ពលរដ្ឋ​ខ្មែរ​បង្ហាញ​ក្ដី​បារម្ភ​និង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​កំណើន​ជនជាតិ​ចិន​ដ៏​ច្រើន​ក្នុង​ប្រទេស​កម្ពុជា

រូបឯកសារ៖ សណ្ឋាគារ​វិមានខ្សាច់មាសនៅក្រុង​ព្រះសីហនុ​ ដែល​ត្រូវបាន​បន្ថែម​ដោយ​កាស៊ីណូ ដើម្បីស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន ដែលមានការ​កើន​ឡើង​យ៉ាង​គំហុក (ស៊ុន ណារិន/VOA)

​អ្នកស្រី ជិត ពិសិទ្ធិ​គឺ​ជា​ម្ចាស់​ហាង​ធ្វើសក់​ ​តុបតែង​មុខ​ ​និង​លក់​ភេសជ្ជៈ​នៅ​តាម​ផ្ទះ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំ​ពេញ។​ មុខ​រប​របស់​គាត់​ហាក់​ ​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ​ដោយ​មាន​អតិថិជន​ជនជាតិ​ចិន​កាន់​តែ​ច្រើន​ឡើង​ភាគ​ច្រើន​ជា​អ្នក​ធ្វើ​ការ​នៅ​ក្បែរ​នោះ មក​ទិញ​ភេសជ្ជ:​របស់​អ្នក​ស្រី។​

ទោះ​បី​ជា​អ្នកស្រី​ទទួល​បាន​អតិថិជន​បន្ថែម​ក៏​ដោយ​ ​ក៏​ស្ត្រី​វ័យ​៣៤ឆ្នាំ​ ​រូប​នេះ​ ហាក់​ដូច​ជា​មិន​ពេញ​ចិត្ត​សោះ។​ ​អ្នកស្រី ​បាន​ប្រាប់VOA​ថា​ពេល​ដែល​បុរស​ជនជាតិ​ចិន​ចូល​មក​ទិញ​ឥវ៉ាន់​ពី​ហាង​អ្នកស្រី ពួកគេ​តែង​តែ​សើយ​អាវ​ ដោយ​មាន​ធំ​ក្លិន​ស្រា​ ឬ​បារី​ ​ព្រមទាំង​បញ្ចេញ​ឫកពា​មិន​ទំនង​ ផង​ដែរ។

«ចំណុច​សំខាន់​ទី​មួយ​គឺ​ពេល​ដែល​វា​ចូល​មក​ច្រើន​អ៊ីចឹង​ វា​ផ្ដល់​ផល​ប្រយោជន៍​អោយ​ខ្មែរ​ច្រើន​ ​ប៉ុន្តែ​វា​ក៏​បំពុល​បរិយាកាស​នៅ​ស្រុក​ខ្មែរ​ដែរ។​ ​ចង់​និយាយ​ថា​វា​ចូល​មក​ស្រុក​ខ្មែរ​យើង​ ​វា​ក្រញេងក្រញាង​ ​ដូច​ថ្ងៃ​មុន​មក​ចូល​ហាង​ខ្ញុំ ​ពួក​ខ្ញុំ​អត់​ចេះ​និយាយ​ចិន​ហើយ​វា​ថា​អ្នកលក់​អី​អត់​ចេះ​និយាយ​ចិន​អ៊ីចឹង។ វា​សម​តែ​ថា ​វា​មក​នៅ​ស្រុក​ខ្មែរ​ ​វា​ចេះ​និយាយ​ខ្មែរ​ វា​ថា​យើង​អ្នក​លក់​អី​អត់​ចេះ​និយាយ​ចិន​អ៊ីចឹង»។

