រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ចាក់​វ៉ាក់​សាំង​ដូស​ទី៣ ខណៈ​វីរុស​បំប្លែង​ថ្មី​ដែលតា​កំពុង​រាល​ដាល​ដល់​រាជធានី​ភ្នំពេញ

រូបឯកសារ៖ បុគ្គលិកសុខាភិបាលម្នាក់បង្ហាញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) នៅមន្ទីរពេទ្យមួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​អាទិត្យ បាន​ប្រកាស​ឲ្យ​ចាក់​វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ​១៩​ដូស​ទី​៣​ដល់​ប្រជា​ពលរដ្ឋ ដើម្បី​ជំរុញ​ការ​ការ​ពារ​ជំងឺ​កូវីដ​១៩ ជា​ពិសេស​ទប់ទល់នឹង​វីរុស​បំប្លែង​ថ្មី​ដែលតា​ (Delta) ដែល​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា​ឆ្លង​ចូល​ដល់​ទីក្រុង​ភ្នំពេញ។

លោក ហ៊ុន សែន បាន​ប្រកាស​បែប​នេះ​នៅ​ក្នុងពិធី​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ដល់​មនុស្ស អាយុ​ពី​១២​ឆ្នាំ​ទៅ​១៧​ឆ្នាំ។

លោក ហ៊ុន សែន បាន​ថ្លែង​ថា​អ្នក​ចាក់​វ៉ាក់​សាំង​របស់​ចិន​ឈ្មោះ​ស៊ីណូហ្វាម​ (Sinopharm) និង​ស៊ីណូវ៉ាក់ ​(Sinovac) អាច​ចាក់​វ៉ាក់​សាំង​ប្រភេទ​អាស្រ្តាហ្សេនីកា​ (AstraZeneca)​ ដែល​កម្ពុជា​ទទួល​បាន​ពី​ការ​ផ្តល់​របស់​រដ្ឋាភិបាល​ជប៉ុន​ដែល​ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជាមួយ​ចំនួន​ហើយ និង​ការ​ចូល​រួម​ផ្តល់​ដោយ​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា​នេះ។

លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «ម្សិលមិញ​ខ្ញុំ​បាន​យក​ការ​សម្រេច​ហើយ អនុញ្ញាត​ឲ្យ​ចាក់។ ហើយ​ប្រើ​ប្រាស់​អាស្រ្តាហ្សេនីកា(AstraZeneca) ធ្វើ​ជា​ដូស​ជំរុញ។ អ្នក​ដែល​បាន​ចាក់​ស៊ីណូហ្វាម ស៊ីណូវ៉ាក់ ត្រូវ​យក​អាស្រ្តាហ្សេនីកា​ធ្វើ​ជា​ដូស​ជំរុញ»។

លោក​បន្ត​ថាខណៈ​កម្ពុជា​មិន​ទាន់​មាន​វ៉ាក់សាំង​ប្រភេទ​អាស្រ្តាហ្សេ​នីកា​ច្រើន​គ្រប់​គ្រាន់ ដូច្នេះវ៉ាក់​សាំង​ដែល​មាន​ក្នុង​ស្តុក នឹង​ត្រូវ​បញ្ជូន​ជា​បន្ទាន់​ទៅ​ចាក់​ដល់​អ្នក​ខ្សែ​ត្រៀម​ជួរ​មុខ ជា​ពិសេស​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែនថៃ ដែល​មាន​ករណី​ឆ្លង​ច្រើន​ប្រភេទ​វីរុស​ដែលតា។

បើ​តាម​លោក ហ៊ុន សែន ក្រុម​ជួរ​មុខ​ដែល​នឹង​ត្រូវ​ចាក់​មុន អាច​មាន​ទៅ​ដល់​១​លាន​នាក់។ លោក​ឲ្យ​ដឹង​ទៀត​ថា​រដ្ឋាភិបាល​របស់​លោក​នឹង​បញ្ជា​ទិញ​វ៉ាក់​សាំង​អាស្រ្តាហ្សេនីកា​បន្ថែម​ទៀត ដើម្បីយក​មក​ចាក់​ជា​ដូស​ទី​៣​សម្រាប់​ប្រជាជន​ដែលចាក់​វ៉ាក់​សាំង​ស៊ីណូ​ហ្វាម​និងស៊ីណូវ៉ាក់។ លោក​ក៏​បាន​បញ្ជា​ឲ្យ​សិក្សា​រក​ប្រភេទ​វ៉ាក់​សាំង​ណា​ដែល​អាច​ចាក់​បាន​សម្រាប់​ប្រជា​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់​សាំង​អាស្រ្តាហ្សេនីកា​ដូច​រូប​លោក​ផ្ទាល់។

