មេធាវី​ខ្មែរ​អាមេរិកាំង​កញ្ញា សេង ធារី ថា​នៅ​តែ​រក្សា​នូវ​«ការ​ប្តេជ្ញា​ដ៏​អង់​អាច»​ដើម្បី​សេរីភាព

រូប​ឯកសារ៖ សន្តិសុខតុលាការណែនាំកញ្ញា សេង ធារី មេធាវីខ្មែរអាមេរិកាំង ឲ្យចូលក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។

មេធាវី​ខ្មែរ​អាមេរិកាំង កញ្ញា សេង ធារី ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​នៅ​ពន្ធនាគារ​ក្នុង​ខេត្ត​ព្រះវិហារ បាន​អះអាង​ថា​ កញ្ញា​នៅ​តែ​រក្សា​នូវ​ការ​ប្តេជ្ញា​ដ៏​អង់​អាច ដើម្បី​ការពារ​សេរីភាព ក្រោយ​ពី​បាន​ធ្វើ​កូដកម្ម​បង្អត់​អាហារ​រយៈពេល​ ១០​ថ្ងៃ។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​មេធាវី​ការពារ​ក្ដី លោក Jared Genser ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ កញ្ញា សេង ធារី បាន​បញ្ជាក់​ថា ​ការ​ដែល​កញ្ញា​ធ្វើ​កូដកម្ម​បង្អត់​អាហារ​នេះ មិន​ត្រឹម​តែ​ជា​ការ​អំពាវ​នាវ​សម្រាប់​សេរី​ភាព​របស់​កញ្ញា​នោះ​ទេ ប៉ុន្តែ​សម្រាប់​សេរីភាព​របស់​ប្រជា​ជន​កម្ពុជា​ទាំង​អស់។

កញ្ញា​បញ្ជាក់​ថា៖ «បើ​ទោះ​ពេល​នេះ​ខ្លួន​ប្រាណ​របស់​ខ្ញុំ​ទន់​ខ្សោយ​បំផុត ប៉ុន្តែ​ខ្ញុំ​នៅ​តែ​រក្សា​នូវ​ការ​ប្តេជ្ញា​ដ៏​អង់​អាច ហើយ​ពេលនេះ​ ខ្ញុំ​មាន​អារម្មណ៍​ថា​កាន់​តែ​ខ្លាំង​ជាង​មុន​១ពាន់​ដង​ទៀត​សម្រាប់​បុព្វហេតុ​ដ៏​ល្អ​បំផុត»។

កញ្ញា​បញ្ជាក់​ថា៖ «របប​នេះ​មិន​អាច​ផ្តួល​យើង​ទេ ហើយ​យើង​នឹង​មិន​ស្ងៀម​ស្ងាត់​ឡើយ»។
កញ្ញា​ជំរុញ​ឱ្យ​មាន​ការ​បន្ត​ផ្សព្វ​ផ្សាយ​អំពី​ស្ថានភាព​លំបាក​របស់​អ្នក​ទោស​នយោបាយ និង​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។

កញ្ញា​បញ្ជាក់​ថា៖ «សហគមន៍​អន្តរ​ជាតិ​ត្រូវ​តែ​និយាយ​អំពី​អំពើ​អយុត្តិធម៌​ទាំង​នេះ»។

កញ្ញា សេង ធារី បាន​ធ្វើ​កូដកម្ម​អត់​អាហារ ចាប់​តាំង​ពី​ថ្ងៃ​ទី​ ១៧ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី​ ២៦ ​ខែ​កក្កដា ដែល​មាន​រយៈពេល​ ១០ ​ថ្ងៃ។ កញ្ញា​ស្រក​ទម្ងន់​ប្រមាណ​ ៥ គីឡូ​ក្រាម។ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ធ្លាក់​ចុះ ហើយ​កញ្ញា​ទន់​ខ្សោយ និង​ស្លេក​ស្លាំង និង​អស់​កម្លាំង​ខ្លាំង។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​មេធាវី។

មេធាវី​ខ្មែរ​អាមេរិកាំង​រូប​នេះ​ក៏​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា ​កញ្ញា​គ្រាន់​តែ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ច្រើន​នាក់​ទៀត​ដែល​រង​ការ​ឈឺ​ចាប់​ក្រោ​ម «របប​លោក ហ៊ុន សែន»។

កាល​ពី​ដើម​ខែ​មិថុនា លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​លើក​ឡើង​ថា​ លោក​មិន​ដោះ​លែង ឬ​បន្ធូរ​បន្ថយ​ទោស​ដល់​មេធាវី​ខ្មែរ​អាមេរិកាំង ​កញ្ញា ​សេង ធារី ​ឡើយ ដោយ​សារ​តែ​មាន​អន្តរាគមន៍​ពី​បរទេស។

