ខណៈកម្ពុជាបន្តរកឃើញករណីឆ្លងជំងឺកូវីដ១៩ក្នុងចំនួនច្រើនជារៀងរាល់ថ្ងៃ ក្រសួងសុខាភិបាល នៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងវីរុសកូវីដ១៩ប្រភេទបំប្លែងថ្មី ដែលតា (Delta) លើកដំបូងលើប្រជាពលរដ្ឋក្នុងស្រុក ដែលជាការព្រួយបារម្ភមួយចំពោះការនាំឲ្យមានការឆ្លងរហ័សបន្ថែមទៀត។
បើទោះកម្ពុជាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋក្នុងចំនួនច្រើនក៏ដោយ ការសិក្សាបង្ហាញថាវ៉ាក់សាំងមិនមានប្រសិទ្ធភាពខ្លាំងក្លាប្រឆាំងនឹងប្រភេទវីរុសបំប្លែងថ្មីនេះទេ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃអង្គារនេះ ឲ្យដឹងថាចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៥ ខែកក្កដា ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញករណីឆ្លងវីរុសកូវីដ១៩បំប្លែងថ្មីប្រភេទB.167-2 (Delta)ចំនួន៣៩នាក់ រួមមានអ្នកដំណើរវិលត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនចំនួន២១នាក់ បុគ្គលិកសុខាភិបាល៤នាក់ ពលរដ្ឋក្នុងសហគមន៍ដែលប៉ះពាល់ផ្ទាល់៦នាក់ និងពលរដ្ឋក្នុងសហគមន៍មិនប៉ះពាល់ផ្ទាល់៨នាក់។
ចំនួន៨នាក់នេះ ជាករណីឆ្លងសហគមន៍លើកដំបូង ដោយសារកន្លងទៅ ក្រសួងរកឃើញវីរុសបំប្លែងថ្មីនេះ តែលើពលករខ្មែរត្រឡប់ពីប្រទេសថៃ និងអ្នកធ្វើដំណើរចូលប្រទេសកម្ពុជាតែប៉ុណ្ណោះ។
បើតាមក្រសួងសុខាភិបាល គិតចាប់តាំងពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២៥ ខែកក្កដា កម្ពុជាបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ប្រភេទដែលតា សរុបចំនួន១១៤នាក់។
ក្រសួងសុខាភិបាលក៏បានឲ្យដឹងផងដែរថា បុគ្គលិកពេទ្យ៤នាក់ដែលបានធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩បំប្លែងថ្មីដែលតានេះ មាន៣នាក់មានទីលំនៅក្នុងខេត្តឧត្តរមានជ័យ។
លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ និងជាអ្នកនាំពាក្យរបស់សាលាខេត្តមួយរូប បានថ្លែងប្រាប់VOAនៅថ្ងៃអង្គារនេះថាករណីឆ្លងក្នុងចំណោមគ្រូពេទ្យដែលជាបុគ្គលិកសុខាភិបាល គឺអំឡុងពេលដែលពួកគេបានមកបំពេញការងារពិនិត្យអ្នកដំណើរឆ្លងកាត់តាមព្រំដែន។
លោកថ្លែងថា៖ «បុគ្គលិកសុខាភិបាលដែលឆ្លងនោះគឺ មន្រ្តីគាត់ប្រចាំការនៅព្រំប្រទល់ព្រំដែន អញ្ចឹងគាត់ឆ្លងពេលហ្នឹង ពេលពិនិត្យបងប្អូនពលករ»។
លោកឲ្យដឹងទៀតថាអ្នកធ្វើដំណើរត្រឡប់មកពីប្រទេសថៃចូលតាមច្រកខេត្ត មានកាន់តែច្រើនជាងមុន ដោយជាមធ្យមមានជាង៤០០នាក់ក្នុងមួយថ្ងៃ។ លោកបញ្ជាក់ថាចំពោះអ្នកដែលធ្វើតេស្តវិជ្ជមានកូវីដ១៩ប្រភេទបំប្លែងថ្មីដែលតា ភាគច្រើនជាពលករវិលត្រឡប់មកពីថៃ ដោយសារវីរុសបំប្លែងប្រភេទនេះមានការឆ្លងខ្លាំងនៅទីនោះ។
បើតាមអភិបាលរងខេត្តរូបនេះ គ្រប់អ្នកដំណើរតាមច្រកអូស្មាច់ តម្រូវឲ្យធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កក្នុងខេត្ត។ ហើយអ្នកជំងឺកូវីដ១៩វីរុសបំប្លែងថ្មីនេះ តម្រូវឲ្យព្យាបាលដាច់ដោយឡែកចំនួន២១ថ្ងៃ និងធ្វើចត្តាឡីស័កចំនួន២១ថ្ងៃបន្ថែមទៀត។
ចំណែកអាជ្ញាធរខេត្តសៀមរាបបានឲ្យដឹងថាខ្លួនក៏រកឃើញករណីវីរុសបំប្លែងថ្មីប្រភេទដែលតានេះ ឆ្លងក្នុងសហគមន៍ផងដែរ។ នេះបើតាមលោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប និងជាអ្នកនាំពាក្យរបស់សាលាខេត្ត។
