កម្ពុជាកំពុងបង្វែរទិសដៅអប់រំរបស់ខ្លួនទៅកាន់ជំនាញសំខាន់ចំនួន៤គឺមុខវិជ្ជា គឺវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលគេស្គាល់ថាជា STEM។ ការបង្វែរទិសដៅនេះគឺ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សផ្នែក STEM ដែលកម្ពុជា ត្រូវការជាចាំបាច់នាពេលខាងមុខ ស្របពេលដែលយុវជនកម្ពុជា ជាច្រើនលើសលប់កំពុងចាប់ជំនាញខុសពីតម្រូវការទីផ្សារការងារ។
ទន្ទឹមនឹងការលើកទឹកចិត្ត ឲ្យយុវជនកម្ពុជាជ្រើសរើសយកមុខវិជ្ជា STEM ក្រោយពីបញ្ចប់ថ្នាក់ទុតិយភូមិ ឬថ្នាក់ទី១២នោះ ការលើកកម្ពស់ការយល់ដឹងអំពីSTEMពីថ្នាក់តូច និងការអនុវត្តជាក់ស្តែងគឺជាកាតាលិករ២សំខាន់ដែលមិនអាចខ្វះបាន។ នេះបើតាមការឲ្យដឹងរបស់ លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។
មន្ត្រីរូបនេះក៏បានបញ្ជាក់ប្រាប់ VOA ថាក្រសួងអប់រំបាននិងកំពុងរៀបចំដាក់បញ្ចូលកម្មវិធីអប់រំទាក់ទងនឹងSTEMឲ្យកាន់តែច្រើនថែមទៀតចាប់តាំងពីថ្នាក់បឋមសិក្សា រហូតដល់វិទ្យាល័យ។ ការដាក់បញ្ចូលនេះ មានទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៅក្នុងបន្ទប់ពិសោធន៍ខ្នាតតូចនៅតាមសាលារៀននានា ផងដែរ។
«គោលការណ៍ STEMនេះទូលំទូលាយ ហើយវាមានកម្រិត ដូច្នេះយើងនឹងយកគោលការណ៍ STEM មកអនុវត្តថាតើផ្នែកណាមួយយើងយកមកបញ្ចូលក្នុងមធ្យមសិក្សាទុតិយភូមិ ផ្នែកណាគួរបញ្ចូលកម្រិតបឋមសិក្សា។ ចឹងទេយើងត្រូវគិតពីរបៀបនៃការដាក់ STEM នៅតាមកម្រិតសិក្សា។ នៅក្នុងឆ្នាំ២០១៧ ២០១៨ខាងមុខនេះ យើងអាចមានកម្មវិធីសិក្សាមួយដែលបញ្ចូល STEM នៅក្នុងនេះ»។
លោក រស់ សាលីន ឲ្យដឹងថាការបញ្ជ្រាបចំណេះដឹង STEM ពីថ្នាក់តូចនេះ នឹងអាចជួយកសាងមូលដ្ឋានគ្រឹះ STEM ដល់សិស្សឲ្យកាន់តែរឹងមាំ ព្រមទាំងជំរុញឲ្យយុវជនកាន់តែច្រើនចាប់យកជំនាញ STEM នេះនាពេលអនាគត។ ការណ៍នេះ នឹងឆ្លើយតបនឹងបញ្ហាកង្វះធនធានផ្នែក STEM នៅកម្ពុជា ក៏ដូចជាដោះស្រាយបញ្ហាចន្លោះប្រហោងនៃជំនាញការងារផងដែរ។
