ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ប្រកាស​វិធានការ​បិទខ្ទប់​ក្នុង​ខេត្ត​ចំនួន៨ ដើម្បី​ទប់ស្កាត់​វីរុស​កូវីដ​១៩​បំប្លែង​ថ្មី​ Delta


រូបឯកសារ៖ អាជ្ញាធរ​រឹតបន្តឹង​ការ​ធ្វើ​ដំណើរ​កាន់​តែ​ខ្លាំង បន្ទាប់​ពី​អនុវត្ត​បំរាម​គោចរ​អស់រយៈពេល​មួយ​សប្តាហ៍ រាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)
រូបឯកសារ៖ អាជ្ញាធរ​រឹតបន្តឹង​ការ​ធ្វើ​ដំណើរ​កាន់​តែ​ខ្លាំង បន្ទាប់​ពី​អនុវត្ត​បំរាម​គោចរ​អស់រយៈពេល​មួយ​សប្តាហ៍ រាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

ស្រប​ពេល​មាន​ការ​រក​ឃើញ​វីរុស​កូវីដ១៩​បំប្លែង​ថ្មី ប្រភេទដែលតា ​(Delta)​ ឆ្លង​ក្នុង​សហគមន៍ រដ្ឋាភិបាល​បាន​ប្រកាស​វិធាន​ការបិទ​ខ្ទប់​ក្នុង​ខេត្ត​ចំនួន​៨ រយៈ​ពេល​២​សប្តាហ៍ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​ដែល​ឆ្លង​ខ្លាំង និង​រហ័ស​មួយ​នេះ។

ខេត្ត​ទាំង​នោះ រួម​មាន​ខេត្ត​កោះកុង​ ពោធិ៍សាត់​ បាត់​ដំបង​ ប៉ៃលិន​ បន្ទាយ​មាន​ជ័យ​ ឧត្តរ​មានជ័យ​ ព្រះវិហារ​ និង​ខេត្ត​សៀម​រាប។

បើ​តាម​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​កម្ពុជា​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ ខេត្ត​ទាំង​នេះ​ នឹង​ត្រូវ​មាន​ការ​កំណត់​បែង​ចែក​ភូមិ​សាស្ត្រ​ជា​«តំបន់​ក្រហម» «តំបន់​លឿង​ទុំ» និង«តំបន់​លឿង» អាស្រ័យ​តាម​កម្រិត​នៃ​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​នេះ​ នៅ​ក្នុង​ភូមិសាស្ត្រ​បិទ​ខ្ទប់​នីមួយ​ៗ។

សេចក្តី​សម្រេច​នេះ ​មិន​បាន​បង្ហាញ​លម្អិត​នូវ​វិធាន​ការពាក់​ព័ន្ធ​នឹង​បម្រាម​គោចរ ការ​ហាម​ឃាត់​សកម្ម​ភាព​សេដ្ឋកិច្ច​សង្គម និង​ការហាម​ប្រជាពលរដ្ឋ​ចាក​ចេញ​ពី​លំនៅ​ឋាន​ក្នុង​តំបន់​មាន​កម្រិត​ឆ្លង​ខ្លាំង​នៃ​វីរុស​បំប្លែង​ថ្មី​នេះ។

ប៉ុន្តែ​អភិបាល​ខេត្ត​នៃ​ខេត្ត​ដែល​ត្រូវ​បាន​បិទ​ខ្ទប់​ អាច​ប្រើប្រាស់​វិធានការ​លម្អិតដែល​ធ្លាប់​ត្រូវ​បាន​ប្រើ​ប្រាស់​ ស្តី​ពី​ការ​បន្ត​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល ទៅ​តាម​ស្ថាន​ភាព​ជាក់​ស្តែង​នៃ​ការ​ចម្លង​វីរុស​កូវីដ១៩​ប្រភេទ​ដែល​តា​។ ​

បើ​តាម​សេចក្តី​សម្រេច​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ចុះថ្ងៃទី​២៨ ខែ​កក្កដា ការ​បិទ​ខ្ទប់​ភូមិ​សាស្ត្រ​ខេត្ត​ចំនួន​៨​ខាង​លើ​នោះ នឹង​ធ្វើ​ឡើង​ជា​បណ្តោះ​អាសន្ន​សម្រាប់​រយៈ​ពេល​១៤ថ្ងៃ​ គិត​ចាប់​ពី​ម៉ោង​១១:៥៩​នាទី​យប់​ នាថ្ងៃទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០២១​ រហូត​ដល់​ថ្ងៃទី​១២ ខែសីហា​ ឆ្នាំ​២០២១។