នៅ​ពេល​មក​កម្ពុជា ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​ ២០២២ ប្រធានាធិបតី​អាមេរិក លោកJoe Biden ធ្លាប់​បាន​អំពាវនាវ​ឱ្យ​ដោះ​លែង​សកម្ម​ជន​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន ក្នុង​នោះ​មាន​កញ្ញា សេង ធារី មេធាវី​សញ្ជាតិ​ខ្មែរ​អាមេរិកាំង​ផង​ដែរ។

លោក នុត សវនា អ្នក​នាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ មក​ទល់​ពេល​នេះ ស្ថានភាព​ប្រចាំ​ថ្ងៃ​របស់​កញ្ញា សេង ធារី មិន​មាន​អ្វី​ខុស​ប្រក្រតី​ឡើយ។

លោកប្រាប់​វីអូអេ​ថា៖ «មក​ដល់​ពេល​នេះ តាម​របាយ​ការណ៍​ប្រចាំ​ថ្ងៃ​ ដូច​ជា​មិន​ទាន់​មាន​ស្ថានភាព​អី ខុស​ប្រក្រតី​ទេ...អង្គភាព​យើង​ខិត​ខំ​ព្យាយាម ដើម្បី​កុំ​ឱ្យ​គាត់​ធ្វើ​អ្វី​ដែល​វា​ប៉ះពាល់​ដល់​សុខភាព និង​អាយុ​ជីវិត​របស់​គាត់»។

លោក​បន្ថែម​ថា​ ការ​ធ្វើ​កូដកម្ម​អត់​អាហារ គឺ​ជា​សិទ្ធិ​របស់​កញ្ញា សេង ធារី ព្រោះ​មន្ត្រី​ពន្ធនាគារ​មិន​អាច​បង្ខិត​បង្ខំ​ ឬ​គាប​សង្កត់​ផ្លូវ​ចិត្ត​របស់​គាត់​ឡើយ។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក ជិន ម៉ាលីន ប្រាប់​វីអូអេ​ថា​ ការ​ធ្វើ​កូដកម្ម​អត់​អាហារ​របស់​កញ្ញា សេង ធារី ​ជា​ការ​ប្រើ​ប្រាស់​សិទ្ធិ​របស់​បុគ្គល​តែ​ប៉ុណ្ណោះ ប៉ុន្តែ​វា​មិន​អាច​ជួយ​ដល់​វិធានការ​តាម​ផ្លូវ​ច្បាប់​ឡើយ។

លោក​ថ្លែង​ថា​៖ «កូដកម្ម​អត់​អាហារ​មិន​មែន​ជា​មធ្យោបាយ​តាម​ផ្លូវ​ច្បាប់​ក្នុង​ការ​ការពារ​ខ្លួន​ក្នុង​ដំណើរការ​នីតិវិធី​របស់​តុលា​ការ។ មធ្យោបាយ​តាម​ផ្លូវ​ច្បាប់​ក្នុង​សង្គម​ប្រជាធិបតេយ្យ​មាន​តែ​ការ​ចូលរួម​ដំណើរ​ការ​នីតិវិធី​តុលាការ​ បង្ហាញ​ភស្តុ​តាង​ សក្ខីកម្ម​រឹងមាំ ដោះ​បន្ទុក​តតាំង​បទ​ចោទ​ អាហ្នឹង​ទើប​ជា​មធ្យោបាយ​តាម​ផ្លូវ​ច្បាប់។ អ៊ីចឹង​ទេ​ ការ​បង្អត់​អាហារ​នេះ​ វា​អត់​មាន​អី​ឥទ្ធិពល​អី​ផ្នែក​ច្បាប់​ទៅ​លើ​ដំណើរការ​នីតិវិធី​តាម​ផ្លូវ​តុលាការ​នោះ​ទេ​បាទ»។

ក្រុម​ការ​ងារ​ទទួល​បន្ទុក​ការ​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត​របស់​អង្គការ​សហប្រជាជាតិ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ចុះ​ថ្ងៃទី​ ១២ ខែ​កក្កដា ឆ្នាំ ២០២៣ ដោយ​ចាត់​ទុក​ការ​ឃុំ​ខ្លួន​កញ្ញា សេង ធារី ធ្វើ​ឡើង​ដោយ​បំពាន​ទៅ​នឹង​ច្បាប់​អន្តរ​ជាតិ និង​ជាប់​ហេតុ​ផល​នយោបាយ។

សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​ជំនាញ​ទាំង​នោះ​បញ្ជាក់​ថា៖ «ការ​ឃុំ​ខ្លួន ​កញ្ញា សេង ធារី គឺ​ស្ថិត​នៅ​ក្នុង​ការ​បង្ក្រាប​ជា​ទ្រង់​ទ្រាយ​ទៅ​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ហើយ​ការ​រំលោភ​លើ​នីតិវិធី​ត្រឹម​ត្រូវ​តាម​ច្បាប់ ជា​ការ​រៀបចំ​ដើម្បី​គំរាម​កំហែង​កញ្ញា​ឱ្យ​ស្ងាត់​ស្ងៀម»។

ប៉ុន្តែ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ឆ្លើយ​តប​វិញ​ថា​ នេះ​គ្រាន់​តែ​ជា​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​ក្រុម​ការងារ​ទទួល​បន្ទុក​ការ​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត​តែ​ប៉ុណ្ណោះ ដែល​មិន​តំណាង​ឱ្យ​អង្គការ​សហ​ប្រជាជាតិ​ឡើយ​។

ក្រសួង​ការបរទេស​បញ្ជាក់​ថា៖ «បុគ្គល​ទាំង​នោះ​ទំនង​ពុំ​មាន​ការ​យល់​ដឹង​ជាក់​ស្តែង​អំពី​អង្គ​ហេតុ​និង​អង្គ​ច្បាប់​ចំពោះ​ករណី​ទណ្ឌិត​ម្នាក់​នោះ ទិដ្ឋភាព​នយោបាយ និង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា»។
ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក​ នី សុខា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ការ​ធ្វើ​កូដកម្ម​អត់​អាហារ​របស់​កញ្ញា​ សេង ធារី នៅ​ក្នុង​ពន្ធនាគារ​ ជា​ការ​លះបង់​មួយ​ដែល​ចង់​ឱ្យ​កម្ពុជា​មាន​លទ្ធិ​ប្រជាធិបតេយ្យ និង​សេរីភាព​ពេញ​លេញ​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស។

លោក​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​គិត​ថា​ នេះ​ជា​ចំណែក​នៃ​ការ​លះ​បង់​ធំ​ណាស់​ដែល​កញ្ញា សេង ធារី ក្នុង​នាម​ជា​កូន​ខ្មែរ​ម្នាក់​ដែល​គាត់​ចង់​ឃើញ​ប្រទេស​កម្ពុជា​មាន​សេរីភាព ប្រជាជន​កម្ពុជា​មាន​សិទ្ធិ​សេរី​ភាព​ មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​មាន​លទ្ធិ​ប្រជា​ធិបតេយ្យ»។

លោក​បន្ថែម​ថា​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ​ ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មាន​បញ្ហា​ប្រឈម​ច្រើន ដោយ​លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ថ្មី​គួរ​តែ​ពិចារ​ណា​ឡើង​វិញ​ ដើម្បី​ស្ដារ​សិទ្ធិ​សេរីភាព​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស។

​កាលពី​ថ្ងៃ​ទី​ ១៤ ​ខែ​មិថុនា ​ឆ្នាំ​ ២០​២២ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទា​ទោស កញ្ញា សេង ធារី ​ដាក់​ពន្ធនាគារ​រយៈពេល ៦ ​ឆ្នាំ​ពី​បទ​រួម​គំនិត​ក្បត់​ និង​បទ​ញុះ​ញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ​ទាក់​ទង​នឹង​ផែន​ការ​មាតុភូមិ​និវត្តន៍​មិន​ជោគ​ជ័យ​របស់​លោក ​សម រង្ស៊ី ​កាលពី​ចុង​ឆ្នាំ​ ២០១៩។

បន្ទាប់​ពី​ត្រូវ​បាន​ឃុំ​ខ្លួន ​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​ ២០២២ ​កញ្ញា ​សេង ធារី ​និង​មេធាវី​បាន​ដាក់​ពាក្យ​បណ្តឹង​ឧទ្ធរណ៍​សាល​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ទាមទារ​ឱ្យ​ដោះ​លែង​កញ្ញា​ សេង ធារី​ ឱ្យ​មាន​សេរី​ភាព​វិញ។ ​ប៉ុន្តែ​មក​ទល់​ពេល​នេះ​ គេ​នៅ​មិន​ដឹង​នៅ​ឡើយ​ទេ​ថា​ តើ​សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​នេះ​នៅ​ពេល​ណា​នោះ៕