រើនរូបភាពដើម្បីផ្តួលរំលំរដ្ឋាភិបាល ដោយមានការចូលរួម និងគាំទ្រពីបរទេស ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាលធំៗមួយចំនួនដែលធ្វើការលើការការពារសិទ្ធិមនុស្ស និងឃ្លាំមើលការបោះឆ្នោត មានជាប់ពាក់ព័ន្ធ និងការរៀបចំយុទ្ធសាស្រ្តជាមួយគណបក្សប្រឆាំង រួមមានសមាគមការពារសិទ្ធិមនុស្សអាដហុក អង្គការលីកាដូ អង្គការខុមហ្វ្រែល និងនិចហ្វិចជាដើម។ ចំណែកស្ថាប័នផ្សព្វផ្សាយព័ត៌មានជាច្រើន ដូចជាវិទ្យុអាស៊ីសេរី (RFA) វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) សំឡេងសហរដ្ឋអាមេរិក (VOA) វិទ្យុសំបុកឃ្មុំ វិទ្យុស្រ្តីជាដើម គឺជាប្រព័ន្ធផ្សព្វផ្សាយដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ផ្សាយព័ត៌មានលម្អៀងខុសពីការណ៍ពិត និងជាឧបករណ៍បម្រើនយោបាយឲ្យគណបក្សប្រឆាំងផ្កាប់មុខ ក្រោមលេសពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
សៀវភៅដដែលនោះក៏បានរៀបរាប់ថា ការទប់ស្កាត់ និងការរំលាយចលនា ឬសកម្មភាពផ្សេងៗដែលរដ្ឋាភិបាលហៅថា ជាបដិវត្តន៍ពណ៌ ដែលមានអង្គការចាត់តាំងនយោបាយ ព្រមទាំងការបិទស្ថាប័នអង្គការ និងការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងមួយចំនួនគឺធ្វើឡើងដោយប្រើវិធានការច្បាប់ ដើម្បីធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍ។
ទំព័រទី៧៩នៃសៀវភៅ «ស» នោះសរសេរក្នុងន័យដើមថា៖
«ដើម្បីទប់ស្កាត់មហិច្ឆតារបស់ក្រុមបក្សប្រឆាំង ក្នុងការកំណត់យកឆ្នាំ២០១៨ គឺជាគោលដៅផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ រាជរដ្ឋាភិបាលបានចាត់វិធានការផ្លូវច្បាប់ចំពោះក្រុមបក្សប្រឆាំងនេះនៅឆ្នាំ២០១៧ ដែលជាវិធានការដ៏ត្រឹមត្រូវក្នុងការទប់ស្កាត់ចលនាបដិវត្តន៍ពណ៌ និងបញ្ចៀសបានការបង្ហូរឈាម។ បច្ចុប្បន្ន ចលនាបដិវត្តន៍ពណ៌នេះនៅមាននៅឡើយ ហើយរាជរដ្ឋាភិបាលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីចាត់វិធានការផ្លូវច្បាប់ និងមិនអនុញ្ញាតឲ្យចលនានេះកកើតឡើងវិញជាដាច់ខាត»។
សៀវភៅដដែលនេះក៏បានលើកឡើងដែរថា«រដ្ឋាភិបាលកម្ពុជាមានការទទួលខុសត្រូវខ្ពស់ក្នុងការប្តេជ្ញាចិត្តបន្តដឹកនាំប្រទេសជាតិស្របតាមរដ្ឋធម្មនុញ្ញ ដោយគោរពតាមគោលការណ៍នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស។ ក្នុងនោះ រាជរដ្ឋាភិបាលក៏បានអំពាវនាវដល់មជ្ឈដ្ឋានមួយចំនួន ដែលរដ្ឋាភិបាលអះអាងថា ជាមជ្ឈដ្ឋានដែលកំពុងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ សូមបញ្ឈប់សកម្មភាពទាំងនេះ និងប្រកាសស្វាគមន៍អ្នកនយោបាយ ស្ថាប័នបរទេស និងបណ្តាប្រទេសជាមិត្ត ចូលរួមគាំទ្រ និងរួមចំណែកក្នុងបុព្វហេតុកសាងមូលដ្ឋានគ្រឹះនៃការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ជាមួយប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា»។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស និងលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបានទេ រហូតដល់ល្ងាចថ្ងៃអង្គារនេះ។