«STEM នេះជាគោលការណ៍មួយដែលច្របាច់បញ្ចូលគ្នានៃគំនិតថ្មីមួយដែលក្មេងៗអាចទទួលគំនិតSTEMពីតូចមកតែម្តង ចឹងគាត់យល់ពីវិទ្យាសាស្ត្រ ការពិសោធន៍ បច្ចេកវិទ្យាទំនើបពីក្មេងតែម្តង។ ចឹងវាចេញពីមូលដ្ឋាននៃការគិតរបស់ក្មេង ជាផ្នែកមួយនៃការអនុវត្តSTEMហ្នឹងផង ហើយនៅពេលដែលគាត់រៀនដល់មធ្យមសិក្សា ដល់ឩត្តមសិក្សា គាត់ចង់រៀនផ្នែកវិទ្យាសាស្ត្រកាន់តែច្រើន»។
អ្នកនាំពាក្យរូបនេះ លើកឡើងថាឪពុកម្តាយ ឬ អាណាព្យាបាលសិស្ស គប្បីពន្យល់បន្ថែម និងចូលរួមបណ្តុះគំនិតកូនៗរបស់ខ្លួនឲ្យចាប់អារម្មណ៍លើមុខវិជ្ជា STEM នេះផងដែរ។
ក្នុងនោះជំនាញសំខាន់ៗ ទាំង២០របស់ STEM ដែលស្ថិតក្នុងតម្រូវការ ក្នុងទីផ្សារកម្ពុជា រួមមាន អ្នកត្រួតពិនិត្យសង្វាក់ផលិតកម្ម អ្នកបច្ចេកទេសគ្រឿងម៉ាស៊ីនស្វ័យប្រវត្តិ ស្ថាបត្យករ វិស្វករសំណង់ស៊ីវិល មេការសំណង់ នាយកគម្រោង វិស្វករទឹក អ្នកឯកទេសអនាម័យទឹក អ្នកឯកទេសសុវត្ថិភាពចំណីអាហារ អ្នកគីមីវិទ្យា វិស្វករបណ្តាញ ឬស្ថាបត្យករប្រព័ន្ធ អ្នកបង្កើតកម្មវិធីសូហ្វវែ អ្នកឯកទេសសុខភាពសាធារណៈ សេដ្ឋវិទូ គ្រូពេទ្យផ្នែកជំងឺទូទៅ អ្នកបច្ចេកទេសនៅមន្ទីរពិសោធន៍វេជ្ជសាស្ត្រ អ្នកចិត្តវិទ្យា អ្នកវិភាគស្ថិតិធានារ៉ាប់រង អ្នកវិភាគហិរញ្ញវត្ថុ និងយន្តការី ជាដើម។
បន្ថែមពីលើការតម្រង់ទិសជំនាញ STEM នៅកម្ពុជាឲ្យកាន់តែមានសក្តានុពល និងមានប្រសិទ្ធភាព វាក៏ទាមទារផងដែរនូវការចូលរួមពីភាគីពាក់ព័ន្ធទាំង វិស័យឯកជន អាណាព្យាបាល និងសិស្ស និស្សិតខ្លួនឯងផ្ទាល់។
មជ្ឈមណ្ឌល Kids City គឺជាស្ថាប័នឯកជនមួយ ដែលបានគាំទ្រវិស័យ STEM នៅកម្ពុជា ដោយបាន បំពាក់ឧបករណ៍ សកម្មភាពកម្សាន្ត និងការអប់រំផ្នែកវិទ្យាសាស្ត្រ។ អគ្គនាយក Kids City លោក ម៉េង ហៀង ពន្យល់ថា ភាពជោគជ័យនៃអនាគត STEM គប្បីមានកិច្ចសហការរវាងស្ថាប័នអប់រំ និងវិស័យឯកជនដូចខ្លួន។ លោកថាកន្លងមក Kids City បានរួមចំណែកដើរតួជាកន្លែងអនុវត្ត បំពេញបន្ថែមឲ្យទ្រឹស្តីដែលកុមារសិក្សានៅឯសាលារៀន។
«កាលដែលយើងបង្កើត Kids City ហ្នឹង យើងមានគម្រោងរួចហើយ ដោយសារថាប្រទេសយើងអត់ទាន់មានសាលវិទ្យាសាស្ត្រ សាលស្រាវជ្រាវ។ ហើយដោយសារយើងបើកទីកន្លែងកម្សាន្ត យើងគិតថាគួរគប្បីមានសាលនេះនៅក្នុងអគារដើម្បីក្មេងៗបានមកលេងផងបានមករៀនផង។ ការរៀនមុខវិជ្ជា STEM នេះ បើធ្វើឲ្យគាត់ឃើញ គាត់ចូលចិត្ត គាត់ឆ្ងល់ គាត់សប្បាយនឹងចូលរួមអនុវត្តជាមួយ អាហ្នឹងជាភាពជោគជ័យនៃ ការអប់រំមុខវិជ្ជា STEM»។
