ពលរដ្ឋ​អាមេរិក​កំណើត​ខ្មែរ​ធ្វើ​ពហិការ​មិន​ទិញ​ទំនិញ​ដែល​ផលិត​នៅ​កម្ពុជា

ហាង​លក់​សម្លៀក​បំពាក់ Gap មួយ​នៅ​ទី​ក្រុង Hingham រដ្ឋ Massachusetts សហរដ្ឋ​អាមេរិក។ (២១ កុម្ភៈ ២០១២)

ក្រុម​ពលរដ្ឋ​អាមរិកាំង​ដើម​កំណើត​ខ្មែរ​នៅ​ក្នុង​ប្រទេស​អាមេរិក​តាម​បណ្តា​រដ្ឋ​នានា​បាន​អះអាង​រៀងៗ​ខ្លួន​ពី​ពហិការ​មិន​ទិញ​ទំនិញ​របស់​ក្រុមហ៊ុន​ល្បីៗ​ក្នុង​ប្រទេស​អាមេរិក​ ដោយសារ​ការ​បាញ់​សម្លាប់​កម្មករ​និង​ការ​បង្រ្កាប​ដោយ​អំពើ​ ឃោរឃៅ។​ ការ​មិន​ចង់​ទិញ​ផលិតផល​មក​ពី​ប្រទេស​កម្ពុជា​នេះ​គឺ​ជា​ការ​ចង់​ដាក់​សម្ពាធ​លើក​ក្រុមហ៊ុន​និង​រដ្ឋាភិបាល​ឲ្យ​រក​ដំណោះស្រាយ​ចំពោះ​កម្មករ​និង​បញ្ឈប់​ការ​រំលោភ​បំពាន​កម្មករ​តទៅ​ទៀត។​

ពលរដ្ឋ​អាមេរិក​ដើម​កំណើត​ខ្មែរ​រស់​នៅ​តាម​បណ្តា​រដ្ឋ​នានា​បាន​បញ្ចេញ​ប្រតិកម្ម​របស់​ខ្លួន​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាញ់​សម្លាប់​ក្រុម​កម្មករ​និង​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​សប្តាហ៍​កន្លង​ទៅ​ដោយ​បាន​សម្តែង​ការ​ប្តេជ្ញា​ថា​ នឹង​ធ្វើ​ពហិការ​ឈប់​ទិញ​ទំនិញ​និង​ឈប់​ប្រើប្រាស់​ផលិត​ក្នុង​ប្រទេស​កម្ពុជា​ជា​បណ្តោះ​អាសន្ន​ដែល​ពួកគេ​យល់​ថា​ជា​ឈាម​កម្មករ។

ការ​ថ្លែង​យ៉ាង​ដូច្នេះ​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ VOA ​ខេមរភាសា​ (www.facebook.com/voakhmer) និង​ប្រាប់​ VOA ​ដោយផ្ទាល់​តាម​ទូរស័ព្ទ​កើត​ឡើង​ក្រោយ​ពេល​កម្មករ​យ៉ាង​តិច​៥នាក់​ត្រូវ​គេ​បាញ់​សម្លាប់​ ៤០​នាក់​រងរបួស​និង​២៣​នាក់​ត្រូវ​ចាប់​ខ្លួន​ក្នុង​ការ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​ពី​ក្រុម​អាជ្ញាធរ​និង​កងយោធា​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ​សែន​ លើ​ហ្វូង​កម្មករ​ដែល​តវ៉ា​សុំ​តំឡើង​ប្រាក់ខែ​ពី​៨០​ដល់​១៦០​ដុល្លារ​អាមេរិក​កាល​ពី​សប្តាហ៍​កន្លង​ទៅ​នោះ។

រូបថត​ថ្ងៃ​ទី​១៤​ខែ​មករា នៃ​ការ​បញ្ចេញ​មតិ​លើ​គេហទំព័រ Facebook របស់​វីអូអេ (facebook.com/voakhmer) ឆ្លើយ​តប​នឹង​ព័ត៌មាន​អំពី​ការបារម្ភ​របស់​ក្រុមហ៊ុនសម្លៀកបំពាក់​នៅ​អាមេរិក​ចំពោះ​ការ​បង្ក្រាប​ហិង្សា​លើ​កម្មករ​កាត់ដេរ​នៅ​កម្ពុជា។