យ៉ាងណាក៏ដោយ ព័ត៌មាន ដែលចេញផ្សាយក្នុងគេហទំព័រអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា រដ្ឋាភិបាលបានរៀបចំតាក់តែងខ្លឹមសារ និងបោះពុម្ពសៀវភៅ«ស»នេះ ជាលើកទីមួយចំនួន៧ម៉ឺនក្បាលដើម្បីផ្សព្វផ្សាយជាសាធារណៈ។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ VOA ថា រដ្ឋាភិបាលបានកំណត់មុខសញ្ញានៃការបង្កើតចលនាផ្សេងៗ ដែលមានបំណងប្រឆាំងនឹងរដ្ឋាភិបាល តួយ៉ាង ដូចជាចលនាសង្គ្រោះជាតិដែលទើបតែបង្កើតឡើងដោយលោក សម រង្ស៊ី និងមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងនៅបរទេសជាដើម។ លោកបន្ថែមថា ក្រសួងបាននិងកំពុងបន្តតាមដានរាល់សកម្មភាពទាំងនោះ ដើម្បីចាត់វិធានការបង្រ្កាបតាមច្បាប់។
លោកមានប្រសាសន៍ថា៖
«យើងកំពុងតែឃ្លាំមើល ដឹង យើងមានឯកសារទាំងអស់ អ្នកណាធ្វើអីនៅទីណា? អ្នកណាទៅទីណា? បានអីខ្លះ? យើងមាន! ដូចករណីយើងប្តឹងរំលាយចលនាសង្គ្រោះជាតិអីចឹង។ ឯកសាររបស់យើងមានរហូតដល់២៣បាវឯណោះ។ ឃ្លាំមើលមានតាំងពីសកម្មភាព VOA និយាយថាម៉េចខ្លះ? ដកស្រង់ថា ម៉េចខ្លះ? អាស៊ីសេរីនិយាយថាម៉េចខ្លះ? Facebook គេថា យ៉ាងម៉េចខ្លះ?»
នេះមិនមែនជាលើកទីមួយទេ ដែលរដ្ឋាភិបាលកម្ពុជាផ្សព្វផ្សាយឯកសារការពារចំណាត់ការរបស់រដ្ឋាភិបាលក្នុងការរំលាយគណបក្សប្រឆាំង ក៏ដូចជាបង្ក្រាបលើក្រុមដែលមាននិន្នាការមិនគាំទ្ររដ្ឋាភិបាល។
កន្លងមក រដ្ឋាភិបាលបានផ្សព្វផ្សាយឯកសារផ្សេងៗជាច្រើនសិបទំព័រស្តីពីបដិវត្តន៍ពណ៌ រួមជាមួយនិងវីដេអូប្រវែងជិតមួយម៉ោង ដោយមានការលើកឡើងនូវចំណុចជាច្រើនថា កម្ពុជាមានបដិវត្តន៍ពណ៌ដែលបង្កើតឡើងដោយគណបក្សប្រឆាំង និងក្រុមផ្សេងៗទៀត ដែលរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែនចាត់ទុកថា ជាក្រុមមាននិន្នាការមិនស្របតាមរដ្ឋាភិបាល និងត្រូវបានបង្ក្រាបបានទាន់ពេល។
អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ប្រាប់ VOA នារសៀលថ្ងៃអង្គារនេះថា អត្ថន័យក្នុងសៀវភៅ «ស» គឺជាការបង្កើតឡើងក្នុងន័យបំភាន់ ដើម្បីការពារទង្វើបង្ក្រាបរបស់រដ្ឋាភិបាលមកលើគណបក្សប្រឆាំង។ អ្នកស្រីបន្ថែមថា អ្នកសម្លាប់ប្រជាធិបតេយ្យមិនដែលនិយាយការណ៍ពិតនោះទេ។
អ្នកស្រីបញ្ជាក់ថា៖
«រដ្ឋាភិបាលអាចធ្វើសៀវភៅ ធ្វើច្បាប់ដើម្បីស្រេចតែចិត្តរដ្ឋាភិបាលទេ ក៏ប៉ុន្តែប្រជាពលរដ្ឋលោកជ្រាបថា អ្វីជាការណ៍ពិត ហើយប្រវត្តិសាស្រ្តនៅពេលនេះសរសេរដោយរដ្ឋាភិបាល តែនៅក្នុងព្រលឹងនៃប្រទេសជាតិយើង ប្រវត្តិសាស្រ្តនឹងថ្កោលទោសអ្នកដែលបានសម្លាប់ប្រជាធិបតេយ្យ»។