អាជ្ញាធរ​សុខាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​វីរុស​ប្រភេទ​បំប្លែង​ថ្មី​នេះ​បាន​ឆ្លង​ចូល​ទីក្រុង​ភ្នំពេញ​ក្រោយ​ពី​រាល​ដាល​នៅ​តាម​ខេត្ត​មួយ​ចំនួន​ជាប់​នឹង​ព្រំដែន​ថៃ

រូប​ឯកសារ៖ ក្រុមមន្ត្រីសុខាភិបាលស្ថិតក្នុងឯកសណ្ឋានការពារពីការឆ្លងជំងឺកូវីដ១៩ បញ្ជូនអ្នកជំងឺកូវីដ១៩ មកទទួលការព្យាបាលនៅមណ្ឌលព្យាបាល នៅកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ចេញ​ផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដោយ​បញ្ជាក់​ថា​អាជ្ញា​ធរ​បាន​រក​ឃើញ​ករណី​វីរុស​កូ​វីដ​ថ្មី ដែលតា​ (Delta)​ ជា​លើក​ដំបូង​ក្នុង​រាជ​ធានី​ភ្នំពេញ ដែល​នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា​រក​ឃើញ​១​ករណី​លើ​ពលករ​មក​ពី​ថៃ​នៅ​មណ្ឌល​ព្យាបាល​សែន​សុខ​រាជ​ធានី​ភ្នំពេញ និង​ថ្ងៃ​ទី​១ ខែ​សីហា រក​ឃើញ​៤​ករណី​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ និង​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ដែល​កើត​លើ​បុគ្គលិក​អនាម័យ​មន្ទីរ​ពេទ្យ​ម្នាក់ និង​អ្នក​ជំងឺ​មក​សម្រាក​ព្យាបាល។

ក្រសួង​សុខាភិបាលបាន​ឲ្យ​ដឹង​ថា​គ្រាន់​តែ​រយៈ​ពេល​២​ថ្ងៃ​ចុង​ក្រោយ​នេះ អាជ្ញាធរ​រក​ឃើញ​ករណី​ឆ្លង​វីរុសបំប្លែង​ថ្មីចំនួន​១០៩​នាក់​នៅ​ទូទាំង​ប្រទេស

លោក ហែន កន ចៅ​សង្កាត់​បឹក​កក់​ទី​២​នៃ​សង្កាត់​បឹង​សាឡាង ក្នុង​ខណ្ឌ​ទួល​គោក បាន​ប្រាប់វីអូអេនៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ភូមិ​ទី​៥​ក្នុង​សង្កាត់​បឹង​សាឡាង​ត្រូវ​បាន​បិទ​ខ្ទប់ជា​បណ្តោះ​អាសន្ន​នៅ​ថ្ងៃ​ចន្ទ​នេះ ដោយរក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ​១៩​វីរុស​បំប្លែង​ថ្មី​ដែល​តា​ចំនួន​៥​នាក់ ក្នុង​ចំណោម​អ្នក​ប៉ះ​ពាល់​ប្រយោល​ជាង​៣០០​នាក់​ដែល​ត្រូវ​បានយក​សំណាក។ លោក​បន្ថែម​ថា​អ្នក​ឆ្លង​ថ្មី​ទាំងនេះ​មាន​ពាក់​ព័ន្ធ​ជា​មួយ​ចុង​ភៅ​ដាំ​បាយ​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​ដែល​ត្រូវ​បានពិ​និត្យ​ឃើញវិជ្ជ​មាន​ដែល​តា​កាល​ពី​ថ្ងៃ​អាទិត្យ។

អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំ​ពាក្យ​របស់​ក្រសួង​សុខាភិបាល បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​Fresh News​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ថា​ការ​ឆ្លង​វីរុស​ថ្មី​ដែល​តា​នេះ បាន​ចាប់​ផ្តើម​ចូល​ក្នុង​សហ​គមន៍​ជា​ដុំៗ ដែល​វា​ជា​ការ​ព្រួយ​បារម្ភ ប្រសិន​បើ​មាន​ការ​ឆ្លងរីក​សាយ​ទ្រង់​ទ្រាយ​ធំក្នុង​សហគមន៍​ដែល​នឹង​អាច​មាន​ការ​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ​សា​ជា​ថ្មី។

