ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​អនុញ្ញាត​ការ​ព្យាបាល​​កូវីដ​១៩​តាម​ផ្ទះ​ក្នុង​ខេត្ត​ទាំង​អស់ ខណៈ​វីរុស​បំប្លែង​ថ្មី​ Delta ​ឆ្លង​ចូល​​សហគមន៍


រូប​​ឯកសារ៖ បុគ្គលិកសុខាភិបាលកំពុងយកសំណាកពីប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើេតស្តរកជំងឺកូវីដ១៩ កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១។ (ទុំ ម្លិះ/វីអូអេ)
រូប​​ឯកសារ៖ បុគ្គលិកសុខាភិបាលកំពុងយកសំណាកពីប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើេតស្តរកជំងឺកូវីដ១៩ កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១។ (ទុំ ម្លិះ/វីអូអេ)

ក្រសួង​សុខាភិបាល​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩​កម្រិត​ស្រាល​នៅ​តាម​ផ្ទះ នៅ​តាម​បណ្តា​ខេត្ត​ទាំង​អស់​ទូទាំង​ប្រទេស ស្រប​ពេល​វីរុស​ជំងឺ​កូវីដ​១៩​បំប្លែង​ថ្មី​ដែលតា​ (Delta) កំពុង​ឆ្លង​ក្នុង​សហ​គមន៍។

កន្លង​ទៅ ក្រសួង​សុខាភិបាល​បាន​អនុញ្ញាត​ឱ្យ​អ្នក​ជំងឺ​កូវីដ​១៩ កម្រិត​សម្រាល ឬ​គ្មាន​រោគ​សញ្ញា​អាច​សម្រាក​ព្យាបាល​នៅ​ផ្ទះ​បាន​ក្នុង​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល និង​ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​មាន​កម្រិត​ឆ្លង​ខ្លាំង។

នៅ​ក្នុង​សេចក្តី​សម្រេច​ចុះ​ថ្ងៃ​ទី​២៩ ខែ​កក្កដា រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​អនុញ្ញាត​ឱ្យអាជ្ញាធរ​នៅ​តាម​បណ្តា​ខេត្ត​នានា​ផ្សេង​ទៀត​អនុវត្តនីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​សម្រាប់​គ្រប់គ្រង ថែទាំ និ​ង​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩​នៅ​តាម​ផ្ទះ។

សេចក្តី​សម្រេច​ឱ្យ​ដឹង​ថា៖ «អភិបាល​នៃ​គណៈអភិបាល​ខេត្ត ត្រូវ​ពិនិត្យ និង​រៀប​ចំ​លក្ខណៈ​សម្បត្តិ និង​ពេល​វេលា​សម​ស្រប ដើម្បី​ដាក់​ឱ្យ​ដំណើរ​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩ កម្រិត​ស្រាល និង​គ្មាន​រោគសញ្ញា​នៅ​ផ្ទះ​ក្នុង​ភូមិ​សាស្រ្ត​ខេត្ត​នីមួយៗ»។

កាល​ពី​ថ្ងៃ​ពុធ រដ្ឋាភិបាល​បាន​ដាក់​ចេញ​វិធាន​ការ​បិទ​ខ្ទប់​ខេត្ត​ចំនួន​៨ ដែល​ភាគ​ច្រើន​នៅ​ជាប់​ព្រំ​ដែន​ប្រទេស​ថៃ រយៈ​ពេល​២​សប្តាហ៍ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​វីរុស​ដែលតា ដែល​ឆ្លង​ខ្លាំង​និង​រហ័ស​ជាង​មុន។ អាជ្ញាធរ​ខេត្ត​ទាំង​នោះ​បាន​សម្រេច​បិទ​ការ​ធ្វើ​ដំណើរ​ឆ្លង​ពី​ភូមិសាស្រ្ត​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ។

បើ​តាម​របាយ​ការណ៍​របស់​ក្រសួង​សុខាភិបាល គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា​ដល់​ថ្ងៃ​ទី​២៥ ខែ​កក្កដា កម្ពុជា​បាន​រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូវីដ​១៩​ប្រភេទ​ដែល​តា សរុប​ចំនួន​១១៤​នាក់។

អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​របស់​ក្រសួង​សុខាភិបាល បាន​ប្រាប់​ទូរទស្សន៍​ជាតិ​កម្ពុជា​(ទទក)​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ករណី​ឆ្លង​វីរុស​ថ្មី​នេះ​អាច​មាន​ច្រើន​ជាង​នេះ ខណៈ​វីរុស​នេះ​ត្រូវ​បាន​រក​ឃើញ​ឆ្លង​ក្នុង​សហគមន៍​នៃ​ខេត្ត​ឧត្តរ​មាន​ជ័យ កំពង់ធំ បាត់ដំបង បន្ទាយ​មានជ័យ និង​ព្រះវិហារ​ជា​ដើម។

គួរ​បញ្ជាក់​ថា​ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​សុក្រ​នេះ​មាន​ករណី​ឆ្លង​ចំនួន​៦៦៨​នាក់​ដែល​ក្នុង​នោះ​ករណី​ឆ្លង​ក្នុង​ប្រទេស​មាន​ប្រមាណ​៤០០​នាក់។ ករណី​ស្លាប់​ថ្មី​មាន​ចំនួន​២៥​នាក់ ដែល​នាំ​ឲ្យ​ករណី​ស្លាប់​សរុប​កើន​ឡើង​ដល់​១.៣៧៥​នាក់៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG