ភ្នំពេញ —
ក្រុមហ៊ុនធំៗចំនួន៧ដែលបញ្ជាទិញសម្លៀកបំពាក់និងស្បែកជើងពីកម្ពុជាបានសម្តែងការព្រួយបារម្ភជាខ្លាំងចំពោះការបាញ់បង្ក្រាបទៅលើបាតុករជាកម្មកររោងចក្រកាលពីសប្តាហ៍មុន។ ការបង្ក្រាបនោះនាំឱ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់។
ក្រុមហ៊ុនទាំងនោះរួមមាន H&M Gap Adidas Puma Inditex Columbiaនិង ក្រុមហ៊ុន Levis ដែលក្តោបក្តាប់ការបញ្ជាទិញសម្លៀកបំពាក់និងស្បែកជើងពីកម្ពុជាប្រហែល៧០ភាគរយពីរោងចក្រនានា។ ក្នុងសេចក្តីថ្លែងការណ៍រួមជាចំហទៅកាន់ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន សមាគមរោងចក្រកាត់ដេរនិងស្បែកជើងនៅកម្ពុជា (GMAC) និងសហជីព កាលពីថ្ងៃទី៧ខែមករាក្រុមហ៊ុនបញ្ជាទិញបានគូសបញ្ជាក់ថាពួកគេមានការបារម្ភយ៉ាងជ្រាលជ្រៅចំពោះព្រឹត្តិការណ៍ដ៏សោកនាដកម្មដែលកើតឡើងនៅថ្ងៃទី៣ខែមករា ឆ្នាំ២០១៤ ដែលមានទំនាក់ទំនងហ្នឹងការបន្តធ្វើកូដកម្មនៅទូទាំងប្រទេសដើម្បីទាមទារដំឡើងប្រាក់ខែអប្បបរមា។
ក្រុមហ៊ុនទាំងនេះនិយាយសង្កត់ធ្ងន់ដូច្នេះថា៖ «យើងប្រឆាំងជាដាច់ខាតចំពោះរាល់ទម្រង់នៃការប្រើអំពើហិង្សាទាំងអស់។ នេះជាការព្រួយបារម្ភជាខ្លាំង ដែលយើងអង្កេតឃើញភាពចលាចលសង្គមកំពុងរាលដាល និងការប្រើកម្លាំងបង្រ្កាបរហូតនាំឱ្យមានមនុស្សស្លាប់»។
សេចក្តីថ្លែងការណ៍នេះធ្វើឡើងក្រោយពីមានការបាញ់បង្ក្រាបដោយកងកម្លាំងមានសមត្ថកិច្ចទៅបាតុករជាកម្មកររោងចក្រកាលពីសប្តាហ៍មុនដើម្បីទាមទារដំឡើងប្រាក់ខែគោល១៦០ដុល្លារក្នុងមួយខែនិងដែលនាំឱ្យមនុស្ស៥នាក់បានស្លាប់ របួសនិងចាប់ខ្លួនជាច្រើននាក់ផ្សេងទៀត។
សេចក្តីថ្លែងការណ៍បន្ថែមថា«ការព្រួយបារម្ភចម្បងរបស់យើងគឺសន្តិសុខនិងសុវត្ថិភាពកម្មករដែលជួលដោយអ្នកផ្គត់ផ្គង់របស់យើង និងស្ថិរភាពរយៈពេលវែងនៃឧស្សាហកម្មកាត់ដេរនៅកម្ពុជា»។ ក្រុមហ៊ុនទាំងនោះអំពាវនាវឱ្យភាគីទាំងអស់ប្រកាន់ជំហរអត់ធ្មត់ជាអតិបរមា និងជៀសវាងការប្រើកម្លាំងឬក៏អំពើហិង្សា ព្រមទាំងបានជំរុញរដ្ឋាភិបាល ម្ចាស់រោងចក្រ និងសហជីពឱ្យមានការចរចាបន្ទាន់មួយដើម្បីដោះស្រាយវិវាទនេះ និងស្នើឱ្យបង្កើតយន្តការមួយដើម្បីពិនិត្យប្រាក់ខែគោលឡើងវិញជាទៀងទាល់។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ (CCAWDU) យល់ថានេះជាសម្ពាធខ្លាំងមួយដើម្បីជំរុញឱ្យរដ្ឋាភិបាលនិងតំណាងរោងចក្រត្រឡប់មករកតុចរចាជាថ្មី។