លោកបានថ្លែងប្រាប់ VOA ថា អាជ្ញាធរខេត្តកំពុងព្រួយបារម្ភជុំវិញស្ថានភាពឆ្លងជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មីដែលតានេះ។
លោកបញ្ជាក់ថា៖ «យើងនៅសៀមរាបនេះ ក៏មានសភាពមួយគួរឲ្យព្រួយបារម្ភផងដែរ។ គិតត្រឹមថ្ងៃទី២៥ យើងមានវីរុសដែលតាហ្នឹង១១នាក់ហើយ។ ហើយក្នុងចំណោម១១នាក់នេះ ដែលមើលឃើញពីពលករ ដែលមកពីប្រទេសថៃហ្នឹង ចំនួន៦នាក់។ ហើយអ្នកប៉ះពាល់ជាមួយនឹងពលករហ្នឹង ចំនួន៦នាក់ ហើយនិងមិនប៉ះពាល់ពលករហ្នឹង២នាក់ទៀតបាទ។ អញ្ចឹងនេះជាបញ្ហាដែលព្រួយបារម្ភ ហើយនៅក្នុងសហគមន៍យើង ក៏វាមានវីរុសដែលតាហ្នឹងរួចហើយ។ នេះជាអ្វីដែលយើងមានការលំបាក»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍និងសន្តិភាព បានប្រាប់ VOA ថា ស្ថានភាពឆ្លងវីរុសកូវីដ១៩ប្រភេទថ្មីអាចរាលដាលក្នុងកម្រិតធ្ងន់ ប្រសិនបើមិនមានការពិនិត្យតាមដានច្បាស់លាស់ពីមន្រ្តី និងអាជ្ញាធរមានសមត្ថកិច្ចនោះទេ។
លោកថ្លែងថា៖ «ជាការពិតណាស់ ប្រសិនបើយើងមិនបានធ្វើការត្រួតពិនិត្យឲ្យបានដិតដល់ទេ យើងនឹងទទួលរងការវាយប្រហារពីជំងឺកូវីដ១៩បំប្លែងថ្មីនេះ ដែលធ្វើឲ្យកម្ពុជាយើងធ្លាក់ចូលក្នុងស្ថានភាពធ្ងន់ធ្ងរ។ ហើយចំពោះបញ្ហានេះ សញ្ញានៃការព្រួយបារម្ភបានកើតឡើង ហើយដោយយើងឃើញថាមិនមែនត្រឹមតែអ្នកដំណើរពីក្រៅប្រទេសនោះទេ នៅក្នុងនោះក៏មានអ្នកពាក់ព័ន្ធនៅក្នុងសហគមន៍ដែរ ដែលយើងព្រួយបារម្ភ ប្រសិនបើយើងទប់ស្កាត់អត់បានទេ គឺវានឹងមានការរាលដាលបាទ»។
លោកយង់ គិមអេងជំរុញឲ្យរដ្ឋាភិបាលរឹតបន្តឹងវិធានការក្នុងការស្វែងរកអ្នកពាក់ព័ន្ធនឹងអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មី ក៏ដូចជារៀបចំមណ្ឌលចត្តាឡីស័កត្រឹមត្រូវចំពោះអ្នកដំណើរពីក្រៅប្រទេស។
កាលពីចុងខែមិថុនា អ្នកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាលធ្លាប់បានបញ្ជាក់ពីផលវិបាកធ្ងន់ធរនៃវីរុសកូវីដ១៩ ប្រភេទបំប្លែងថ្មីដែលតា ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា ដូចជាការឆ្លងទ្រង់ទ្រាយធំ ហានិភ័យនៃការស្លាប់ច្រើនជាងមុន ក៏ដូចជា សម្ពាធបន្ថែមមកលើប្រព័ន្ធសុខាភិបាលកម្ពុជា។
អ្នកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជាបានបង្ហោះសារនៅលើបណ្តាញសង្គមTwitter កាលពីថ្ងៃទី២៥ ខែកក្កដា ជាភាសាអង់គ្លេស ហើយត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖ «យើងកំពុងស្វះស្វែងប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ប្រភេទបំប្លែងថ្មី Delta។ យើងត្រូវចាត់វិធានការឲ្យកាន់តែឆាប់រហ័ស និងដោយមិនមានការសោកស្តាយពីការលះបង់ណាមួយ។ វិធានការសំខាន់ពីរ ដើម្បីអាចបោះជំហានទៅមុខបានឆាប់រហ័សរួមមានការអនុវត្តន៍វិធានការបង្ការការពារនិងការផ្តល់វ៉ាក់សាំងឲ្យបានពេញលេញដល់ក្រុមមនុស្សងាយរងគ្រោះ»។
គួរបញ្ជាក់ថានៅថ្ងៃអង្គារនេះ ក្រសួងសុខាភិបាលបានរាយការណ៍ករណីឆ្លងថ្មីជំងឺកូវីដ១៩ ចំនួន៦៨៥នាក់ ដោយនាំឲ្យករណីឆ្លងសរុបកើនឡើងប្រមាណ៧៤.០០០នាក់ ហើយចំនួនអ្នកស្លាប់ថ្មីមាន១៩នាក់ ដោយធ្វើឲ្យករណីស្លាប់សរុបកើនដល់១.៣២៤នាក់៕