​មិនមែន​តែ​អ្នកស្រី​ ​ជិត ពិសិទ្ធិដែល​រស់​នៅ​ភ្នំពេញ​នោះ​ទេ​ដែល​បង្ហាញ​ភាព​មិន​ពេញ​ចិត្ត​ចំពោះ​វត្តមាន​ដ៏​ច្រើន​របស់​ជនជាតិ​ចិន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ដែល​ផ្ដល់​បទ​សម្ភាសន៍​ដល់​ ​VOA ​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ ក៏​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​កើន​ឡើង​ដ៏​គំហុក​របស់​ជនជាតិ​ចិន​ក្នុង​ប្រទេស​កម្ពុជា​ ​ជាពិសេស​ពួក​គេ​ដាក់​ការ​ស្ដីបន្ទោស​លើ​ជនជាតិ​ចិន​ចំពោះ​ការ​កើន​ឡើង​នូវ​ឧក្រិដ្ឋកម្ម​ក្នុង​ប្រទេស​ ​ខណៈ​អ្នក​ខ្លះ មានការ​រំខាន​អារម្មណ៍​ដោយ​សារ​ការ​និយាយ​ខ្លាំងៗ​និង​ការ​ជក់​បារី​ពាសវាលពាសកាល​របស់​ជនជាតិ​ចិន​មួយ​ចំនួន​ផង​ដែរ។​

​កញ្ញា​ ​សៀវ វត្តី​ ​បុគ្គលិក​ផ្នែក​លក់​នៅ​ហាង​សំលៀក​បំពាក់​មួយ​ក្បែរ​ផ្សារ​ទួល​ទំពូង​ ​បាន​ប្រាប់​ថា​ភ្ញៀវ​ជនជាតិចិន មាន​ចំនួន​ច្រើន​ជាង​សព្វដង។​ ​អ្នកលក់​សំលៀក​បំពាក់​វ័យ​២៣ឆ្នាំ​រូប​នេះ​ ​ក៏​បាន​បង្ហាញ​ពី​ការ​សង្កេត​របស់​ខ្លួន​ផង​ដែរ​ ​ថា​ជន​ជាតិ​ចិន​ដែល​មក​ទិញ​សំលៀកបំពាក់​នៅ​ក្នុង​ហាង​ មាន​ភាព​រញ៉េរញ៉ៃ​ ហើយ​បានចំណាយ​ពេល​យ៉ាង​ច្រើន​ក្នុង​ការ​រើស​សំលៀក​បំពាក់​ជាង​ភ្ញៀវ​ដទៃ។

នាង​បាន​ប្រាប់​ ​ VOA​ ​ក្នុង​ន័យ​ដើម​ថា៖​

«ប៉ុន្តែ​ពេល​គាត់​មក​រាង​រញ៉េរញ៉ៃ។​ ​គាត់​មក​ទិញ​ខោរ​អាវ​ពីរ​បី​ ​ប៉ុន្តែ​គាត់​នៅ​យូរ​ដល់​ពីរ​បី​ម៉ោង​ហើយ​រាង​រញ៉េរញ៉ៃ។​ ​ហើយ​គាត់​និយាយ​លឺ​អ៊ីចឹង​ រាង​ធុញ​ដែរ​ពេល​រញ៉េរញ៉ៃ»។

កាល​ពី​ដើម​ខែ​កញ្ញា​កន្លង​ទៅ​ សារ​ព័ត៌មាន​ដើម​អំពិល​ជា​ភាសា​អង់គ្លេស​ហៅថា​Dap News​ បាន​ចេញ​ផ្សាយ​តាម​បណ្ដាញ​ហ្វេសបុក​ដោយ​ស្រង់​សម្ដី​របស់​ ​លោក​ ​សុខ ផល​ ​រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​ ​ថាជនជាតិ​ចិន​ប្រមាណ​ជាង​៥ម៉ឺន​នាក់​បន្ថែម​ទៀត ​នឹង​មក​កាន់​កម្ពុជា​ ​ដើម្បី​ប្រកប​អាជីវកម្ម​ផ្សេងៗ​នៅ​ចុង​ឆ្នាំ​២០១៨​នេះ។