​ក្រុម​ពលរដ្ឋ​មួយ​ចំនួន​ទាំង​នោះ​បាន​អះអាង​រៀងៗ​ខ្លួន​ថា ​ផលិតផល​ជា​ច្រើន​ដូច​ ជា​សម្លៀកបំពាក់​ ស្បែកជើង​ជាដើម​របស់​ក្រុមហ៊ុន​ល្បីៗ​របស់​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​ដូចជា​ Gap​ NIKE​ Adidas ​H&M ​Puma ​Columbia ​និង​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ដែល​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ក្រុម​ពលរដ្ឋ​ខ្មែរ អាមេរិកាំង​ទាំង​នោះ​បាន​ចាត់​ទុក​ថា​ពួកគេ​មិន​អាច​ទិញ​សម្លៀកបំពាក់​និង​ស្បែកជើង​ជា​ឈាម​កម្មករ​ដែល​ត្រូវ​គេ​បាញ់​សម្លាប់​និង​វាយដុំ​ធ្វើ​បាប​និង​ចាប់ខ្លួន​នោះ​ទេ។

លោក​ ម៉ានី សុខ ​អាយុ​៤៥​ឆ្នាំ​នៅក្នុង​រដ្ឋ​វ៉ាស៊ីតោន​នៅ​ភាគ​ខាង​លិច​ប្រទេស​អាមេរិក ​ធ្វើ​ការ​ជា​វិស្វករ​ដែល​មាន​ស្រុក​កំណើត​នៅ​ទីក្រុង​ភ្នំពេញ។​ លោក​ចោទ​ប្រកាន់​ទាំង​កំហឹង​ថា ​រដ្ឋាភិបាល​កម្ពុជា​និង​ក្រុមហ៊ុន​រួម​គំនិត​គ្នា​មិន​គោរព​សិទ្ធិ​មនុស្ស​ សិទ្ធិ​កម្មករ​ គោរព​ច្បាប់​ពលកម្ម​អន្តរជាតិ​ ច្បាប់​ពលកម្ម​ជាតិ​ដែល​មាន​ស្រាប់ ​ដែល​ធ្វើ​ឲ្យ​លោក​ត្រូវ​តែ​ឈប់​ទិញ​ផលិតផល​មក​ពី​កម្ពុជា។

«បើ​អស់​លោក​ណា​ទិញ​សម្លៀក​បំពាក់​ហ្នឹង​ហាក់​ដូច​ជា​យក​ឈាម​ដ៏​បរិសុទ្ធ​ដែល​ កម្មករ​គ្រាន់​តែ​ទារ​តំឡើង​ប្រាក់ខែ​ក្នុង​ការ​រស់នៅ​ដ៏​សមរម្យ​របស់​គាត់​នោះ។ អញ្ចឹង​យើង​ពាក់​ខោអាវ​ហ្នឹង​យើង​នឹក​ឃើញ​ថា​ អ៎! ​ជីវិត​គាត់​នេះ​លះបង់​ដើម្បី រឿង​ហ្នឹង។​ ហើយ​គាត់​មិន​បាន​សុំ​ទាមទារ​ឲ្យមាន​បាន​ទេ។​ គាត់​គ្រាន់តែ​សុំ​ឲ្យ​ អាច​រស់​នៅ​បាន​ព្រោះគាត់​រដ្ឋាភិបាល​ខ្មែរ​ហ្នឹង​អត់​បាន​គ្រប់គ្រង​តម្លៃ​ទំនិញ​ តម្លៃ​ជួលផ្ទះ ​តម្លៃ​ស្នាក់នៅ​វា​ឡើង​ខ្ពស់​ពេក»។

លោក​ថ្លែង​ថា ​ក្រុមហ៊ុន​នៅ​ក្រៅ​ប្រទេស​ដែល​ជា​អ្នក​បញ្ជា​ទិញ​ទាំង​អស់​នៅ​ សហរដ្ឋ​អាមេរិក​និង​កន្លែង​ផ្សេង​ទៀត​ត្រូវ​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​ក្នុង​ស្រុក​ដែល​ផលិត​ឈប់​ធ្វើ​បំពាន​ច្បាប់​ជាតិ​និង​អន្តរជាតិ​បើ​ពុំ​ដូច្នោះ​ទេ​ លោក​នឹង​ពលរដ្ឋ​ដទៃ​ទៀត​នឹង​មិន​បន្ត​ទិញ​និង​ប្រើប្រាស់​ទំនិញ​ដែល​ផលិត​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទេ។

«ហើយ​ខ្ញុំ​ឈប់​ទិញ​ក្រុមហ៊ុន​ Gap ​H&M ​Adidas​ Puma​ ក្រុមហ៊ុន​ណា​ដែល​នាំ​ផលិតផល​មក​ពី​កម្ពុជា​ហ្នឹង​ ហើយ​ខ្ញុំ​ប្រាប់​មិត្តភក្តិ​អាមេរិកាំង​ខ្ញុំ​ទៀត»។