អ្នកស្រី​ ធន់ ស៊ីវហ្គិច ​ជំនួយ​ការ​របស់​អភិបាលខេត្ត​កោះ​កុង​អ្នកស្រី មិថុនា​ ភូថង​ ប្រាប់​វីអូអេ​នៅថ្ងៃ​ពុធ​នេះ​ថា ​តាម​ការ​អនុវត្ត​វិធាន​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​នេះ ប្រជាពលរដ្ឋ​មិន​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ ឬ​ចេញ​ចូល​ខេត្ត​បាន​ឡើយ​ក្នុង​រយៈ​ពេល​១៤​ថ្ងៃ។

«ទាក់​ទង​នឹង​ការ​បិទខ្ទប់​ហ្នុង ​គឺបិទ​ខេត្ត​ មាន​ន័យ​ថា​ ខេត្ត​ទាំង​ប៉ុន្មាន​ហ្នឹង​ទាំង​៦​ ទាំង​៧ហ្នឹង​ គឺ​អត់​ឲ្យ​មាន​ការ​ចូល​ទេ​ លុះត្រា​តែ​មាន​បេសកកម្ម​ ឬក៏​មាន​ឡាន​ដឹក​ទំនិញ​ សម្រាប់​ប្រជាពលរដ្ឋ​ធម្មតា គឺ​ឆ្លង​កាត់​អត់​បាន​ទេ​ គឺ​បិទ​រយៈ​ពេល​១៤​ថ្ងៃ»។

ជំនួយ​ការ​អភិបាល​ខេត្ត​កោះ​កុង​រូប​នេះ​ ឲ្យ​ដឹង​ថា​ អាជ្ញាធរ​ពាក់​ព័ន្ធ​ខេត្ត​កំពុង​ពិភាក្សា​អំពី​វិធាន​ការ​លម្អិត​នៃ​ការ​អនុវត្ត​វិធាន​ការ​បិទ​ខ្ទប់​ភូមិ​សាស្ត្រ​ខេត្ត​កោះ​កុង ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​បំប្លែង​ថ្មី​ដែល​តា​។

បើ​តាម​អ្នកស្រី ធន់ ស៊ីវហ្គិច ​វីរុស​កូវីដ​១៩​ប្រភេទ​ដែល​តានេះ មិន​ទាន់​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ខេត្ត​កោះ​កុង​នៅ​ឡើយ​ទេ។

ក្នុង​ការ​ចាត់​វិធាន​ការ​បិទ​ខ្ទប់​ខេត្ត​ដែល​ភាគ​ច្រើន​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ថៃ​នោះ​ ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នឹង​ទាក់​ទង​ជាបន្ទាន់​ជាមួយ​ភាគី​ថៃ​ ដើម្បី​បិទ​ព្រំដែន​ជា​បណ្តោះ​អាសន្ន​សម្រាប់​អ្នក​ដំណើរ​ចេញ​ចូល​ លើក​លែង​តែ​ការ​ដឹក​ជញ្ជូន​ទំនិញ​ និង​ករណី​ពិសេស​ដែល​មាន​ការ​អនុញ្ញាត​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ដូច​ជា​ករណី​អ្នក​ជំងឺ​សង្គ្រោះ​បន្ទាន់​។ នេះ​បើ​តាម​សេចក្តី​សម្រេច​ស្តីពី​វិធានការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​ខេត្ត​ទាំង​៨។

វីរុស​បំប្លែង​ថ្មី​ដែលតា​ (Delta) ត្រូវ​បាន​រក​ឃើញ​នៅ​កម្ពុជា កាល​ពី​ចុង​ខែ​មិថុនា តាម​រយៈ​ពលករ​ខ្មែរ​ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន។ នៅ​ក្នុង​ខែ​កក្កដា​នេះ​ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ប្រកាស​រក​ឃើញ​វីរុស​កូវីដ១៩​ បំប្លែង​ថ្មីដែល​តា លើ​ប្រជា​ពលរដ្ឋ​ក្នុង​ស្រុក ដែល​ជា​ការ​ព្រួយ​បារម្ភ​មួយ​ចំពោះ​ការ​នាំ​ឲ្យ​មាន​ការ​ឆ្លង​រហ័ស​បន្ថែម​ទៀត។