នាពេលចុងក្រោយនេះ ក្រសួងអប់រំ ស្ថានទូតអង់គ្លេស និងវិទ្យាស្ថាន IDP ដែលផ្តល់សេវាកម្មអប់រំ បានសហការគ្នាជ្រើសរើសទូតសុឆន្ទៈរបស់STEMកម្ពុជាចំនួន៦៣រូប ដើម្បីលើកកម្ពស់ការយល់ដឹងអំពី STEM និងលើកទឹកចិត្តឲ្យយុវជនកម្ពុជាជ្រើសរើស STEM ធ្វើជាអាជីពទៅថ្ងៃអនាគត។
កញ្ញា វន ស្រីម៉ៅ ជាប្រធានផ្នែកទីផ្សារនៃវិទ្យាស្ថាន IDP ដែលធ្វើការជិតស្និទ្ធជាមួយទូតសុឆន្ទៈ STEM របស់ស្ថានទូតអង់គ្លេសប្រចាំក្រុងភ្នំពេញ។ កញ្ញាទទួលស្គាល់ថា ការបណ្តុះបណ្តាល STEM ពីថ្នាក់តូចគឺជាការសាងសង់មូលដ្ឋានគ្រឹះSTEM រឹងមាំដល់កុមារ។ ក៏ប៉ុន្តែដោយសារតែនាពេលនេះ កម្ពុជាកំពុងត្រូវការបរិមាណនៃអ្នករៀន STEM ច្រើន ហេតុនេះទើបទូតសុឆន្ទៈ STEM កំណត់យកត្រឹមសិស្សវិទ្យាល័យជាគោលដៅចម្បងជាមុនសិន។
«ខ្ញុំដឹងថាបើយើងទៅផ្សព្វផ្សាយជាមួយក្មេង ចាប់ផ្តើមកាន់តែតូចកាន់តែប្រសើរ វាមានប្រសិទ្ធភាពហើយ ក៏ប៉ុន្តែយើងត្រូវការឥឡូវទីផ្សារការងារយើងកំពុងខ្វះខាត ចឹងយើងធ្វើបានពីក្មេងចាប់ពីតូចល្អ តែយើងអាចកំណត់គោលដៅយើងត្រឹមតែសិស្សទី៩ដល់ទី១២សិន»។
នាពេលបច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជានិងអ្នកជំនាញលើវិស័យអប់រំ បានផ្តល់អាទិភាពចំពោះមុខវិជ្ជា STEM នេះ។ ជាក់ស្តែង ក្រសួងអប់រំក៏បានរៀបចំពិព័រណ៍វិស្វកម្ម និងវិទ្យាសាស្រ្តលើកដំបូងនៅកម្ពុជាកាលពីឆ្នាំ២០១៥ ដោយមានអ្នកចូលរួមជាង៥០០០នាក់។ ក្រសួងអប់រំ គ្រោងនឹងធ្វើពិព័រណ៍វិស្វកម្ម និងវិទ្យាសាស្រ្តនេះលើកជាទី២ នៅក្នុងខែមិនា ឆ្នាំ២០១៦នេះ។ ស្របពេលជាមួយគ្នាដែរ ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា បានចេញផ្សាយសៀវភៅមួយមានចំណងជើងថា «STEM អាជីពការងារនាពេលអនាគត» ដើម្បីជាមគ្គុទេសក៏ឱកាសការងារ STEMសម្រាប់សិស្សនិសិ្សត និងអាណាព្យាបាល កាលពីសប្តាហ៍កន្លងទៅ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីការសិក្សាមុខវិជ្ជាដ៏មានសារៈសំខាន់នេះឲ្យបានច្រើនថែមទៀត៕