នៅ​ពេល ​VOA ​សួរ​ថា ​កម្មករ​នឹង​បាត់​បង់​ការងារ​ធ្វើ​នៅ​ពេល​គ្មាន​ក្រុមហ៊ុន​បញ្ជា​ ទិញ​នោះ​ លោក​បាន​ទទួល​ស្គាល់​ថា ​រឿង​ហ្នឹង​វា​ពិត​ជា​ពិបាក​ដល់​កម្មករ​ខ្លះ​ដែរ​ តែ​លោក​ជ្រើសរើស​ថា​ គេ​គួរ​សុខចិត្ត​ឈឺចាប់​រយៈពេល​ខ្លី​ជា​ជាង​រយៈពេល​វែង​ជាមួយ​នឹង​ការ​ជិះជាន់​កម្មករ​ រំលោភ​សិទ្ធិ​គ្រប់​បែប​យ៉ាង​ ទទួល​ប្រាក់ខែ​តិចតួច​ខូច​អនាគត​ និង​ប្រឈម​មុខ​នឹង​ថ្នាំ​គីមី​ក្នុង​រោងចក្រ។

លោក​ សំ សារ៉ន ​អ្នក​បើកបរ​តាក់ស៊ី​រស់​នៅ​ក្នុង​រដ្ឋ​វីជីនៀ​ម្នាក់​ ដែល​និយាយ​ក្នុង បណ្តាញ​ហ្វេសប៊ុក​និង​ប្រាប់ VOA​ ដោយ​ផ្ទាល់​ផង​នោះ ​បាន​សម្តែង​ការ​សោក ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាញ់​សម្លាប់​កម្មករ​ដែល​គ្មាន​ដំណោះស្រាយ​អ្វី​ ប្រសើរ​ជាង​នេះ​ទៀត​នោះ។

«បើ​សិន​ណា​មាន​បញ្ហា​អញ្ចឹង​ ខ្ញុំ​មិន​អាច​ទិញ​សម្លៀក​បំពាក់​ឬ​ក៏​របស់​ប្រើប្រាស់​ អ្វី​ហ្នឹង​ប្រើ​បាន​ដោយសារ​មើល​ទៅ​ឃើញ​ថា ​សោក​ស្តាយ​ណាស់​ជាទី​បំផុត​មិន​គួរ​មាន​បញ្ហា​ហ្នឹង​កើត​ឡើង​ទេ»។

លោក​ថ្លែង​ថា ​នេះ​ជា​ការ​រំលោភ​ដ៏​ធ្ងន់ធ្ងរ​បំផុត​មិន​អាច​លើកលែង​ឲ្យ​បាន។​ ហើយ​ថា ​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ​គេ​មិន​ទិញ​ទេ​ គេ​មិន​ចង់​ឃើញ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ទេ។

លោក​បាន​អះអាង​ថា ​លោក​ធ្លាប់​ប្រើ​ Adidas ​Nike ​ហើយ​សម្លៀកបំពាក់​ Columbia ​ខ្លះ​ ដែរ​ដែល​លោក​ត្រូវ​ឈប់​ទិញ​សិន​ពេលនេះ​ដោយ​រង់ចាំ​មើល​ ការ​ដោះស្រាយ​រឿងរ៉ាវ​ដែល​កើត​ឡើង​ចំពោះ​កម្មករ។

«ពេល​ខ្ញុំ​ឃើញ​របស់​អស់​ហ្នឹង​ ចេះ​តែ​នឹក​ឃើញ​នូវ​អនុស្សាវរីយ៍​ដ៏​ជូរចត់​ហ្នឹង​ឯង​ ដែល​ពួក​កម្មករ​កម្មការី​ដែល​បាន​បាត់​បង់​ជីវិត​ទៅ។​ ពេល​ខ្ញុំ​មើល​ទៅ​ឃើញ​របស់​ អស់​ហ្នឹង​ដូច​គ្មាន​ចិត្ត​នឹង​ចង់​ប្រើប្រាស់​ទៀត​ទេ»។

លោក​ សួន អ៊ិន​ អាយុ​៥៨ឆ្នាំ​ នៅ​ទី​ក្រុង​អូកឡែន​ (Oakland) រដ្ឋ​កាលីហ្វ័រញ៉ា​ បាន​អះអាង​ថា វា​រឿង​ល្អ​ក្នុង​ការ​និយាយ​រឿង​រំលោភ​សិទ្ធិ​មនុស្ស​ សិទ្ធិ​កម្មករ​ និង​ការ​ឈប់​ទិញ​ទំនិញ​មក​ពី​កម្ពុជា​នេះ​លើ​ទំព័រ​ហ្វេសប៊ុក។​ លោក​បាន​ថ្លែង​ថា​នឹង​មិន​ទិញ​ទេ​ ហើយ​ប្រាប់​កូន​អំពី​រឿង​រំលោភ​សិទ្ធិមនុស្ស​នេះ​ដើម្បី​កុំ​ឲ្យ​ទិញ​ទៀត​កុំ​ឲ្យ​ធ្វើ​បាប​ខ្មែរ​តទៅ​ទៀត។

