ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បង្ហាញការខកចិត្តចំពោះការចាប់បញ្ជូនស្ត្រីខ្មែរម្នាក់ពីប្រទេសថៃត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីអង្គការសិទ្ធិមនុស្សដ៏ធំមួយនេះចាត់ទុកស្រ្តីរូបនោះថា ជាជនភៀសខ្លួន។
ស្រ្តីឈ្មោះសំ សុខាត្រូវបានចាប់បញ្ជូនត្រឡប់ពីប្រទេសថៃមកឲ្យកម្ពុជាវិញ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ទៅតាមការស្នើសុំពីអាជ្ញាធរកម្ពុជា។ ក្រោយបញ្ជូនខ្លួនមកដល់កម្ពុជាភ្លាម ស្ត្រីរូបនេះត្រូវបានតុលាការកម្ពុជាកាត់ទោសពីបទជេរប្រមាថ និងញុះញង់ឲ្យមានការរើសអើង បន្ទាប់ពីវីដេអូឃ្លីបមួយត្រូវបានបង្ហោះលើបណ្ដាញសង្គម Facebook បង្ហាញពីសកម្មភាពស្ត្រីនេះគប់ស្បែកជើងទៅលើផ្ទាំងរូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហេង សំរិន ប្រធានរដ្ឋសភា និងជាមេដឹកនាំគណបក្សកាន់អំណាច កាលពីខែមេសា ឆ្នាំ២០១៧កន្លងទៅ។
សេចក្តីថ្លែងការណ៍របស់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា ចេញកាលពីថ្ងៃសុក្រ បញ្ជាក់ថា ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា សោកស្ដាយយ៉ាងខ្លាំងចំពោះការដែលប្រទេសថៃចាប់បញ្ជូនស្ត្រីឈ្មោះ សំ សុខាត្រឡប់មកកម្ពុជាវិញ ហើយថា នេះជាជាការធ្វើឲ្យប៉ះពាល់ដល់សិទ្ធិបញ្ចេញមតិរបស់លោកស្រី សំ សុខា។
សេចក្តីថ្លែងការណ៍ដដែលនោះសរសេរក្នុងន័យដើមថា៖
«យើងសូមសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងចំពោះការបញ្ជូនលោកស្រី សំ សុខាត្រឡប់មកប្រទេសកម្ពុជាដោយប្រទេសថៃ ប្រសិនបើយើងពិចារណាលើកង្វល់ចំពោះការសម្តែងសិទ្ធិរបស់លោកស្រីកាលពីពេលថ្មីៗនេះ។ លោកស្រី សំ សុខា ត្រូវបានចោទប្រកាន់ពីបទប្រមាថ និងញុះញង់ឲ្យមានការរើសអើង បន្ទាប់ពីលោកស្រីសម្តែងការមិនពេញចិត្តចំពោះគណបក្សកាន់អំណាច តាមរយៈ Facebook»។
លោក Simon Walker អ្នកតំណាងប្រចាំប្រទេសកម្ពុជានៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា ប្រាប់ VOA ថា ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា នឹងបន្តតាមដានករណីលោកស្រី សំ សុខា ជាពិសេសទាក់ទងនឹងសេរីភាពបញ្ចេញមតិ និងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌។ លោកបន្ថែមថា ករណីនេះគឺជាករណីមួយក្នុងចំណោមករណីដទៃទៀត ដែលអាចមានការផលប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិ បន្ទាប់ពីអង្គការសង្គមស៊ីវិល និងស្ថាប័នព័ត៌មានមួយចំនួនត្រូវបានបិទ។
លោកបន្ថែមក្នុងសម្រង់ន័យដើមថា៖
«ការិយាល័យ OHCHR លើកទឹកចិត្តដល់បរិយាកាសដែលផ្តល់សេរីភាពក្នុងការបញ្ចេញមតិ និងការជជែកពិភាក្សាជាសាធារណៈស្របតាមមាត្រា១៩នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយដែលកម្ពុជាបានទទួលយក ជាពិសេស ក្នុងការបោះឆ្នោតថ្នាក់ជាតិ»។
កាលពីថ្ងៃសុក្រ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវឲ្យអាជ្ញាធរកម្ពុជាដោះលែងស្ត្រីឈ្មោះ សំ សុខា ជាបន្ទាន់ ហើយថា ការចាប់ជនដែលទទួលបានសិទ្ធិជ្រកកោនគេចចេញពីការធ្វើទុក្ខបុកម្នេញណាមួយ ហើយបញ្ជូនដោយបង្ខំបែបនេះគឺជាការធ្វើទារុណកម្ម និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
សេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សដដែលបញ្ជាក់ថា ស្រ្តីឈ្មោះ សំ សុខា ដែលជាសកម្មជនការងារ ត្រូវបានសម្ភាសដោយឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ហៅកាត់ថា UNHCR និងត្រូវបានទទួលស្គាល់ជាជនភៀសខ្លួនជាផ្លូវការ។ ក៏ប៉ុន្តែ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ អាជ្ញាធរថៃបានចាប់បញ្ជូនស្រ្តីរូបនេះទាំងបង្ខំ។ នៅមុនការចាប់បញ្ជូនខ្លួនទាំងបង្ខំនេះ អាជ្ញាធរថៃបានចោទប្រកាន់សកម្មជនការងាររូបនេះពីបទចូលក្នុងប្រទេសថៃខុសច្បាប់។
ដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួនចេញដោយលោកចៅក្រម អ៊ុក រ៉េតគន្ធានៃសាលាដំបូងខេត្តកំពង់ស្ពឺ ហើយដែលត្រូវបានផ្សព្វផ្សាយដោយអង្គភាពព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា ឈ្មោះ សំ សុខា កើតឆ្នាំ ១៩៧៩ «ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល២ឆ្នាំ គិតចាប់ពីថ្ងៃចាប់ខ្លួនបាន និងពិន័យជាប្រាក់៥លានរៀល ពីបទញុះញង់ឲ្យមានការរើសអើង និងជេរប្រមាថ» ប្រព្រឹត្តនៅឃុំរាម ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧។
ក្រៅពីអង្គការសិទ្ធិមនុស្សអន្តរជាតិ ក៏មានអង្គការសិទ្ធិមនុស្សជាតិជាច្រើនទៀតបានរិះគន់ថា ចំណាត់ការនៃការបញ្ជូនស្រ្តីឈ្មោះសំ សុខាពីប្រទេសថៃមកកាត់ទោសនៅកម្ពុជាគឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ហើយថា ការចាប់ខ្លួនជនភៀសខ្លួនដែលបានអនុវត្តសិទ្ធិនយោបាយនេះនឹងកា្លយជាសម្ពាធមួយទៀតទៅដល់អ្នកដែលហ៊ានរិះគន់ក្រុមមេដឹកនាំនៅកម្ពុជា។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានទេ រហូតដល់ល្ងាចថ្ងៃច័ន្ទនេះ។
ការបញ្ជូនស្រ្តីឈ្មោះសំ សុខាពីប្រទេសថៃមកកម្ពុជាដើម្បីកាត់ទោសនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនព្រមានចាប់បញ្ជូនខ្លួនលោកសម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង មកកាត់ទោសនៅកម្ពុជា ប្រសិនបើអតីតមេគណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅទ្វីបអឺរ៉ុបនេះ ធ្វើដំណើរទៅប្រទេសអាស៊ីណាមួយ។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន យុវជនម្នាក់ ដែលមានទីលំនៅក្នុងខេត្តកំពង់ចាម ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយចោទថា បានជេរប្រមាថថ្នាក់ដឹកនាំជាសាធារណៈតាមបណ្តាញសង្គម Facebook។ យុវជននោះឈ្មោះសាន់ រដ្ឋា ជាម្ចាស់គណនី Facebook ឈ្មោះ «បងថាកូនខ្មែរប្រចាំខេត្តកំពង់ចាម» ដែលត្រូវបានគេដឹងថា តែងតែបង្ហោះឃ្លីបវីដេអូរិះគន់រដ្ឋាភិបាលទាក់ទងនឹងការដឹកនាំ និងការរំលាយគណបក្សសង្គ្រោះជាតិនាពេលកន្លងមក។
ក្រោយមកលោកសាន់ រដ្ឋាបានបង្ហាញវីដេអូឃ្លីបមួយសុំទោសប្រមុខរដ្ឋាភិបាលគឺលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងស្នើឲ្យលោកហ៊ុន សែនអនុគ្រោះ។
លោកមាន ព្រហ្មមុនី មន្រ្តីស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ចាម ប្រាប់ VOA នារសៀលថ្ងៃច័ន្ទនេះថា រហូតមកដល់ពេលនេះ ចៅក្រមស៊ើបសួរនៃតុលាការខេត្តកំពង់ចាមបានសម្រេចបញ្ជាឲ្យឃុំខ្លួនយុវជនឈ្មោះសាន់ រដ្ឋាជាបណ្តោះអាសន្ន។ លោកបន្ថែមថា តុលាការគួរចាត់វិធានការអប់រំយុវជន សាន់ រដ្ឋាជាជាងចាប់ឃុំខ្លួនលោក។
លោកបញ្ជាក់ថា៖
«កន្លងមកខ្ញុំមិនដែលឃើញគាត់ជេរប្រមាថអីធ្ងន់ធ្ងរដែរ។ គាត់គ្រាន់តែចង់កែប្រែសង្គម។ អីចឹងគាត់មានសិទ្ធិរិះគន់ដើម្បីឲ្យរីកចម្រើន ហើយគួរណាស់តែតុលាការ រដ្ឋាភិបាលនេះគួរតែដោះលែងគ្នាឲ្យមានសេរីភាពទៅ។ រដ្ឋាក៏ធ្លាប់បានចេញវីដេអូសុំទោសកន្លងមកដែរ។ ខ្ញុំមើលទៅការរិះគន់នេះគ្នាគ្រាន់តែក្នុងនាមជាប្រជាពលរដ្ឋម្នាក់ ឬជាយុវជនម្នាក់ ចង់ឲ្យសង្គមហ្នឹងមានការរីកចម្រើន និងកុំឲ្យមានការរំលោភបំពានពីប្រទេសជិតខាង។ គ្នាក៏រិះគន់ទៅ! និយាយរួមគឺចង់ឲ្យមានការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ»។
លោកនៅ យ៉ារ៉ាត់ ចៅក្រមសាលាដំបូងខេត្តកំពង់ចាម បដិសេធមិនធ្វើអធិប្បាយ ដោយអះអាងថា កំពុងជាប់ប្រជុំ។
ការចាប់ខ្លួនអ្នករិះគន់មេដឹកនាំនៅកម្ពុជាជាបន្តបន្ទាប់នេះកើតឡើងស្របពេលដែលរដ្ឋាភិបាលកម្ពុជាកំពុងពន្លឿនការធ្វើវិសោធនកម្មច្បាប់មួយចំនួនពាក់ព័ន្ធនឹងសិទ្ធិនយោបាយរបស់ពលរដ្ឋ ព្រមទាំងការធ្វើវិសោធនកម្មដោយបន្ថែមមាត្រាមួយចំនួន ដែលចែងអំពីការដាក់ទោសជនដែលប្រមាថព្រះមហាក្សត្រ៕