ទោះបីវិស័យបច្ចេកវិទ្យានិងព័ត៌មានកាន់តែមានការរីកចម្រើន ក៏ដោយ ក៏ចំនួនស្ត្រីបម្រើការនៅក្នុងវិស័យនេះនៅមានកម្រិតនៅឡើយ។ អ្នកជំនាញជាស្ត្រីម្នាក់ ថ្លែងថា ថ្វីបើស្ថានភាពបានប្រសើរបន្តិចក្តី កត្តារារាំងជាច្រើនបន្តរឹតត្បិតស្ត្រីខ្មែរមិនឲ្យសម្រេចបានសក្ដានុពលខាងបច្ចេកវិទ្យាដូចបុរស។
កញ្ញា សុខ ស៊ីគៀង ទូតតំណាង កម្មវិធី Technovation និងជាសាស្ត្រាចារ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្លែងនៅក្នុងកម្មវិធី Hello VOA «សំឡេងជំនាន់ថ្មី» កាលពីថ្ងៃច័ន្ទថា ការកើនចំនួនស្ត្រីដែលបម្រើការក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មិនទាន់បានជំរុញយុវនារីជឿជាក់អាចជ្រើសរើសជំនាញខាងបច្ចេកវិទ្យាដូចជាព័ត៌មានវិទ្យានៅឡើយ។
កញ្ញាពន្យល់ថា៖
«ពួកយើងមានចំនួនប្រហែល៧០ ៨០នាក់ ជួយគ្នាដើម្បីបង្កើនចំនួនស្ត្រីនៅក្នុងវិស័យបច្ចេកវិទ្យានេះឲ្យបានច្រើននៅក្នុងស្រុកខ្មែរ។ ប៉ុន្តែសព្វថ្ងៃនេះចំនួនសិស្សមិនបានកើនឡើងដែលគួរឲ្យកត់សម្គាល់នោះទេ»។
Your browser doesn’t support HTML5
កញ្ញាថា ជាក់ស្តែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលជាទីកញ្ញាបម្រើការងារ ក្នុងចំណោមសិស្សដែលរៀនផ្នែកព័ត៌មានវិទ្យា១.៥០០នាក់ មានសិស្សស្ត្រីចំនួនត្រឹម១០៥នាក់ ដែលតិចជាង១០%។អ្នកជំនាញរូបនេះដែលបានប្រឡូកក្នុងវិស័យនេះអត់ជិត១០ឆ្នាំ បានលើកឡើងថា កត្តាការមិនទុកចិត្តសមត្ថភាពខ្លួនឯងរបស់សិស្សស្រី សម្ពាធនិងការរើសអើងពីគ្រួសារនិងសង្គមការងារ និងកង្វះបុគ្គលគំរូ (role model) ដែលជាកត្តារារាំងមិនឲ្យមានចំនួនស្ត្រីច្រើនជាងនេះនៅក្នុងវិស័យបច្ចេកវិទ្យា។
ប្រទេសកម្ពុជា នាពេលថ្មីៗនេះ បានព្យាយាមបង្វែរទិសអប់រំរបស់ខ្លួនដោយផ្តោតទៅលើជំនាញ៤មុខសំខាន់ គឺ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលគេស្គាល់ថាជាមុខវិជ្ជា STEM ក្នុងបំណងតម្រូវពលកម្មរបស់ខ្លួនឲ្យត្រូវនឹងទីផ្សារការងារនៅពេលអនាគត។
ប៉ុន្តែតាមតួលេខ នៅឆ្នាំ២០១០ មានមុខវិជ្ជាព័ត៌មានវិទ្យានេះមានសិស្សស្ត្រីត្រឹម១៤%ប៉ុណ្ណោះដែលភាគច្រើនបានចូលរៀនមុខវិជ្ជានេះដោយចៃដន្យ។ កញ្ញា សុខ ស៊ីគៀង ដែលជាសាស្ត្រាចារ្យព័ត៌មានវិទ្យាបានទទួលស្គាល់ថា កញ្ញាក៏ធ្លាប់ជាសិស្សដែលចាប់យកជំនាញនេះដោយចៃដន្យដែរ។
កញ្ញាសង្កេត ឃើញថា កត្តាចម្បងមួយដែលនាំឲ្យសិស្សស្រីដែលស្រឡាញ់មុខវិជ្ជានេះ តែមិនហ៊ានចូលរៀនឬមិនដឹងពីសារៈសំខាន់ គឺដោយសារការមិនទុកចិត្តខ្លួនឯង។
«យុវតីយើងបើទោះបីគាត់រៀនជាប់លេខមួយក៏ដោយ ក៏គាត់អត់បានឲ្យតម្លៃលើខ្លួនឯងដែរ។ គាត់ទៅជាឲ្យតម្លៃថា ដោយសារសំណាងហើយដែលខ្ញុំបានពិន្ទុខ្ពស់ជាប់លេខ១។ នេះសបញ្ជាក់ថាស្ត្រីយើង ភាគច្រើនមិនបានឲ្យតម្លៃលើការខិតខំប្រឹងប្រែងរបស់ខ្លួនឯង ដែលជាកត្តាមួយដែលគាត់មិនបានជឿជាក់ថាគាត់អាចរៀនបាននៅក្នុងវិស័យព័ត៌មានវិទ្យាបាន»។