«បើ​សិន​ជា​យើង​និយាយ​ពេញណា​ពេញណី​ទៅ វា​អាច​ប៉ះពាល់។​ ជួន​កាល​វា អាច​ចាក់​ឲ្យ​រដ្ឋាភិបាល​ដឹង​អំពី​ផល​ប៉ះពាល់​ដែល​កម្មករ​ជាង​កន្លះ​លាន​នាក់​អត់ ការងារ​ធ្វើ​ទៅ​នឹង​ប៉ះទង្គិច»។

លោក​អះអាង​ថា ​ក្រុមហ៊ុន​ដែល​គ្រួសារ​លោក​ កូន​របស់​លោក​ប្រើប្រាស់​និង​ទិញ​ច្រើន​ជាង​គេ​កន្លង​មក​គឺ​ NIKE។

លោក​ សម មាស​ អាយុ​៤១​ឆ្នាំ​ជា​អ្នក​វិភាគ​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ក្រុមហ៊ុន​ឯកជន​ មួយ​ក្នុង​រដ្ឋម៉ាស្សាឈូសេតស៍ (Massachusetts) ​បាន​ថ្លែង​ដែរ​ថា​ លោក​ក៏​សម្រេច​ចិត្ត​ឈប់​ប្រើប្រាស់​ផលិតផល​ដោយ​ក្រុមហ៊ុន​ផលិត​នៅ​កម្ពុជា​ដែរ។

លោក​ពន្យល់​ប្រាប់​ VOA ថា៖ «មូលហេតុ​ទី១​ដែល​ខ្ញុំ​មិន​ចង់​ទិញ​ខោអាវ​និង​ស្បែកជើង​ដែល​ធ្វើ​នៅ​ប្រទេស​ កម្ពុជា​គឺ​ថា​ ប្រាក់ខែ​ដែល​រោងចក្រ​នៅ​ប្រទេស​ខ្មែរ​បង់​ឲ្យ​កម្មករ​ទាំង​អស់​គ្នា​តិច​ ពេក​នៅ​ពេល​ដែល​ខ្ញុំ​ស៊ើប​អង្កេត​មើល​ឃើញ​គឺ​ថា ​ប្រាក់ខែ​បាន​ប្រហែល​ប្រមាណ​ជាង​២៩​សេន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​១ម៉ោង​ ព្រោះ​ថា​អ្វីៗ​នៅ​ស្រុក​ខ្មែរ​វា​ថ្លៃ​ ម្ហូប​អាហារ ទឹកភ្លើង ​សាំង​ក៏​ថ្លៃ​ដែរ។​ ដូច្នេះ​កម្មករ​ទាំង​អស់​គ្នា​ក៏​ត្រូវការ​ប្រាក់ខែ​ដែល​អាច​រស់​នៅ​បាន។​ ទី២ ​ទៀត​នៅ​ពេល​ដែល​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​បញ្ជូន​កងទ័ព​និង​ប៉ូលិស​ទៅ​បំបែក​បំបាក់​បាតុករ​ទាំង​អស់​គ្នា គឺ​ថា​កងទ័ព​គាត់​និង​ប៉ូលិស​គាត់​ហ្នឹង​គឺ​ថា​អំពើ​ហិង្សា​ខ្លាំងពេក។​ ខ្ញុំ​ឃើញ​ថា​ កងទ័ព​និង​ប៉ូលិស​គាត់​រំលោភ​សិទ្ធិ​មនុស្ស»។

លោក​អះអាង​ថា ​លោក​ធ្លាប់​ទិញ​ខោអាវ​ ស្បែកជើង ​ដែល​មាន​តម្លៃ​ថ្លៃ​ ពី​៣០​ដុល្លារ​ដល់​១៥០​ដុល្លារ​មួយ​សម្រាប់​ ជា​តម្លៃ​ថ្លៃ​ពី​ក្រុមហ៊ុន​ចម្រុះ​ជា​ច្រើន​តែ​អំពើ ​ឃោរឃៅ​ដែល​លោក​ថា​ដូច​សម័យ​ខ្មែរក្រហម​កើត​ឡើង​នេះ​ជា​រនាំង​ឲ្យ​លោក​បញ្ឈប់​ការ​ទិញ​ផលិតផល​ដែល​លក់​ដោយ​ក្រុមហ៊ុន​អាមេរិក។