រូបឯកសារ៖ ពលករ​ខ្មែរ​ដឹក​ឥវ៉ាន់​របស់​ពួកគេ​ចេញ​ពី​ប្រទេស​ថៃ នៅ​ឯ​ច្រកព្រំដែន​អន្តរជាតិ​កម្ពុជា​-ថៃ នៅ​ក្រុង​ប៉ោយប៉ែត ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៤។ (AP Photo/Heng Sinith)
រូបឯកសារ៖ ពលករ​ខ្មែរ​ដឹក​ឥវ៉ាន់​របស់​ពួកគេ​ចេញ​ពី​ប្រទេស​ថៃ នៅ​ឯ​ច្រកព្រំដែន​អន្តរជាតិ​កម្ពុជា​-ថៃ នៅ​ក្រុង​ប៉ោយប៉ែត ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៤។ (AP Photo/Heng Sinith)

បើ​តាម​របាយ​ការណ៍​របស់ក្រសួង​សុខាភិបាល គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ដល់​ថ្ងៃ​ទី២៥ ខែ​កក្កដា កម្ពុជា​បាន​រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូវីដ​១៩​ប្រភេទ​ដែលតា សរុប​ចំនួន​១១៤​នាក់។ ក្រសួង​មិន​ទាន់​បញ្ជាក់​ឲ្យ​ដឹងអំពី​ករណី​ឆ្លង​ថ្មី​សរុប​នៃ​វីរុស​ប្រភេទ​ដែលតា គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

លោក ឌី រ៉ាដូ​ អភិបាល​រង​ខេត្ត​ឧត្តរមាន​ជ័យ​ និង​ជា​អ្នក​នាំ​ពាក្យ​របស់​សាលា​ខេត្ត​មួយ​រូប​ ប្រាប់​វីអូអេថា ​ប្រជាពល​រដ្ឋ​អាច​បន្ត​ធ្វើ​ដំណើរ​បាន​ក្នុង​ខេត្ត តែ​មិន​អនុញ្ញាត​ឲ្យ​ឆ្លង​ចេញ​ចូល​ខេត្ត​បាន​ទេ​។

«ប៉ុន្តែ​បើសិន​ជា​ក្រុមការងារ​ស្រាវជ្រាវ​មុខ​សញ្ញា​ អ្នក​ដែល​ពាក់​ព័ន្ធ​ហ្នឹង ហើយទី​តាំង​ណា​មួយ​ មាន​រក​ឃើញ​ ​មាន​វិជ្ជមាន​ប្រភេទ​ថ្មី​ គឺ​ថា​យើង​បិទ​ខ្ទប់​នៅ​តាំង​ហ្នឹង​ កំណត់​ថា ជា​តំបន់​ក្រហម​ ​លឿង​ទុំ​ តំបន់​លឿង​ ទៅ​តាម​អ្វីដែល​អាជ្ញាធរ​មូលដ្ឋាន​ អ្វី​ដែល​អាជ្ញាធរ​ស្រុក​ រួម​ជាមួយ​នឹង​ក្រុម​ការងារ​កំណត់​សញ្ញា​ហ្នឹង​ គាត់​ផ្តល់​យោបល់​មក​គណៈ​អភិបាល​ខេត្ត»។

បើ​តាម​លោក​ ឌី រ៉ាដូ មាន​ករណី​ឆ្លង​វីរុស​កូវីដ​១​៩​ប្រភេទ​ដែលតា​ចំនួន​៣៣​ករណី​ត្រូវ​បាន​រក​ឃើញ​ នៅ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ។ លោក​បន្ថែម​ថា អាជ្ញា​ធរ​ខេត្ត​នឹង​បន្ត​ពិនិត្យ​មើល​ស្ថានភាព​ឆ្លង ក្នុង​អំឡុង​ពេល​អនុវត្ត​វិធាន​ការ​បិទ​ខ្ទប់​ចំនួន​១៤​ថ្ងៃ​។