អ្នកជំនាញរូបនេះថ្លែងថា កត្តារឹតត្បិតមួយទៀតគឺ គ្រួសារនិងសង្គមការងារ ដែលរើសអើងចំពោះស្ត្រី ដោយចាត់ទុកវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យាថាសម្រាប់តែបុរស។កញ្ញា ស៊ីគៀង ថ្លែងក្នុងកម្មវិធី Hello VOA ថា ផ្ទុយទៅវិញ ក្នុងករណីកញ្ញា ការលើកទឹកចិត្តពីឪពុកម្តាយនិងបងប្អូនប្រុសៗ ជាកត្តាសំខាន់មួយដែលបានជំរុញឲ្យកញ្ញាអាចប្រឡូកក្នុងវិស័យនេះដល់សព្វថ្ងៃ។
កញ្ញា សុខ ស៊ីគៀង យល់ថា ក្រៅពីកត្តារារាំងផ្ទាល់ខ្លួននិងសង្គម កង្វះស្ត្រីគំរូនៅក្នុងវិស័យនេះ ធ្វើឲ្យទាំងបុរស និងស្ត្រីខ្លួនឯង ពិបាកនឹងទទួលស្គាល់សមត្ថភាពរបស់ខ្លួនខាងបច្ចេកវិទ្យា។
«គេអត់ជឿទុកចិត្តយើងដោយសារ យើងអត់មានបុគ្គលគំរូច្រើននៅស្រុកខ្មែរ។ អញ្ចឹងបើយើងនិយាយពីស្ត្រីនៅក្នុងវិស័យបច្ចេកវិទ្យា យើងអត់មានច្រើនទេ។ អញ្ចឹងវាកត្តាមួយដែលធ្វើឲ្យគេហ្នឹងអត់ជឿជាក់លើយើងថាយើងអាចធ្វើបាន»។
សូម្បីនៅសហរដ្ឋអាមេរិកដែលជាប្រទេសមានការរីកចម្រើនខ្លាំងខាងវិស័យបច្ចេកវិទ្យា ការរើសអើងការងារនេះ ក៏ជាកត្តាសំខាន់ដែរ។ តាមការស្រាវជ្រាវពីសមាគមសិទ្ធិស្ត្រីក្នុងប្រព័ន្ធអប់រំឈ្មោះ American Association of University Women នៅសហរដ្ឋអាមេរិក ចំនួនស្ត្រីដែលធ្វើការខាងជំនាញកុំព្យូទ័របានធ្លាក់ចុះពី៣៥%នៅឆ្នាំ១៩៩០ មកត្រឹម២៦%នៅឆ្នាំ២០១៣ ថ្វីបើចំនួនស្ត្រីបានកើនឡើងនៅក្នុងវិស័យផ្សេងទៀតដូចជាឱសថសាស្ត្រ ច្បាប់ និងពាណិជ្ជកម្ម។ កញ្ញា សុខ ស៊ីគៀងថា នៅកម្ពុជានិន្នាការធ្លាក់ចុះនេះមិនទាន់មានទេ ដោយការរើសអើងហាក់ដូចជាមាននៅក្នុងថ្នាក់រៀនច្រើនជាងនៅក្នុងកន្លែងធ្វើការ។
លោក ខៀវ សុខមេសា មន្ត្រីជាន់ខ្ពស់ផ្នែកសរសេរកម្មវិធី software កុំព្យូទ័រនៅក្រុមហ៊ុនបច្ចេកវិទ្យា InSTEDD iLab ក្នុងរាជធានីភ្នំពេញ បានប្រឡូកក្នុងវិស័យនេះជាច្រើនឆ្នាំមកហើយ។ លោកយល់ស្របថា មានស្ត្រីខ្មែរច្រើនជាងមុនបម្រើការនៅក្នុងវិស័យបច្ចេកវិទ្យា ដែលជួយឲ្យមានការផ្លាស់ប្តូរឥរិយាបថខ្លះពីសហការីជាបុរស។
លោក ខៀវ សុខមេសា ថ្លែងប្រាប់ VOA ថា៖
«ការងារផ្នែកព័ត៌មានវិទ្យានេះ មិនមែនជាការងារសម្រាប់តែបុរសទេ គឺជាការងារដែលប្រើប្រាស់ខួរក្បាល អញ្ចឹងស្ត្រីក៏គាត់អាចចូលរួមបានយ៉ាងសកម្មដែរ ហើយពេលខ្លះ ស្ត្រីគាត់អាចធ្វើការងារបានល្អជាងបុរសផង ដោយសារស្ត្រីមានការយកចិត្តទុកដាក់និងការច្នៃប្រឌិតខ្ពស់ដូចគ្នា។ អញ្ចឹង ខ្ញុំគិតថា ការចូលរួមរបស់គាត់ហ្នឹងជាផលវិជ្ជមានមួយនៅក្នុងសង្គម។»
កញ្ញា សុខ ស៊ីគៀង ថ្លែងថា ប្រសិនបើស្ត្រីខ្មែរអាចជម្នះនឹងកត្តារារាំងទាំងនេះបាន ពួកគេនឹងទទួលបានឱកាសច្រើន នៅក្នុងវិស័យមួយដែលមានស្ត្រីបម្រើតិចស្រាប់និងផ្អែកខ្លាំងលើលក្ខណៈច្នៃប្រឌិត។ ទូតតំណាងកម្មវិធី Technovation រូបនេះជឿជាក់ថា ស្ត្រីទាំងនេះនឹងក្លាយជាបុគ្គលគំរូ ហើយនឹងជំរុញសិស្សនិងស្ត្រីខ្មែរផ្សេងទៀត ឲ្យចូលរួមក្នុងវិស័យបច្ចេកវិទ្យាផងដែរ។
«ឥឡូវនេះ ខ្ញុំសង្កេតឃើញថា មានស្ត្រី នៅក្នុងវិស័យបច្ចេកវិទ្យាច្រើនហើយ ហើយសង្ឃឹមថា ការគិតនេះនឹងផ្លាស់ប្តូរនៅពេលឆាប់ៗខាងមុខនេះ»។