មាន​ការ​បញ្ចេញ​មតិ​រិះគន់​ជាច្រើន​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ពី​រឿង​ការ​ហូរ​ចូល​យ៉ាង​គំហុក​របស់​ជនជាតិ​ចិន​មកកាន់​ខេត្ត​ព្រះ​សីហនុ​របស់​កម្ពុជា។​ ​ករណី​ចោរ​កម្ម​ ករណី​វាយតប់​គ្នា​ ​បង​តូច​បងធំ​ ​និង​ការ​ជួញដូរ​គ្រឿងញៀន​ដែល​ប្រព្រឹត្តិ​ដោយ​ជនជាតិ​ចិន​ ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​និង​បណ្ដាញ​សង្គម​ជា​បន្តបន្ទាប់ផង​ដែរ។​

ករណី​ទាំងនេះ​ បាន​ធ្វើ​អោយ​ប្រជាជន​ខ្មែរ​ជាច្រើន​ក្នុង​ប្រទេស ​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ដោយ​អ្នក​ខ្លះ​លើកឡើងថា​ក្រុង​ព្រះសីហនុ នឹង​ក្លាយ​ជា​ទីក្រុង​ចិនជាក់​ជា​មិនខាន ​ដែល​ការណ៍​នេះ បាន​ធ្វើ​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​ មិន​ចង់​ទៅលេង​ខេត្ត​ព្រះសីហនុ​នោះ​ទៀត​តែ​ម្ដង។​

​អ្នក​ស្រី​ ​ជិត ពិសិទ្ធិ​ ម្ចាស់​ហាង​លក់​ភេសជ្ជៈ​ក្នុង​ក្រុងភ្នំពេញ​ មាន​ប្រសាសន៍​ថា៖​

«វា​មក​ហើយ​ធ្វើ​ម៉េច មិន​ដឹង​និយាយ​អី​ទៀត​ទេ។​ ​ប៉ុន្តែ​ពេល​ឃើញ​នៅ​ឃើញ​នៅ​ដូច​កំពង់​សោម​អ៊ីចឹង ដូច​លែង​ចង់​ទៅ​លេង​អី»។

ខេត្ត​ព្រះសីហនុ​ដែល​ធ្លាប់​តែ​ជា​កន្លែង​ទេសចរណ៍​ដ៏​ប្រសើរ​សម្រាប់​ពល​រដ្ឋ​ខ្មែរ​ បាន​ក្លាយ​ជា​កន្លែង​មួយ​ដែល​អ្នក​ទេសចរ​ក្នុង​ស្រុក​ ព្យាយាម​ជៀស​វាង​ ​ដោយ​សារ​តែ​ការ​កើន​ឡើង​ដ៏​គំហុក​នៃ​ជន​ជាតិ​ចិន​ ​និង​កាស៊ីណូ​នៅ​តំបន់​នោះ។

ចំនួន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ ​ដែល​បាន​ដើរ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​ ​ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាក​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​កន្លងទៅ​ ​មាន​ការ​ថយ​ចុះ​រហូត​ដល់​ទៅ​ ​១៦%​ ​ក្នុង​ចំណោម​ចំនួន​ភ្ញៀវ​ជាតិ​ដែល​មក​ទស្សនា​ខេត្ត​ព្រះ​សីហនុ​ ​ខណៈ​ដែល​មាន​កំណើន​ភ្ញៀវ​អន្តរ​ជាតិ​រហូត​ទៅ​ដល់​៣៩%។ នេះ​បើ​តាម​ស្ថិតិ​ដែល​ចេញ​ផ្សាយ​ដោយ​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ។​