លោក ​យង់​ គិមអេង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍​ និងសន្តិភាព​ ថ្លែង​ថា​ វិធាន​ការ​បិទ​ខ្ទប់​ថ្មី​សម្រាប់​ខេត្ត​ទាំង​៨​នោះ​ អាច​នឹង​ជួយ​បន្ថយ​ល្បឿន​នៃ​ការ​ចម្លង​វីរុស​បំប្លែង​ថ្មី​ដែលតា​ទៅ​បណ្តា​ខេត្ត​ផ្សេង​ទៀត​ និង​រាជ​ធានី​ភ្នំពេញ ប្រសិន​បើ​អាជ្ញាធរ​ដែល​ឈរ​ជើង​នៅ​តាម​ច្រក​ព្រំដែន​ប្រកាន់​ភាព​ហ្មត់​ចត់​ក្នុង​ការ​អនុវត្ត​ភារ​កិច្ច​របស់​ខ្លួន។

«យើង​ដឹង​ហើយ​ថា​ នៅ​រាជធានី គឺ​ពាក់ព័ន្ធ​មជ្ឈ​មណ្ឌល​សេដ្ឋកិច្ច​ វប្បធម៌​ទាំង​អស់​ បើ​សិន​ជា​យើង​ទប់​ស្កាត់​មិន​បាន​ទេ​ គឺ​វា​នឹង​ប៉ះ​ពាល់​ខ្លាំង​ ហើយ​នៅ​ក្នុង​នោះ​ដែរ​គឺ​ វា​អាច​កាត់​បន្ថយ​នូវ​ខ្សែ​សង្វាក់​ផលិតកម្ម​ ក៏ដូច​ជា​ការ​ទាញ​ឲ្យថយ​ចុះ​ យ៉ាង​ខ្លាំង​នូវ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ ដែល​អាច​ប៉ះពាល់​កាន់​តែ​ដុន​ដាប​ថែម​ទៀត»។ ​

ភ្លាមៗ​ក្រោយ​រដ្ឋាភិបាល​ប្រកាស​បិទ​ខ្ទប់​ភូមិ​សាស្រ្ត​ខេត្ត​ចំនួន​៨​នោះ​ ​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​បាន​ចេញ​វិធាន​ការកំហិត​ការ​ធ្វើ​ដំណើរ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​រាជធានី​ និង​តម្រូវ​ឲ្យ​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​សកម្មភាព​មុខ​របរ​ ឬ​អាជីវកម្ម​ ដែល​មាន​លក្ខណៈ​ប្រមូល​ផ្តុំ។ វិធាន​ការ​នេះ​នឹង​អនុវត្ត​រយៈ​ពេល​១៤​ថ្ងៃ​ គិត​ចាប់​ពី​ម៉ោង​១១:៥៩នាទី​ យប់ថ្ងៃទី​២៩ ខែ​កក្កដា​ ដល់​ថ្ងៃទី​១២ ខែ​សីហា។

បើ​តាម​សេចក្តី​សម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​«ក្នុង​អំឡុង​ពេល​នៃ​ការ​ចេញ​វិធាន​ការ​រដ្ឋបាល​ ត្រូវ​បាន​អនុវត្ត​បម្រាម​គោចរ​ ដោយ​ផ្អាក​ជាបណ្តោះ​អាសន្ន​នូវ​រាល់​ការ​ធ្វើ​ចរាច​រណ៍ និង​រាល់​សកម្ម​ភាព​ ការងារ​ មុខរបរ​ ឬ​អាជីវកម្ម​ នៅ​ចន្លោះ​ម៉ោង​២១(ម៉ោង​៩យប់)​ដល់​ម៉ោង​៣​ភ្លឺ»។

គួរ​បញ្ជាក់​ថា ​កម្ពុជា​បាន​សម្រុក​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ដល់​ពលរដ្ឋ​របស់​ខ្លួន ដែល​រហូត​មក​ដល់​ថ្ងៃ​ពុធ ចាក់បាន​ប្រមាណ​៧​លាន​១សែននាក់​ហើយ គឺ​ស្មើ​ប្រមាណ ​៧១%​ នៃ​គោល​ដៅ​ចាក់​ឲ្យ​បាន​យ៉ាង​តិច​១០​លាន​នាក់​នា​ត្រឹម​ខែ​តុលា​ខាង​មុខ​នេះ។ ទោះ​ជា​យ៉ាងណា ការ​សិក្សា​នានា​បង្ហាញ​ថា ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ មិន​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​ប្រឆាំង​នឹង​វីរុស​បំប្លែង​ថ្មី​ដែល​តា​នេះ​ទេ​៕

XS
SM
MD
LG