ក្រោយការរំលាយគណបក្សសង្គ្រោះជាតិដោយអំណាចតុលាការកំពូលកាលពីខែវិច្ឆិកាឆ្នាំ២០១៧កន្លងទៅ តំណាងរាស្ត្រ និងអតីតមន្រ្តីជាន់ខ្ពស់គណបក្សនេះជាងពាក់កណ្តាល បានរត់ភៀសខ្លួនទៅបរទេស។ ខណៈកំពុងនៅបរទេស ពួកគេបានចូលរួមបង្កើតចលនាសង្គ្រោះជាតិជាមួយលោក សម រង្ស៊ី ដែលជាអតីតប្រធានគណបក្សប្រឆាំងមួយរូប ក្នុងគោលបំណងទាមទារឲ្យមានការដោះលែងលោក កឹម សុខា ទាមទារឲ្យគណបក្សសង្គ្រោះជាតិអាចចូលរួមការបោះឆ្នោត និងទាមទារឲ្យការបោះឆ្នោតក្នុងឆ្នាំ២០១៨នេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ក្រោយការប្រកាសបង្កើតចលនាសង្គ្រោះជាតិនេះ គេឃើញមន្រ្តីជាន់ខ្ពស់ដែលជាមេទាហាន និងមេនគរបាលជាច្រើនរូប រួមមាន លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាដើម បានហៅចលនានោះថា ជាភេរវកម្ម និងបានប្តេជ្ញាបង្រ្កាបចលនានោះ មិនឲ្យកើតមាននៅកម្ពុជា។
លោក អំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រាប់ VOA ថា ការលើកឡើងរបស់រដ្ឋាភិបាលគឺគ្រាន់តែជាការការពារខ្លួនពីការរិះគន់លើភាពអវិជ្ជមានប៉ុណ្ណោះ។ លោកបន្ថែមថា អង្គការលីកាដូ ក៏ដូចជាអង្គការសង្គមស៊ីវិលផ្សេងទៀត សុទ្ធតែជាស្ថាប័នដែលធ្វើការងារដើម្បីសង្គម។
លោកមានប្រសាសន៍ថា៖
«រដ្ឋាភិបាលលោកតែងតែផ្តល់នូវកិច្ចការពារខ្លួន ហើយលើកអំណះអំណាងផ្សេងៗមកការពារខ្លួន។ ក៏ប៉ុន្តែចំពោះអង្គការក្រៅរដ្ឋាភិបាល ជាពិសេសអង្គការលីកាដូ ខ្ញុំជឿថា អង្គការដទៃផ្សេងទៀតក៏អីចឹងដែរ មិនបម្រើផលប្រយោជន៍ឲ្យគណបក្សនយោបាយណាមួយទេ។ អ្វីដែលយើងធ្វើគឺបម្រើផលប្រយោជន៍សាធារណៈ បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយករណីរំលោភសិទ្ធិមនុស្ស រំលោភដីធ្លីហ្នឹង»។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ គេសង្កេតឃើញថា រដ្ឋាភិបាល ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានបើកការវាយបង្រ្កាបទៅលើអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងការពង្រឹងលទ្ធិប្រជាធិបតេយ្យ ហើយបានចាប់ឃុំខ្លួនលោក កឹម សុខា មេគណបក្សប្រឆាំង ដោយចោទលោកថា បានប្រព្រឹត្តអំពើក្បត់ជាតិ។
សារព័ត៌មានឯករាជ្យ The Cambodia Daily បានបង្ខំចិត្តបិទទ្វារ ពាក់ព័ន្ធនឹងបញ្ហាពន្ធដារប្រាក់រាប់លានដុល្លារ និងការហាមឃាត់វិទ្យុ FM ក្នុងស្រុកមិនឲ្យផ្សាយបន្តផ្ទាល់ព័ត៌មានរបស់សំឡេងសហរដ្ឋអាមេរិក VOA និងវិទ្យុអាស៊ីសេរី ជាដើម។ ក្រោយមក វិទ្យុអាស៊ីសេរីបានប្រកាសបិទទ្វារការិយាល័យរបស់ខ្លួននៅកម្ពុជា ក្រោមហេតុផលថា រដ្ឋាភិបាលមានចេតនាបំបិទសេរីភាពក្រុមការងាររបស់ពួកគេ។ ចំណែកគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយចោល ទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដោយមានទាំងការហាមឃាត់មិនឲ្យអ្នកនយោបាយបក្សប្រឆាំងចំនួន១១៨នាក់ ធ្វើនយោបាយនៅកម្ពុជា។
សកម្មភាពរបស់រដ្ឋាភិបាលទាំងនេះនាំឲ្យអង្គការសង្គមស៊ីវិល ស្ថាប័នជាតិ និងអន្តរជាតិជាច្រើន រិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ជាបន្តបន្ទាប់ និងបានបង្ហាញការបារម្ភអំពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ចំណែកអ្នកឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិចាត់ទុកថា វាជាការបង្ហាញនូវការភ័យខ្លាចរបស់គណបក្សកាន់អំណាច បារម្ភអំពីបរាជ័យក្នុងការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ២០១៨៕