​អ្នកស្រី​ ​ឆៃ ស៊ីវលីន​ ​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ ប្រាប់​ ​VOA​ ​កាលពី​សប្ដាហ៍​កន្លង​ទៅ​ថា​ការ​ថយ​ចុះ​ចំនួន​ភ្ញៀវ​ទេសចរ​តាម​បណ្ដា​ខេត្ត​ជាប់​មាត់​សមុទ្រ​នេះ​ ​គឺ​បណ្ដាល​មកពី​កង្វះ​ខាត​ការ​ផ្ដល់​សេវាកម្ម​ ដោយ​សារ​កំណើន​ភ្ញៀវ​ទេសចរ​ចិន​កើន​ឡើង​យ៉ាង​គំហុក។

«នៅ​ខាង​ប៉ែក​ខេត្ត​ព្រះ​សីហនុ​ ​ហ្នឹង​ ​យើង​មើល​ឃើញ​ថា​ ​ភ្ញៀវ​ទេសចរ​ចិន​ហ្នឹង​គឺ​គាត់​ ​កើន​ឡើង​ យ៉ាង​គំហុក​គួរឲ្យ​កត់សម្គាល់»។

​លោក​ ​ណុច ធារ៉ូ​ ​វ័យ​២៤​ឆ្នាំ​ ​ដែល​ជា​អ្នកបម្រើ​ការ​ក្រុម​ហ៊ុន​ឯក​ជន​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ប្រាប់​ ​VOA​ ​ខ្មែរ​ថា​លោកក៏បាន​ដឹង​ពី​ដំណឹង​ដែល​ថា​ជនជាតិ​ចិន​មក​រស់​នៅ​ស្រុក​ខ្មែរ​កាន់​តែ​ច្រើន​តាម​រយ:​ទំព័រ​ហ្វេសបុក​ដែល​មិត្តភ័ក្ដិ​របស់​លោក​បាន​ចែក​រំលែក​តៗ​គ្នា។ លោក​ក៏​បាន​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​និង​អន់​ចិត្ត​ចំពោះ​ការ​ចូល​មក​របស់​ជន​ជាតិ​ចិន​ក្នុង​ប្រទេស​របស់​លោក​ដែរ។

«អត់មាន​សណ្ដាប់​ធ្នាប់​ ​វា​អត់​គោរព​ខ្មែរ​យើង។ ម៉្យាង​វា​ចូល​ចិត្ត​ធ្វើ​អំពើ​វាយគ្នា​ ​វាយ​ប្រតប់​អី​ជើង​កាង។​ ​បើ​សិន​ជា​ចិន​ត្រឹម​ត្រូវ គេ​ចេះ​រកស៊ី​រក​អី​ ​ប៉ុន្តែ​ចិន​ដែល​បញ្ជូន​មក​ខ្មែរ​សុទ្ធ​អ្នក​ដែល​គេ​អត់​ចង់​បាន​នៅ​ស្រុក​គេ។​ គេ​បញ្ជូន​មក​ខ្មែរ​ សុទ្ធតែ​អ្នក​គេ​អត់​ចង់​បាន​នៅ​ស្រុក​គេ​ ​គេ​បញ្ជូន​ប្រជា​ជន​ចិន​ដែល​ជើង​កាង អ្នក​អត់​គោរព​សណ្ដាប់​ធ្នាប់​អ៊ីចឹង»។

លោក​ ​ណុច ធារ៉ូ​ ​បាន​បន្ថែម​ទៀត​ថា៖

​«ខ្ញុំ​អត់​ចង់​អោយ​ប្រជាជន​ចិន​មក​ស្រុក​ខ្មែរ​ច្រើន​ពេក​ទេ​ ​ព្រោះ​បើ​នៅតែ​បន្ត​មក​មិន​ដឹង​ជា​ស្រុក​យើង​ទៅ​ជា​យ៉ាង​ណា​គឺ​គ្មាន​អនាគត»។​

