ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹក​នាំ​កម្ពុជា​អះអាង​ពី​ជោគជ័យ​នៃ​សេដ្ឋកិច្ច​ទីផ្សារ​ ​ហើយ​ច្រាន​ចោល​ការ​រួម​ចំណែក​របស់​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស


លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​និង​លោក​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម ​ប៉ាន់ ​សូរ​ស័ក្តិ ​មាន​វត្តមាន​ចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម​មួយ​នៅ​តំបន់​កោះ​ពេជ្រ​រាជ​ធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃទី១៥ ​ខែធ្នូ ​ឆ្នាំ២០១៧។ ​(រូប​ថត៖ ​ក្រសួង​ពាណិជ្ជ​កម្ម)​

កំណើន​សេដ្ឋកិច្ច​ដែល​បន្ត​លូតលាស់​បាន​ក្លាយ​ជា​មោទនភាព​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ​ដែល​បាន​អះអាង​ថា​ ​លោក​ជា​អ្នក​ប្រែក្លាយ​សេដ្ឋកិច្ច​កម្ពុជា​ ​ពី​សេដ្ឋកិច្ច​ផែនការ​មក​ជា សេដ្ឋកិច្ច​ទីផ្សារ​និង​បាន​បង្អាប់​ដល់​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ ​ប៉ារីស​ថា​ ​មិន​បាន​រួម​ចំណែក​ក្នុង​ការ​ជួយ​កម្ពុជា​ឲ្យបើក​ទីផ្សារ​ទទួល​លំហូរ​វិនិយោគ​ទុន​ពី​បរទេស​នោះ​ទេ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​រោងចក្រ​ផលិត​ស៊ីម៉ង់​មួយ​កន្លែ​ងដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ​ក្នុង​ខេត្ត​កំពត​ លោក​ ​ហ៊ុន សែន​ ​ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​ បានប្រាប់​ក្រុម​មន្ត្រី​ និង​អ្នកចូលរួម​ក្នុង​ពិធី​នោះ​ថា​ ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​មិន​បាន​បើក​ផ្លូវ​ឲ្យ​កម្ពុជា​ ​មាន​សេដ្ឋកិច្ច​ទីផ្សារ​នោះ​ឡើយ​ ​ដូច្នេះ​កំណើន​សេដ្ឋកិច្ច​ដែល​បាន​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​បច្ចុប្បន្ន​ ​គឺ​ផ្តើម​ចេញ​ពី​ប្រថុយ​ប្រថាន​របស់​លោក​ក្នុង​ការ​នាំ​យក​សេដ្ឋកិច្ច​ទីផ្សារ​មក​អនុ​វត្ត​នៅ​កម្ពុជា។

លោក ហ៊ុន សែន ថ្លែង​ថា៖ «នៅ​ក្នុង​ពេល​ប្រទេស​ជាច្រើន​ធ្វើ​សេដ្ឋកិច្ច​ផែនការ​ ក៏ប៉ុន្តែ​បែរ​ជា​ខ្ញុំ​នេះ​ ​បាន​ដឹកនាំ​អនុវត្ត​នូវ​សេដ្ឋកិច្ច​ទី​ផ្សារ​ទៅ​វិញ​ នេះ​ជា​រឿង​មិន​ធម្មតា​ ហើយ​ដែល​អាច​ចាត់​ទុក​ថា​ សំណាង​មួយ​ក្នុង​សំណាង​ ក្នុង​ចំណោម​មួយ​ពាន់​សំណាង​ទៅ​ចុះ»។​

លោក​បានថ្លែង​បន្ត​ថា៖​ «សូម​កុំ​ភាន់​ច្រឡំ​ នៅ​ពេល[...]​ថា​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ អ្នកនាំ​សេដ្ឋកិច្ច​ផ្សារ​មក​ឲ្យ​កម្ពុជា​ឲ្យ​សោះ។ សូម​កុំ​និយាយ​អា​ធុន​ហ្នឹង​ ការ​និយាយ​ខុស»។

លោក​បាន​បន្ថែម​ថា​ ចាប់​ពី​ពាក់​កណ្តាល​ទសវត្សរ៍​៨០​មក​ ​ប្រទេស​កម្ពុជា​បាន​ចាប់​ផ្តើម​ធ្វើ​សេរីភាវូបនីយកម្ម​ ​ដែល​ជា​ចលករ​នាំ​ឲ្យ​មាន​ការ​រស់​រាន​ឡើង​វិញ​នៃ​វិស័យ​ឯកជន។​

កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ភាគី​ដែល​មាន​ជម្លោះ​ជាមួយ​គ្នា​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា​ ឆ្នាំ​១៩៩១ ​ដោយ​មាន​ភាគី​បួន​ ​បានយល់​ព្រម​បញ្ចប់​សង្គ្រាម​ស៊ីវិល​ដែល​បាន​ហែកហួរ​ប្រទេស​អស់​ជាង​២០​ឆ្នាំ​ហើយ​ងាក​មក​កសាង​ប្រទេស​តាម​លទ្ធិ​ប្រជាធិបតេយ្យ​ដោយ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​និង​មាន​ប្រព័ន្ធ​សេដ្ឋកិច្ច​បើកចំហ។​

លោក មាស នី អ្នកស្រាវជ្រាវសង្គម។ (លឹម សុធី/VOA)
លោក មាស នី អ្នកស្រាវជ្រាវសង្គម។ (លឹម សុធី/VOA)

លោក​បណ្ឌិត​ មាស នី​ អ្នក​សិក្សា​ស្រាវជ្រាវ​កិច្ច​អភិវឌ្ឍ​សង្គម​ ​និង​ជា​អ្នក​វិភាគ​នយោបាយ យល់​ថា​ សេដ្ឋកិច្ច​ទីផ្សារ​ដែល​កំពុង​អនុវត្ត​នៅ​កម្ពុជា​ ​មាន​ទំនាក់ទំនង​ជាមួយ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ​ដែល​បាន​កំណត់​ឲ្យ​ប្រទេស​កម្ពុជា​ អនុវត្ត​សេដ្ឋកិច្ច​ទីផ្សារ​សេរី។​ លោក​ថា​ ការ​វិវត្ត​នានា បាន​ផ្តើម​ចេញ​ពី​ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​ ​ដែល​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​សព្វ​ថ្ងៃ។​

«អ្វីៗ​ទៀត​ដែល​កើតឡើង​ក្រោយ​ពី​សន្និសីទ​ទីក្រុង​ប៉ារីស​ ទោះបី​ជា​រដ្ឋាភិបាល​ហ្នឹង​ធ្វើ​អី​ក៏ដោយ​ ​ក៏​វា​នៅ​ក្នុង​ នៅ​ក្នុង​លទ្ធផល​នៃ​សន្និសីទ​ទី​ក្រុង​ប៉ារីស​ដែរ ព្រោះ​អី​រដ្ឋធម្មនុញ្ញ​ក៏​ចម្លង​ចេញ​ពី​ស្អី​ដែល​ស្ថិត​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ ហើយ​រដ្ឋាភិបាល​ក៏បាន​ទទួល​ស្គាល់​នូវ​ទំនាក់ទំនង​រវាង​រដ្ឋធម្មនុញ្ញ​ ហើយ​និង​សន្និសីទ​ទី​ក្រុង​ប៉ារីស​ដែរ​បាទ។ អ្វី​ដែល​យើងព្រួយ​ ព្រួយ​ខ្លាច​ក្រែង​លោ​នាំគ្នា​កែ​យូរៗ​ទៅ​វា​បាត់​អា​ខ្លឹមសារ​សន្និសីទ​ប៉ារីស​ទាំង​អស់​ អានោះ​ជា​ការ​ព្រួយ​បារម្ភ​របស់​យើង»។​

រដ្ឋធម្មនុញ្ញ​កម្ពុជា​ ​ដែល​លោក ​ហ៊ុន សែន​ បាន​លើក​ឡើង​ដដែល​ជា​ដដែល​កាល​ពី​ពេល​មុន​មក​នោះ​ថា​ មាន​ធាតុ​ផ្សំ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ​បាន​កំណត់​ឲ្យ​កម្ពុជា​បើក​ទីផ្សារ​របស់​ខ្លួន។​

មាត្រា​ ៥៦ ​នៃ​រដ្ឋធម្មនុញ្ញ​ ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ​បាន​ចែង​ថា៖​ «ព្រះ​រាជាណាចក្រ​កម្ពុជា​ អនុវត្ត​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារ​សេរី។​ ​ការរៀបចំ​ ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​សេដ្ឋ​កិច្ច​នេះ​នឹង​មាន​កំណត់​ក្នុង​ច្បាប់»។​

​អ្នក​វិភាគ​នយោបាយ​លោក​ មាស នី​ ថ្លែង​បន្ត​ថា​ ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ​មិន​គួរ​ណា​ត្រូវ​បាន​គេ​មើល​រំលង​នោះ​ឡើយ​ ព្រោះ​ថា​ ​ចម្បាំង​បង្ហូរ​ឈាម​ក្នុងស្រុក​នឹង​មិន​អាច​បញ្ចប់​បាន​ទេ​ ប្រសិនបើ​មិន​មាន​កិច្ច​ព្រមព្រៀង​មាន​លក្ខណៈ​ប្រវត្តិសាស្ត្រ​មួយ​នេះ។​ លោក​បន្ត​ថា​ បើ​គ្មាន​កិច្ច​ព្រមព្រៀង​នេះ​ទេ​ ​ដំណើរ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ទាំង​ខាង​សេដ្ឋកិច្ច​ និង​សង្គម​នៅ​ពេល​បច្ចុប្បន្ន​ក៏​មិន​អាច​កើត​ឡើង​ផង​ដែរ។​