អ្នកស្រី​ថ្លែង​ថា៖ «នៅ​ក្នុង​ដំណាក់​កាល​នេះ យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ទាំង​អស់​គ្នា កុំ​ឲ្យ​គិត​ថា​មិន​អី​ទេៗ។ ធម្មតា​ទេ ដែល​វា​មិន​មាន​ហេតុ​ការ​អី​ទេ។ នេះ​ជា​ការ​យល់​ឃើញ​មួយ​ដែល​នាំ​យើង​ទាំង​អស់​គ្នា​ឆ្ពោះ​ទៅ​រក​ជ្រោះ​មរណៈ​នៃ​មហន្តរាយ​សុខភាព​សាធារណៈ​ក៏​ដូច​ជា​មហន្តរាយ​នៃ​សេដ្ឋកិច្ច​គ្រួសារ​ក៏​ដូច​សេដ្ឋ​កិច្ច​សង្គម​ជាតិ​របស់​យើង​ហើយ»។

កាល​ពី​សប្តាហ៍​មុន រដ្ឋបាលរាជ​ធានី​ភ្នំពេញ​ បាន​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​សកម្ម​ភាព​ការងារ​មុខ​របរ​ឬ​អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង ផ្អាក​ការ​ជួប​ជុំ​ឬ​ការ​ប្រមូល​ផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ដែល​មាន​មនុស្ស​លើស​ពី​១០​នាក់​រយៈ​ពេល​២​សប្តាហ៍ គឺ​រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​សីហា។

រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ដាក់បម្រាម​គោ​ចរ​ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​រាល់​ការ​ធ្វើ​ចរាចរណ៍ និង​រាល់​សកម្មភាព​ការងារ​មុខរបរ​ឬ​អាជីវ​កម្ម​ នៅ​ចន្លោះ​ម៉ោង​៩​យប់​ដល់​ម៉ោង​៣​ទៀប​ភ្លឺ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពីអ្នក​នាំពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ លោក ម៉េត មាស​ភក្តី បាន​ទេ​នា​ថ្ងៃ​ចន្ទ​នេះ​។

លោក​យង់​ គិមអេង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍ​និង​សន្តិភាព​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​លោក​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​រីករាល​ដាល​ជំងឺ​កូវីដ​១៩​ខ្លាំង​ក្លា​បន្ត​ទៀត​នៅ​កម្ពុជា ខណៈ​វីរុស​បំប្លែង​ថ្មី​កំពុង​រាលដាល​ក្នុង​ទីក្រុង។ លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​ត្រូវ​តែ​អនុវត្ត​វិធានការឲ្យ​បាន​តឹងរ៉ឹង ដើម្បី​កុំ​ឲ្យ​មាន​ហា​និ​ភ័យ​ណា​មួយ​កើត​ឡើង។

លោក​ថ្លែង​ថា៖ «យើង​ឃើញ​ថា​មក​ដល់​ពេល​នេះ​កម្ពុជា​ក៏​ចាប់​ផ្តើម​មាន​វីរុស​ដែល​តា​ហ្នឹង​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ រួម​ទាំង​រាជ​ធានី​ភ្នំពេញ​ផង ហើយ​ក៏​វា​ជា​ក្តី​ព្រួយ​បារម្ភ​ខ្លាំង។ នេះ​ជា​ចំនួន​ដែល​យើង​រក​ឃើញ ហើយ​ចុះ​ចំនួន​មិន​អាច​រក​ឃើញ​តើ​វា​នឹង​មាន​ការ​ចម្លង​កន្លែង​ណា​ខ្លះ​ទៀត? អាហ្នឹង​ជា​រឿង​សំខាន់ ពី​ព្រោះ​យើង​អត់​ដឹង​ថា​មាន​អ្នក​ដែល​ចេញ​ចូល អ្នក​ដែល​មាន​វីរុស​ដែល​តា​ហ្នឹង ដែល​គាត់​មាន​ការ​ឆ្លង​ហ្នឹង​គាត់​បាន​ទៅ​ពេទ្យ ឬគាត់​បាន​ទៅ​ពេទ្យ​ពិនិត្យ​បាន​ត្រឹម​ត្រូវ»។