ទោះបីជា​យ៉ាង​នេះ​ក្តី ក៏​មាន​ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​ពេញចិត្តនឹង​ការ​មក​រស់​នៅ​និង​ការ​វិនិយោគ​ទុន​របស់​ជនជាតិ​ចិន​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។​ ​ការណ៍​នេះ ​ក៏​ព្រោះ​តែ​ការ​មក​ដល់​របស់​ជនជាតិ​ទាំងនោះ​ ​បាន​ធ្វើ​អោយ​ការ​រក​ស៊ី​របស់​ពួក​គេ ​កាន់​តែ​រីក​លូតលាស់តាម​រយ:​ការ​ជួល​អចលន​ទ្រព្យ​ផ្សេងៗ​ក្នុង​តម្លៃ​ខ្ពស់​អោយ​ជនជាតិ​ចិន។

​ក្នុង​វ័យ​ ​២៨ ឆ្នាំ​ អ្នកស្រី ​ឈៀម វីកា​ ​មាន​មុខរបរ​ជា​អ្នក​លក់​ក្រណាត់​ប៉ាក់​នៅ​ខេត្ត​ព្រះ​សីហនុ។ អ្នកស្រី​បាន​ប្រាប់​ VOA​ ​ថា​ដើម​ទុន​រក​ស៊ី​របស់​អ្នកស្រី​គឺ​បាន​ពី​ការ​លក់​ដី​ទៅ​អោយជនជាតិ​ចិន​ ​ដែល​ផ្ដល់​ផល​ចំណេញ​ជាង​២០ភាគ​នៃ​ប្រាក់​វិនិយោគ​ដែល​អ្នកស្រី​បាន​បោះ​ទុន ។

អ្នកស្រី​ បាន​បន្ត​ទៀត​ថា​រឿង​នេះ​ ​មិន​មែន​កើត​ឡើង​ចំពោះតែ​រូប​អ្នកស្រី​ម្នាក់​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន ​ក៏​បាន​ទទួល​ផល​ចំណេញ​ពី​ការ​រកស៊ី​អចលន​ទ្រព្យ​ ​ជា​មួយ​ជនជាតិ​ចិន​ផង​ដែរ។

«ចុះ​គេ​មាន​ដី​មាន​កន្លែង​រក​ស៊ី ​គេ​ជួល​បាន​ថ្លៃ។​ ​អ្នក​ខ្លះ​អត់​មាន ឥឡូវ​មាន​ខ្លាំង​អស់​ហើយ។​ ​អ្នក​ខ្លះ​ដែល​គេ​មាន​ដី​សល់​ហា៎​ ​គេ​លក់​បាន​ថ្លៃៗ។​ ឥឡូវ​ហាង​ឆេង​ វា​ថ្លៃ​ជាង​មុន​ច្រើន»។​

​បន្ថែម​ពី​លើ​នេះ​ ​អ្នក​ស្រី​ ​វីកា​ ក៏​កំពុង​តែ​រៀប​ចំ​ពង្រីក​មុខរបរ​របស់​អ្នកស្រី​មួយ​ទៀត​គឺ​ការ​ជួល​ផ្ទះ​ទៅ​ឱ្យ​ជនជាតិ​ចិន​ផង​ដែរ។​

​ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ ​បាន​ធ្លាប់ប្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៨​ ​ថា​កុំ​ឲ្យ​បារម្ភ​ពី​កំណើន​ជនជាតិ​ចិន​ដែល​កំពុង​ស្នាក់​នៅ​ប្រទេស​កម្ពុជា​ ​ដោយជន​ជាតិ​ចិន​ដែល​មក​ស្នាក់​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ ​គឺជា​អ្នក​វិនិយោគ​ ​និង​អ្នក​ទេសចរណ៍​ដែល​នាំ​យក​លុយ​ ​និង​ចំណូល​ជា​ច្រើន​មក​ឲ្យ​កម្ពុជា។

ទោះ​បី​ជាសាធារណជន​ខ្លះ​ សំគាល់​ឃើញ​ពី​ការ​កើន​ឡើង​នៃ​ជន​ជាតិ​ចិន​យ៉ាង​ណា​ក៏​លោក​ ​កែវ សារិន​ ​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​សរុប​នៃ​ក្រសួង​មហាផ្ទៃ​ ​បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹងព័ត៌មាន​អំពី​កំណើន​យ៉ាង​គំហុក​នៃ​ជនជាតិ​ចិន​ចូល​មក​កម្ពុជា​នេះ​ទេ។