លោក​បាន​ថ្លែង​អំពី​ដំណើរ​បញ្ចប់​សង្គ្រាម​យ៉ាង​ដូច្នេះ៖​

«សង្គ្រាម​នៅ​ពេល​នោះ​ គឺ​ប្រាកដ​ជា​មិន​មាន​ចាញ់​ ហើយ​ក៏​មិន​មាន​ឈ្នះ​ដែរ​ គឺ​នៅ​បន្ត​បង្ហូរ​ឈាម​គ្នា​រហូត​នឹង​បាទ​ ហើយ​ចឹង​មិន​អាច​គណបក្ស​នយោបាយ​ណាមួយ​អះអាង​មិន​ទទួល​ស្គាល់​ សន្និសីទ​ទីក្រុង​បាន​ទេ​ បើ​សិន​ជា​គ្មាន​សន្និសីទ​ទីក្រុង​ប៉ារីស​ ក៏​គ្មាន​សន្តិភាព​ដល់​រាល់​ថ្ងៃ​ហ្នឹង​ដែរ​បាទ។​ យើង​នឹង​នៅ​តែ​បន្ត​ប្រកាប់​ប្រចាក់​គ្នា​តាម​កម្លាំង​ប្រដាប់​អាវុធ​ហ្នឹង​ ទាល់​ដល់​រាល់ថ្ងៃ​ហ្នឹង​បាទ»។​

ប្រទេស​កុម្មុយនិស្ត​ចិន​ ដែល​បាន​អនុវត្ត​សេដ្ឋកិច្ច​ផែនការ​ នៅ​ក្រោម​ការ​ដឹកនាំ​របស់​មេ​ដឹកនាំ​កុម្មុយនិស្ត​ចិន​ លោកម៉ៅ សេទុង​ ​(Mao Tse-Tung)​ បាន​ប្តូរ​ជា​សេដ្ឋកិច្ច​ទីផ្សារ​ គឺ​នៅ​គ្រា​ដែល​លោក​ តេង សៀវភីង​(Deng Xiaoping)​ បាន​ឡើង​មក​ដឹកនាំ​ប្រទេស​ចិន​ជំនួស​លោក​ ម៉ៅ សេទុង​ ដែល​បាន​ស្លាប់​នៅ​ឆ្នាំ​១៩៧៧។​

​នៅ​ឆ្នាំ​១៩៧៨​ លោក​ តេង​ បាន​ផ្តើម​ឲ្យ​ប្រទេស​ចិន​ ​ផ្លាស់ប្តូរ​របប​សេដ្ឋកិច្ច​ខ្លួន​ទៅ​រក​សេដ្ឋកិច្ច​ទី​ផ្សារ។​ នៅ​ឆ្នាំ​១៩៩៧​ លោក​ ​តេង​ ​បាន​លាចាក​ពី​ប្រទេស​ចិន​ ​ដែល​បាន​ក្លាយ​ជា​ប្រទេស​ដ៏​រុងរឿង​មួយ​ក្នុង​សវត្សរ៍ទី២០​ ​ប៉ុន្តែ​របប​ផ្តាច់ការ​ឯកបក្ស​របស់​ចិន​បាន​បន្ត​នៅ​រឹងមាំ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។​ នេះ​បើ​យោង​តាម​ឯកសារ​ផ្សេងៗស្តី​ប្រវត្តិ​នៃ​ការ​ប្រែប្រួល​ស្ថានភាព​នយោបាយ​ ​និង​សេដ្ឋកិច្ច​របស់​ចិន។​

ធនាគារ​ពិភពលោក​ ​បាន​ប្រកាស​ឲ្យដឹង​កាល​ពី​ខែ​វិចិ្ឆកា ឆ្នាំ​២០១៧ថា ទស្សនវិស័យ​ទៅមុខ​របស់​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​មាន​ភាព​វិជ្ជមាន។ កំណើន​សេដ្ឋកិច្ច​ត្រូវ​បាន​ព្យាករណ៍​ទុក​ថា​ នឹង​មាន​សន្ទុះ​រឹងប៉ឹង​ ក្នុង​កម្រិត​ ៦,៩​ ភាគរយ​ ក្នុង​ឆ្នាំ​២០១៨​ ដោយសារ​តែ​ពិពិធកម្ម​ក្នុង​ការ​នាំចេញ​ ការ​រក្សា​ស្ថានភាព​ល្អ​នៃ​ការ​ហូរ​ចូល​វិនិយោគ​ផ្ទាល់​មក​ពី​ខាង​ក្រៅ​ និង​ការ​ប្រមើល​ទុក​ថា​ ស្ថានភាព​សេដ្ឋកិច្ច​សាកល​នឹង​មាន​ភាព​កាន់​តែ​ប្រសើរ។​

​ក៏ប៉ុន្តែ​ក្រុម​សេដ្ឋវិទូធនាគារ​ពិភពលោក​ ​បាន​ព្រមាន​ថា​ ​លទ្ធភាព​នៃ​ការ​ធ្លាក់​ចុះ​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​ ​ជា​ពិសេស​សេដ្ឋកិច្ច​ប្រទេស​ចិន​ និង​ភាព​មិន​ប្រាកដប្រជា​ពាក់ព័ន្ធ​ជាមួយ​ការ​បោះឆ្នោត​អាច​បង្ក​ហានិភ័យ​ដល់​ទស្សនវិស័យ​សម្រាប់​កំណើន​នេះ​ដែរ៕

XS
SM
MD
LG