«ខ្ញុំគិតថាសេចក្តីថ្លែងការណ៍នេះមានឥទ្ធិពលធំណាស់ ព្រោះសម្ភារៈទំនិញវិស័យឧស្សាហកម្មកាត់ដេរនិងដេរស្បែកយើងទាំងអស់ ជាអ្នកដែលកុម្មង់ទិញប្រហែល៧០ភាគរយហើយ។ អញ្ចឹងប្រសិនជាបើទីផ្សារអស់នេះសម្តែងការខកចិត្តនិងសោកស្តាយចំពោះសកម្មភាពសមត្ថកិច្ចដែលបានសម្លាប់ឬប្រើអំពើហិង្សាទៅលើកម្មករនិងស្នើឱ្យចរចាជាបន្ទាន់ដើម្បីបញ្ចប់រឿងហ្នឹង ខ្ញុំគិតថាវាមានសម្ពាធមែនទែន។ រដ្ឋាភិបាលនិងក្រុមហ៊ុនត្រូវតែធ្វើ»។
លោក កេន លូ (Ken Loo) អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនិងស្បែកជើងនៅកម្ពុជា (GMAC) ថ្លែងថាភាគីនិយោជកក៏យល់ស្របនឹងសំណើរបស់ក្រុមហ៊ុនបញ្ជាទិញដែរ។
កាលពីថ្ងៃម្សិលមិញលោកកេន លូ បញ្ជាក់ថាការចរចាអំពីលទ្ធភាពដំឡើងប្រាក់ឈ្នួលឱ្យកម្មករគឺមិនអាចទៅរួចនោះទេ ប៉ុន្តែលោកបានបន្ទន់ជំហររបស់ខ្លួននៅថ្ងៃនេះ។
«សំខាន់យើងមើលទៅលើរដ្ឋាភិបាល។ ប្រសិនបើរដ្ឋាភិបាលចេញប្រកាសថ្មី បញ្ជាក់ថាប្រាក់ខែគោលឡើងដល់ប៉ុន្មានទៀត អញ្ចឹងរោងចក្រសហគ្រាសទាំងអស់ត្រូវតែគោរពហើយ ព្រោះយើងគោរពច្បាប់»។
មកទល់ថ្ងៃនេះមានកម្មករប្រមាណ៨០ទៅ៩០ភាគរយបានចូលធ្វើការដូចដើមវិញហើយ។ នេះបើតាមលោក កេន លូ។
លោក ហូរ សិទ្ធី នាយកខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន មិនអាចទំនាក់ទំនងបានទេនៅថ្ងៃនេះ។ ប៉ុន្តែលោក ផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីនៅតែនិយាយការពារចំណាត់ការរបស់រដ្ឋាភិបាល។
«យើងអត់មានគោលជំហរអ្វីទេ គ្រាន់តែយើងមានការស្តាយមួយ ដែលរឿងហេតុកើតឡើងដោយក្រុមកុប្បករឬក្រុមអាណាធិបតេយ្យដែលបង្កើតឱ្យមានរឿងអាក្រក់នៅកន្លែងហ្នឹង និងក្រោមឥទ្ធិពលនៃការញុះញង់នៃគណបក្សប្រឆាំង»។
ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន សម្ព័ន្ធសហជីពជាតិដែលមានសហជីពចំនួន៥ដែលមាននិន្នាការទាមទារប្រាក់ឈ្នួលដល់កម្មករ បញ្ជាក់ជំហរខ្លួនជាថ្មីថាពួកខ្លួននៅតែដម្កល់ការទាមទារប្រាក់ខែគោល១៦០ដុល្លារដដែល ហើយទាមទារឱ្យភាគីនិយោជកបើកប្រាក់ខែដល់កម្មករដែលបានចូលរួមបាតុកម្មនិងកូដកម្មនាពេលកន្លងមក។
សហជីពរបស់ខ្លួននឹងបញ្ឈប់ការធ្វើបាតុកម្មនិងកូដកម្មជាបណ្តោះអាសន្នសិនដើម្បីត្រៀមខ្លួនចរចាជាមួយរដ្ឋាភិបាលនិងម្ចាស់រោងចក្រ។ នេះបើតាមលោក អាត់ ធន់។
ប៉ុន្តែរហូតមកទល់ពេលនេះភាគីទាំងអស់នៅមិនទាន់មានគម្រោងចរចាណាមួយនៅឡើយទេ៕