​លោក​បាន​មាន​ប្រសាសន៍​ថា៖ «ព័ត៌មាន​ប្រាំ​ម៉ឺន ​ប្រាំ​អី​ ​ខ្ញុំ​អត់​ដឹង​ផង»។

​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​តួលេខ​ផ្លូវការ​ណា​មួយ​បញ្ជាក់​ពី​ចំនួន​ជនជាតិ​ចិន​ដែល​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ។ យ៉ាងណា​ក៏​ដោយ​ ​បណ្ដាញ​សារព័ត៌មាន​Xinhua Newsរបស់​រដ្ឋចិន​កុម្មុយនីស្ត​ ​ ​បាន​ចេញផ្សាយ​នៅ​សប្ដាហ៍​នេះ​ថា​ចំនួន​ទេសចរ​ចិន​មក​ដល់​កម្ពុជា​ ​ក្នុង​រយៈ​ពេល​៨​ខែ​ដើម​ឆ្នាំ​ ​២០១៨​នេះ​ ​មាន​ការ​កើន​ឡើង​ ​៧២​ភាគ​រយ​ ​ស្មើ​នឹង​ប្រមាណ​ជាង​ ​១.២៧លាន​នាក់។

​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ​លោក​ ​ថោង ខុន​ ​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ខាងលើ​ថា​ទេសចរ​ជន​ជាតិ​ចិន ​នឹង​អាច​កើន​ដល់​ ​២.៥​ ​លាន​នាក់​ក្នុង​ឆ្នាំ​ ​២០២០។​

​លោក​ ​មាស នី​ ​អ្នក​ស្រាវ​ជ្រាវ​សង្គម​ ​បាន​និយាយ​ថា​ការ​មិន​ពេញ​ចិត្ត​វត្តមាន​ជនជាតិ​ដ៏​ច្រើន​ក្នុង​ប្រ​ទេស​កម្ពុជា​នេះ​ ​វា​កើត​ដោយ​សារ​មាន​រឿង​ផ្ដេសផ្ដាស​ជាច្រើន​ដែល​ប្រព្រឹត្ត​ដោយ​ជនជាតិ​នេះ​ក្នុង​ប្រទេស​កម្ពុជា។

«ពី​ដើម​មក​យើង​មិន​មាន​បញ្ហា​នឹង​ដែរ​ ​ពី​ព្រោះ​ខ្មែរ​យើង​ប្រហែល​ជា​៧០​ភាគរយ​ក៏​មាន​ខ្សែ​ហរ​ចិន ​ខ្សែស្រឡាយ​ចិន។ អ៊ីចឹង​ខ្ញុំ​គិត​ថា​ការ​រើស​អើង​នេះ​ វា​មិន​ទាន់ជា​ចំពោះ​ទូទៅ​សម្រាប់​ជនជាតិ​ចិនទាំង​អស់​ដែរ។ សំខាន់​គឺ​សំដៅ​ទៅកាន់​ករណី​ដែល​កើត​ឡើង​នៅ​ខេត្ត​ព្រះសីហនុ​តែ​ប៉ុណ្ណឹង»។

​លោក​ ​មាស នី​ បន្ថែម​ថា​ករណី​រើសអើង​នេះ​ ក៏​ធ្លាប់​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​វៀតណាម​រហូត​ដល់​មាន​អំពើ​មិន​សមរម្យ​មួយ​ចំនួន​កើតឡើង​ផង​ដែរ។

​ទាក់​ទង​នឹង​ផល​ប៉ះពាល់​នៃ​ការ​មិន​ពេញ​ចិត្ត​របស់ពល​រដ្ឋ​ខ្មែរ​ទៅ​លើ​ជន​ជាតិ​ចិន​ ​លោក​ ​មាស នី​ ​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា៖​