លោក​បន្ត​ថា​ប្រសិន​បើ​មាន​ការ​បិទ​ខ្ទប់​សា​ជាថ្មី​នៅតំបន់​ដែល​មាន​ការ​ឆ្លង​រីករាល​ដាល​នៃ​វីរុស​ដែលតា​នេះ ជា​ការ​ល្អ ប៉ុន្តែអាជ្ញាធរត្រូវ​តែ​ផ្គត់​ផ្គ​ង់ និ​ង​ជួយ​ទំនុក​បម្រុង​តម្រូវ​ការ​របស់​ប្រជាពល​រដ្ឋ​ដែ​លជួប​ផល​លំបាក​ដោយ​សារ​ជំងឺ​នេះ។ លោក​ក៏​ជំរុញ​ឲ្យ​អាជ្ញាធរ​ផ្សព្វ​ផ្សាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ត្រៀម​ខ្លួន​ជាមុន​យ៉ាង​ហោច​ណាស់​២​ឬ៣​ថ្ងៃ ដើម្បី​អាច​ឲ្យ​ប្រជា​ពល​រដ្ឋ​ដែល​មាន​លទ្ធភាព​ក្នុង​ការទិញ​សម្ភារៈ​ប្រើ​ប្រាស់ ឬ​ស្បៀង​បម្រុង​ទុក មុន​នឹង​បិទ​ខ្ទប់​ទីក្រុង​។

លោក​ថ្លែង​ថា៖ «រដ្ឋ​ត្រូវ​តែ​ត្រៀម​លក្ខណៈ​ដែរ​ដើម្បី​ឲ្យ​មាន​ការ​បិទ​ខ្ទប់។ ប្រសិន​បើ​យើង​ហ៊ាន​លះ​បង់​បញ្ហា​សេដ្ឋកិច្ច​ក្នុង​រយៈ​ពេល​ខ្លី អាហ្នឹង​យើង​អា​ច​សង្គ្រោះ​ស្ថាន​ភាព​នេះ​បាន។ ត្រូវ​តៀម​លក្ខណៈ​បែប​ម៉េច? គឺ​ត្រូវ​តៀម​លក្ខណៈ​ក្នុង​ការ​ដោះ​ស្រាយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខណៈ​ការ​បិទ​ខ្ទប់​បាទ។ សំខាន់​បំផុត​មនុស្ស គ្មាន​អី​ក្រៅ​ពី​ការ​ហូប​ចុក​នោះ​ទេ។ បើ​សិន​ជា​គាត់​អាច​មាន​ស្បៀង​មាន​អ្វី​សម្រាប់​ទុក​បម្រុងសម្រាប់​ការ​ហូប​ចុក​ហើយ គឺ​មិន​ជា​បញ្ហា​ទេ។ ហើយ​ឬ​រដ្ឋ​បាន​ផ្គត់​ផ្គង់​ស្បៀង​អាហារ​សម្រាប់​ក្រុម​ដែល​ងាយ​រង​គ្រោះ ដែល​គាត់​ប្រឈម»។

គួរ​បញ្ជាក់​ថា​អ្នក​ជំនាញ​បាន​លើក​ឡើង​កាល​ពី​កន្លង​ទៅ​ថា​វ៉ាក់សាំង​មួយ​ចំនួន រួម​មាន​ស៊ីណូវ៉ាក់ ស៊ីណូហ្វាម និង​អាស្រ្តាហ្សេនីកា ដែល​កម្ពុជា​បាន​ប្រើប្រាស់​សម្រាប់​ចាក់​ដល់​ប្រជាពលរដ្ឋ មិន​មាន​ប្រសិទ្ធ​ភាព​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ ដើម្បី​ទប់​ទល់​នឹង​វីរុស​បំប្លែង​ថ្មី​ដែល​តា។ ការ​ចាក់​វ៉ាក់សាំងដូស​ទី៣​បន្ថែម​ទៀត ត្រូវ​បាន​ស្នើ​ដោយ​ក្រុម​អ្នក​ជំនាញ​ដែល​សិក្សា​លើ​ប្រសិទ្ធភាព​វ៉ាក់សាំង៕