«ខ្ញុំ​នឹក​ឃើញ​ថា ​ជំនាន់​ប៉ុលពត​គេ​ធ្វើ​បាប​ខ្មែរ​យើង​អញ្ចឹង​បាទ។​ គេ​ចាប់​ខ្មែរ​ យើង​ចង​វ៉ៃ​ទាត់​ធាក់​ ចង​ដូច​ឆ្កែ​ដូច​ជ្រូក​នៅ​ពេល​គេ​យក​ទៅ​សម្លាប់​ចោល។ ដូច្នេះ​នៅ​ពេល​នេះ​ ខ្ញុំ​ឃើញ​ដូច​នេះ​ ខ្ញុំ​អាណិត​បងប្អូន​ខ្មែរ​យើង​ណាស់​ព្រោះ​ ថា​កម្មករ​ទាំង​អស់​គ្នា​ជា​ជនជាតិ​ខ្មែរ ​មិនមែន​ជា​ឆ្កែ​ជា​សត្វ​ទេ​បាទ»។

លោក​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​និង​ក្រុមហ៊ុន​ទាំងអស់​ត្រូវ​តែ​ចរចា​ជាមួយ​ កម្មករ​ទាំង​អស់​ដើម្បី​សម្រម​សម្រួល​គ្នា។​ តែ​លោក​ក៏បាន​ទទូច​ដែរ​ថា ​កម្មករ​ក៏ ត្រូវ​យោគ​យល់​ដែរ​ថា ​ការ​តំឡើង​ប្រាក់ខែ​ភ្លាមៗ​ក៏​ត្រូវការ​ពេល​វេលា​ដែរ។

លោក​ ផៃ ស៊ីផាន​អ្នកនាំ​ពាក្យ​របស់​រដ្ឋាភិបាល​បាន​អះអាង​ថា ​បញ្ហា​គឺ​កម្មករ​បាន​ធ្វើការ​វិញ​ហើយៗ​បញ្ហា​កំពុង​តែ​ដំណើរការ​ដោះស្រាយ​ជាមួយ​នឹង​អ្នក​បញ្ជា​ទិញ​ផងដែរ។

«ដូច្នេះ​ពីមុន​យើង​មាន​បីភាគី​ មាន​រដ្ឋាភិបាល​ជាអ្នក​សម្រប​សម្រួល​ ទី១​មាន កម្មករ ​ទី២ ​មាន​ថៅកែ​ ហើយ​ឥឡូវនេះ​មាន​ការ​ចូលរួម​ពី​អ្នកទិញ​ទៅទៀត។ ដូច្នេះ​នេះ​ជា​ដំណោះ​ស្រាយ​មួយ​គឺ​មិនមែន​ការ​ធ្វើ​បាតុកម្ម​នៅ​តាម​ដងផ្លូវ​ដែល​ ជា​មហិច្ឆតា​នយោបាយ​ក្នុង​ការ​ទម្លាក់​នាយករដ្ឋន្ត្រី​នោះ​ទេ​ គឺ​យើង​ដោះស្រាយ​ ពិត​ប្រាកដ»។

ក្រុមហ៊ុន​ក្នុង​ប្រទេស​អាមេរិក​ធំៗ​ដែល​បញ្ជា​ទិញ​ផលិផល​ពី​កម្ពុជា​ចំនួន​៧០%​ដូច​ជា ​H&M​ Gap​ Columbia ​Puma Levi ​និង Inditex​ បាន​បង្ហាញ​ក្តី​បារម្ភ​របស់​ខ្លួន​ចំពោះ​អំពើ​ឃោរឃៅ​ខ្លាំង​លើ​កម្មករ​ដោយ​បាន​សរសេរ​លិខិត​ចំហរ​ផ្ញើ​ជូន​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី​៧​មករា​ដើម្បី​ថ្កោល​ទោស​ចំពោះ​ការ​បង្ក្រាប​លើ​កម្មករ​ទាំងនោះ។​ វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ជា​ជន្ទល់​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​ក្នុង​ចំណោម​វិស័យ​ទាំង​បួន​ដែល​មាន​កម្រិត​នាំចេញ​ដល់​ទៅ​ចំនួន​ជាង​៥.០០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។​ ទី​ផ្សារ​ដ៏​ធំនោះ​គឺ​ប្រទេស​អាមេរិក​និង​សហភាព​អឺរ៉ុប៕