​«ខ្ញុំ​មិន​គាំទ្រ​រហូត​ដល់​យើង​មាន​ការ​រើស​អើង​ធំ​ធ្ងន់ធ្ងរ​ទៅ​ដល់​ជន​ជាតិ​ចិន​ដទៃទៀត​ដែល​មិន​ដឹង​អី​សោះ​ ពីព្រោះ​កាល​ណា​ការ​រើស​អើង​វា​ប៉ាត​ណា​ប៉ាត​ណី​ខ្លាំង​ពេក វា​អាច​នឹង​ធ្វើ​អោយ​បាត់បង់​នូវ​កិត្តិយស​នៃ​សង្គម​ជាតិ​យើង​ហា៎​ ​ដែល​យើង​ត្រូវ​គោរព​សីលធម៌​ត្រឹម​ត្រូវ​ ​សីល​ធម៌​ល្អ។ សម្រាប់​អ្នក​ដែល​ប្រព្រឹត្តិ​បទ​ល្មើស​ ​យើង​ត្រូវ​តែ​មាន​វិធាន​ការ​ហើយ​យើង​មិន​អាច​បណ្ដោយ​អោយ​ធ្វើ​អី​បាន​តាម​ចិត្ត​ទេ»។

​កាល​ពី​ខែ​មករា​ដើម​ឆ្នាំ​នេះ ​លោក​ ​យន្ត មីន​ ​អភិបាល​ខេត្ត​ព្រះសីហនុ​ ​បាន​ផ្ញើ​របាយការណ៍​មួយ​ជូន​ក្រសួង​មហាផ្ទៃ​ដែល​នៅ​ក្នុង​របាយការណ៍​នោះ​មាន​បង្ហាញ​អំពី​លំហូរ​ជនជាតិ​ចិន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​និង​ការ​កើន​ឡើង​នូវ​ឧក្រិដ្ឋកម្ម។​ ​នៅ​ក្នុង​របាយការណ៍​នោះ​លោក​ ​យន្ត មីន​ ​បាន​បញ្ជាក់​ថា​ ​ក្នុង​ចំណោម​ជន​បរទេសចំនួន​៦៣៤៥​នាក់​ ដែល​ស្នើ​សុំ​ប័ណ្ណ​ការងារ​និង​ស្នាក់នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​កាល​ពី​ឆ្នាំ​២០១៧​នោះ ​មាន​ជនជាតិ​ចិន​ចំនួន​៤៤៩៨​នាក់​រួច​ទៅ​ហើយ។

​របាយ​ការណ៍​របស់​លោក​ ​យន្ត មីន​ ​ដែល​ត្រូវ​បាន​ចែកចាយ​ទៅ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​កម្ពុជា​ ​បាន​លើក​ឡើង​ថា ​អ្នក​ចូល​លេង​ល្បែង​នៅ​កាស៊ីណូ​និង​ក្លឹប​កម្សាន្ត​ជជែក​គ្នា​ឡូឡា​កង​រំពង​ ​និង​បញ្ហា​អ្នក​បើក​រថយន្ត​ជនជាតិ​ចិន​គ្មាន​ប័ណ្ណ​បើក​បរ​នា​នា​ ​គឺ​ជា​ដើម​ចម​នៃ​ការ​ព្រួយ​បារម្ភ​ ​ហើយ​ ​អាជីវករ​ក្នុង​ខេត្ត​ព្រះសីហនុ​មិន​សប្បាយ​ចិត្ត​ដោយ​សារ​តែ​អាជីវកម្ម​របស់​ចិន​បាន​ជ្រៀតជ្រែក​ដណ្ដើម​ឆ្នាំង​បាយ​របស់​ពួកគេ។​ ​លោក​បាន​លើក​ឡើង​ពី​ចំណុច​ ​«អវិជ្ជមាន»​ ​ចំនួន​ជាង​១០​ចំណុច​ ​ដែល​ពាក់​ព័ន្ធ​នឹង​ជនជាតិ​ចិន​ ​ដែល​ក្នុង​នោះ​មាន​ទាំង​ការ​កើន​ឡើង​នូវ​សកម្មភាព​ឧក្រិដ្ឋកម្ម​របស់​ក្រុម​បង​ធំ​បង​តូច​ផង​ដែរ។​

​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ២០១៨របស់​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​ទី១២​ ​ខែ​កញ្ញា​ ឆ្នាំ​២០១៨លោក​ ​ស ខេង​ ​រដ្ឋមន្ត្រី​នៃ​ក្រសួង​មហាផ្ទៃ​ បាន​បង្ហាញ​ពី​ផែនការ​មួយ​ចំនួន​ដើម្បី​ប្រឆាំង​នឹង​ការ​កើន​ឡើង​នូវ​ចំនួន​បទល្មើស​និង​ភាព​មិន​ប្រក្រតី​ដ៏​ច្រើន​ដែល​បង្ក​ដោយ​ជនជាតិ​ចិន​ ​ក្នុង​ខេត្ត​ព្រះសីហនុ។

លោក​មាន​ប្រសាសន៍​ក្នុង​ន័យ​ដើម​ថា៖​

​«សម្រាប់​ក្រសួង​មហាផ្ទៃ​ដែល​មានការ​ទទួល​ខុសត្រូវ​ច្រើន​នៅ​ទីនោះ​ផង​ដែរ​ ​ខ្ញុំ​ស្នើ​ថា​យើង​នឹង​រៀប​ចំ​ក្រុម​ការងារ​ស្រាល​មួយ​ដើម្បី​ទៅ​គាំទ្រ​រដ្ឋបាល​ក្រុង​ព្រះសីហនុ​ ​ក្នុង​នោះ​ខ្ញុំ​គិត​ថា​មាន​អគ្គនាយក​រដ្ឋបាល​បី​ដែល​ដើរ​តួ​ អាច​ថា​បួន​ ​អគ្គ​រដ្ឋបាល​ ​អគ្គ​នគរ​បាល​ ​អន្តោប្រវេសន៍​ ​ហើយ​និង​ក្រុម​អ្នក​ច្បាប់។​ រៀប​ចំជា​ក្រុម​មួយ​ ​ដែល​គេ​ហៅ​ថា​ក្រុម​ប្រតិបត្តិ​ការ​ឬ​ក្រុម​គាំទ្រ»។

​ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ ​ចំពោះ​ អ្នកស្រី​ ​ពិសិទ្ធិ​ ដែល​មានមុខ​របរ​ជា​អ្នក​តុប​តែង​មុខ​និង​លក់​ភេសជ្ជ:​ក្នុង​ក្រុង​ភ្នំពេញ នៅ​តែ​មាន​អារម្មណ៍​មិនល្អ​ចំពោះ​ការ​ចូល​មក​រស់​នៅ​របស់​ជន​ជាតិ​ចិន។​ ​ក៏ប៉ុន្តែ អ្នក​ស្រី​បាន​បន្ថែម​ថា​អ្នកស្រី​មិន​អាច​ធ្វើ​អ្វី​បាន​នោះ​ទេ​ ​ព្រោះ​អី​ជនជាតិ​ចិន​ទាំង​នោះ​ បាន​មក​ដល់​និង​រស់​នៅ​ប្រទេស​កម្ពុជា​បាត់​ទៅ​ហើយ។​ស្របគ្នា​នោះ​ដែរ​ អ្នក​ដែល​មាន​ដីធ្លី​ ​ដូចជា​អ្នកស្រី​ ​ឈៀម វីកា​ ​ក៏​កំពុង​តែ​រីកចិត្ត​រីក​ថ្លើម​ចំពោះ​ការ​កើន​តម្លៃនៃ​អចលន​ទ្រព្យ​របស់​អ្នកស្រី៕